បុរស​ខ្មែរ​ម្នាក់​លះបង់​ពេល​​ផ្ទាល់ខ្លួន​ជួយ​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅ​ថៃ​ដោយ​មិន​គិត​ប្រាក់កម្រៃ

ដោយ មួង​ ណារ៉េត
2021.01.04
បុរស​ខ្មែរ​ម្នាក់​លះបង់​ពេល​​ផ្ទាល់ខ្លួន​ជួយ​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅ​ថៃ​ដោយ​មិន​គិត​ប្រាក់កម្រៃ ពលករ​ខ្មែរ​លោក ប្រាក់ ភត្រា។
Photo Provided

ពលរដ្ឋ​ខ្មែរ​ម្នាក់​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​អស់​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ជួយ​ការពារ​សិទ្ធិ​ដល់​ពលករ​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ថៅកែ​រំលោភបំពាន​សិទ្ធ​ក្នុង​ពេល​ធ្វើការ​នៅ​ប្រទេស​ថៃ។ យុវជន​រូប​នេះ ជួយ​ពលករ​ខ្មែរ​ដោយ​មិន​គិត​ប្រាក់​កម្រៃ ដោយសារ​លោក​ឃើញ​ពលករ​ខ្មែរ​ជាច្រើន​នាក់​ត្រូវ​ថៅកែ​ថៃ​ធ្វើបាប​ជា​បន្តបន្ទាប់​ដោយ​មិន​ទទួល​បាន​យុត្តិធម៌​ឡើយ​។ តើ​យុវជន​រូប​នេះ ធ្វើ​ការងារ​បែប​ណា​ខ្លះ​ជួយ​ដល់​ពលករ​ខ្មែរ?

បុរស​សម្បុរ​ស្រអែម មាន​ស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍សាត់ លោក ប្រាក់ ភត្រា រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា លោក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ប្រមាណ ២០​ឆ្នាំ​ហើយ ដោយ​ដំបូង​ឡើយ​លោក​ធ្វើការ​ជា​កម្មករ​សំណង់ ធ្វើការ​ផ្នែក​កសិកម្ម និង​ផ្នែក​សន្តិសុខ​ជាដើម។ ពលរដ្ឋ​វ័យ​៣៧​ឆ្នាំ​រូប​នេះ បន្ត​ថា លោក​ចាប់ផ្ដើម​ធ្វើការងារ​សង្គម បន្ទប់​ពី​លោក​ជួប​ប្រទះឃើញ​ពលករ​ខ្មែរ​ជាច្រើន​នាក់​ត្រូវ​ថៅកែ​ថៃ​រំលោភបំពាន​សិទ្ធិ​ការងារ មាន​ដូចជា ធ្វើ​ការ​មិន​បើកប្រាក់​ឈ្នួល​ឱ្យ ថៅកែ​វាយ​ធ្វើបាប​ពលករ ដក​ហូត​លិខិតឆ្លងដែន និង​ថៅកែ​យក​កាំភ្លើងខ្លី​បាញ់​គំរាម​សម្លាប់​ពលករ​ខ្មែរ​ជាដើម ប៉ុន្តែ​ភាគច្រើន​ពួកគេ​មិន​ហ៊ាន​ប្ដឹង​រក​យុត្តិធម៌​ឡើយ។ ពលករ​រូប​នេះ​បន្ត​ថា ដោយ​ឃើញ​ការ​លំបាក​របស់​ពលករ​ទាំង​នោះ ទើប​លោក​សម្រេច​ប្ដូរជីវិត​ជួយ​សម្របសម្រួល​រក​យុត្តិធម៌​ដល់​ពួកគេ ដោយ​មិន​គិត​ប្រាក់កម្រៃ​រហូត​មក​។ លោក​ប្រាប់​ថា លោក​ធ្វើ​ការងារ​នេះ​បាន​ជោគជ័យ​តាមរយៈ​ទំនាក់ទំនង​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ថៃ ធ្វើការ​ផ្នែក​ពលករ​បរទេស។ លោក​បន្ថែម​ទៀត​ថា លោក​ប្រមូល​រឿងរ៉ាវ​របស់​ពលករ​តាម​បណ្តាញ​ហ្វេសប៊ុក (Facebook) រួច​នាំ​រឿង​ពលករ​ខ្មែរ​រងគ្រោះ​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ថៃ​ជួយ​ដោះស្រាយ​តាមច្បាប់​ការងារ​ប្រទេស​ថៃ៖ «បើសិនជា​បងប្អូន​ខ្មែរ​យើង​មក​ធ្វើការ​ប្រទេស​ស្របច្បាប់ ហើយ​រង​ការគាបសង្កត់​ឬ​ការជិះជាន់ កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ហ្នឹង​យើង អាច​ទាន់​ទំនង​សុំ​ការ​ប្រឹក្សា ឬ​ទាក់ទង​ទៅ​ស្ថាប័ន​ពាក់​ឱ្យ​ជួយ​អន្តរាគមន៍​យើង​បាន​។​ប្រសិនជា​យើង​ស្គាល់​ថៅកែ​ហ្នឹង​ច្បាស់​ហើយ មាន​ឯកសារ​មានអី​គ្រប់គ្រាន់ អាហ្នឹង​ខ្ញុំ​ជឿ​ថា បងប្អូន​អាច​ទទួល​បាន​ការ​ជួយ​យ៉ាង​ពេញលេញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​ថៃ»

