សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ឬ អាដហុក (Adhoc) សោកស្ដាយ និងខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូល នៅព្រឹកថ្ងៃ១៨ ខែវិច្ឆិកា ដែលបានសម្រេចតម្កល់ការសម្រេចតុលាការជាន់ទាប ទុកជាបានការក្នុងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា ការសម្រេចរបស់តុលាការកំពូល ជារឿងត្រឹមត្រូវ ដែលឈរលើមូលដ្ឋានច្បាប់។
សមាគមការពារសិទ្ធិមនុស្សអាដហុក ឱ្យដឹងថា សមាគមបានអង្កេតតាមដានយកចិត្តទុកដាក់ដំណើរការនីតិវិធីទាំងមុនពេល និងក្នុងកំឡុងពេលសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ភ្នំពេញ ហើយសង្កេតឃើញថា រាល់ការចោទប្រកាន់មកលើមន្ត្រីសិទ្ធិមនុស្សទាំង៥រូបគ្មានធាតុផ្សំពេញលេញនៃអំពើសូកប៉ាន់សាក្សីនោះឡើយ ចំណែកភស្តុតាងដាក់បន្ទុក សកម្មភាពនៃការប្រព្រឹត្តទៅលើអំពើសូកប៉ាន់ គឺការសម្រេចដោយសំអាងតែទៅលើសម្ដីសាក្សីមួយគត់។
សេចក្ដីថ្លែងការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចុះថ្ងៃទី១៨ ខែវិច្ឆិកា លើកឡើងទៀតថា ទោះជាមានការបញ្ជាក់ពីភាពស្អាតស្អំរបស់មន្ត្រីសិទ្ធិមនុស្សទាំង៥រូបនេះរួមមានឯកសារ ភស្តុតាង និងវីដេអូ ក្ដី ប៉ុន្តែតុលាការមិនបានលើកយកអំណះអំណាងទាំងនោះ មកពិចារណា ធ្វើជាមូលដ្ឋានក្នុងការសម្រេចសេចក្តីនេះទេ។
ប្រតិកម្មរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បែបនេះ ក្រោយពេលតុលាការកំពូល បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ និងសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញ ទុកជាបានការ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលប្ដឹងដោយនាង ខុម ចាន់តារាទី ហៅស្រីមុំ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ឱ្យអ្នកសារព័ត៌មានដឹងក្រោយចប់សវនាការនេះថា លោកសោកស្ដាយដែលតុលាការផ្ដល់តម្លៃលើលិខិត៤ច្បាប់របស់នាង ខុម ចាន់តារាទី ខ្លាំងជាងការបំភ្លឺរបស់មន្ត្រីសិទ្ធិមនុស្សដែលបានចូលខ្លួនបំភ្លឺគ្រប់នីតិវិធីរបស់តុលាការ។ លោកថា ការសម្រេចតុលាការពេលនេះ គឺជារឿងអយុត្តិធម៌។ លោកបន្តទៀតថា នេះជាការបំបាក់ឆន្ទៈ និងស្មារតីលើអ្នកធ្វើការងារសង្គមក្នុងវិស័យសិទ្ធិមនុស្ស។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំថា ជាភាពអាម៉ាស់នៃប្រព័ន្ធយុត្តិធម៌ ដែលយើងគិតថា ប្រព័ន្ធយុត្តិធម៌គួរតែមានការពិនិត្យមើលពិចារណាអំពីកំហុសនីតិវិធី ជាពិសេសខាងតុលាការកំពូលគួរតែពិនិត្យមើលអំពីការអនុវត្តន៍នីតិវិធីកន្លងមកដែលមានកំហុសឆ្គង ហើយមានវិធានការជាក់លាក់ ដើម្បីពង្រឹងនូវជំនឿចិត្តពីប្រជាពលរដ្ឋ ពីសាធារណជនឡើងវិញ ប៉ុន្តែបែរជាបង្ហាញអំពីការតម្កល់រឿងហ្នឹងទៅតាមសាលាដំបូងសាលាឧទ្ធរណ៍ទៅវិញ»។
