សង្គម​ស៊ីវិល បណ្ដាញ​យុវជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​យុទ្ធនាការ​ជួយ​សេរីភាព​សារព័ត៌មាន

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បណ្ដាញ​យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​លើ​បណ្ដាញ​សង្គម ឲ្យ​ជួយ​សង្គ្រោះ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​រដ្ឋាភិបាល​ព្រមាន​បិទ និង​ការ​បិទ​អាជីវកម្ម​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយ​ព័ត៌មាន​បន្ត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) អាស៊ីសេរី (RFA) និង​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD)។ យុទ្ធនាការ​នេះ គឺ​ពួក​គេ​នាំ​គ្នា​ថត​រូប និង​កាន់​ក្រដាស​ដែល​សរសេរ​ថា សង្គ្រោះ​សេរីភាព​ដេលី ឬ Save the Daily និង​ជួយ​សង្គ្រោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ជាដើម។

ការ​ធ្វើ​យុទ្ធនាការ​នេះ ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ដែល​សង្គម​ស៊ីវិល បណ្ដាញ​យុវជន និង​ស្ថាប័ន​សារព័ត៌មាន យល់​ថា ពេល​នេះ​កំពុង​មាន​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី ថ្លែង​នៅ​ថ្ងៃ​ទី​២ កញ្ញា ថា គោល​បំណង​ដែល​ពួក​គាត់​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​លើ​បណ្ដាញ​សង្គម​បែប​នេះ គឺ​ជា​ការ​បង្ហាញ​នូវ​សាមគ្គីភាព ការ​គាំទ្រ​ដល់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ប្រឈម​នឹង​ការ​បិទ​ទ្វារ។ ក្រៅ​ពី​នោះ ក៏​ជា​ការ​គាំទ្រ​ស្ថាប័ន​សារព័ត៌មាន​ដទៃ​ទៀត​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ក្នុង​ពេល​បំពេញ​វិជ្ជាជីវៈ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ លោក​ថា នេះ​ក៏​ជា​សារ​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង​ថា ប្រជាពលរដ្ឋ​ត្រូវ​ការ​សារព័ត៌មាន​ឯករាជ្យ « យើង​នឹង​ទាមទារ ទោះ​បី ​ជា​កាសែត​ដេលី ត្រូវ​បាន​បិទ​ការិយាល័យ​ទាំងស្រុង​ នៅ ​ថ្ងៃ​ទី​៤ ក៏ដោយ ក៏ប៉ុន្តែ​យើង​នៅ​តែ​បន្ត​យុទ្ធនាការ​របស់​យើង​ដើម្បី​បង្ហាញ​ការ​គាំទ្រ។ យើង​ធ្វើ​នេះ​មិន​ត្រឹម​តែ​គាំទ្រ​ដេលី​ទេ យើង​ក៏​ធ្វើ​ការ​គាំទ្រ​ដល់ អាស៊ីសេរី វីអូអេ និង​វីអូឌី។ ថ្ងៃ​ក្រោយ គេ​នឹង​បន្ត​ទៅ​លើ​ស្ថាប័ន​ផ្សេង​ទៀត​ដែល​និយាយ​រិះគន់​ចំណុច​របស់​ រាជ​រដ្ឋាភិបាល»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)លោក ប៉ា ងួនទៀង លោក​ក៏​ជា​ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ដែល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន បិទ​ស្ថានីយ​ផ្សាយ​ព័ត៌មាន​បន្ត​ដែរ​នោះ ក៏​បាន​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​លើ​បណ្ដាញ​សង្គម​សម្រាប់​វិទ្យុ​ខ្លួន​ឯង និង​ស្ថាប័ន​សារព័ត៌មាន​ដទៃ​ទៀត​ដែរ។ លោក​ថា នេះ​ជា​ការ​បង្ហាញ​នូវ​សាមគ្គី នៅ​គ្រា​ដែល​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​កំពុង​ទទួល​រង​នូវ​ការ​គំរាម​កំហែង « ទី ​១ បង្ហាញ​ការ​សាមគ្គី ទី​២ បង្ហាញ​ការ​គាំទ្រ​ដល់​ដំណើរការ​របស់​ស្ថាប័ន​នេះ ទី​៣ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដាក់​សម្ពាធ ឬ​ការ​បិទ​របស់​រដ្ឋាភិបាល»

