ក្រុមអ្នកជំនាញការផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន៤រូប បានលើកឡើងពីក្តីបារម្ភរបស់ពួកគេជុំវិញករណីគំរាមកំហែងជាសាធារណៈ និងការបំភិតបំភ័យពីសំណាក់អាជ្ញាធររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកលើលោក អំ សំអាត ដែលជាអ្នកការពារសិទ្ធិមនុស្ស និងជានាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ។ ក្តីបារម្ភនេះ ធ្វើឡើងនៅក្នុងលិខិតសរសេររួមគ្នារបស់ពួកគេមួយច្បាប់ កាលពីពីរខែមុននេះ ផ្ញើទៅកាន់តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Switzerland) ឲ្យឆ្លើយតបទៅនឹងកង្វល់របស់ពួកគេជុំវិញករណីលោក អំ សំអាត នេះ។
ក្តីបារម្ភរបស់ក្រុមអ្នកជំនាញការផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ ធ្វើឡើងកាលពីពីរខែមុននេះមកម្ល៉េះ ពោលគឺតាំងពីថ្ងៃទី២៩ ឧសភា នៅមុនពេលដែលអង្គការលីកាដូរបស់លោក អំ សំអាត បានចេញផ្សាយរបាយការណ៍របស់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុវ័ណ្ឌក ដោយសារតែវិបត្តិជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលកំពុងតែធ្វើឲ្យរបបលោក ហ៊ុន សែន និងស្ថាប័នធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុមួយចំនួន មិនសប្បាយចិត្ត។

ក្រុមអ្នកជំនាញការផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំង៤រូបនោះរួមមាន៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡាវឡរ (Mary Lawlor) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិ និងសេរីភាពនៃការសម្តែង និងបញ្ចេញមតិ លោក ដាវីធ ខាយដ៍ (David Kaye) និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិ និងសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតអង្គការសមាគម លោក ក្លេម៉ង់ ញ៉ាលែតស៊ូស៊ី វូល (Clement Nyaletsossi Voule)។
ក្នុងលិខិតផ្ញើទៅតំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ចុះថ្ងៃទី២៩ ឧសភា ហើយដែលទើបតែ បញ្ចេញជាសាធារណៈដល់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី២៨ កក្កដា ក្រុមអ្នកជំនាញការផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំង៤រូបនេះ បានសរសេរថា ពួកគេមានការបារម្ភចំពោះការថ្កោលទោសជាសាធារណៈ និងការគំរាមចាប់ខ្លួនលោក អំ សំអាត ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពួកគេថា ទំនងជាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការងាររបស់លោក អំ សំអាត ក្នុងការការពារសិទ្ធិមនុស្ស ហើយធ្វើឡើងដើម្បីរារាំងដល់ការអនុវត្តសិទ្ធិរបស់លោក ក្នុងការបញ្ចេញមតិ និងការពារសិទ្ធិមនុស្ស។ ក្រុមអ្នកជំនាញការផ្នែកសិទ្ធិមនុស្សទាំងនោះថា ពួកគេបារម្ភថា ការគំរាមកំហែងជាសាធារណៈបែបនេះ អាចនឹងបង្កឲ្យមានការភ័យខ្លាច ទាក់ទងនឹងសេរីភាពនៃការបញ្ចេញ និងសម្ដែងមតិ និងលំហសម្រាប់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានជាសាធារណៈ និងធ្វើសកម្មភាពលើកកម្ពស់ឲ្យមានការយល់ដឹងក្នុងអំឡុងពេលមានវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។
In a letter to the Foreign Minister of made public today, experts expressed concern about the intimidation of a member of civil society for making comments related to arrests in relation to COVID-19. Full letter:
