សាលាឧទ្ធរណ៍រាជធានីភ្នំពេញតម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញសំណុំរឿង ញុះញង់ ជុំវិញសកម្មភាពតវ៉ាទាមទារដំឡើងប្រាក់ខែកម្មករកាលពីឆ្នាំ២០១៤ ដែលចោទប្រកាន់មកលើមេសហជីពលោក វន់ ពៅ និងសកម្មជនផ្សេងទៀត ទុកជាបានការដដែល។
លោក វន់ ពៅ ចាត់ទុកសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នេះ គឺជាអំពើអយុត្តិធម៌លើជនរងគ្រោះ ខណៈអ្នកដែលប្រព្រឹត្តអំពើហិង្សាលើអ្នកតវ៉ា មិនបានយកមកប្រឈមនឹងផ្លូវច្បាប់នោះឡើយ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿងរបស់អតីតសកម្មជនសហជីពទាមទារដំឡើងប្រាក់ខែកម្មករ កាលពីឆ្នាំ២០១៤ ជុំវិញបទចោទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទុកជាបានការ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានប្រកាសសាលដីកា ជុំវិញសំណុំរឿងអតីតសកម្មជនតវ៉ាទាមទារដំឡើងប្រាក់ខែកម្មករ ចំនួន១០នាក់ ដោយរក្សាកាត់ទោសឱ្យជាប់ពន្ធនាគារចាប់ពី ៤ឆ្នាំ ទៅ៤ឆ្នាំ ៦ខែ ប៉ុន្តែអនុវត្តទោសត្រឹមតែ៤ខែ ២៨ថ្ងៃ នៅក្នុងពន្ធនាគារ ដូចទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៤ដដែល។ ទោះជាយ៉ាងណាសាលាឧទ្ធរណ៍បាន សម្រេចលុបចោលការបង់ប្រាក់ពិន័យ៨លានរៀលចេញវិញ។
ការប្រកាសសាលដីកានៅថ្ងៃទី២៩ ខែកញ្ញានេះ ក៏មានមន្ត្រីអង្គការសង់ត្រាល់ តំណាងសហជីព និងអង្គការការពារសិទ្ធិមនុស្សមួយចំនួនទៀត បានចូលរួមតាមដានផងដែរ។ ដោយឡែកនៅខាងមុខតុលាការ ប្រជាពលរដ្ឋប្រមាណ២០នាក់ ក៏បានទៅផ្ដល់ការលើកទឹកចិត្តដល់ អតីតសកម្មជនតវ៉ាទាមទារដំឡើងប្រាក់ខែកម្មករ លោក វន់ ពៅ ផងដែរ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់វិទ្យុអាស៊ីសេរីថា សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នេះ មិនបានផ្ដល់យុត្តិធម៌ចំពោះលោក និងសកម្មជនតវ៉ាសុំដំឡើងប្រាក់ខែកម្មករទាំង៩នាក់ទៀតនោះឡើយ។ លោកបានលើកឡើងទាំងអួលដើមកថា អស់រយៈពេលជិត១០ឆ្នាំមកហើយ ដែលលោករំពឹងថា នឹងទទួលបានយុត្តិធម៌ ប៉ុន្តែតុលាការបែរជារក្សាឱ្យលោកមានទោសដដែល ខណៈអ្នកដែលបានប្រើអំពើហិង្សា វាយលោកឱ្យហូរឈាមស្រោចពេញខ្លួន មិនត្រូវបានតុលាការចាប់យកមកប្រឈមផ្លូវច្បាប់នោះឡើយ។
លោក វន់ ពៅ៖ «សំណូមពរដល់រដ្ឋាភិបាល ត្រូវតែទម្លាក់ចោលការចោទប្រកាន់មកលើរូបខ្ញុំ គ្រប់សំណុំរឿងនេះត្រូវតែផ្ដល់យុត្តិធម៌ឱ្យពេញលេញមកឱ្យរូបខ្ញុំ ជាពិសេសអាណត្តិទី៧នេះ គឺប្រទេសយើងនៅជាប់(បាត់បង់) EBAនិងGSPនៅឡើយ អ៊ីចឹងបានទាំងអស់ហ្នឹង ទាល់តែពួកយើងទទួលបានយុត្តិធម៌ ខ្ញុំគិតថា អន្តរជាតិនឹងពិចារណាចំណុចទាំងអស់នេះ»។
លោក វន់ ពៅ និងសកម្មជនតវ៉ាទាមទារឱ្យដំឡើងប្រាក់ខែអប្បបរមាដល់កម្មករយ៉ាងតិច ១៦០ដុល្លារ ចំនួន២២នាក់ទៀត បានរងអំពើហិង្សាធ្ងន់ធ្ងរពីសំណាក់កងឆត្រយោងពិសេស ៩១១ និងកម្លាំងសមត្ថកិច្ចក្រុងភ្នំពេញ មុននឹងបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារ កាលពីដើមខែមករា ឆ្នាំ២០១៤។ ការបង្ក្រាបបាតុករដោយការបង្ហូរឈាមពេលនោះ ក៏បានបណ្ដាលឱ្យកម្មករយ៉ាងតិច ៤នាក់បាត់បង់ជីវិត និង៣៨នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ក្រោយពីមានការផ្សះផ្សានយោបាយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សកាន់អំណាច និងការទាមទារពីសហជីព អង្គការជាតិ និងអន្តជាតិផងនោះ លោក វន់ ពៅ និងសកម្មជនតវ៉ាសុំដំឡើងប្រាក់ខែកម្មករដទៃទៀត ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ កាលពីខែឧសភា ឆ្នាំ២០១៤។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ លោកបន្ថែមថា ការមិនផ្ដល់យុត្តិធម៌ទៅឱ្យលោក វន់ ពៅ និងសកម្មជនតវ៉ាសុំដំឡើងប្រាក់ខែកម្មករទាំង ៩នាក់ទៀតនេះ គឺជាការគំរាមកំហែងទៅដល់សហជីព និងសកម្មជនសិទ្ធិមនុស្សដទៃទៀត ដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិ និងជីវភាពរបស់កម្មករផងដែរ។
លោក អំ សំអាត៖ «នេះគឺជាសារមួយដែលធ្វើឱ្យបំបាក់ទៅលើស្មារតី របស់អ្នកធ្វើការងារសង្គម ធ្វើការងារផ្នែកសិទ្ធិមនុស្ស ឬសិទ្ធិកម្មករ ព្រោះពួកគាត់គ្រាន់តែការពារប្រយោជន៍របស់កម្មករត្រូវបានជាប់ពន្ធនាគារ ហើយត្រូវបានចោទប្រកាន់ និងកាត់ទោសជាច្រើន ហើយបើទោះបីជាអនុវត្តទោសតែប្រាំខែក៏ដោយ ក៏វាជារឿងមួយដែលអយុត្តិធម៌សម្រាប់គាត់ដែរ»។
សហជីពឯករាជ្យតែងតែលើកឡើងថា ដោយសារតែការលះបង់សាច់ស្រស់ ឈាមស្រស់របស់អ្នកតវ៉ាទាំងនេះហើយ ទើបរដ្ឋាភិបាលកាលពីឆ្នាំ២០១៤ បានសម្រេចដំឡើងប្រាក់ខែអប្បបរមាឱ្យកម្មករពី ១០០ដុល្លារ ទៅដល់ ១២៨ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៥។ លោក វន់ ពៅ បញ្ជាក់ថា លោកនឹងដាក់បណ្ដឹងសាទុក្ខ ចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នេះ ទៅតុលាការកំពូលបន្តទៀត ដើម្បីទទួលបានយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។