ស្ត្រីខ្មែរមួយក្រុមដែលរងគ្រោះពីការជួញដូរនៅប្រទេសឡាវ (Laos) ស្នើឱ្យអាជ្ញាធរកម្ពុជាចាប់មេខ្យល់យកមកផ្ដន្ទាទោសតាមច្បាប់។ មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យរឹតបន្តឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយការយល់ដឹងរស់ពលរដ្ឋឱ្យបានទូលំទូលាយ ជាពិសេសស្ត្រីត្រូវប្រយ័ត្នប្រយែងក្នុងការស្វែងរកការងារនៅក្រៅប្រទេស។
ស្ត្រីខ្មែរមួយក្រុមដែលមេខ្យល់បោកបញ្ឆោតយកទៅលក់នៅប្រទេសឡាវកំពុងស្នាក់នៅកន្លែងមានសុវត្ថិភាពហើយ ក្រោយពេលពួកគេស្វែងការជួយសង្គ្រោះពីប៉ូលិសឡាវ និងមន្ត្រីស្ថានទូតកម្ពុជា។ ទោះយ៉ាងណាពួកគេស្នើដល់អាជ្ញាធរពាក់ព័ន្ធតាមចាប់មេខ្យល់យកមកអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវដើម្បីផ្តល់យុត្តិធម៌ និងកុំឱ្យពលរដ្ឋខ្មែរទទួលរងគ្រោះតទៅទៀត។
ស្ត្រីរងគ្រោះដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ អះអាងប្រាប់វិទ្យុអាស៊ីសេរីថា នាងត្រូវមេខ្យល់ជួញដូរឱ្យទៅថៅកែចិន នៅតំបន់ត្រីកោណមាសក្នុងទឹកដីប្រទេសឡាវ តាមរយៈមេខ្យល់ឈ្មោះចេត និងប្រពន្ធឈ្មោះ លីលី ដែលបង្ហោះសារនៅលើហ្វេសប៊ុកស្វែងរកនារីខ្មែរ ដើម្បីទៅធ្វើការនៅប្រទេសឡាវ ដោយប្រាប់ថា នឹងទទួលបានប្រាក់ឈ្នួល ៣រយដុល្លារក្នុងមួយខែ។ កញ្ញាបន្តថា ពេលទៅដល់ទីនោះភ្លាម ថៅកែបានដកហូតយកលិខិតឆ្លងដែនទុក ហើយបង្ខំឱ្យពួកនាងអង្គុយចាំដេកជាមួយភ្ញៀវ ឬបម្រើផ្លូវភេទដោយមិនហ៊ានប្រកែកនោះទេ ព្រោះខ្លាចគេធ្វើបាប។ កញ្ញាចង់ឱ្យមេខ្យល់ទទួលខុសត្រូវចំពោះមុខច្បាប់។
នារីរងគ្រោះ៖ «ខ្ញុំចង់ប្តឹងគាត់(មេខ្យល់)ទាមទារជំងឺចិត្តខ្លះ ខ្ញុំចង់ឱ្យប៉ូលិសចាប់ឃាត់ខ្លួនមួយរយៈដើម្បីឱ្យគាត់ដឹងខ្លួន។ បងប្អូនសូមប្រយ័ត្នប្រយែង ប្រយ័ត្នដូចខ្ញុំ សូមកុំជឿសម្ដីគេ ចាញ់បោកគេអ៊ីចឹងភ័យខ្លួន»។
ស្រដៀងគ្នានេះដែរ ស្ត្រីរងគ្រោះម្នាក់ទៀតដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ថា រយៈពេលជាង១ខែ ដែលមេខ្យល់បោកប្រាស់នាង ឱ្យទៅធ្វើការនៅប្រទេសឡាវនោះ ថៅកែបានបង្ខាំងឱ្យពួកនាងនៅតែក្នុងបន្ទប់ និងអង្គុយទទួលភ្ញៀវដោយមិនអនុញ្ញាតឱ្យចេញក្រៅនោះទេ។ ស្ត្រីរូបនេះឱ្យដឹងថា នាងចង់រត់គេចមកស្រុកខ្មែរវិញដែរ តែថៅកែមិនព្រមប្រគល់លិខិតឆ្លងដែនឱ្យនោះទេ បើទោះជាគ្រួសាររបស់កញ្ញាបានវេរលុយឱ្យថៅកែជាង១ពាន់ដុល្លារក្តី។ មិនតែប៉ុណ្ណោះ ពួកនាងរងការគំរាមយកទៅលក់ឱ្យថៅកែផ្សេងទៀតផង។
នារីរងគ្រោះផ្សេងទៀត៖ «មេខ្យល់ប្រាប់មកឡាវធ្វើការខេធីវី(KTV)គេប្រាប់ថា កន្លែងហ្នឹងជ្រើសរើសបុគ្គលិកច្រើន ឬរត់តុជាដើម ប៉ុន្តែពេលមកដល់អត់មានអ៊ីចឹងទេ គឺគាត់(ថៅកែ)ដាក់ឱ្យអង្គុយនៅមួយកន្លែងសម្រាប់បុរសមកយកទៅគេង ហើយពួកខ្ញុំអត់មានអ្វីត្រូវនិយាយទេ គឺពេលហ្នឹងបានពិភាក្សាគ្នាថា ត្រូវធ្វើបែបណា ហើយសម្រាប់ពួកខ្ញុំនិយាយទៅកាន់ថៅកែចា៎ៗសិន»។
ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានប្រកាសថា មន្ត្រីស្ថានទូតបានសហការជាមួយមន្ត្រីប៉ូលិសឡាវនៅតំបន់ត្រីកោណមាស រកឃើញទីតាំង និងជួយសង្គ្រោះស្ត្រីខ្មែរបានចំនួន ៦នាក់ ហើយបញ្ជូនទៅកន្លែងសុវត្ថិភាព កាលពីថ្ងៃទី៣០ ខែកញ្ញា។ មន្ត្រីស្ថានទូតបន្តថា ស្ត្រីខ្មែរម្នាក់ទៀតដែលមិនអាចរត់ចេញពីកន្លែងនោះ ដោយសារមានបញ្ហាសុខភាព ប៉ូលិសឡាវនឹងខិតខំជួយសង្គ្រោះនៅពេលខាងមុខ។ ការអន្តរាគមន៍នេះគឺកើតឡើងបន្ទាប់ពីក្រុមស្ត្រីរងគ្រោះទាំងនោះ បាននិយាយសារជាវីដេអូផ្សាយផ្ទាល់បង្ហោះនៅលើហ្វេសប៊ុក ស្នើឱ្យសុំអាជ្ញាធរកម្ពុជាជួយសង្គ្រោះជាបន្ទាន់ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ដោយសារថៅកែបម្រុងយកពួកនាងទៅលក់នៅប្រទេសផ្សេងទៀត។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីសុំការបញ្ជាក់បន្ថែមចំពោះបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១ ខែតុលា។
ជុំវិញរឿងនេះ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ បញ្ហាការជួញដូរមនុស្សក្រោមទម្រង់នៃការជួញដូរស្ត្រីឱ្យបម្រើសេវាផ្លូវនៅតែបន្តកើតមាន និងកើនឡើងច្រើនជាងមុន។ លោកថា បញ្ហានេះដោយសារជីវភាពក្រីក្រ ហើយសមត្ថកិច្ចអនុវត្តច្បាប់លើបណ្ដាញឧក្រិដ្ឋជននៅធូររលុង។ មន្ត្រីសង្គមស៊ីវិលរូបនេះជំរុញដល់រដ្ឋាភិបាលត្រូវផ្សព្វផ្សាយអប់រំដល់ពលរដ្ឋខ្មែរឲ្យបានទូលំទូលាយអំពីបញ្ហាធ្វើចំណាកស្រុកទាក់ទងការបញ្ចុះបញ្ចូលពីមេខ្យល់ ដើម្បីទប់ស្កាត់ការជួញដូរមនុស្សឆ្លងដែន។
លោក ឌី ថេហូយ៉ា៖ «អ្នកតូចតាចធម្មតា អ្នកស្រុកអ្នកភូមិគឺគ្មានសមត្ថភាពអ្វីទៅជួញដូរឆ្លងដែនលំដាប់ប្រទេសនោះទេ អានេះហើយជាបញ្ហា កាលណាមិនអាចស្រាវស្វែងរកជនល្មើសបាន កាត់ទោស និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពទេ គឺមិនអាចដោះស្រាយទេ បញ្ហាធំៗមានបីហ្នឹងមានកត្តាជីវភាពរបស់ពលរដ្ឋ ការផ្សព្វផ្សាយឱ្យពលរដ្ឋបានយល់ដឹង ការចាត់វិធានការទប់ស្កាត់បទល្មើស ហើយបើយើងមិនអាចធ្វើកិច្ចការងារហ្នឹងបានទេបញ្ហាហ្នឹងនៅតែកើតឡើងដដែលៗ អាចកើនឡើងជាងមុនទៀតដោយសារតែអ្នកប្រព្រឹត្តបទល្មើសទៅអត់មានប្រឈមបញ្ហាផ្លូវច្បាប់»។
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរនៃប្រទេសទាំងពីរ គឺឡាវ និងកម្ពុជាគួររឹតបន្តឹងការនាំចេញ និងការទទួលយកស្ត្រីខ្មែរ ព្រមទាំងចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតចំពោះមេខ្យល់ដែលជាអ្នកទទួលស្ត្រីខ្មែរទៅលក់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។