និពន្ធ​នាយក​កាសែត​ភ្នំពេញ​​ត្រូវ​ម្ចាស់​ថ្មី​បញ្ឈប់​ពី​ការងារ​ដោយសារ​តែ​រក្សា​វិជ្ជាជីវៈ​របស់​ខ្លួន

ដោយ ជុន ច័ន្ទបុត្រ
2018-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​និពន្ធ​នាយក​កាសែត ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) លោក កៃ គឹមសុង (រូប​កណ្ដាល) ផ្ដល់​បទសម្ភាសន៍​ដល់​សហការី នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨។
អតីត​និពន្ធ​នាយក​កាសែត ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) លោក កៃ គឹមសុង (រូប​កណ្ដាល) ផ្ដល់​បទសម្ភាសន៍​ដល់​សហការី នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo Facebook

និពន្ធ​នាយក និង​អ្នក​សរសេរ​ព័ត៌មាន​បី​រួប​ទៀត​ជា​ជនបរទេស​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវ​បាន​ម្ចាស់​ថ្មី​បញ្ឈប់​ពី​ការងារ ដោយសារតែ​ពួកគេ​បាន​ចុះ​អត្ថបទ​មួយ​អំពី​ការ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃទី៦ ឧសភា។ លោក កៃ គឹមសុង បញ្ជាក់​ថា ពួក​លោក​សុខចិត្ត​ឈប់​ពី​ការងារ គឺ​មិន​ក្បត់​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ឡើយ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (The Reporter without borders) បាន​ចេញ​របាយការណ៍​ហៅ​ការ​លក់​សែត​ភ្នំពេញ​ប៉ុស្ដិ៍​ឲ្យ​ម៉ាឡេស៊ី​ថា ជា​ការ​បញ្ចប់​នៃ​សេរីភាព​សារព័ត៌មាន និង​ព័ត៌មាន​ចម្រុះ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅមុន​ការបោះឆ្នោត​នីតិកាល​ទី​៦។

របាយការណ៍​របស់​អ្នកកាសែត​គ្មាន​ព្រំដែន បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ឧសភា ឲ្យ​ដឹង​ថា កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ គឺជា​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​នៅ​កម្ពុជា បន្ទាប់ពី​ការ​បិទ​វិទ្យុ​អាស៊ីសេរី និង​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ត​ការ​បង្ក្រាប​ដ៏​រន្ធត់​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

មក​ទល់​ពេល​នេះ និពន្ធ​នាយក​ជាន់ខ្ពស់ និង​អ្នក​សរសេរ​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ៤​នាក់ ត្រូវ​បាន​ម្ចាស់​ថ្មី បញ្ឈប់ និង​ខ្លះ​បាន​លាឈប់ ក្នុង​នោះ មាន លោក កៃ គឹមសុង លោក Stuart White លោក Jenni Reid លោក Brendan O'Byrne លោក Ananth Baliga និង​នាយក​ប្រតិបត្តិ លោក Marcus Holmes ជាដើម។

និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ លោក កៃ កឹម សុង ឲ្យ​ដឹង​ថា ម្ចាស់​ថ្មី គឺ លោក ស៊ីវ៉ាឃូម៉ា ស៊ីវ៉ា (Sivakumar Siva) បាន​បញ្ឈប់​ពួក​លោក​ពី​ការងារ​កាល​ពី​ថ្ងៃទី​​៧ ឧសភា គឺជា​ថ្ងៃ​ដំបូង​ដែល​ម្ចាស់​ថ្មី​នេះ បាន​ទៅ​គ្រប់គ្រង​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​ជាក់លាក់​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជា​ឲ្យ​លោក​ដក​អត្ថបទ​មួយ​ដែល​ចុះផ្សាយ​ផ្សាយ​ពី​ថ្ងៃ​ទី​៦ ឧសភា ចេញ​ពី​គេហទំព័រ (វេបសាយ Website) ប៉ុន្តែ លោក​មិន​ព្រម ព្រោះថា មិន​អាច​ក្បត់​នឹង​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន​ឯករាជ្យ៖ «ខ្ញុំ​ជា​និពន្ធ​នាយក​ដូច្នេះ​ខ្ញុំ​មាន​សិទ្ធិ​ក្នុង​ការ​ដក ឬ​មិន​អនុញ្ញាត​ដក​នៅ​លើ​វេបសាយ ម្ចាស់​ថ្មី​គាត់​មិន​សប្បាយចិត្ត​ចំពោះ​ការ​ចុះ​អត្ថបទ​មួយ​ដែល​គេ​ថា ប៉ះពាល់​ដល់​ថៅកែ​ថ្មី តែ​ខ្ញុំ​មិន​ដក​ព្រោះ​យើង​ដាច់ខាត​ត្រូវ​រក្សា​វិជ្ជាជីវៈ​របស់​យើង ដែល​អ្នកសារព័ត៌មាន​នៅ​លើ​ពិភពលោក​ត្រូវតែ​ធ្វើ»

ការបញ្ឈប់​បុគ្គលិក​នេះ នៅ​ក្រោយ​ពេល​តែ ៤​ថ្ងៃ​ប៉ុណ្ណោះ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​កាលពី​ថ្ងៃ​ទី​៣ ឧសភា។ នៅ​ក្នុង​ទិវា​សារព័ត៌មាន​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ចេញ​សារ​លិខិត​លើក​ទឹកចិត្ត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្លាហាន​ហ៊ាន​និយាយ​ការពិត។

លោក កៃ គឹមសុង អះអាង​ថា តាម​លោក​ដឹង ទោះជា​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​បាន​លក់​ឲ្យ​ម្ចាស់​ថ្មី​ក៏ដោយ ប៉ុន្តែ ម្ចាស់​ថ្មី​អាច​មក​គ្រប់គ្រង​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៦ ឧសភា​ខាងមុខ ស្រាប់តែ លោក ស៊ីវ៉ាឃូម៉ា ស៊ីវ៉ា បាន​ប្រាប់​ថា លោក​មក​គ្រប់គ្រង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចាប់ពី​នៅ​ថ្ងៃ​ទី​៧ ឧសភា​នេះ។ លោក​សង្ឃឹម​ថា ការ​បញ្ឈប់​ពួកគាត់​នេះ ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹង​ដោះស្រាយ​ជូន​ពួកគាត់​តាមច្បាប់​ការងារ៖ «ថៅកែ​ថ្មី​បញ្ឈប់​ពួក​យើង​ត្រូវតែ​ឈប់ តែ​ត្រូវ​អនុវត្ត​តាមច្បាប់​ការងារ​ដូចជា​ការ​ផ្ដល់​ប្រាក់​អតីតភាព​ជាដើម»

អត្ថបទ​មួយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស ដែល​សរសេរ​ដោយ​លោក Brendan O’Byrne និង​លោក Ananth Baliga បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ឧសភា មាន​ចំណងជើង​ថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​លក់​ទៅ​ឱ្យ លោក ស៊ីវ៉ាឃូម៉ា ស៊ីវ៉ា (Sivakumar Siva) ជា​វិនិយោគិន​ម៉

លោក ស៊ីវ៉ាឃូម៉ា ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Asia PR ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បាន​ចែកចាយ​ដល់​បុគ្គលិក​កាលពី​ថ្ងៃ​ទី៥ ឧសភា ថា លោក​មានបំណង​រក្សា​ឯករាជ្យ​នៃ​ការ​បោះពុម្ព​ផ្សាយ​របស់​កា​សែត​ភ្នំពេញ​ប៉ុស្ដិ៍​នេះ​ដដែល។

ទោះបីជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​អត្ថបទ​នេះ បាន​ស្រង់​សម្ដី លោក Ed Legaspi នាយក​ប្រតិបត្តិ​សម្ពន្ធភាព​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ (SEAPA) បាន​និយាយ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​ម្ចាស់​ថ្មី​របស់​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​កម្ពុជា។ លោក​បន្ថែម​ថា ម្ចាស់​ថ្មី​នឹង​មាន​ឥទ្ធិពល​លើ​ការ​និពន្ធ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព។

ពាក់ព័ន្ធ​នឹង​ភាព​រំជើបរំជួល និង​ភាព​មន្ទិល​ទៅលើ​ឯករាជ្យភាព​របស់​ម្ចាស់​ថ្មី​នេះ គេហទំព័រ​របស់​ក្រុមហ៊ុន អេស៊ា ភីអ (ASIA PR) នេះ​បញ្ជាក់​ថា ខ្លួន​ធ្លាប់​ធ្វើការ​ឲ្យ​លោក ហ៊ុន សែន។ ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ ឬ​អេស៊ា ភីអ (ASIA PR) របស់​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​លោក ស៊ីវ៉ាគូម៉ា អេស​-​ហ្គាណាផាស៊ី (Sivakumar S. Ganapathy) ជា​ប្រធាន ឬ CEO និង​ជា​នាយក​ផ្នែក​គ្រប់គ្រង​ផង​នោះ បាន​អនុវត្ត​គម្រោង​មួយ ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា និង​លោក ហ៊ុន សែន ក្នុង​ការ​ចូលកាន់​តំណែង​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា កាលពី ២៥ឆ្នាំមុន។

ទោះជា​យ៉ាង​នេះ​ក្តី លោក ស៊ីវ៉ាឃូម៉ា ដែល​ទើប​ទិញ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​យក​មក​គ្រប់គ្រង​ទាំងស្រុង​នោះ ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក នៅ​ថ្ងៃទី៦ ខែ​ឧសភា​ថា គេ​មិន​ត្រូវ​សន្និដ្ឋាន អំពី​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​នេះ ជាមួយ​នឹង​លោក ហ៊ុន សែន ដែល​កើតឡើង​តាំងពី ២៥ ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ​នោះ​ទេ

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ថា ក្រុមហ៊ុន អេស៊ា ភីអ នេះ​ធ្លាប់​គ្រប់គ្រង​កាសែត​គាំទ្រ​របប​លោក ហ៊ុន សែន ឈ្មោះ Cambodia Times រាប់​ឆ្នាំ កាល​ពី​ដើម​ទសវត្ស​ឆ្នាំ១៩៩០។ និពន្ធ​នាយក​របស់​កាសែត Cambodia Times នៅ​ពេល​នោះ គឺ​លោក កាម៉ារ៉ាល់​-​ហ្សាម៉ាន់ តាំប៊ូ (Kamaralzaman Tambu) ធ្លាប់​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន អេស៊ា ភីអ នេះ​មុន​លោក ស៊ីវ៉ាឃូម៉ា ជំនួស​នៅ​ឆ្នាំ២០១០។

លោក ស៊ីវ៉ាឃូម៉ា បញ្ជាក់​ថា លោក​ពិតជា​ធ្វើជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន អេស៊ា ភីអ មែន ប៉ុន្តែ មិនមែន​កាន់ការ​នោះ​នៅ​ឆ្នាំ ២០១០ ដូច​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះផ្សាយ​ទេ តែ​លោក​ចូលកាន់​តំណែង​នោះ នៅ​ឆ្នាំ​២០១១។ ក្នុង​ឆ្នាំ​២០១១ នោះ លោកអះអាង​ថា កាសែត Cambodia Times បិទ​ការផ្សាយ​យូរ​ហើយ គឺ​បិទ​តាំងពី​ឆ្នាំ ១៩៩៧ មក​ម្ល៉េះ។