លោក​ឱ្យ​ដឹង​ថា ការងារ​របស់​លោក​នេះ ថៅកែ​ថៃ មិន​ចូលចិត្ត​នោះ​ទេ ពីព្រោះ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ពួកគេ​។ ទោះជា​យ៉ាងណា លោក​នឹង​បន្ត​ធ្វើ​ការងារ​នេះ​ទៀត ដោយ​មិន​ព្រួយបារម្ភ​អ្វី​ឡើយ ព្រោះ​លោក​ថា រឿង​នេះ​ជា​ការ​ធ្វើ​ដើម្បី​ប្រយោជន៍​របស់​ពលករ ជាពិសេស​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ទីពឹង ឱ្យ​រួច​ផុត​ពី​ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​របស់​ពលករ។ លោក​ប្រាប់​ថា លោក​បាន​ចំណាយ​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន​ធ្វើ​ការងារ​មនុស្សធម៌​មួយ​នេះ ប្រមាណ​៥​ឆ្នាំ​មក​ហើយ ដោយ​មិន​ទទួល​បាន​ប្រាក់កម្រៃ​អ្វី​ឡើយ។ លោក​ថា យ៉ាងហោចណាស់​មាន​ពលករ​ខ្មែរ​ប្រហែល​១០​ករណី​ក្នុង​មួយ​ឆ្នាំ​ទទួល​បាន​យុត្តិធម៌ បន្ទាប់​ពី​លោក​អន្តរាគមន៍​ផ្លូវច្បាប់​ដល់​ពួកគេ ក្នុង​នោះ​ករណី​ចុង​ក្រោយ​កាលពី​ខែ​ធ្នូ​កន្លងទៅ លោក​បាន​ជួយ​ពលករ​ខ្មែរ​មួយ​គ្រួសារ ទទួល​បាន​យុត្តិធម៌​ពី​ថៅកែ៖ «យើង​ជួយ​ទាំង​អ្នក​ស្របច្បាប់ និង​អ្នក​ខុសច្បាប់ ប្រសិនបើ​ពលករ​ខុសច្បាប់​ហ្នឹង​រង​ការ​រំលោភ​បំពាន​ជិះជាន់​កេងប្រវ័ញ្ច​កម្លាំង រហូតដល់​ប្រើ​អំពើ​ហិង្សា អាហ្នឹង​ក៏​យើង​ជួយ​ដែរ។ បើ​យើង​មិន​ធ្វើ​ទេ​យើង​អាណិត​ជាតិ​សាសន៍​យើង​ដែល​មក​ស្រុក​គេ ត្រូវ​គេ​ជិះជាន់​គេ​ធ្វើបាប​ហើយ​មិន​សូវ​មាន​អ្នក​យកចិត្តទុកដាក់។ យើង​ធ្វើ​ទៅ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​យើង​ផង ដើម្បី​ប្រយោជន៍​ប្រទេស​ទាំងពីរ​ផង​។ ព្រោះថា បើសិនជា​អ្នកឯង​យក​ជនជាតិ​ខ្ញុំ​មក​ជិះជាន់​ធ្វើបាប​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​អីចឹង​គឺ​វា អត់​ត្រឹមត្រូវ​តាមច្បាប់​របស់​ប្រទេស​អ្នកឯង ហើយ​រំលោភ​មនុស្ស​ពលករ​ចំណាកស្រុក»

លោក ប្រាក់ ភត្រា ថា អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ឱ្យ​ក្លា​ហ៊ាន​ប្ដឹង​រក​យុត្តិធម៌ ប្រសិន​ថៅកែ​របស់​ពួកគេ រំលោភបំពាន​សិទ្ធិ​ការងារ ឬ​ប្រើ​ហិង្សា​មក​លើ​ពួកគេ​ក្នុង​ពេល​ធ្វើការ​នៅ​ប្រទេស​ថៃ​។​លោក​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​កុំ​ឱ្យ​ថៅកែ​ថៃ​ចេះតែ​វាយ​ធ្វើបាប​ពលករ​ខ្មែរ​តាម​អំពើ​ចិត្ត​បន្ត​ទៀត។

ពលករ​ខ្មែរ​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង លោក រេត កញ្ញា ថ្លែង​ថា លោក ប្រាក់ ភត្រា គឺជា​កូន​ខ្មែរ​ម្នាក់​ចិត្តល្អ​កម្រ​រក​បាន ដោយ​លះបង់​ក្តី​សុខ​ផ្ទាល់ខ្លួន ធ្វើការ​ដើម្បី​ប្រយោជន៍​របស់​ពលករ​ខ្មែរ។ ពលករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​បន្ថែម​ថា យុវជន​ខ្មែរ​រូប​នេះ បាន​ជួយ​រក​យុត្តិធម៌​ឱ្យ​លោក​និង​ក្រុម​គ្រួសារ​ឱ្យ​ទទួល​បាន​លិខិតឆ្លងដែន​ពី​ថៅកែ​ជនជាតិ​ថៃ​មកវិញ កាលពីដើម​ខែ​ធ្នូ​កន្លង​ទៅ​។​លោក​បន្ត​ថា គ្រានោះ​ថៅកែ​ថៃ​បាន​កាន់​កាំភ្លើងខ្លី​មួយ​ដើម​គំរាម​បាញ់​លោក​ស្លាប់​ក្នុង​ពេល​ធ្វើការ​នៅ​ខេត្ត​ប្រាជីនបូរី (Pra Chinbori) ដោយសារតែ​លោក​សុំ​អនុញ្ញាត​ថៅកែ​ត្រឡប់​ទៅ​កម្ពុជា ប៉ុន្តែ​ថៅកែ​រូប​នោះ​មិន​ឱ្យ​លោក​ទៅ​នោះ​ទេ ដោយ​ចោទប្រកាន់​ពួក​លោក​ថា ជំពាក់​ប្រាក់​ថ្លៃ​ធ្វើ​លិខិត​ឆ្លងដែន​មិនទាន់​សង​រួច​នៅឡើយ។ លោក រេត កញ្ញា ឱ្យ​ដឹង​ថា រឿង​នេះ ប្រសិន​លោក ប្រាក់ ភត្រា មិន​បាន​ជួយ​អន្តរាគមន៍​លោក​ទេ នោះ​ថៅកែ​ថៃ​នឹង​មិន​ប្រគល់​លិខិតឆ្លងដែន​ឱ្យ​លោក​វិញ​ឡើយ ហើយ​អាច​នឹង​តាម​ធ្វើបាប​លោក និង​ពលករ​ខ្មែរ​ដទៃ​ទៀត​ដែល​ធ្វើការ​ជាមួយ​ថៅកែ​រូប​នោះ​ជា​មិន​ខាន​ឡើយ៖ «ខ្ញុំ​សរសើរ​ទឹកចិត្ត​គាត់ បាន​ជួយ​ខ្ញុំ ហើយ​គាត់​ទិញ​បាយ​ទិញ​ទឹក​ឱ្យ​ខ្ញុំ​ហូប គាត់​ដឹង​ថា ខ្ញុំ​អត់​មាន​លុយ​មាន​កាក់ មាន​ន័យថា ខ្មែរ​ជួយ។ បើ​សិន​ថា​គាត់​មិន​ជួយ​ខ្ញុំ​មិន​សង្ឃឹម​ថា បាន​លិខិត​ឆ្លង​មកវិញ​ទេ។ ហើយ​គាត់​ជួយ​លើក​ទឹក​ខ្ញុំ​រហូត គាត់​ប្រាប់​ខ្ញុំ​ថា មិន​បាច់​ភ័យ​អី​ទេ គេ​មក​ជួយ​យើង ឱ្យ​យើង​បាន​លិខិតឆ្លងដែន​វិញ។ កាល​ពី​ដំបូង​ខ្ញុំ​ភ័យ​ព្រួយ​ដែរ ខ្ញុំ​គិត​ថា ទៅផ្ទះ​តែ​ខ្ញុំ​អត់​មាន​លុយ​ទៅផ្ទះ»

ពលករ​រូប​នេះ​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​និង​ពលករ​ខ្មែរ​ជាច្រើន​នាក់​ទៀត​មិន​ហ៊ាន​ប្ដឹង​ថៅកែ​ថៃ ដោយសារ​ពួកគេ​គ្មាន​ទីពឹង​ផ្នែក​ច្បាប់ និង​ខ្លាច​ចាញ់ក្ដី​នៅ​តុលាការ​ហើយ​អាជ្ញាធរ​ថៃ​អាច​នឹង​ចាប់​ដាក់គុក​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ។