ថ្វីត្បិតតែ​មាន​យុទ្ធនាការ​បែប​នេះ​ក្ដី ស្ថាប័ន​ដែល​មាន​តួនាទី​ការពារ​អ្នក​កាសែត​ក្នុង​ស្រុក មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​ទី​២ កញ្ញា បាន​អំពាវនាវ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ជំរុញ​ការ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​ភាព​គ្នា ជៀសវាង​ការ​គេចវេះ​កាតព្វកិច្ច​បង់​ពន្ធ បង្កើត​បរិយាកាស​អាជីវកម្ម​មិន​ស្មើ​ភាព​គ្នា។ សេចក្ដី​ថ្លែងការណ៍​នេះ បន្ត​ថា ការ​គេចវេះ​មិន​បង់​ពន្ធ ក៏​មិន​គប្បី​ផ្សារភ្ជាប់​ទៅ​នឹង​បញ្ហា​នយោបាយ ឬ​លើស​ពី​នេះ​ទេ ដរាប​ណា​អាជីវកម្ម​នោះ​ពិត​ជា​បាន​បង្កប់​សារជាតិ​បម្រើ​ឲ្យ​នយោបាយ​ទុច្ចរិត​ពិត​មែន។

ទាក់ទង​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ទុក​ពេល​ត្រឹម​ថ្ងៃ​ទី​៤ កញ្ញា ដើម្បី​ឲ្យ​ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី ជា​ជនជាតិ​អាមេរិក បង់​ពន្ធ​ចំនួន ៦​លាន ៣​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ចោទ​ថា​ជំពាក់​ពន្ធ​តាំង​ពី​ឆ្នាំ​២០០៧ មក ហើយ​បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំងអស់ ព្រម​ទាំង​បណ្ដេញ​ស្ថាប័ន​នេះ​ចេញ​ពី​កម្ពុជា។ ប៉ុន្តែ​ម្ចាស់​កាសែត​នេះ អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) យល់​ថា​ជា​ចេតនា​នយោបាយ​ចង់​បិទ​ស្ថាប័ន​អ្នកស្រី ជាជាង​បញ្ហា​ពន្ធ។

ក្រៅ​ពី​នេះ ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ប្រមាណ ៣០ ដែល​យក​ព័ត៌មាន​របស់​វិទ្យុ​ចំនួន​ពីរ​ទទួល​ជំនួយ​ពី​អាមេរិក គឺ​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក(VOA) ព្រម​ទាំង​វិទ្យុ​ក្នុង​ស្រុក​សំឡេង​ប្រជាធិបតេយ្យ (VOD) ក៏​ត្រូវ​បាន​បិទ​ទ្វារ​ជា​បន្តបន្ទាប់ ដោយ​ហេតុផល​ថា​មិន​បាន​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង និង​ព្រមាន​ចាត់​វិធានការ​លើ​ម្ចាស់​វិទ្យុ​មួយ​ចំនួន​ទៅ​តុលាការ ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត និង​កិច្ចសន្យា។

កាល​ពី​ថ្ងៃ​ទី​១ កញ្ញា បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ឬ​ហៅ​កាត់​ថា អានហ្វ្រែល (ANFREL) និង​បណ្ដុំ​អង្គការ​អន្តរជាតិ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ជាង ១០ បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា និង​ព្រួយ​បារម្ភ​អំពី​ដំណើរការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ បណ្ដាញ​នេះ​យល់​ឃើញ​ថា រដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​គាប​សង្កត់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ពុំ​មាន​លក្ខណៈ​សេរី និង​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​វា​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានភាព​ប្រទេស​កម្ពុជា កាន់​តែ​ដើរ​ថយ​ក្រោយ​ថែម​ទៀត។

សេចក្ដី​ថ្លែងការណ៍​រួម​នៃ​បណ្ដាញ​អង្គការ​នេះ បាន​ភ្ជាប់​ទៅ​នឹង​ស្ថានភាព​ដែល​រដ្ឋាភិបាល​បញ្ជា​ឲ្យ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នៅ​ភ្នំពេញ បញ្ឈប់​សកម្មភាព​ការងារ និង​បញ្ជូន​សមាជិក​បរទេស​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ និង​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ផ្សាយ​ព័ត៌មាន​បន្ត​ឲ្យ​វិទ្យុ​ឯករាជ្យ ក៏​ត្រូវ​បាន​បិទ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម និង​ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។