ទោះបីជា​មាន​ការ​បំភ្លឺ​បែប​នេះ​ក្ដី ក៏​ប្រភព​ព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​ដង​ស្រង់​សម្ដី​របស់​អតីត​បុគ្គលិក​ជាន់ខ្ពស់ របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​សម្ដែង​ក្តី​ព្រួយបារម្ភ អំពី​ភាព​បាត់​ឯករាជ្យ ផ្នែក​និពន្ធ ដោយសារតែ​ម្ចាស់​ថ្មី ដែល​មាន​និន្នាការ​ជាមួយ​របប​លោក ហ៊ុន សែន នោះ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបើតសិន (Phil Robertson) ចាត់​ទុក​ការ​លក់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ជា​សារព័ត៌មាន​ឯករាជ្យ​នៅសល់​ចុងក្រោយ​គេ ទៅ​ឲ្យ​អ្នកគ្រប់គ្រង​ថ្មី​នេះ គឺជា​ដំណើរ ទៅ​រក​ការ​បាត់​សេរីភាព​ផ្នែក​សារព័ត៌មាន​នៅ​កម្ពុជា។

អ្នក​សរសេរ​អត្ថបទ​ពី​ការ​លក់ដូរ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ជា​ជនបរទេស គឺ​លោក Brendan O’Byrne និង លោក Ananth បាន​សរសេរ ឆ្លើយឆ្លង​នៅ​ក្នុង​បណ្ដាញ​សង្គម​ធ្វីតធ័រ (Twitter) របស់​ពួកគេ ដោយ​លើក​ពី​មូលហេតុ​ដូច​លោក កែ គឹមសុង ដែរ​ថា ម្ចាស់​ថ្មី​បាន​បញ្ជា​ឲ្យ​លោក​ដក​អត្ថបទ​ចុះផ្សាយ​ពី​ការលក់ដូរ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នេះ ចេញពី​វេបសាយ​វិញ ប៉ុន្តែ​លោក​មិន​ព្រម ក៏​ត្រូវ​ម្ចាស់​ថ្មី​បញ្ឈប់​ពួកគាត់។ លោក Ananth បញ្ជាក់​ថា លោក​នឹង​មិន​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ​ប៉ុស្ដិ៍​ទៀត​ទេ លោក​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​មិន​អាច​ធ្វើការ​ជាមួយ​សហការី​ដែល​ជា​មនុស្ស​ល្អៗ​ទៀត​បាន។

រីឯ​និពន្ធ​នាយករង​ឈ្មោះ Erin Handley‏ បាន​សរសេរ​ឆ្លើយឆ្លង​ក្នុង​​នោះ​ដែរ​ថា ចាប់​ពី​ពេល​នេះ​តទៅ និពន្ធ​នាយក​ថ្មី ដែល​ហៅ​ខ្លួន​លោក​ថា ចូសួ ភូរឺ (Joshua Pureu) នឹង​ធ្វើជា​អ្នក​មើល​ការ​ខុសត្រូវ​ទូទៅ លើ​រាល់​អត្ថបទ​សារព័ត៌មាន ដែល​ចេញផ្សាយ​លើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ ដូច្នេះ មើល​ទៅ ខ្ញុំ​ប្រហែល​ជា​លែង​អាច​សរសេរ​ព័ត៌មាន ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ដូច​ខ្ញុំ​ធ្លាប់​ធ្វើ​ទៀតហើយ។ តែ​អ្នកស្រី​នឹង​សរសេរ​ព័ត៌មាន​តាម​ធ្វីតធ័រ ជំនួស​វិញ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (the Reporters Without Borders) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​ចំណាត់ថ្នាក់​អាក្រក់​ផ្នែក​សេរីភាព​សារព័ត៌មាន ដោយ​ឈរ​នៅ​លេខ​រៀង​ទាប​ជាង​ប្រទេស​អាស៊ាន​ដូចគ្នា ដូចជា​ទាប​ជាង​ប្រទេស​ថៃ និង​ភូមា ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល