ក្រុមអ្នកវិភាគ និងមេបក្សប្រឆាំងចាត់ទុកការសម្រេចចិត្តរបស់លោក ហ៊ុន សែន មិនឱ្យនិស្សិតពលករនៅប្រទេសម៉ាឡេស៊ីចំនួន ១៥០នាក់ វិលត្រលប់មកកម្ពុជាវិញនោះ ជាការផាត់ពលរដ្ឋចេញ និងផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលចែងថា រដ្ឋមានកាតព្វកិច្ចគាំពារប្រជាពលរដ្ឋខ្មែរគ្រប់រូប ទោះជានៅទីណាក៏ដោយនោះ។
ក្រុមអ្នកវិភាគ និងមេដឹកនាំគណបក្សប្រឆាំងចាត់ទុកទង្វើរបស់ លោក ហ៊ុន សែន ថា ជាមេដឹកនាំទន់ខ្សោយ និងមិនទទួលខុសត្រូវលើពលរដ្ឋរបស់ខ្លួន។
អ្នកវិភាគនយោបាយនិរទេសខ្លួននៅក្រៅប្រទេស ដែលរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ លោក គឹម សុខ មានប្រសាសន៍ថា ការសម្រេចរបស់លោក ហ៊ុន សែន មិនអនុញ្ញាតឱ្យពលរដ្ឋចំនួន១៥០នាក់វិលមកកម្ពុជាវិញ ដោយយកលេសថា កុំឱ្យឆ្លងជំងឺកូវីដ១៩នេះ ជាកាយវិការបង្ហាញពីការបោះបង់ពលរដ្ឋរបស់ខ្លួនចោល នៅខណៈពលរដ្ឋជាច្រើននៅលើពិភពលោកស្វែងរកកន្លែងសុវត្ថិភាពរៀងៗខ្លួន កុំឱ្យឆ្លងជំងឺកូវីដ១៩នេះ។ «»
នេះជាលើកទីពីរហើយ ដែលលោក ហ៊ុន សែន សម្រេចមិនយកពលរដ្ឋរបស់ខ្លួនចូលស្រុកវិញ ខណៈជំងឺកូវីដ១៩ កំពុងរីករាលដាលឆ្លងនៅថ្នាក់តំបន់និងពិភពលោកនេះ។ លោក ហ៊ុន សែន កាលពីដើមខែកុម្ភៈ លោកប្រកាសថា មិនទៅយកនិស្សិតខ្មែរពីទីក្រុងវូហាន (Wuhan) ប្រទេសចិនមកវិញទេ។ រីឯប្រទេសជាច្រើននៅលើពិភពលោកបានយកយន្តហោះពិសេសទៅដឹកយកពលរដ្ឋនិងនិស្សិតរបស់ខ្លួន វិលទៅប្រទេសរបស់គេរៀងៗខ្លួនវិញ ហើយកាលណោះ លោក ហ៊ុន សែន ក៏រងការរិះគន់ខ្លាំងៗពីសាធារណជនដែរ។ ដោយឡែកថ្មីៗនេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏បញ្ជូនយន្តហោះទៅដឹកនាំពលរដ្ឋរបស់ខ្លួនចេញពីប្រទេសកម្ពុជាវិញដែរ ដើម្បីសុវត្ថិភាពពលរដ្ឋរបស់ខ្លួន ខណៈពិភពលោកកំពុងទប់ស្កាត់ជំងឺកូវីដ១៩ នេះ។អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមលោក បណ្ឌិត សេង សារី ដែលលោកបានធ្វើប្រជាមតិពលរដ្ឋ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ថាតើពលរដ្ឋគាំទ្រឱ្យអ្នកជាប់គាំងនៅម៉ាឡេស៊ីនោះ វិលមកកម្ពុជាវិញដែរឬទេ?។ លោកមានប្រសាសន៍ថា ការស្ទង់ មតិនេះ អ្នកលេងបញ្ញាសង្គម បានឆ្លើយនិងសំនួរនេះ មាន៨០% គាំទ្រ ឬទាមទារឱ្យរដ្ឋាភិបាលយកពលរដ្ឋទាំង១៥០នាក់នោះ ត្រលប់កម្ពុជាវិញ ដោយគិតគួរពីសុវត្ថិភាពជៀសផុតពីការឆ្លងជំងឺកូវីដ១៩ផង និងគិតពី ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះពលរដ្ឋដោយស្មើភាពគ្នាផង។ «»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ មេសា បានប្រកាសមិនអនុញ្ញាតឱ្យពលរដ្ឋ និងនិស្សិតផងប្រមាណ ១៥០នាក់វិលមកកម្ពុជាវិញទេ ទោះជាពួកគាត់ទាំងនោះ បានទៅដល់ ព្រលានយន្តហោះ ហើយរង់ចាំតែម៉ោងហោះចេញពីប្រទេសម៉ាឡេស៊ីមកកាន់កម្ពុជាវិញក្ដី ដោយលោកបានលើហេតុផលខ្លាចឆ្លងជំងឺកូវីដ១៩ ពីអ្នកទាំងនោះ។ «»
