ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ អ.ស.ប សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ករណី​បាត់ខ្លួន​សកម្មជន​នយោបាយ​អាវក្រហម​ថៃ

0:00 / 0:00

ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​សម្តែង​កង្វល់​យ៉ាងខ្លាំង​ជុំវិញ​ករណី​ព័ត៌មាន​អំពី​ការបាត់ខ្លួន​សកម្មជន​នយោបាយ​អាវក្រហម​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅ​កម្ពុជា។ ពួកគេ​គូសបញ្ជាក់​ថា រដ្ឋ​ជា​សមាជិក​ទាំងអស់​ ជាពិសេស​កម្ពុជា គួរតែ​ស៊ើបអង្កេត​រាល់​ករណី​បាត់ខ្លួន​ដោយ​បង្ខំ​ទាំងអស់​ជាបន្ទាន់ និង​ដោយ​ឯករាជ្យ ដោយ​គ្មាន​ការពន្យារពេល បើទោះ​ជា​គ្មាន​ការដាក់​ពាក្យ​បណ្តឹង​ផ្លូវការ​ក៏ដោយ។ មន្ត្រី​រដ្ឋាភិបាល អះអាង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​នៅតែ​បន្ត​ស៊ើបអង្កេត​ករណី​នេះ​នៅឡើយ។

ក្តី​កង្វល់​យ៉ាងខ្លាំង​នេះ ធ្វើ​ឡើង​ក្នុង​លិខិត​ផ្លូវការ​រួមគ្នា​មួយ​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ចុះថ្ងៃទី១២ មិថុនា ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​ចម្លង​ជូន​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​ពន្យល់ និង​ផ្តល់​ព័ត៌មាន​បន្ថែម​លម្អិត​អំពី​ការស៊ើបអង្កេត​លើ​ករណី​បាត់ខ្លួន​សកម្មជន​នយោបាយ​អាវក្រហម​ថៃ​រូបនេះ។ លិខិតនេះ រូមទាំង​លិខិត​ឆ្លើយតប​របស់​តំណាង​កម្ពុជា​ប្រចាំ​ទីក្រុង ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ទើប​ត្រូវ​បាន​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​សប្ដាហ៍​នេះ។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំងនេះ រួមមាន ប្រធាន​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ក្រុមការងារ​ស្តី​ពី​ការបាត់ខ្លួន​ដោយ​បង្ខំ ឬ​ដោយ​អចេតនា លោក លូស្យាណូ ហាហ្សាន (Luciano Hazan) អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នករាយការណ៍​ពិសេស​ស្តីពី​ការកាត់ទោស​ក្រៅ​ប្រព័ន្ធ​តុលាការ ការកាត់ទោស​ដោយ​គ្មាន​ការកាត់ក្តី​ដោយ​យុត្តិធម៌ ឬ​ធ្វើឡើង​ដោយ​ទំនើង អ្នកស្រី អាកណេស កាឡាម៉ាដ (Agnes Callamard) និង​អ្នករាយការណ៍​ពិសេស​ស្តីពី​ការលើក​កម្ពស់ និង​កិច្ចគាំពារ​សិទ្ធិ​ក្នុង​ការសម្តែង និង​បញ្ចេញ​មតិ លោក ដេវីត ខេយ៍ (David Kaye)។

In a letter to the Foreign Minister of made public this week, experts expressed concerns related to the alleged abduction and enforced disappearance in Cambodia of Thai political activist, Mr Wanchalearm Satsaksit, on 4 June 2020 |

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំងនេះ គូសបញ្ជាក់​ថា ពួកគេ​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​អំពី​ការចាប់​ពង្រត់ និង​ការបាត់ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​នយោបាយ​អាវក្រហម​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ។ ពួកគេ​ក៏​សម្តែង​ក្តី​កង្វល់​បន្ថែម​អំពី​ការមិន​អាច​បំពារបំពាន​លើ​រាងកាយ និង​ជីវិត​របស់​សកម្មជន​រូបនេះ ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ ដោយសារ​តែ​អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ដែល​លោក​អាច​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដោយ​បង្ខំ បញ្ជូន​មក​ប្រទេស​ថៃ​វិញ។ ទន្ទឹមនឹងនេះ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំងនេះ ក៏​បាន​សម្ដែង​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការលើកឡើង​បឋម​របស់​អាជ្ញាធរ​កម្ពុជា ដែល​បាន​ទាត់ចោល​ករណី​នេះ ទាំង​នៅ​មុន​ពេល​មិនទាន់​បាន​បើក​ការស៊ើប​អង្កេត​សមស្រប​នៅឡើយ។ ពួកគេ​សង្កត់​ធ្ងន់​ថា ប្រសិនបើ​ករណី​បាត់ខ្លួន​នេះ​ជា​ការពិត​មែន កម្ពុជា​ទំនង​ជា​រំលោភ​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​អនុសញ្ញា​ស្តី​ពី​កិច្ចគាំពារ​មនុស្ស​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ និង​សេចក្តីថ្លែងការណ៍​ស្តី​ពី​កិច្ចគាំពារ​មនុស្ស​គ្រប់រូប​ពី​ការបាត់ខ្លួន​ដោយ​បង្ខំ ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​កាលពី​ពេល​កន្លងទៅ។ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំងនេះ ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាត់វិធានការ​អន្តរកាល​ទាំងអស់ ក្នុងការ​បញ្ឈប់ និង​បង្ការ​កុំឲ្យ​ករណី​បាត់ខ្លួន​ដូច្នេះ នៅ​តែ​បន្ត​កើត​មាន​​នា​ពេល​អនាគត​តទៅទៀត។ ពួកគេ​ក៏​ស្នើ​ឲ្យ​កម្ពុជា​ធានា​​យក​ជន​ដែល​ទទួល​ខុសត្រូវ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ ប្រសិន​បើ​រក​ឃើញ​ថា ករណី​បាត់ខ្លួន​នេះ​ជា​ការពិតមែន។

ការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាអាចរកបានតាមរយៈ

ឆ្លើយតប​ទៅ​នឹង​ការស្នើ​សុំ​ឲ្យ​ពន្យល់ និង​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ករណី​បាត់ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម ពី​សំណាក់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាំងនេះ តំណាង​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុងហ្សឺណែវ ប្រទេសស្វីស បាន​ពន្យល់​ក្នុង​លិខិត​ចុះថ្ងៃទី១៩ មិថុនា ថា អាជ្ញាធរ​កម្ពុជា​បាន​រកឃើញ​ថា លោក វ៉ាន់ឆាឡឺម បាន​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​ជា​ច្រើន​លើក​កាលពី​ឆ្នាំ២០១៤ និង​ឆ្នាំ២០១៥ ហើយ​លោក​បាន​ចូល​មក​កម្ពុជា​ចុងក្រោយ​កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ដោយ​បាន​ពន្យារពេល​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​កម្ពុជា​រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ចាប់តាំងពី​ពេល​នោះ​មក លោក​ពុំបាន​ស្នើសុំ​ពន្យារ​ពេល​ការស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​កម្ពុជា​ទៀតទេ។ លិខិត​របស់​តំណាង​កម្ពុជា​ដដែល​បញ្ជាក់ថា អាជ្ញាធរ​កម្ពុជា​ពុំ​មាន​ដំណឹង ឬ​មាន​តម្រុយ​ណាមួយ​អំពី​ករណី​ចោទថា​លោក​ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​កម្ពុជា​នោះទេ ហើយ​គិត​ត្រឹម​ថ្ងៃ​ចេញ​លិខិត​ឆ្លើយតប​នោះ អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា​កំពុង​បន្ត​ដំណើរការ​ស៊ើបអង្កេត​បន្ថែម​ទៅលើ​ករណីនេះ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ដើម្បី​សុំ​ការបំភ្លឺ​បន្ថែម និង​ព័ត៌មាន​ចុងក្រោយ​ជុំវិញ​ដំណើរ​វិវត្ត​នៃ​ការស៊ើបអង្កេត​ក្នុង​ករណី​នេះ គិតត្រឹម​ថ្ងៃទី១៤ ខែសីហា។ លោក កុយ គួង ប្រាប់​អាស៊ីសេរី​យ៉ាងខ្លី​តាម​សារ​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម​តេឡេក្រាម​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​នៅ​តែ​បន្ត​ធ្វើ​ការស្រាវជ្រាវ​លើ​ករណី​ព័ត៌មាន​បាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់​នេះ។

បន្ថែម​ពី​លើ​នេះ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​កម្ពុជា លោក ឆាយ គឹមឃឿន បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃទី១៤ សីហា ថា អាជ្ញាធរ​កម្ពុជា​នៅតែ​មិនទាន់​មាន​តម្រុយ​នៃ​ការស៊ើបអង្កេត​ពី​ករណី​បាត់ខ្លួន​នេះ​នៅឡើយទេ ហើយ​សមត្ថកិច្ច​អំពាវនាវ​ឲ្យ​សាក្សី​ជា​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ផ្តល់​ដំណឹង​អំពី​ករណី​បាត់ខ្លួន​នេះ​មកដល់​សមត្ថកិច្ច ដោយ​សន្យា​រក្សា​ការសម្ងាត់​ចំពោះ​ការផ្តល់​ព័ត៌មាន​ទាំងនោះ។ លោក​បញ្ជាក់​ថា សំណុំ​រឿង​នេះ សមត្ថកិច្ច​មិនទាន់​បិទ​ការស៊ើបអង្កេត​នៅ​ឡើយទេ ហើយ​នៅ​តែ​បន្ត​ការស៊ើបអង្កេត​នៅឡើយ។

ជុំវិញ​ការឆ្លើយតប​របស់​អាជ្ញាធរ​កម្ពុជា​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា លើកឡើង​ថា ការគ្រាន់តែ​ឆ្លើយ​ថា អាជ្ញាធរ​កំពុង​តែ​ស៊ើបអង្កេត​ករណី​នេះ ដោយ​ពុំ​បាន​ផ្តល់​ភស្តុតាង​ជាក់លាក់​លម្អិត​ដល់​អង្គការ​សហប្រជាជាតិ​នោះ អាច​ជា​ការដោះសារ​តែ​ប៉ុណ្ណោះ។ លោកថា កម្ពុជា និង​ថៃ ហាក់​ដូចជា​មិន​ទាន់​បាន​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួន អនុវត្ត​ពេញលេញ​ស្របតាម​អនុសញ្ញា​អន្តរជាតិ​នានា​ដែល​ប្រទេស​ទាំងពីរ​នេះ បាន​ផ្តល់​សច្ចាប័ន៖ « កាតព្វកិច្ច ការទទួលខុសត្រូវ​ទៅលើ​រដ្ឋ​ដែល​ជា​ភាគី​ហ្នុង​ហាក់​ដូចជា​មិន​បាន​បង្ហាញ​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​អនុវត្ត​ទៅ​តាម​អនុសញ្ញា​ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​ទាំងអស់​នោះទេ។ អញ្ចឹង​ហើយ​បាន​ជា​យើង​ឃើញថា​ ហាក់​ដូច​ជា​ ពេល​ដែល​មាន​បញ្ហា​កើតឡើង​ គ្រាន់​ថា​ជា​ការឆ្លើយ​ដោះសា​រៀង​ៗ​ខ្លួន​អញ្ចឹង​ទៅ ... ធ្វើ​ម៉េច​​អង្គការ​សហប្រជាជាតិ​ក៏​មិន​មាន​យន្តការ​អី​លើស​ពី​ហ្នុង​ក្រៅតែ​ពី​ការ​ធ្វើ​ការសាកសួរ​ទៅ​លើ​រដ្ឋ​ដែល​ជា​សមាជិក​អី​តែ​ប៉ុណ្ណឹង​ ហើយ​មាន​ការបំភ្លឺ​អ៊ីចឹង​ទៅ​ថា ការឆ្លើយតប ការប្រឹងប្រែង​ស៊ើបអង្កេត​អី​ជាដើម។ ក៏ប៉ុន្តែ អ្វី​ដែល​ជា​ការខិតខំ​ប្រឹងប្រែង​អី​ទាំងអស់​ហ្នុង យើង​មិន​ដឹង​ថាតើ​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​រឿងហ្នុង។ »

លោក ស៊ឹង សែនករុណា ស្នើ​ឲ្យ​រដ្ឋ​ជា​ភាគី​ទាំងអស់​ដែល​បាន​ផ្តល់​សច្ចាប័ន​ចំពោះ​អនុសញ្ញា​អន្តរជាតិ​នានា គួរ​តែ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​លប់​បំបាត់​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​នេះ ដោយ​បង្ហាញ​ជា​សកម្មភាព ឬ​នីតិវិធី​ច្បាស់លាស់​ដើម្បី​ឲ្យ​​សាធារណជន​ជាតិ និង​អន្តរជាតិ​ជឿជាក់ និង​ទទួល​យកបាន។

ในจดหมายส่งถึงกระทรวงการต่างประเทศไทยซึ่งเผยแพร่เมื่อวันที่ 11 ส.ค. คณะผู้เชี่ยวชาญสหประชาชาติแสดงความกังวลต่อการลักพาตัวและสูญหายโดยถูกบังคับของนายวันเฉลิม สัตย์ศักดิ์สิทธิ์ นักกิจกรรมการเมืองไทย ตามที่มีรายงานเมื่อวันที่ 4 มิ.ย. 2563 ณ ประเทศกัมพูชา |

ផ្អែកតាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ត្រូវ​បាន​ជន​​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់ កាល​ពី​ល្ងាចថ្ងៃទី០៤ មិថុនា ពេល​ដែល​លោក​កំពុង​ដើរ​តាម​ផ្លូវ​ទៅ​ទិញ​ម្ហូប​អាហារ នៅ​មុខ​កន្លែង​ស្នាក់​នៅ​របស់​លោក​។ អង្គការ​នេះ​ថា យោងតាម​សាក្សី​មួយ​ចំនួន និង​កាមេរ៉ា​សុវត្ថិភាព លោក​ត្រូវ​បាន​គេ​ចាប់​បញ្ចូល​​ទៅ​ក្នុង​ឡាន​​ពណ៌ខ្មៅ​មួយ​គ្រឿង រួច​ឡាន​នោះ​បាន​បើក​ចេញ​ទៅបាត់។ សហការី​ម្នាក់​របស់​លោក ​វ៉ាន់ឆាឡឺម ដែ​លកំពុង​និយាយ​ទូរស័ព្ទ​ជាមួយ​គ្នា​នៅពេល​ហេតុ​ការណ៍​ចាប់​ពង្រត់​នោះ​កើតឡើង បាន​លឺ​លោក​ ​វ៉ាន់ឆាឡឺម ស្រែក​ថា “មិន​អាច​ដក​ដង្ហើម” បាន​ទេ រួច​ទូរស័ព្ទ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់។ នៅមុន​ពេល​បាត់ខ្លួន លោក​ វ៉ាន់ឆាឡឺម បាន​បង្ហោះសារជាប្រចាំ​រិះគន់​​ការដឹកនាំ​រដ្ឋាភិបាល​របស់ របស់លោក ប្រាយុទ្ធ​ ចាន់អូរចារ (Prayuth Chan-o-cha) នៅ​ប្រទេសថៃ។

មិនមែន​មាន​តែ​ករណី​បាត់ខ្លួន​ដោយបង្ខំ​របស់​សកម្មជន​អាវក្រហម​ថៃ​រូប​នេះទេ ដែល​ត្រូវ​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លើកឡើង​ពី​កង្វល់​របស់​ពួកគេ និង​ស្នើឲ្យ​មាន​ការស៊ើបអង្កេត​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ។ កន្លងទៅ ករណី​បាត់​ខ្លួន​របស់​យុវជន​ ខឹម សុផាត ដោយសារ​តែ​បាន​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ផ្លូវវ៉េងស្រេង​ សុំ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​កម្មករនិយោជិត​កាលពី​ឆ្នាំ២០១៤ ក៏រង​ការរិះគន់​ខ្លាំង និង​អំពាវនាវ​ពីសំណាក់​សហគមន៍​ជាតិ និង​អន្តរជាតិ​ ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ដែរ។ ក៏ប៉ុន្តែ អស់​រយៈពេល​ជាង​៥ឆ្នាំមកនេះ សំណុំរឿង​នេះ​ក៏​នៅ​តែ​មិនទាន់​​រកឃើញ​ពន្លឺ​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​ជន​រងគ្រោះ​នៅ​ឡើយដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។