សាលា​ឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​ផ្តន្ទាទោស​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ

0:00 / 0:00

ក្រុម​គ្រួសារ និង​មន្រ្តី​សិទ្ធិ​មនុស្ស​ចាត់​ទុក​សាលដីកា​របស់​​សាលា​ឧទ្ធរណ៍ភ្នំពេញ​ដែល​សម្រេច​តម្កល់​សាល​ក្រម​ផ្ដន្ទា​ទោស​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ទុកជា​បាន​ការ​​ដដែល​​នោះ ថា​ជា​រឿង​អយុត្តិធម៌។ ពួក​គេ​​បន្ត​ទាមទារ​​ដល់​​អាជ្ញាធរ​​ទម្លាក់​ចោល​​បទ​ចោទ​​ប្រកាន់​​លើ​ក្មេង​ប្រុស​រូប​នេះ​វិញ ព្រោះ​រូប​គេ​មិន​​បាន​ប្រព្រឹត្ត​បទ​ល្មើស​​​អ្វី​ឡើយ ហើយ​​ម្យ៉ាង​ទៀត​​គេ​ជា​អនីតិជន​ដែល​​មាន​ជំងឺ​សតិស្មារតីអូទីស៊ឹម (Autism)។

ក្រុម​គ្រួសារ និង​មន្រ្តី​សិទ្ធិ​មនុស្ស ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​សម្រេចរបស់​សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​​ពួក​គេ​​ចាត់​ទុកថា ជា​រឿង​មិន​ត្រឹម​​ត្រូវ និង​មិន​ឯក​រាជ្យដោយ​សារ​រឿង​នយោ​បាយ។

ម្តាយ​របស់​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រុំ ចាន់ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ​សាលា​ឧទ្ធរណ៍​​ភ្នំពេញ​សម្រេច​សេចក្ដី​ដោយ​អយុត្តិ​ធម៌ និង​ស្ថិត​ក្រោមសម្ពាធ​នយោ​បាយ ដែល​​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​​ស្រី​នៅតែ​អះអាង​ថា​ កូន​ប្រុស​លោក​ស្រី​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ទោះយ៉ាង​នេះក្តី ប្រពន្ធ​​សមាជិក​បក្ស​​ប្រឆាំង​​ដែល​​កំពុង​​ជាប់​ឃុំ​​រូប​​នេះ ឱ្យ​ដឹង​ថា លោក​ស្រី​នឹង​ពិភាក្សា​ជាមួយមេ​ធាវី​ការ​ពារ​ក្តី ដើម្បី​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូលបន្ត​ទៀត​ ខណៈ​បច្ចុប្បន្ន​កូន​ប្រុស​លោកស្រី​តែង​តែ​រំលឹក​រឿង​រ៉ាវ​​នៅ​​ក្នុង​ពន្ធនាគារ​​ដែល​គួរ​ឱ្យ​ឈឺ​ចាប់​បំផុត៖ «ធម្មតា​តុលាការ​ការ​ពារ​ប្រជា​ពលរដ្ឋ ធ្វើ​មិច​ឯករាជ្យ​​និង​យុត្តិ​ធម៌ ប៉ុន្តែ​គាត់​ចាប់​កូន​ខ្ញុំ​ដាក់​ពន្ធនាគារ​ដោយ​អត់​កំហុស​ហើយ ដល់​ប្តឹង​ទៅឧទ្ធរណ៍​ឱ្យ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់ គាត់​អត់​ទៀត គាត់​គិត​មិច​បាន​ជាធ្វើ​ទង្វើ​បែប​នេះ​ដាក់​ពលរដ្ឋ​ស្លូត​ត្រង់​ដែល​ពុំ​មាន​កំហុស​សោះ គ្រាន់​តែ​ក្មេង​ម្នាក់មាន​ជំងឺ​ប្រចាំ​កាយ»

