ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍

ធនាគារ​អេប៊ីអេ (ABA Bank) បាន​រារាំង​ការផ្ទេរ​ប្រាក់​ឧបត្ថម្ភ​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​ដុល្លារ ចូល​គណនី​ធនាគារ​របស់​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) ៣​នាក់ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ប្រទេស​អូស្ត្រាលី ឈ្មោះ មូលនិធិ​សង្គ្រោះ​បន្ទាន់ (Urgent Action Fund) ដើម្បី​គាំទ្រ​ដល់​ក្រុម​ស្ត្រី​សហជីព​ក្រីក្រ​នៅ​កម្ពុជា។

អនុប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ លោកស្រី ឈឹម សុខន ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​២៧ ខែមករា​ថា ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ គឺជា​អ្នក​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​អង្គការ​មួយ​នេះ ដើម្បី​ស្នើសុំ​ថវិកា​ផ្តល់​ដល់​បុគ្គលិក​និង​កម្មការិនី ដែល​ទីទាល់​ក្រ រួមមាន​ស្ត្រី​មាន​ផ្ទៃពោះ និង​មាន​កូនតូចៗ​ក្នុង​បន្ទុក​។ ប៉ុន្តែ​ដោយសារ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ម្តង​ទៀត លោកស្រី​មិនអាច​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​មន្ត្រី​នៃ​មូលនិធិ​សង្គ្រោះ​បន្ទាន់​នោះ​បាន​ទេ។

លោកស្រី ឈឹម សុខន៖ «យើង​សុំ​ទៅ ដោយ​ត្រូវ​លក្ខខណ្ឌ​គេ គេ​ក៏​យល់ព្រម​ឱ្យ​។ ជាក់ស្តែង​លុយ​ហ្នឹង​ពេល​ផ្ញើ​មក​មាន​ចំនួន​ទឹកប្រាក់ ១​ម៉ឺន ៥​ពាន់ ១៥០​ដុល្លារ ហើយ​បាន​ផ្ញើ​ចូល​គណនី​ធនាគារ​៣​នាក់ គឺ​ឈ្មោះ​ខ្ញុំ ឈឹម សុខន ឃ្លាំង សុបិន្ត និង ឈឹម ស៊ីថរ។ ពេល​ផ្ញើ​មកដល់ ខាង​បុគ្គលិក​ធនាគារ បាន​ទូរស័ព្ទ​មក​ខ្ញុំ មាន​លុយ​ផ្ញើ​មកពី​ក្រៅប្រទេស ចំនួន ៥​ពាន់ ៥០​ដុល្លារ ហើយ​ធនាគារ​ត្រូវការ​សួរ​ព័ត៌មាន​ពី​ប្រភព​លុយ​...»។

លោកស្រី ឈឹម សុខន ឲ្យ​ដឹង​ដែរ​ថា ប្រាក់​នោះ​ផ្ញើ​មក​ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០២២ ក៏ប៉ុន្តែ​ត្រូវ​បាន​ធនាគារ​ផ្អឹប​ទុក​ដោយ​មិន​ព្រម​បើក​ឲ្យ​នោះ​ឡើយ​។ លោកស្រី​បាន​ពន្យល់​ទៅ​មន្ត្រី​ធនាគារ​ថា ប្រាក់​ទាំងនេះ​គឺ​សំរាប់​ជួយឧបត្ថម្ភ​ដល់​សមាជិក​ខ្វះខាត គឺ​មិនមែន​សំរាប់​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​បុគ្គលិក​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ចូល​ធ្វើ​ការ​វិញ ដូច​ការចោទប្រកាន់​នោះ​​ឡើយ។

ទោះបីជា​មានការ​ពន្យល់​បែបណា​ក៏​ដោយ ក៏​ធនាគារ​អេប៊ីអេ ប្រាប់​ថា មិនអាច​បើកប្រាក់​នោះ​ឲ្យ​បានទេ ក៏ប៉ុន្តែ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ម្ចាស់​ដើម​វិញ។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​ធនាគារ​អេប៊ីអេ ដើម្បី​សុំ​ការ​បញ្ជាក់​រឿង​នេះ​បាន​នៅឡើយ​ទេ កាលពី​យប់​ថ្ងៃទី ២៧ ខែមករា​។ លោកស្រី ឈឹម សុខន ថា ខាង​មូលនិធិ​ប្រាប់​មកវិញ​ថា គេ​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​នោះ នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។