សមាគម​ធាងត្នោត​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​ប្រើ​ប្រាស់​លុយ​អាមេរិក​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល

0:00 / 0:00

សមាគម​ធាងត្នោត ប្រតិកម្ម​នឹង​ចោទ​ប្រកាន់​របស់​លោក នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ។ ការ​ច្រាន​ចោល​នឹង​ការ​ចោទ​ពី​សំណាក់​មន្ត្រី​ក្របខ័ណ្ឌ​យោធា​នេះ ស្រប​ពេល​ស្ថានការណ៍​នយោបាយ កាន់​មាន​ភាព​តានតឹង និង​កំពុង​មាន​វិបត្តិ ហើយ​សមាគម​ខ្លះ​ទៀត ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​សម្រេច​ផ្អាក​សកម្មភាព​ដែរ។

មន្ត្រី​កម្មវិធី​តស៊ូ​មតិ​សិទ្ធិ​ដីធ្លី នៃ​សមាគម​ធាងត្នោត បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​លោក នាង ផាត នេះ​ថា ជា​ការ​មួល​បង្កាច់​ខុស​ពី​ការ​ពិត ដែល​ផ្ទុយ​ពី​សកម្មភាព​ជាក់ស្ដែង របស់​សមាគម។

លោក សៅ កុសល មន្ត្រី​ជាន់​ខ្ពស់​សមាគម​ធាងត្នោត អះអាង​ថា សមាគម​របស់​លោក​ពុំ​ដែល​បាន​ទទួល​លុយ​ជំនួយ​ពី​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​កម្ពុជា​ទេ។ លោក​បន្ត​ថា ការ​ចោទ​ប្រកាន់​របស់​លោក នាង ផាត នេះ​វា​ហាក់​ដូច​ជា​ចង់​ទាញ​សកម្មភាព របស់​សមាគម​ចូល​រឿង​នយោបាយ ហើយ​ឈាន​ទៅ​រក​ការ​បិទ​ទ្វារ ដូច​ដែល​ក្រសួង​មហាផ្ទៃ ធ្លាប់​អនុវត្ត​កន្លង​ទៅ​ដែរ។ មន្រ្តី​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ យល់​ឃើញ​ថា លុយ​ជំនួយ​ដែល​ទទួល​បាន​ពី​សហគមន៍​អឺរ៉ុប និង​ពី​បណ្ដា​ម្ចាស់​ជំនួយ​ដទៃ​ទៀត អនុវត្ត​តែ​ទៅ​លើ​កម្មវិធី​ជួយ​ពលរដ្ឋ ដោយ​ផ្អែក​លើ​លក្ខន្តិកៈ​ដូច​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ។

រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​លោក នាង ផាត ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ ដោយ​ដក​ស្រង់​សម្ដី​កាល​ពី​ថ្ងៃ​ទី១៩ តុលា ថា សមាគម​ធាង​ត្នោត​បាន​ទទួល​លុយ​ពី​សហរដ្ឋអាមេរិក ចន្លោះ​ពី ៤០ ទៅ ៥០ម៉ឺន​ដុល្លារ បម្រើ​មហិច្ឆតា និង​គោលនយោបាយ​របស់​អាមេរិក។

ថ្លែង​នៅ​ក្នុង​សាល​ប្រជុំ​របស់​ក្រសួង​ការពារ​ជាតិ ស្ដីពី​ស្ថានភាព​នយោបាយ នាយក​ឧត្ដមសេនីយ៍​រូប​នេះ បាន​ចោទ​ប្រកាន់​ថា សមាគម​ធាងត្នោត​នេះ ក្រៅ​ពី​បាន​លុយ​ធ្វើ​សកម្មភាព​ហើយ ថែម​ទាំង​បង្កើត​ចលនា​តស៊ូ​មតិ តាម​រូបភាព​សហគមន៍​ប្រមាណ ៣​ពាន់​សហគមន៍​នៅ​តាម​ខេត្ត និង​ប្រមាណ ៣រយ​សហគមន៍​ទៀត នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