កាលពីឆ្នាំ២០១៦ សាលាដំបូងរាជធានី ភ្នំពេញបានសម្រេចផ្ដន្ទាទោសមន្ត្រីសិទ្ធិមនុស្សទាំង៤រូបគឺលោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងលោក ណៃ វ៉ង់ដា រួមទាំងអតីតមន្ត្រីអាដហុកដែលបច្ចុប្បន្នជាអគ្គលេខាធិការរងនៃគ.ជ.ប លោក នី ចរិយា ដាក់ពន្ធនាគារ ៥ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារ១៤ទោស នៅសល់ព្យួរក្រោមបទចោទសមគំនិត និងសូកប៉ាន់សាក្សី។ នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាជាមួយប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដែលដំបូងឡើយបានទៅសុំជំនួយគាំពារផ្នែកសិទ្ធិមនុស្ស ពីសមាគមអាដហុក តែចុងក្រោយនាង បានប្ដឹងអ្នកទាំង៥រូបថាបានសូកប៉ាន់រូបនាងក្នុងទំហំទឹកប្រាក់ជាង២រយដុល្លារ។
ទោះយ៉ាងណា សមាគមអាដហុក បញ្ជាក់ថា លុយជាង២រយដុល្លារនោះ គឺសមាគមអាដហុក ផ្ដល់ឱ្យនាង ខុម ចាន់តារាទី សម្រាប់ថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅក្នុងនាមជាជនរងគ្រោះ ដែលមកសុំជំនួយសង្គ្រោះពីសមាគមអាដហុក។ ការផ្ដល់ជំនួយមនុស្សធម៌ដល់រងគ្រោះខ្វះខាតនេះគឺជាគោលការណ៍សមាគមអាដហុក តាំងពីយូរមកហើយ។
មន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលរងការផ្ដន្ទាទោសពីតុលាការ លើកឡើងថា ការសម្រេចតុលាការពេលនេះផ្ទុយពីការរំពឹងទុករបស់លោក ដែលខំសង្ឃឹមថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់អ្នកធ្វើការងារបម្រើសង្គម។
លោក យី សុខសាន្ត៖ «ថ្ងៃនេះខ្ញុំមានការសោកស្ដាយចំពោះសេចក្ដីសម្រេចតុលាការកំពូលដែលខ្ញុំគិតថា តុលាការកំពូលនឹងរកយុត្តិធម៌ឱ្យក្រុមអ្នកដែលធ្វើការងារសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សចំណុចនេះខ្ញុំគិតថា តុលាការកំពូលហាក់ដូចជាមិនមានឆន្ទានុសិទ្ធិ ក្នុងការសម្រេចរកយុត្តិធម៌ឱ្យក្រុមអង្គការសង្គមស៊ីវិលធ្វើការងារខាងសិទ្ធិមនុស្សនេះទេបាទ»។
ទាក់ទងការលើកឡើងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេ នៅថ្ងៃទី១៨ ខែវិច្ឆិកា។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងការពារសេចក្ដីសម្រេចរបស់តុលាការកំពូលថា ឈរវិជ្ជាជីវៈ និងឯករាជ្យភាពរបស់តុលាការ។ លោកបន្តទៀតថា នេះជារឿងធម្មតាទេ ដែលក្រុមមន្ត្រីសិទ្ធិមនុស្ស មិនទទួលស្គាល់ការសម្រេចរបស់តុលាការ។
លោក សុខ ឥសាន៖ «ការចាត់នីតិវិធី និងការសម្រេចរបស់តុលាការមិនដែលពេញចិត្តអង្គការសិទ្ធិមនុស្សនានា នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសកម្ពុជា ទេ អ៊ីចឹង បានគាត់ថា រិះគន់រហូតមិនយុត្តិធម៌ លុះត្រាឱ្យអ្នកទោស និងអ្នកល្មើសច្បាប់រួចខ្លួនបានគាត់ថា យុត្តិធម៌»។
