សកម្មជន​សង្ឃ​ខ្មែរ​ក្រោម​គ្រោង​សាង​សង់​កុដិ​នៅ​ក្បែរ​ផ្ទះ​គង់​នៅ ក្រោយ​​ពេល​អាជ្ញាធរ​វៀតណាម​បណ្ដេញ​ចេញ​ពី​វត្ត

0:00 / 0:00

ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង​មួយ​អង្គ​គ្រោង​សាង​សង់​កុដិ​នៅ​ក្បែរ​ផ្ទះ ដើម្បី​គង់នៅ ក្រោយ​អាជ្ញាធរ​វៀតណាម​បណ្ដេញ​ចេញ​ព្រះអង្គ​ពី​វត្ត និង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ជា​ព្រះសង្ឃ​បន្ត​ទៀត។ មន្ត្រី​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​វៀតណាម​នៅ​ពេល គឺ​ជា​ការ​រើសអើង និង​រំលោភ​ច្បាប់​អន្តរជាតិ។

គណៈ​សង្ឃ​ព្រះពុទ្ធ​សាសនា​វៀតណាម ខេត្ត​ព្រះត្រពាំង​ដែល​វៀតណាម​ហៅ​ថា​ត្រាវិញ (Tra Vinh)​ និង​អាជ្ញាធរ​វៀតណាម កាល​ពី​ថ្ងៃ​ទី២៥ ខែ​មីនា បាន​សម្រេច​មិន​ទទួល​ស្គាល់​ព្រះតេជព្រះគុណ គឹម សំរិន្ទ ជា​ព្រះ​ភិក្ខុសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ថេរវាទ និង​បណ្ដេញ​ព្រះអង្គ​ចេញ​ចេញ​ពី​វត្ត និង​មិន​អនុញ្ញាត​ឱ្យ​វត្ត​ទាំង១៤៣ ក្នុង​ខេត្ត​នេះ​ទទួល​ព្រះអង្គ​ឱ្យ​គង់​នៅ។

ការ​សម្រេច​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​របស់​រដ្ឋ​វៀតណាម​ខេត្ត​ត្រាវិញ ក្រោយ​ពី​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​វៀតណាម​ប្រមាណ ២០អង្គ/នាក់ បាន​ប្រជុំ​គ្នា​នៅ​វត្តអរុណរង្សី ហៅ​វត្តចាក​អាគ្រោង ស្ថិត​នៅ​ក្នុង​ស្រុក​កញ្ចោង ខេត្តព្រះត្រពាំង កាល​ពី​រសៀល​ថ្ងៃ​ទី២៥ មីនា សម្រេច​មិន​ទទួល​ស្គាល់​ភាព​ជា​អ្នក​បួស​របស់​ព្រះតេជព្រះគុណ គឹម សំរិន្ទ។ សារ​ព័ត៌មាន​ដដែល​បញ្ជាក់​ថា មូលហេតុ ដែល​ព្រះសង្ឃ និង​អាជ្ញាធរ​វៀតណាម​មិន​ទទួល​ស្គាល់​ព្រះតេជព្រះគុណ គឹម សំរិន្ទ និង​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​វត្ត​ដោយ​ព្រះតេជព្រះគុណ គឹម សំរិន្ទ បាន​បង្ហោះ និង​ចែកចាយ​រូបភាព និង​វីដេអូ​មិន​ពិត នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​មួយ​នឹង​ខ្លឹម​សារ ដែល​បង្ក​អសន្តិសុខ​ និង​សណ្ដាប់ធ្នាប់​សង្គម ព្រម​ទាំង​ទាក់​ទាញ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មួយ​ចំនួន​ឱ្យ​ចូល​រួម​សកម្មភាព​ដែល​បង្ក​ឱ្យ​មាន​ការ​បែក​បាក់​សាមគ្គី​ក្នុង​វត្តអារាម មិន​គោរព​ច្បាប់ និង​អាជ្ញាធរ​វៀតណាម​ជា​ដើម។