កាលពីថ្ងៃទី៣០ មីនា លោក ហ៊ុន សែន បានព្រមានចាប់ខ្លួនលោក អំ សំអាត ដោយចោទលោក អំ សំអាត ថានិយាយការពារអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺកូវីដ-១៩ តាមបណ្ដាញសារព័ត៌មាន។ កាលណោះ លោក ហ៊ុន សែន ចោទថា លោក អំ សំអាត បានគាំទ្រឲ្យពលរដ្ឋបញ្ចេញមតិ មានចរិតរើសអើង បំភិតបំភ័យ និងលើកទឹកចិត្ត ឲ្យមានការលក់ឱសថ ឬឧបករណ៍បរិក្ខារពេទ្យក្លែងក្លាយជាសាធារណៈ៖ « អ្នកណាចង់ថា អ្វីថាទៅ។ ខ្ញុំព្រមានលោកឯងទុកជាមុន។ ខ្ញុំនិយាយ លោក អ៊ុំ សំអាត ( អំ សំអាត ) នៃអង្គការលីកាដូ លីកាដូ។ លោកឯងត្រូវតែប្រុងប្រយ័ត្ន ចំពោះសំដីនៅក្នុងកាលៈទេសៈនេះ។ បើទោះបីជាច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន មិនទាន់ចូលជាធរមាន ក៏ខ្ញុំអាចចាប់លោកឯងបានដែរ ចាប់លោកឯងបានដែរ ព្រោះលោកឯងគាំទ្រ ដំណើរការខុសច្បាប់ ចាប់ទុកជាផ្នែកមួយនៃការរួមគាំទ្រ ដើម្បីនឹងធ្វើអំពើខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។ ការគាំទ្រ ឲ្យមានការបញ្ចេញមតិ នៅក្នុងចរិតរើសអើង ដោយមានការបំភ័យ ដោយមានការលើកទឹកចិត្ត ឲ្យមានការលក់ឱសថ ឬឧបករណ៍ក្លែងក្លាយ ខ្ញុំសូមព្រមានជាសាធារណៈ»។
ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញការផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាំង៤រូបនោះ ថា ការគំរាមកំហែងមកលើលោក អំ សំអាត នេះ អាចចូលរួមចំណែកបង្កើតឲ្យមាននូវបរិយាកាសនៃការរឹតត្បិតសេរីភាពខ្លួនឯងមិនហ៊ាននិយាយការពិតក្នុងចំណោមក្រុមអ្នកការពារសិទ្ធិមនុស្ស ដោយសារតែពួកគេខ្លាចថា ទស្សនៈរបស់ពួកគេត្រូវគេយកទៅបកស្រាយខុស និងប្រឈមនឹងបណ្ដឹងព្រហ្មទណ្ឌ ដោយសារតែរងការចោទថា ពួកគេផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្រុមអ្នកជំនាញការផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនេះ ទាមទារឲ្យតំណាងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ផ្តល់នូវការបកស្រាយចំពោះការព្រមាន និងការគំរាមកំហែងរបស់រដ្ឋាភិបាលមកលើករណីលោក អំ សំអាត នេះ។ ពួកគេក៏បានទាមទារឲ្យតំណាងកម្ពុជាបញ្ជាក់អំពីវិធានការនានា ដែលអាជ្ញាធរបានធ្វើ ដើម្បីធានាថា លោក អំ សំអាត និងក្រុមអ្នកការពារសិទ្ធមនុស្សដទៃទៀតនៅកម្ពុជា អាចបំពេញការងាររបស់ពួកគេបានដោយសន្តិវិធី ប្រកបដោយសុវត្ថិភាព និងក្នុងបរិយាកាសមួយដែលគ្មានការភ័យខ្លាច ឬទទួលរងនូវការបំភិតបំភ័យ និងការយាយីតាមគ្រប់រូបភាព។
នៅថ្ងៃទី១៤ កក្កដា តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឆ្លើយតបទៅនឹងលិខិតរបស់ក្រុមអ្នកជំនាញការផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនោះ ជាលាយលក្ខណ៍អក្សរថា កម្ពុជាតែងតែធ្វើការសហការ និងមានទំនាក់ទំនងជិតដិតជាមួយអង្គការសង្គមស៊ីវិល ក្នុងគោលដៅការពារ និងគោរពសិទ្ធិមនុស្ស។ លិខិតរបស់តំណាងកម្ពុជាដដែលថា មន្ត្រីសង្គមស៊ីវិលណាក៏ដោយ ដែលបំពេញការងាររបស់ពួកគេ ស្របតាមច្បាប់ រួមទាំងលោក អំ សំអាត ផង ត្រូវបានផ្តល់ឲ្យនូវការការពារ ប្រឆាំងនឹងការបំភិតបំភ័យណាមួយ។ អាជ្ញាធរស្នើឲ្យមន្ត្រីសង្គមស៊ីវិលទាំងនោះ ដាក់បណ្តឹងអំពីការបំភិតបំភ័យទាំងនោះ ទៅកាន់អាជ្ញាធរ ដើម្បីចាត់វិធានការសមស្រប។
គិតត្រឹមម៉ោងផ្សាយនេះ អាស៊ីសេរីនៅមិនទាន់អាចទាក់ទងលោក អំ សំអាត ដើម្បីសុំព័ត៌មានជុំវិញករណីគំរាមកំហែង និងការបំភិតបំភ័យមកលើរូបលោកនារយៈពេលចុងក្រោយនេះ ហើយថាតើអាជ្ញាធរកម្ពុជាពិតជាបានផ្តល់ការការពារដល់សកម្មភាពរបស់លោកដែរឬយ៉ាងណា បាននៅឡើយទេ ដោយសារតែលោកមិនលើកទូរស័ព្ទ។

លោក អំ សំអាត បម្រើការងារជាអ្នកការពារសិទ្ធិមនុស្ស ឲ្យអង្គការលីកាដូ អស់រយៈពេលជាង ២០ឆ្នាំមកហើយ។ កាលពីឆ្នាំ២០១៦ លោកធ្លាប់ត្រូវសន្តិសុខខណ្ឌដូនពេញ វាយនឹងអាយកូមបណ្ដាលឲ្យរងរបួសមុខមួយចំហៀង ក្នុងពេលលោកឃ្លាំមើលការដើរក្បួនតវ៉ារបស់សកម្មជនដីធ្លីនៅក្រុងភ្នំពេញ។ ក្រៅពីនោះ លោកក៏ធ្លាប់ត្រូវអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កោះហៅទៅសាកសួរករណីចេញផ្សាយរបាយការណ៍ស្តីពីការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ បច្ចុប្បន្ន របាយការណ៍ចុងក្រោយរបស់អង្គការលីកាដូ រួមគ្នាជាមួយអង្គការសង្គមស៊ីវិលបីផ្សេងទៀត អំពីការជាប់ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុវ័ន្តករបស់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ក៏កំពុងរងនូវការគំរាមប្ដឹងផ្ដល់ជាបន្តបន្ទាប់ និងការស្នើឲ្យកែតម្រូវពីសំណាក់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។