ថ្ងៃទី១០ ធ្នូ នេះ ជាខួបលើកទី ៧០ ឆ្នាំ ដែលពិភពលោករួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ដើម្បីរំឭកដល់សេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស ដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តកាលពីឆ្នាំ ១៩៤៨។
នៅក្នុងខួបលើកទី ៧០ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គោទែរេស (Antonio Guterres) អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នៅលើពិភពលោក រួមគ្នាក្រោកឈរឡើង ដើម្បីសិទ្ធិមនុស្ស «សម្រាប់មនុស្សគ្រប់គ្នា និងនៅគ្រប់ទីកន្លែងទាំងអស់»។ លោក អង់តូនីញ៉ូ ហ្គោទែរេស សង្កត់ធ្ងន់ៗក្នុងសារថ្លែងទៅកាន់ប្រជាជាតិ នៅលើសាកលលោកថា ជាការពិតណាស់ដែលថា សិទ្ធិមនុស្សកំពុងទទួលរងនូវការធ្វើទុក្ខបុកម្នេញពីគ្រប់ទិសទីនៅជុំវិញពិភពលោក ស្របពេលដែលគុណតម្លៃជាសាកលរបស់មនុស្ស ត្រូវបានជាន់ឈ្លី ឬលប់បំបាត់ជាបណ្ដើរៗ រីឯនីតិរដ្ឋក៏ត្រូវបានធ្វើឲ្យអន្តរាយផងដែរនោះ។ លោកថា សម្រាប់រយៈពេល ៧០ ឆ្នាំមកនេះ សេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្សនេះ គឺជាមគ្គុទ្ទេសក៍បង្ហាញផ្លូវ និងជាប្រទីបបំភ្លឺជាសាកលមួយ ដើម្បីសេចក្ដីថ្លៃថ្នូរ សមភាព សុខុមាលភាព និងសេចក្ដីសង្ឃឹមរបស់មនុស្សគ្រប់រូប។
លោក អង់តូនីញ៉ូ ហ្គោទែរេស មានប្រសាសន៍បន្តថា សិទ្ធិមនុស្សដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្សនេះ គឺអនុវត្តទៅលើមនុស្សទូទៅ ដោយមិនប្រកាន់ពូជសាសន៍ ជំនឿ ទីកន្លែង ពណ៌សម្បុរ ឬភាពខុសប្លែកគ្នាដទៃទៀតនោះឡើយ។ លោកបន្តថា សិទ្ធិមនុស្ស គឺជាសិទ្ធិជាសាកល និងអចិន្ត្រៃយ៍ ហើយមិនអាចត្រូវអាជ្ញាធររដ្ឋដកហូតបាននោះឡើយ។ លោកថា ថ្ងៃនេះ ក៏ជាថ្ងៃដែលពិភពលោកផ្ដល់កិត្តិយស ឲ្យដល់ក្រុមអ្នកការពារសិទ្ធិមនុស្សនៅទូទាំងសាកលលោក ដែលពួកគេបានប្រថុយប្រថានជីវិតរបស់ពួកគេ ដើម្បីការពារមនុស្សទូទៅ ឲ្យចៀសផុតពីការកើនឡើងនៃអំពើស្អប់ខ្ពើម អំពើប្រកាន់ពូជសាសន៍ ការមិនចេះអត់អោន ឬអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងសកម្មភាពបង្ក្រាបនានា។
កាលពី ៧០ឆ្នាំមុន នៅថ្ងៃទី១០ ធ្នូ ឆ្នាំ១៩៤៨ បណ្ដារដ្ឋជាសមាជិកទាំងអស់សនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តជាផ្លូវការនូវសេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស។ គិតរហូតមកទល់ពេលនេះ ឯកសារជាប្រវត្តិសាស្ត្ររបស់ពិភពលោកមួយនេះ ត្រូវបានយកទៅបកប្រែប្រមាណជាង ៥០០ភាសា នៅទូទាំងសាកលលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។