ព្រះភិក្ខុ គឹម សំរិន្ទ ដែល​ទើប​ចាក​ចេញ​ពី​វត្តអរុណ​រង្សី​ចាក​អាគ្រោង មាន​ថេរ​ដីកា​ថា បច្ចុប្បន្ន​ព្រះអង្គ​បាន​គង់​​​​ផ្ទះ​នៅ​ជា​មួយ​ម្ដាយ ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​វៀតណាម។ ព្រះភិក្ខុ គឹម សំរិន្ទ បន្ត​ថា​ព្រះ​អង្គ​បាន​បួស​អស់​រយៈ​ពេល ២៧ព្រះ​វស្សា ហើយ​សកម្មភាព​របស់​ព្រះ​អង្គ​កន្លង​មក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បង្រៀន​ដល់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ឱ្យ​ចេះ​អក្សរសាស្ត្រ​​ខ្មែរ​ វប្បធម៌​ប្រពៃណី​ និង​សិទ្ធិ​​ជា​ខ្មែរ​ម្ចាស់​ស្រុក។

ព្រះភិក្ខុ គឹម សំរិន្ទ៖«នេះ​អាត្មា​ដឹង អាត្មា​នៅ​ក្នុង​បរិវេណ គេ​អាច​ចាប់​អាត្មា​ក្រៀក​ឡើង ហើយ​គេ​ថត​រូបភាព ផ្សឹក​យើង​ហើយ​​អ៊ីចឹង រដ្ឋ​គេ​កសាង​សំណុំ​រឿង គេ​ឃាត់​អាត្មា​ឡើង​ឡាន​ហើយ។ អាត្មា​ឃើញ​ស្ថានភាព​អ៊ីចឹង អាត្មា​មក​ផ្ទះ​ហើយ។ ដល់​មក​ផ្ទះ​អាត្មា​ពេញ​សិទ្ធិ​ជា​ពលរដ្ឋ មាន​ន័យ​ថា ទោះ​បី​ជា​គេ​មិន​ទទួល​ស្គាល់​ភាព​អ្នក​បួស ប៉ុន្តែ មក​ផ្ទះ​ជា​ពលរដ្ឋៗ ពេញ​សិទ្ធិ​នៅ​លើ​ដី​អាត្មា»។

ព្រះ​ភិក្ខុ គឹម សំរិន្ទ បញ្ជាក់​ថា សកម្មភាព​របស់​ព្រះ​អង្គ​ទាំង​នេះ បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​វៀតណាម​មិន​ពេញ​ចិត្ត និង​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ព្រះអង្គ។ ទោះ​ជា​យ៉ាងណា​ក្ដី ព្រះភិក្ខុ គឹម សំរិន្ទ បន្ត​ថា ព្រះអង្គ​គ្រោង​នឹង​សាង​សង់​កុដិ​​ក្នុង​ដី​របស់​ឪពុកម្ដាយ ដើម្បី​បន្ត​គង់​នៅ​ក្នុង​ភេទ​ជា​ព្រះសង្ឃ​ដដែល ហើយ​ព្រះអង្គ​​បញ្ជាក់​ថា ការ​បន្ត​គង់​ក្នុង​កុដិ​ក្បែរ​ផ្ទះ ក៏​ដើម្បី​បង្ហាញ​ទៅ​កាន់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដទៃ​ទៀត​ឱ្យ​ហ៊ាន​​តស៊ូ​មតិ ប្រសិន​បើ​អាជ្ញាធរ​វៀតណាម​បណ្ដេញ​ចេញ​ពី​វត្ត។

ព្រះភិក្ខុ គឹម សំរិន្ទ៖«ជា​ឱកាស​មួយ​ដល់​ព្រះសង្ឃ ដែល​មាន​ទឹក​ចិត្ត​ស្នេហាជាតិ មាន​ការ​ខ្នះខ្នែង​នៅ​ក្នុង​សង្គម លោក​អាច​សហការ​ជា​មួយ​គ្រួសារ ចុះ​ជា​បញ្ជី​គ្រួសារ​គ្រាន់​ការពារ។ ឧទាហរណ៍​ដូច​ថា ធម្មតា បើ​ដូច​គ្រូ​សង្គ្រាជ គ្រូអាចារ្យ គ្រូ​សូត្រ ឬ​ភិក្ខុ អង្គ​សាមណេរ​អី បើ​កាល​ណា​លោក​ដើរ​ការងារ​សង្គម​អី ត្រូវ​គេ​បៀតបៀន លោក​មាន​ឱកាស​គេ​មិន​ឱ្យ​នៅ​ក្នុង​វត្ត អាច​សង់​អាស្រម​នៅ​លើ​ដី​របស់​ខ្លួន​បាន»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី២៦ មីនា។

