សមាគមធាងត្នោត ប្រតិកម្មនឹងចោទប្រកាន់របស់លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ។ ការច្រានចោលនឹងការចោទពីសំណាក់មន្ត្រីក្របខ័ណ្ឌយោធានេះ ស្របពេលស្ថានការណ៍នយោបាយ កាន់មានភាពតានតឹង និងកំពុងមានវិបត្តិ ហើយសមាគមខ្លះទៀត ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្អាកសកម្មភាពដែរ។
មន្ត្រីកម្មវិធីតស៊ូមតិសិទ្ធិដីធ្លី នៃសមាគមធាងត្នោត បានហៅការចោទប្រកាន់របស់លោក នាង ផាត នេះថា ជាការមួលបង្កាច់ខុសពីការពិត ដែលផ្ទុយពីសកម្មភាពជាក់ស្ដែង របស់សមាគម។
លោក សៅ កុសល មន្ត្រីជាន់ខ្ពស់សមាគមធាងត្នោត អះអាងថា សមាគមរបស់លោកពុំដែលបានទទួលលុយជំនួយពីសហរដ្ឋអាមេរិក ដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជាទេ។ លោកបន្តថា ការចោទប្រកាន់របស់លោក នាង ផាត នេះវាហាក់ដូចជាចង់ទាញសកម្មភាព របស់សមាគមចូលរឿងនយោបាយ ហើយឈានទៅរកការបិទទ្វារ ដូចដែលក្រសួងមហាផ្ទៃ ធ្លាប់អនុវត្តកន្លងទៅដែរ។ មន្រ្តីផ្នែកសិទ្ធិមនុស្សរូបនេះ យល់ឃើញថា លុយជំនួយដែលទទួលបានពីសហគមន៍អឺរ៉ុប និងពីបណ្ដាម្ចាស់ជំនួយដទៃទៀត អនុវត្តតែទៅលើកម្មវិធីជួយពលរដ្ឋ ដោយផ្អែកលើលក្ខន្តិកៈដូចដែលបានតម្កល់នៅក្រសួងមហាផ្ទៃប៉ុណ្ណោះ។
រដ្ឋលេខាធិការក្រសួងការពារជាតិលោក នាង ផាត ត្រូវបានកាសែតក្នុងស្រុកចុះផ្សាយ ដោយដកស្រង់សម្ដីកាលពីថ្ងៃទី១៩ តុលា ថា សមាគមធាងត្នោតបានទទួលលុយពីសហរដ្ឋអាមេរិក ចន្លោះពី ៤០ ទៅ ៥០ម៉ឺនដុល្លារ បម្រើមហិច្ឆតា និងគោលនយោបាយរបស់អាមេរិក។
ថ្លែងនៅក្នុងសាលប្រជុំរបស់ក្រសួងការពារជាតិ ស្ដីពីស្ថានភាពនយោបាយ នាយកឧត្ដមសេនីយ៍រូបនេះ បានចោទប្រកាន់ថា សមាគមធាងត្នោតនេះ ក្រៅពីបានលុយធ្វើសកម្មភាពហើយ ថែមទាំងបង្កើតចលនាតស៊ូមតិ តាមរូបភាពសហគមន៍ប្រមាណ ៣ពាន់សហគមន៍នៅតាមខេត្ត និងប្រមាណ ៣រយសហគមន៍ទៀត នៅក្នុងទីក្រុងភ្នំពេញ។
បើទោះជាបែបណា លោក សៅ កុសល ចាត់ទុកថា នេះជាវិធីសាស្ត្រលាបពណ៌ដែលគ្រោះថ្នាក់បំផុត ហើយជាហេតុផលដែលវាពិបាកនឹងទទួលយកណាស់ សម្រាប់សមាគមដែលអនុវត្តទៅតាមច្បាប់ យ៉ាងពេញលេញដូចដែលមាននៅក្នុងរបាយការណ៍ ដាក់ទៅក្រសួងមហាផ្ទៃ។ លោកបន្តថា ការបង្កើតសហគមន៍ ឬការចងក្រងណាមួយរបស់ពលរដ្ឋ នោះគឺជាសិទ្ធិរបស់ពួកគាត់ ក្នុងពេលដែលម្ចាស់លំនៅឋានក្លាយជាជនរងគ្រោះពីដីធ្លី ហើយការតស៊ូនោះទៀតសោត ធ្វើឡើងតាមច្បាប់ថែមទៀត។ ផ្ទុយទៅវិញលោក សៅ កុសល យល់ឃើញថា នេះជាការមិនទទួលខុសត្រូវ របស់អាជ្ញាធររដ្ឋទៅវិញទេ ហើយបែរជាមកទម្លាក់កំហុសលើអង្គការ-សមាគមដែលជួយជ្រោមជ្រែងផ្នែកផ្លូវច្បាប់ និងការព្រឹក្សាយោបល់។ ម្យ៉ាងទៀត ការចងក្រងជាបណ្ដាញសហគមន៍នេះ ព្រោះតែពលរដ្ឋជាម្ចាស់លំនៅឋាន ត្រូវបាត់បង់ដីធ្លី និងផ្ទះសម្បែង តាមរយៈការឈូសឆាយ និងដុតបំផ្លាញដោយគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ លោកបន្តថា ការតស៊ូមតិដោយអហិង្សានេះ គឺកើតចេញពីការឈឺចាប់ដោយគម្រោងវិនិយោគនានារបស់រដ្ឋាភិបាលទៅវិញទេ។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៥ ខែកញ្ញា បានសម្រេចបិទទ្វារអង្គការមាតាធម្មជាតិ។ ក្នុងលិខិតដែលចុះហត្ថលេខាដោយលោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពុំបានបញ្ជាក់ពីមូលហេតុ នៃការលុបឈ្មោះអង្គការនេះ ចេញពីបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃនោះទេ។ ក្រោយការបិទ រយៈពេល ១៤ថ្ងៃ ពោលកាលពីថ្ងៃទី ២៨ ខែកញ្ញា ក្រសួងមហាផ្ទៃ ក៏បានផ្អាកសកម្មភាព របស់អង្គការសមធម៌មួយទៀត ដោយចោទប្រកាន់ថា អង្គការនេះអនុវត្តផ្ទុយពីលក្ខន្តិកៈ ដូចដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
អាស៊ីសេរី ពុំអាចសុំប្រតិកម្មជុំវិញរឿងនេះបន្ថែមបានភ្លាមៗទេ ពីលោក នាង ផាត នៅថ្ងៃទី២០ ខែតុលា។
យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលគម្រោងផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត យល់ឃើញថា នេះជាការចោទដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងសកម្មភាពផ្នែកមនុស្សធម៌ ទៅលើសមាគមធាងត្នោត។ លោកបន្តថា ផ្អែកលើសកម្មភាព ដែលបានធ្វើការរួមគ្នា ការតស៊ូមតិរឿងដីធ្លី គឺមិនដែលឃើញ សមាគមនេះអនុវត្តផ្ទុយទៅនឹងច្បាប់ណាមួយនោះទេ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាល បង្ហាញការព្រួយបារម្ភ ចំពោះចំណាត់ការថ្មីៗបន្ថែមទៅលើអង្គការ-សមាគម មិនមែនរដ្ឋាភិបាល។ ក្រុមអ្នកការពារផ្នែកសិទ្ធិមនុស្ស ទាំងនេះសង្កេតឃើញថា អ្នកបកស្រាយច្បាប់ ពីខាងរដ្ឋាភិបាល តែងការពាររកផ្លូវរហូត ប្រសិនបើគេចង់ចាត់ការទៅលើស្ថាប័នអង្គការសង្គមស៊ីវិលណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។