ដូចគ្នា​នេះ​ដែរ​ពលករ​ខ្មែរ​ម្នាក់ទៀត លោក សែង ឌឿន ឱ្យ​ដឹង​ថា លោក​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ជិត​១០​ឆ្នាំ​ហើយ តែង​ជួប​បញ្ហា​ជាច្រើន ក៏ប៉ុន្តែ​លោក​មិន​ហ៊ាន​ប្ដឹង​ឱ្យ​រក​យុត្តិធម៌​នោះ​ទេ ព្រោះ​ខ្លាច​ដំណើរការ​ក្ដី​មិន​ឈ្នះ​នាំ​ឱ្យ​មាន​បញ្ហា​ដល់​ខ្លួន។ ពលករ​រូប​នេះ​ប្រាប់​ថា លោក ប្រាក់ ភត្រា គឺជា​មនុស្ស​ដំបូង​ដែល​បាន​ជួយ​អន្តរាគមន៍​ឱ្យ​លោក​អាច​ធ្វើ​លិខិតស្នាម​ដឹក​សាកសព​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​នៅ​ប្រទេស​ថៃ​ត្រឡប់​ទៅ​ធ្វើ​បុណ្យ​នៅ​កម្ពុជា​វិញ​បាន​។ លោក​បន្ត​ថា កាលពី​ខែ​តុលា​កន្លងទៅ​ប្រសិនបើ​លោក ប្រាក់ ភត្រា មិន​បាន​ជួយ​គាត់​ទេ​នោះ លោក​នឹង​មិន​អាច​ដឹក​សព​ទៅ​កម្ពុជា​បាន​ឡើយ ។ លោក​ចាត់​ទុក បុរស​ខ្មែរ​រូប​នេះ​ថា ជា​មនុស្ស​ចិត្តធម៌​កម្រ​រក​បាន ព្រោះ​ធ្វើការ​ដើម្បី​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ៖ «ខ្ញុំ​ក៏​មិន​នឹកស្មាន​ថា មាន​មនុស្ស​ចិត្តល្អ​អីចឹង​ទេ បង ភត្រា ជា​មនុស្ស គួរ​ឱ្យ​យក​គំរូ ព្រោះ​គាត់​មានចិត្ត​សប្បុរសធម៌ ពេល​ដែល​ខ្មែរ​មាន​ទុក្ខ​លំបាក​អីចឹង​គាត់​ជួយ​។ ខ្ញុំ​ចេះតែ​ឆ្ងល់​ដែរ​មិន​ដឹង​ថា គាត់​ធ្វើការ​ផ្នែក​អី​ដែរ ខ្ញុំ​ចង់បាន​ណាស់​មនុស្ស​បែប​ហ្នឹង​នៅ​ក្នុង​សង្គម មូលហេតុ គាត់​ជា​មនុស្ស​មានចិត្ត​សប្បុរស​ដែល​អាច​ជួយ​ខ្មែរ​បាន​ច្រើន​។ ពលករ​ខ្មែរ​ភាគច្រើន​មិន​ដឹង​ថា ទៅ​រក​អ្នកណា​គេ​ឱ្យ​មក​ជួយ​បានទេ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​សកម្មភាព​របស់​ពលករ​ខ្មែរ​នេះ​បានទេ​នៅ​ថ្ងៃ​ទី​៣ មករា ដោយ​ទូរស័ព្ទ​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល​។​

របាយការណ៍​របស់​អង្គការ​សង់ត្រាល់ (CENTRAL) ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើការ​ស្របច្បាប់ និង​មិន​ស្របច្បាប់​ប្រមាណ ពី ១​លាន ៨​សែន​នាក់ ទៅ ២​លាន​នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ។

ពលករ​ខ្មែរ​លោក ប្រាក់ ភត្រា មានបំណង​រក​មូលនិធិ​ដើម្បី​ពង្រីក​ការងារ​របស់​លោក​ជួយ​ពលករ​ខ្មែរ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

ប៊ុនលិន
Jan 04, 2021 09:09 PM

ខ្ញុំ​ដូច​អត់​ដែល​ស្គាល់​គាត់​ផង​ ទើប​តែ​ឃើញ​អា​ស៊ី​សេរី​ផ្សាយ​ ពី​ព្រោះ​ខ្ញុំ​ក៏​ធ្វើ​ការ​ក្នុង​ប្រ​ទេស​ថៃ​រហូត​មក​ដែរ​ តាំង​ពី​ឆ្នាំ​ ២០១១- ២០២១ បច្ចុប្បន្ន​