លោក​ស្រី ព្រុំ ចាន់​ថា បញ្ចេញ​ប្រតិកម្ម​​បែប​នេះ ក្រោយ​​ពេល​​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​​ប្រកាស​​សាលដីកា​​នៅ​​ព្រឹក​​ថ្ងៃទី១៤ ខែមីនា ដោយ​​សម្រេច​​តម្កល់​សាល​ក្រម​​ផ្ដន្ទា​ទោស​​ក្មេង​ប្រុស​ កាក់ សុវណ្ណច្ឆ័យ។ តុលាការ​​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទា​ទោស​អនីតិជន​​រូបនេះ​ដាក់​ពន្ធនាគារ​​ចំនួន ៨ខែ​ពីបទ «​បទ​ញុះ​​ញង់​ ​និង​​បទ​ប្រមាថ​​មន្ត្រី​​រាជ​ការ​សាធារណៈ»​ ​ពាក់ព័ន្ធ​​នឹង​ការ​បង្ហោះ​​សារ​​តាម​​បណ្តាញ​​សង្គម។ ប៉ុន្តែ​​តុលាការ​​ជាន់​ទាប​​មួយ​​នេះ​បាន​​សម្រេច​​ឃុំ​​ខ្លួន​​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ រយៈ​ពេល ៤​ខែ​​​កន្លះ ដោយ​​ទោស​​នៅ​​សល់​ត្រូវ​ព្យួរ។

ថ្វីដ្បិត​​តែ​​ត្រូវ​បាន​​ដោះ​​លែង​ក្តី​ តុលាការ​ក្រុង​ភ្នំពេញ​ ​បាន​​ដាក់​​ក្មេង​​ប្រុស​រូប​នេះ​ឱ្យ​​ស្ថិត​​ក្រោម​​ការ​​ព្យួរ​ទោស​​សាក​ល្បង​​រយៈ​​ពេល​​២​ឆ្នាំ​ ​ដោយ​​តម្រូវ​​ឱ្យ​​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​​តុលា​ការ​ ​គ្រប់​​ពេល​​ដែល​​ត្រូវ​​បាន​​កោះ​ហៅ​ ​ឬ​​ជូន​ដំណឹង​​ទៅ​តុលា​ការ​ និង​​ត្រូវ​​សុំ​ការ​​អនុញ្ញាត​ ​ប្រសិន​បើ​​ផ្លាស់​ប្ដូរ​​អាស័យ​ដ្ឋាន​ និង​​ចង់​​ចាក​ចេញ​​ពី​ប្រទេស​​ ​ព្រម​ទាំង​​ដាក់​​លក្ខខណ្ឌ​​​មួយ​ចំនួន​​ទៀត​។​

វិទ្យុ​​​​​​​អា​ស៊ី​​​​​​សេរី ​​​មិន​​​​​​​អាច​​​​​​​ទាក់​​​​​​ទង​​​​ប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញលោក យូ ប៊ុនឡេង ដើម្បី​​​​សាក​​​​សួរ​​​​​​បន្ថែម​អំពី​​ការ​​សម្រេច​របស់សាលា​ឧទ្ធរណ៍​​ក្នុង​សំណុំ​​ ​​រឿង​​​នេះ​​បាន​​​ទេ នៅ​​​ថ្ងៃ​​​ទី​១៤ ខែមីនា។

ជុំវិញ​​​​រឿង​​​​នេះ ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​លោក នី សុខា ​សង្កេត​ឃើញ​ថា ​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ បាន​ទទួល​រង​ការ​ចាប់​ខ្លួន និង​ផ្តន្ទាទោស​ដោយ​អយុត្តិធម៌​តាំង​ពីដំបូង ដោយ​សារ​នេះ​រឿង​​នយោ​បាយ។ មន្រ្តី​សង្គមស៊ីវិល​រូប​នេះ​បារម្ភ​ថា ការ​សម្រេច​មិន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​មិន​ផ្តល់សេរីភាព​ពេញ​លេញ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កិត្តិយស និង​អនាគត​ក្មេង​ប្រុស​រូប​នេះ ហើយ​ទន្ទឹម​នឹង​នេះ​តុលាការ​រង​ការ​រិះគន់​បន្ថែម​ទៀត​ពី​សហគមន៍​ជាតិ​និង​​អន្តរជាតិ​បន្ត​ទៀត​អំពី​ភាព​មិន​ឯក​រាជ្យ​របស់​ខ្លួន៖ «ពិត​ជា​មាន​ការសោក​ស្តាយ​ចំពោះ​ការ​សម្រេច​តម្តល់​សាល​ក្រមរបស់​សាលា​ដំបូង​ចំពោះ​ករណី កាក់ សុវណ្ណច្ឆ័យ ពី​ព្រោះ​រឿង​​នេះ​យើង​យល់​ថា ជា​ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់ ដោយ​អយុត្តិ​ធម៌​តាំង​ពី​ដើម​ទី​មក។ ករណី​នេះ កាក់ សុវណ្ណច្ឆ័យ ក្មេង​ម្នាក់​​​គ្រាន់​​តែ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ»