អ្នកវិភាគលើកឡើងថា ពលរដ្ឋជនជាតិចាមមកពីប្រទេសម៉ាឡេស៊ីវិញ ឆ្លងជំងឺកូវីដ១៩ កាលពីដើមមីនានោះ មិនមែនជាកំហុសរបស់ពលរដ្ឋទាំងនោះទេ បញ្ហានៅត្រង់ថា លោក ហ៊ុន សែន ធ្លាប់អះអាងថា ភ្ញៀវទាំងអស់ចូលមកកម្ពុជាតាមច្រកព្រលានយន្តហោះនោះ នឹងឆ្លងកាត់ម៉ាស៊ីនស្កេនអាចមើលឃើញអ្នកណាខ្លះមានកំដៅខុសពីធម្មតា ឬឆ្លងជំងឺកូវីដ១៩។ ផ្ទុយទៅវិញ ម៉ាស៊ីនស្កេនទាំងនេះមើលមិនឃើញ នៅស្របពេលរបបរបស់លោក បើកឱ្យភ្ញៀវជនជាតិចិន ចូលកម្ពុជារាប់ពាន់នាក់ ដែលមកពីប្រទេសចិនដែលជា ប្រភពដើមនៃការឆ្លងជំងឺកូវីដ១៩នោះ។
ដោយឡែកពលរដ្ឋចំនួន ១៥០នាក់នេះទៀត ភាគច្រើនជាជនជាតិចាម ហើយក្នុងចំណោមពួកគាត់ខ្លះ ជានិស្សិត អ្នកខ្លះជាពលករធ្វើការនៅប្រទេសម៉ាឡេស៊ី មិនមែនជាក្រុមទៅចូលរួមពិធីសាសនា ដែលប្រមូលផ្ដុំគ្នាមនុស្សច្រើននោះទេ។
និស្សិតមួយរួបក្នុងចំណោមអ្នកជាប់នៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ីទាំង១៥០នាក់នោះ គឺ លោក សព្រី សឡេះ សម្ដែងការខកចិត្តនៅពេលលោក ហ៊ុន សែន មិនអនុញ្ញាតនិស្សិតពលករត្រលប់ទៅកម្ពុជាវិញនេះ។ លោកបញ្ជាក់ថា ពលករទាំងនេះប្រឈមនិងបញ្ហាដាច់ស្បៀង និងគ្មានលុយបង់ផ្ទះជួល ព្រោះរោងចក្របានបិទទ្វារ។ «»
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថ្កោលទោសលោក ហ៊ុន សែន ដែលផាត់ពលរដ្ឋរបស់ខ្លួនចេញនេះ។ លោកបញ្ជាក់ថា នេះជាស្មារតីមិនទទួលខុសត្រូវក្នុងនាម ជាមេដឹកនាំ ហើយទង្វើនេះ ជាការរើសអើងនិង ខុសទៅនិងរដ្ឋធម្មនុញ្ញ។ «»
រដ្ឋធម្មនុញ្ញកម្ពុជាមាត្រាមាត្រា ៣១ វាក្យខណ្ឌទី២ចែងថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។ រីឯមាត្រា មាត្រា ៤០ សេរីភាពក្នុងការដើរឆ្ងាយ ជិត និង តាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបានគោរព។ ប្រជាពលរដ្ឋខ្មែរ អាចចេញទៅតាំងទីលំនៅនៅប្រទេសក្រៅ ឬ វិលត្រឡប់មកវិញបាន។
លើសពីនេះទៀត ការបដិសេធរបស់លោក ហ៊ុន សែន មិនឱ្យពលរដ្ឋទាំង១៥០នាក់វិលមកកម្ពុជាវិញនេះ ហាក់បញ្ច្រាសទៅនឹងអ្វីដែលលោកធ្លាប់បានអនុញ្ញាតឱ្យកប៉ាល់ Westerdam ដឹកភ្ញៀវទេសចរជាង២ពាន់នាក់ចុះចតនៅខែត្រព្រះសីហនុ ដែលលោកបានឱ្យប្រព័ន្ធឃោសនារបស់លោក រួមទាំងទូរទស្សន៍ជាតិផង ថតផ្សព្វផ្សាយឱ្យមើលឃើញពាសពេញពិភពលោក ហើយលោកអះអាងថា ជាសកម្មភាពមនុស្សធម៌របស់លោកនោះ។
ក្រុមអ្នកវិភាគលើកឡើងថា បើសិនជាលោក ហ៊ុន សែន ជាមនុស្សមានគុណធម៌ មេត្តាធម៌ និងមនុស្សធម៌នោះ គឺលោកត្រូវតែធ្វើអំពើមនុស្សធម៌នេះ ដល់ពលរដ្ឋរបស់ខ្លួនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។