ក្រុមហ៊ុន ណាហ្គា វើលដ៍ មិន​ទាន់​អនុញ្ញាត​ឱ្យ​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើការ​វិញ

0:00 / 0:00

ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) មិនទាន់​អនុញ្ញាត​ឱ្យ​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ​នៅឡើយ​ទេ បន្ទាប់ពី​ព្យួរ​ការងារ​កាលពី​ចុង​សប្ដាហ៍​មុន ដោយសារ​ប្រធាន​សហជីព​រូប​នោះ​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​ឱ្យ​បាន​សមរម្យ។ ប្រធាន​សហជីព​ចាត់​ទុក​ទង្វើ របស់​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ គឺជា​ការរើសអើង និង​ជា​ការ​គំរាមកំហែង។

វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ និង​បុគ្គលិក មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់ នៅ​ឡើយ និង​កាន់តែ​ឡើង​កម្ដៅ​ថែម​ទៀត។

បុគ្គលិក និង​ជា​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់​អាស៊ី សេរី​ថា ក្រុមហ៊ុន មិនទាន់​អនុញ្ញាត​ឱ្យ​កញ្ញា​ចូល​ធ្វើ​ការ​វិញ​នៅឡើយ​។ បន្ថែម​ពី​នេះ កញ្ញា​ថា ក្រុមហ៊ុន ក៏បាន​ព្រមាន​បញ្ឈប់​បុគ្គលិក​ណា​ដែល​ហ៊ាន​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ​ក្នុង​ពេល​បុណ្យ ភ្ជុំបិណ្ឌ​ផង​ដែរ។ កញ្ញា​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន បាន​ហៅ​កញ្ញា​តែម្នាក់​ឯង​ទៅ​ជួប​ចរចា​គ្នា នៅ​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៣ ប៉ុន្តែ​កញ្ញា មិន​អាច​ទៅ​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​បានទេ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព។ បន្ទាប់មក​ក្រុមហ៊ុន បាន​ជូនដំណឹង​ថា ករណី​នេះ​នឹង​ត្រូវ​ដោះស្រាយ​គ្នា​នៅ​ក្រសួង ការងារ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។ ប្រធាន​សហជីព​រូប​នេះ យល់ថា ទង្វើ​របស់​ក្រុមហ៊ុន​ណាហ្គា វើលដ៍ គឺជា​ការរើសអើង និង​ជា​ការ​គំរាមកំហែង ដោយសារតែ​កញ្ញា​គ្រោង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់ខែ​ដល់​បុគ្គលិក​ដែល​ទើប​ចូល​ធ្វើ​ការ​ដំបូង​ផ្នែក​កាស៊ីណូ យ៉ាងតិច ៥០០​ដុល្លារ និង​ផ្នែក​សណ្ឋាគារ​យ៉ាងតិច ៣០០​ដុល្លារ ព្រមទាំង​ស្នើ​ឱ្យ​ផ្លាស់ប្ដូរ​ប្រធាន​ផ្នែក​ប្រតិបត្តិការ​កាស៊ីណូ​ម្នាក់​ដែល​កញ្ញា​ចោទ​ថា ជា​មនុស្ស​ឈ្លើយ​កោងកាច៖ «ចង់​ជម្រាប​ខាង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ដែរ​ថា ការ​ព្យួរ​ការងារ​របស់ខ្ញុំ មិនមែន​ជា​ដំណោះស្រាយ​ទេ ហើយ​ការ​គំរាមកំហែង​បុគ្គលិក​មិន​ឱ្យ​បញ្ចេញមតិ​តាមរយៈ​ធ្វើ​ពហិការ​ឈប់​សម្រាក​ពី​ការងារ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ និង​ព្រមាន​បញ្ឈប់ បុគ្គលិក​ដោយ​គុណ​លុយ​ជាដើម​នេះ ក៏​មិនមែន​ជា​ដំណោះស្រាយ​ដែរ ប៉ុន្តែ​វា​នឹង​ធ្វើ​ឱ្យ​រឿង​កាន់តែ ធំ​ទៅៗ​។ វា​ក៏​បង្ហាញ​ពី​ច​រឹត​ផ្ដាច់ការ​របស់​ក្រុមហ៊ុន​ដែល​បំបិទ​សំឡេង​មិន​ឱ្យ​បុគ្គលិក​តវ៉ា បើ​តវ៉ា​គឺ បញ្ឈប់​ចោល ហើយ​រើស​បុគ្គលិក​ថ្មី​មក​ដើម្បី​ក្រុមហ៊ុន​បន្ត​កេងប្រវ័ញ្ច និង​គាបសង្កត់​កម្លាំង​ពលកម្ម​របស់​គេ។ សូម​ឱ្យ​ក្រុមហ៊ុន​ពិចារណា​ឡើងវិញ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ ព្រោះ​ការ​ទាមទារ​របស់ បុគ្គលិក មិនមែន​ជា​ការ​ទាមទារ​មួយ​ដែល​ក្រុមហ៊ុន​មិន​អាច​ផ្ដល់​ឱ្យ​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​មាន​លទ្ធភាព ទើប​យើង​ទាមទារ​ប៉ុណ្ណឹង»។

ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ បានសម្រេច​ព្យួរ​ការងារ​កញ្ញា ឈឹម ស៊ីថរ ជា​បណ្ដោះអាសន្ន កាលពី​យប់​ថ្ងៃ​ទី​២០ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែ​កញ្ញា​។ ការ​ព្យួរ​ការងារ​នេះ បន្ទាប់​ពី​ស្ត្រី​សហជីព​វ័យ ក្មេង​រូប​នេះ បាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន ឆែក​កាបូប​បុគ្គលិក​ម្នាក់ ហើយ​បាន​ឃើញ និង​បាន​ដកហូត​អាវយឺត​ដែល​មាន​សរសេរ​ថា «​ក្រុមហ៊ុន​រីកចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ​»​។ ក្រុមហ៊ុន​ចោទ​ថា កញ្ញា ជា​មេ​ក្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ ប្រាក់​ឈ្នួល។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ណាហ្គា វើលដ៍ ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

សកម្មជន​សហជីព និង​ជា​បុគ្គលិក​ផ្នែក​ចំណីអាហារ​និង​ភេសជ្ជៈ​នៅ​ក្នុង​ក្រុមហ៊ុន ណាហ្គា វើលដ៍ លោក គង់ គាំ និយាយ​ថា បុគ្គលិក​គ្រប់គ្នា​មិន​ពេញចិត្ត​រឿង​ក្រុមហ៊ុន​ព្យួរ​ការងារ​ប្រធាន សហជីព​បែប​នេះ​ឡើយ​។ លោក​បន្ត​ថា ក្រុមហ៊ុន គួរតែ​ផ្ដល់​ការងារ​ជូន​ប្រធាន​សហជីព និង​ដំឡើង​ប្រាក់ខែ​ដល់​បុគ្គលិក​ឱ្យ​បាន​សមរម្យ​តាម​ការ​ស្នើសុំ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​បាតុកម្ម​ពី​សំណាក់​បុគ្គលិក៖ «បុគ្គលិក​នឹង​ធ្វើ​យុទ្ធនាការ​ជា​បន្តបន្ទាប់ ប៉ុន្តែ​យើង​មិន​ចង់​ឱ្យ​កើតមាន​បាតុកម្ម និង​កូដកម្ម​ទេ គឺ​ចង់​ឱ្យ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ក្នុង​ក្រុមហ៊ុន ដើម្បី​កុំ​ឱ្យ​ផល​ខាត​ទាំងសងខាង។ បច្ចុប្បន្ន​នេះ បុគ្គលិក​ក្រុមហ៊ុន​ភាគច្រើន​ចាប់ផ្ដើម​ដូរ​រូបភាព​នៅ​លើ​ហ្វេសប៊ុក ហើយ​ទៅ​ថ្ងៃ​ខាងមុខ​យើង​នឹង​រួមគ្នា​ពាក់អាវ​ដែល​មាន​សរសេរ​ថា ក្រុមហ៊ុន​រីកចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ»។

ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ បាន​បង្ហាញ​ពី​ប្រាក់ចំណេញ​សុទ្ធ​កើន​ឡើង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំមុន គឺ​បន្ទាប់ពី​បង់ពន្ធ​រួច​ក្រុមហ៊ុន​ចំណេញ​ជិត ៤០០​លាន​ដុល្លារ​អាមេរិក (៣៩០,៦​លាន) កើន​ឡើង ៥៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ បើ​ទោះ​បី​ជា​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​មួយ​នេះ ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​បែបនេះ​ក្ដី ក៏​បុគ្គលិក​ជាច្រើន នៅ​តាម​ផ្នែក​ផ្សេងៗ តែង​ត្អូញត្អែរ​ថា ពួកគាត់​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដោយ​ត្រូវ​ធ្វើ​ការងារ​ធ្ងន់ និង​ច្រើន​ម៉ោង ប៉ុន្តែ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប។

ករណី​ព្យួរ​ការងារ​ប្រធាន​សហជីព​ប្រចាំ​កាស៊ីណូ ណាហ្គា វើលដ៍ នេះ ក៏បាន​កក្រើក​ដល់​ក្រុម​សហជីព​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផង​ដែរ។ ពួកគេ​បាន​បង្ហោះ​សារ​លើក​ទឹក​ចិត្ត​ថា រួម​សាមគ្គី​គ្នា​គាំទ្រ​កញ្ញា ឈឹម ស៊ីថរ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ដោយ​ស្រាយ​ករណី​នេះ​ដោយ​យុត្តិធម៌​និង​ត្រឹមត្រូវ​ឡើង​វិញ។

ចំណែក​ក្រុម​បុគ្គលិក​ក្នុង​ក្រុមហ៊ុន ណាហ្គា វើលដ៍ វិញ បាន​ចាត់​ទុក​កញ្ញា ឈឹម ស៊ីថរ ជា​វីរនារី​របស់​ពួកគេ ដោយសារ​នារី​ម្នាក់​នេះ បាន​តស៊ូ​លះបង់​គ្រប់បែប​យ៉ាង ដើម្បី​ធ្វើ​ឱ្យ​លក្ខខណ្ឌ​ការងារ កាន់តែ​ល្អ​ប្រសើរ​។ ពួកគេ​អះអាង​ថា ប្រសិនបើ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ មិន​អនុញ្ញាត​ឱ្យ​ប្រធាន​សហជីព​ចូល​ធ្វើ​ការងារ​វិញ និង​មិន​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​តាម​សំណើ​នោះ​ទេ ពួកគេ​នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។