ក្មេង​ប្រុស​ កាក់ សុវណ្ណច្ឆ័យ បច្ចុប្បន្ន​មាន​អាយុ ១៧ ឆ្នាំ ​គឺ​ជា​​កូន​​របស់​​សកម្មជន​បក្ស​​ប្រឆាំង ​​លោក កាក់ កុម្ភារ ដែល​​បច្ចុប្បន្ន​​កំពុង​​ជាប់​​ពន្ធនាគារ​​ព្រៃស ​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់»និង​បទ «ញុះញង់»ខណៈ​​អ្នក​ស្រី ព្រំ ចាន់ថា ​ដែល​​ជា​ម្ដាយ ​តែង​តែ​​សកម្ម​​ក្នុង​​ការ​​ចេញ​​តវ៉ា​​ដោយ​​អហិង្សា​ ដើម្បី​​ទាមទារ​​ឱ្យ​​ដោះ​លែង​​ប្ដី​ និង​​សកម្ម​ជន​​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដទៃ​​ទៀត​​ដែល​​កំពុង​​ជាប់​​ឃុំ។ ក្មេងប្រុស​​​រូប​នេះ​ ក៏​តែង​​តែ​​ចេញ​​តវ៉ា​​ជាមួយ​​ម្តាយ​​ដែរ ហើយ​​បាន​​ធ្វើ​ឲ្យ​គាត់​​ទទួល​​រងគ្រោះ​ផ្ទួនៗ។​

កាល​ពី​​ដើម​​ខែ​​តុលា​ ឆ្នាំ​២០២០ ​អាជ្ញាធរ​​រដ្ឋា​ភិបាល ​ធ្លាប់​​បាន​​ចាប់​​ឃុំ​​ខ្លួន ​និង​​ប្រើ​ហិង្សា​​សួរ​ចម្លើយ​​ អស់​​រយៈ​ពេល​៤៨​ម៉ោង​​ដោយ​​សារ​​គាត់​ចូល​​ទៅ​​ប្រមូល​​ទង់​គណបក្ស​​សង្គ្រោះ​​ជាតិ​​នៅ​​ឯ​ទី​ស្នាក់​ការ​​កណ្ដាល​​គណ​បក្ស​​នេះ។ បន្ទាប់​​មក​​នៅខែ​​មេសា ឆ្នាំ​២០២១ ​កាក់ សុវណ្ណច្ឆ័យ ​ត្រូវ​​បាន​​ជន​​មិន​ស្គាល់​​មុខ​​ពីរ​​នាក់​​ជិះ​ម៉ូតូ​តាម​​វាយ​​គាត់​​ដោយ​​ដុំ​ឥដ្ឋ​​បណ្តាល​​ឲ្យ​​របួស​​ក្បាល​​ធ្ងន់​ធ្ងរ។ ​សមត្ថកិច្ច​​នៅ​​មិន​ទាន់​​ចាប់​បាន​​​ជន​​ដៃ​ដល់​​ណា​ម្នាក់​​យក​​មក​​ផ្ដន្ទា​ទោស​​តាម​​ច្បាប់​​ឡើយ។

ក្រុម​អង្គការ​ជាតិ​ និង​​អន្តរ​ជាតិ​ ចាត់​ទុក​​ករណី​​ទាំង​នេះ ​គឺ​ជា​ការ​​គំរាម​កំហែង ​​ការ​យាយី​ និង​​ជា​ការ​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​ផ្នែក​​នយោយ​បាយ​​លើ​​គ្រួសារ​​របស់​​សកម្ម​ជន​បក្ស​​ប្រឆាំង។ ​​​​ក្រុម​អង្គការ​ជាតិ ​និង​​អន្តរ​ជាតិ ​ទាមទារ​​ឲ្យ​​តុលាការ​​និង​​រដ្ឋា​ភិបាល​លោក ហ៊ុន សែន​ បញ្ឈប់​​ការ​យាយី​​ជា​បន្ទាន់​​ និង​​ទម្លាក់​​ចោល​​ការ​​ចោទ​​ប្រកាន់​លើ​​​​សកម្ម​ជន​​នយោ​បាយ​ សមា​ជិក​​គ្រួសារ​ ព្រម​ទាំង​​អ្នក​រិះគន់​​ឲ្យ​មាន​​សេរី​ភាព​ឡើង​វិញ ​ព្រោះ​​អ្នក​​ទាំង​នោះ​ ពុំ​​បាន​​ប្រ​ព្រឹត្ត​​ខុស​ច្បាប់​​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។