បើ​ទោះ​ជា​បែប​ណា លោក សៅ កុសល ចាត់​ទុក​ថា នេះ​ជា​វិធីសាស្ត្រ​លាប​ពណ៌​ដែល​គ្រោះថ្នាក់​បំផុត ហើយ​ជា​ហេតុផល​ដែល​វា​ពិបាក​នឹង​ទទួល​យក​ណាស់ សម្រាប់​សមាគម​ដែល​អនុវត្ត​ទៅ​តាម​ច្បាប់ យ៉ាង​ពេញលេញ​ដូច​ដែល​មាន​នៅ​ក្នុង​របាយការណ៍ ដាក់​ទៅ​ក្រសួង​មហាផ្ទៃ។ លោក​បន្ត​ថា ការ​បង្កើត​សហគមន៍ ឬ​ការ​ចងក្រង​ណា​មួយ​របស់​ពលរដ្ឋ នោះ​គឺ​ជា​សិទ្ធិ​របស់​ពួកគាត់ ក្នុង​ពេល​ដែល​ម្ចាស់​លំនៅឋាន​ក្លាយ​ជា​ជនរងគ្រោះ​ពី​ដីធ្លី ហើយ​ការ​តស៊ូ​នោះ​ទៀត​សោត ធ្វើ​ឡើង​តាម​ច្បាប់​ថែម​ទៀត។ ផ្ទុយ​ទៅ​វិញ​លោក សៅ កុសល យល់​ឃើញ​ថា នេះ​ជា​ការ​មិន​ទទួល​ខុសត្រូវ របស់​អាជ្ញាធរ​រដ្ឋ​ទៅ​វិញ​ទេ ហើយ​បែរ​ជា​មក​ទម្លាក់​កំហុស​លើ​អង្គការ-សមាគម​ដែល​ជួយ​ជ្រោមជ្រែង​ផ្នែក​ផ្លូវ​ច្បាប់ និង​ការ​ព្រឹក្សា​យោបល់។ ម្យ៉ាង​ទៀត ការ​ចងក្រង​ជា​បណ្ដាញ​សហគមន៍​នេះ ព្រោះ​តែ​ពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ត្រូវ​បាត់បង់​ដីធ្លី និង​ផ្ទះ​សម្បែង តាមរយៈ​ការ​ឈូស​ឆាយ និង​ដុត​បំផ្លាញ​​ដោយ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។ លោក​បន្ត​ថា ការ​តស៊ូ​មតិ​ដោយ​អហិង្សា​នេះ គឺ​កើត​ចេញ​ពី​ការ​ឈឺចាប់​ដោយ​គម្រោង​វិនិយោគ​នានា​របស់​រដ្ឋាភិបាល​ទៅ​វិញ​ទេ។

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញា បាន​សម្រេច​បិទ​ទ្វារ​អង្គការ​មាតា​ធម្មជាតិ។ ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ នៃ​ការ​លុប​ឈ្មោះ​អង្គការ​នេះ ចេញ​ពី​បញ្ជី​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ​នោះ​ទេ។ ក្រោយ​ការ​បិទ រយៈពេល ១៤ថ្ងៃ ពោល​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ក្រសួង​មហាផ្ទៃ ក៏​បាន​ផ្អាក​សកម្មភាព របស់​អង្គការ​សមធម៌​មួយ​ទៀត ដោយ​ចោទ​ប្រកាន់​ថា អង្គការ​នេះ​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិកៈ ដូច​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។

អាស៊ី​សេរី ពុំ​អាច​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ​បន្ថែម​បាន​ភ្លាម​ៗ​ទេ ពី​លោក នាង ផាត នៅ​ថ្ងៃ​ទី២០ ខែ​តុលា។

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​គម្រោង​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក វណ្ណ សុផាត យល់​ឃើញ​ថា នេះ​ជា​ការ​ចោទ​ដ៏​ធ្ងន់ធ្ងរ ប្រឆាំង​នឹង​សកម្មភាព​ផ្នែក​មនុស្សធម៌ ទៅ​លើ​សមាគម​ធាងត្នោត។ លោក​បន្ត​ថា ផ្អែក​លើ​សកម្មភាព ដែល​បាន​ធ្វើ​ការ​រួម​គ្នា ការ​តស៊ូ​មតិ​រឿង​ដីធ្លី គឺ​មិន​ដែល​ឃើញ សមាគម​នេះ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​ណា​មួយ​នោះ​ទេ។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល បង្ហាញ​ការ​ព្រួយបារម្ភ ចំពោះ​ចំណាត់​ការ​ថ្មី​ៗ​បន្ថែម​ទៅ​លើ​អង្គការ-សមាគម មិនមែន​រដ្ឋាភិបាល។ ក្រុម​អ្នក​ការពារ​ផ្នែក​សិទ្ធិមនុស្ស ទាំង​នេះ​សង្កេត​ឃើញ​ថា អ្នក​បក​ស្រាយ​ច្បាប់ ពី​ខាង​រដ្ឋាភិបាល តែង​ការពារ​រក​ផ្លូវ​រហូត ប្រសិន​បើ​គេ​ចង់​ចាត់ការ​ទៅ​លើ​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​ណា​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។