មន្ត្រីសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) ថា ខ្លួននឹងចុះទៅស្រាវជ្រាវករណីក្មេងស្រីម្នាក់នៅខេត្តកណ្ដាលដាច់ដៃម្ខាងចូលក្នុងម៉ាស៊ីនកិនដីធ្វើឥដ្ឋ។ ការលើកឡើងបែបនេះ គឺក្រោយពេលអង្គការ លីកាដូ ទទួលព័ត៌មានថា ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់បានរអិលធ្លាក់ចូលម៉ាស៊ីនកិនដី បណ្តាលឱ្យដាច់ដៃស្កាំម្ខាងត្រឹមក្លៀក។
លោក អំ សំអាត ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ ប្រាប់ថា អង្គការរបស់លោកបានទទួលបានព័ត៌មាននៃករណីគ្រោះថ្នាក់ក្មេងស្រីម្នាក់ អាយុ ៩ឆ្នាំ ឈ្មោះ ឆេង ស្រីភ័ក្រ ដែលជាកូនស្រីកម្មករធ្វើការនៅសិប្បកម្មឡឥដ្ឋ បានរអិលធ្លាក់ចូលម៉ាស៊ីនកិនដីបណ្ដាលឱ្យដាច់ដៃស្តាំម្ខាង ត្រឹមក្លៀក ក្នុងពេលបញ្ចូលដីទៅក្នុងម៉ាស៊ីនជាមួយឪពុកម្ដាយ កាលពីព្រឹកថ្ងៃទី៩ ខែមីនា។ លោកបន្តថា លោកឲ្យដឹងទៀតថា នៅថ្ងៃទី១១ ខែមីនាស្អែកនេះ ក្រុមមន្ត្រីរបស់លោកនឹងចុះទៅស្រាវជ្រាវដល់ទីតាំងកើតហេតុ និងមន្ទីរពេទ្យ ដែលព្យាបាលក្មេងស្រីនោះ៖ «»
លោក អំ សំអាត អង្គការ លីកាដូ ទទួលព័ត៌មានថា ហេតុការណ៍នេះកើតឡើងនៅក្នុងសិប្បកម្មផលិតឥដ្ឋមួយកន្លែងឋិតនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ លោកបន្តថា ក្រោយកើតហេតុកម្មករឡឥដ្ឋនៅក្បែរនោះបាននាំកុមាររងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្តនៅពេទ្យរាជធានីភ្នំពេញ។
អាស៊ីសេរីបានព្យាយាមទូរស័ព្ទជាច្រើនដងទៅអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីសុំការបញ្ជាក់បន្ថែមពីករណីនេះ ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួលនៅថ្ងៃទី១០ ខែមីនា។
ព័ត៌មានដែលផ្សព្វផ្សាយដោយបណ្ដាញសង្គមហ្វេសប៊ុកបញ្ជាក់ថា ប្រធានមន្ទីរការងារខេត្តកណ្ដាល លោក ធុល នាង បានដឹងពីករណីនេះ ហើយថែមទាំងបានចាត់មន្ត្រីឲ្យចុះទៅស្រាវជ្រាវបន្ថែម។
លោក អំ សំអាត ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ ឲ្យដឹងថាកន្លងមក ក៏ធ្លាប់កើតមានករណីកុមារធ្វើការងារនៅសិប្បកម្មឡឥដ្ឋជួបគ្រោះថ្នាក់បែបនេះដែរ។ លោកបន្តថា មូលហេតុដែលបណ្ដាលឲ្យកើតបញ្ហានេះ ព្រោះនៅក្នុងសិប្បកម្មឡឥដ្ឋជាកន្លែងគ្រោះថ្នាក់គ្មានប្រព័ន្ធការពារសុវត្ថិភាពត្រឹមត្រូវ៖ «»
តាមច្បាប់ការងារមិនអនុញ្ញាតឱ្យកុមារអាយុក្រោម ១៨ឆ្នាំបម្រើការងារនៅតាមរោងចក្រ សហគ្រាសឬសិប្បកម្មឡឥដ្ឋទេ។ របាយការណ៍របស់អង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) កាលពីចុងឆ្នាំ២០១៦ ដែលនិយាយពីការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជាបានលើកឡើងថា ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារជាប្រភេទការងារខុសច្បាប់ ដោយយោងតាមច្បាប់របស់កម្ពុជា និងសន្ធិសញ្ញាអន្តរជាតិ។ របាយការណ៍ដដែលលើកឡើងទៀតថា ការបញ្ចាំខ្លួនដោះបំណុលជាការអនុវត្តស្រដៀងគ្នាទៅនឹងទាស ភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។