ទោះជាអ្នកនាំពាក្យកាន់អំណាចលើកឡើងបែបនេះក្ដី ប៉ុន្តែ សមាគមអាដហុក កត់សម្គាល់ឃើញថា ក្រុមប្រឹក្សាជំនុំជម្រះ មិនបានផ្តល់ការថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយលើធាតុផ្សំនៃបទល្មើស ផ្ទុយទៅវិញតុលាការ ដោយព្យាយាមការបំភ្លៃអង្គហេតុ ដោយផ្តល់ឋានៈ នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ពីជនសង្ស័យទៅជាសាក្សី ដើម្បីបង្កើតទៅជាបទល្មើស សម្រាប់ចោទប្រកាន់ និងផ្ដន្ទាទោស លើមន្ត្រីសិទ្ធិមនុស្ស ដែលសកម្មភាពបែបនេះ ជាការរំលោភអំណាច និងបំពានទៅលើសិទ្ធិទទួលបានយុត្តិធម៌។ លើសពីនេះ ការយាយីតាមផ្លូវតុលាការ លើមន្ត្រីអាដហុកនេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ រិះគន់ថា បន្តបន្ទាប់ថា គឺជាការវាយប្រហារ «ដ៏ឥតអៀនខ្មាស » មកលើអ្នកការសិទ្ធិមនុស្សកម្ពុជា ដែលមើលទីហាក់ដូចជាយុទ្ធសាស្ត្រ រៀបចំទុកជាមុន «ដ៏ច្បាស់លាស់» របស់រដ្ឋាភិបាលលោក ហ៊ុន សែន។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ក៏សង្កេតឃើញដែរថា ដំណើរការលើរឿងក្ដីនេះ មានភាពមិនប្រក្រតីជាច្រើន ដូចជាបញ្ហាភស្តុតាង និងអវត្តមានសាក្សី នៅក្នុងបន្ទប់សវនាការជាដើម។ មន្ត្រីសិទ្ធិមនុស្សរូបនេះ នៅតែជំរុញទៅតុលាការ គួរពិចារណាលើការសម្រេចរបស់ខ្លួនឡើងវិញដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកធ្វើការងារលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោក រស់ សុដ្ឋា៖ «ការកាត់ក្ដីមួយប្រកបដោយយុត្តិធម៌ទាល់តែភាគី ទាំងអស់មកតតាំងគ្នាក្នុងតុលាការ ចុះបើភាគីម្ខាងអត់មកតតាំងគ្នាផង យើងចេះតែយកបណ្ដឹងក៏ដូចជា ពាក្យដើមចោទជាមូលដ្ឋាន អត់សមរម្យទាល់តែសោះ»។
ទោះបីការសម្រេចសេចក្តីរបស់តុលាការកំពូល បិទផ្លូវតវ៉ា លើសំណុំរឿងនេះក្ដី ប៉ុន្តែសមាគមការពារសិទ្ធិមនុស្សអាដហុក នៅតែចាត់ទុកថា សកម្មភាពដែលបុគ្គលិក និងអតីតបុគ្គលិកសមាគមអាដហុកទាំង៥រូប បានធ្វើ គឺជាសកម្មភាពដែលចូលរួមចំណែក លើកកម្ពស់ការគោរពសិទ្ធិមនុស្ស ជាពិសេស "សិទ្ធិទទួលបានយុត្តិធម៌។ សមាគមការពារសិទ្ធិមនុស្សអាដហុក រិះគន់រដ្ឋាភិបាល ថា កំពុងដើរប្រាសចាក និងរំលោភលើគោលការណ៍សិទ្ធិមនុស្សដែលខ្លួនបានផ្តល់សច្ចាប័ន ព្រមទាំងធានាក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល និងជាពិសេសរំលោភលើសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពី អ្នកការពារសិទ្ធិមនុស្ស" យ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។