សាក្សី និងជាជនរងគ្រោះម្នាក់ ក្នុងចំណោមមនុស្ស ៣នាក់ ដែលបានប្ដឹងទៅតុលាការរកយុត្តិធម៌ អំពីសំណុំរឿងប្រជាពលរដ្ឋម្នាក់ស្លាប់ ក្នុងពេលជាប់ឃុំនៅខេត្តបន្ទាយមានជ័យ ពេលនេះធ្លាក់ខ្លួនឈឺធ្ងន់។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា សំណុំរឿងនេះ គឺជនប្រព្រឹត្តជាអ្នកទទួលខុសត្រូវព្យាបាលជំងឺដល់ជនរងគ្រោះ។
ប្រពន្ធរបស់ជនរងគ្រោះលោក អាន រួន គឺលោកស្រី រិន រី ឱ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី១៨ មករាថា ពេលនេះប្ដីរបស់លោកស្រីធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែការវាយដំក្នុងពេលឃុំខ្លួនចន្លោះពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩។
លោកស្រីបញ្ជាក់បន្ថែមថា ប្ដីរបស់លោកស្រីត្រូវការទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែគ្មានប្រាក់ព្យាបាលជំងឺនោះទេ ព្រោះជីវភាពក្រីក្រ ហើយលោកស្រីបានបញ្ជូនលោក អាន រួន ទៅឱ្យព្យាបាលគ្រូខ្មែរ ខាងស្ដោះផ្ដុំវិញ។ លោកស្រីបន្តថា ប្ដីរបស់លោកស្រីឈឺចុកចាប់ក្នុងខ្លួន ៣កន្លែង គឺ ស្មាខាងស្ដាំ ដើមទ្រូងហើមប៉ោង និងក្បាលជង្គង់៖ «ជំងឺគាត់នេះ បើខ្ញុំចូលពេទ្យប្រហែលអស់ច្រើន គ្រាន់តែខ្ញុំទៅថតពេទ្យថាស្កែនអស់១០០ សេវា សម្រាប់មើលថ្នាំពេទ្យ គេគិតផ្សេង។ ប្ដីខ្ញុំថាមិនដឹងធ្វើយ៉ាងណាបើអត់មានលុយ ហើយថ្ងៃមុនក្អកធ្លាក់ឈាម។ ប្ដីខ្ញុំខ្លាចអនាគតធ្វើអីមិនកើត ព្រោះអាយុក៏ច្រើនហើយ ពេលទ្រុឌទ្រោមចេះគាត់ធ្វើអីមិនកើត ហើយដៃគាត់លើករបស់ធ្ងន់អី ក៏អត់បាន ព្រោះដៃគាត់នោះប្រេះ ហើយក៏ហើមទៀត ដៃដែលគេវាយនោះ»។
លោកស្រីព្រួយបារម្ភថា ស្ថានភាពជំងឺរបស់ប្ដីនៅពេលនេះ ប្រសិនបើមិនបានព្យាបាលនៅមន្ទីរពេទ្យឱ្យបានត្រឹមត្រូវទេ អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត ពីព្រោះចាប់ពីថ្ងៃទី១៧ មករា មកលោកត្អូញឈឺចុកចាប់ក្នុងខ្លួនខុសប្រក្រតី។ ម្យ៉ាងវិញទៀត ចាប់តាំងចេញពីពន្ធនាគារមក មិនមានស្ថាប័នណាផ្ដល់ប្រាក់ទៅព្យាបាលមន្ទីរពេទ្យនៅឡើយទេ។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៨ មករា ដោយលោកប្រាប់ថា រវល់ប្រជុំ៖ «ខ្ញុំកំពុងប្រជុំអធ្យាស្រ័យណាស់»។
សាក្សីទាំងនោះអះអាងថា លោក ទុយ ស្រស់ ដែលជាតំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ដែលជាប់ឃុំជាមួយពួកគាត់ នៅកន្លែងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានស្លាប់នៅថ្ងៃទី១ មករា គឺដោយសារការវាយវាយដំ ធ្វើទារុណកម្មបណ្ដាលឱ្យគ្រាំគ្រាឈឺចុកចាប់ក្នុងខ្លួន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ សាក្សីបន្តថា ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ ទើបកងរាជអាវុធហត្ថបញ្ជូនបន្តទៅពន្ធនាគារខេត្ត ហើយស្លាប់នៅថ្ងៃបន្ទាប់។ រីឯជនរងគ្រោះ ៤នាក់ផ្សេងទៀត ត្រូវបានដោះលែងវិញនៅថ្ងៃទី៣ មករា។
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ពួកលោកទាំង ៥នាក់យកទៅឃុំវាយធ្វើបាប បន្ទាប់ពីពួកលោកជាង ១០០នាក់ តវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ រកដោះស្រាយរឿងទំនាស់ដីរបស់ពួកគាត់នៅស្រុកស្វាយចេក។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី ធ្លាប់ប្រាប់អាស៊ីសេរីថា មន្ត្រីអាវុធហត្ថមិនបានប្រើហិង្សាទៅលើជនរងគ្រោះដូចការចោទប្រកាន់ឡើយ ហើយអាជ្ញាធរខេត្តក៏បានចេញសេចក្ដីថ្លែងការណ៍ជុំវិញបញ្ហានេះរួចហើយដែរ។ ទោះជាយ៉ាងនេះក្ដី លោកជំរុញឱ្យសាក្សី និងសាច់ញាតិជនរងគ្រោះប្ដឹងទៅតុលាការ ប្រសិនបើពួកគាត់មិនពេញចិត្តនឹងការបំភ្លឺរបស់អាជ្ញាធរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា បុគ្គលិករបស់លោក បានចុះស្រាវជ្រាវដល់ផ្ទះជនរងគ្រោះជាច្រើនលើកពិនិត្យឃើញថា មនុស្ស៤នាក់ដែលបានដោះលែងពីពន្ធនាគារនោះ គឺមួយចំនួនបានឈឺធ្ងន់ ដែលត្រូវបញ្ជូនទៅព្យាបាលជំងឺជាបន្ទាន់។ លោកថា ជនល្មើសក្នុងរឿងនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៖ «អីចឹងហើយបានជាយើងឃើញថា បញ្ហា ដែលរងរបួសហ្នឹងមិនទាន់ជានៅឡើយទេ។ អីចឹងបានជាយើងឃើញថា នៅក្នុងដំណាលនេះយើងចង់ឃើញសមត្ថកិច្ចដែលប្រព្រឹត្តបទល្មើសពាក់ហ្នឹងត្រូវបានចាត់វិធានការនឹងរកយុត្តិធម៌ ឬក៏ពន្លឿននីតិវិធីឱ្យបានឆាប់រហ័សដើម្បីឱ្យគាត់ទទួលបានដំណោះស្រាយ»។
លោក សឹង សែនករុណា បន្ថែមថា អ្នកដែលពាក់ព័ន្ធ ទោះបីអ្នកនោះជាមនុស្សមានអំណាចក៏ដោយត្រូវតែយកមកឱ្យទទួលខុសត្រូវ ដោយអនុវត្តទៅតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងធានាយុត្តិធម៌នៅក្នុងសង្គម ដោយមិនប្រកាន់បក្សពួកនិយម ឬក៏មានការយោគយល់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។