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន លើក​ឡើង​ថា សកម្មភាព​របស់​ព្រះ​ភិក្ខុ គឹម សំរិន្ទ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប ដែល​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។ លោក​បណ្ឌិត សឺន ជុំជួន ថា អាជ្ញាធរ​វៀតណាម​គួរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ព្រះភិក្ខុ គឹម សំរិន្ទ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្សេង​ទៀត ដែល​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន។

បណ្ឌិត សឺន ជុំជួន៖«ការ​ដែល​ចាប់​ផ្សឹក​ ការ​ដែល​ហាម​ឃាត់​ព្រះអង្គ មិន​ទទួល​ស្គាល់​ព្រះអង្គ​ជា​សមាជិក​សង្ឃ នៃ​ព្រះពុទ្ធ​សាសនា​ខ្មែរ​យើង​នៅ​កម្ពុជា​ក្រោម​នេះ​ក៏​ដោយ ជា​ទង្វើ​មួយ ដែល​មិន​ដែល​មាន។ កន្លង​មក​មិន​ដែល​មាន​ទេ ទើប​តែ​ឃើញ​ក្នុង​មួយ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការ​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​របស់​វៀតណាម។ អ៊ីចឹង យើង​សួរ​ងាក​ទៅ​វិញ​ថា តើ​ច្បាប់​ណា​មួយ ដែល​បាន​កំណត់​ហាម​ឃាត់​ព្រះសង្ឃ​មិន​ឱ្យ​ចូលរួម​ធ្វើ​សកម្មភាព​បែប​នេះ»។

អាជ្ញាធរ​វៀតណាម​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​បន្ត​បន្ទាប់។ ជាក់​ស្ដែង​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះត្រពាំង និង​ខេត្ត​ឃ្លាំង កាល​ពី​ថ្ងៃ​ទី៣១ ខែកក្កដា បាន​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម ៣នាក់ រួម​មាន លោក តោ ហ្វាងចឿង លោក ថាច់ កឿង និង​លោក យ័ញ មិញក្វាង ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ បំពាន​លើ​ផល​ប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់ នៃ​អង្គការ​ចាត់​តាំង និង​បុគ្គល» តាម​មាត្រា៣៣១ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម។ ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី៣ ខែសីហា អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃុំ​ខ្លួន សកម្មជន​ខ្មែរ​ក្រោម​ជា​ស្ត្រី​ម្នាក់​ទៀត គឺ​លោក​ស្រី ឌិន ធីហ្វិន រស់​នៅ​ខេត្ត​ឃ្លាំង ក្រោម​បទ​ចោទ «មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ» ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី។ ពួក​គេ​ត្រូវ​បាន​តុលាការ​វៀតណាម​កាត់​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ២ដល់ ៤ឆ្នាំ កាល​ពី​ដើម​ខែកុម្ភៈ និង​ថ្ងៃ​ទី២០ មីនា។

ខ្មែរ​ក្រោម​អះ​អាង​ថា​ការ​កាត់​ទោស​មក​លើ​សកម្មជន​ទាំង ៤នាក់ និង​ការ​បណ្ដេញ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចេញ​ពី​វត្ត​នៅ​ពេល​នេះ ដោយ​សារ​តែ​អាជ្ញាធរ​វៀតណាម​មិន​សប្បាយ​ចិត្ត ចំពោះ​សកម្មភាព​ផ្សព្វផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស សិទ្ធិ​ជន​ជាតិ​ដើម និង​ការ​បោះ​ពុម្ព​អាវ​យឺត ដែល​មាន​ទង់ជាតិ​ខ្មែរ​ក្រោម​ចែក​ចាយ​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ការ​ធ្វើ​រូប​សំណាក​ឧកញ៉ា សឺន គុយ ដាក់​តាំង​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​គោរព​បូជា​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។