ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា រដ្ឋសភា​អាច​បំពេញ​ការងារ​ជា​អ្នក​តំណាង​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ត្រូវ​ធានា​ថា រដ្ឋសភា​អាច​បំពេញ​ការងារ​របស់​ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​នាម​ជា​អ្នក​តំណាង​ពិត​ប្រាកដ​របស់​ពលរដ្ឋ។ ការ​ជំរុញ​នេះ កើត​មាន​ឡើង​ស្រប​ពេល​ពិភពលោក ប្រារព្ធ​ទិវា​អន្តរជាតិ ស្ដីពី​ប្រព័ន្ធ​សភានិយម នៅ​ថ្ងៃ​ទី៣០ មិថុនា។ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ឯក​បក្ស​នៃ​របប​ក្រុង​ភ្នំពេញ អះអាង​ថា ប្រព័ន្ធ​សភានិយម​នៅ​កម្ពុជា ដំណើរ​ការ​ស្រប​តាម​គោល​ការណ៍ ប្រជាធិបតេយ្យ ហើយ​គ្មាន​ការ​ជ្រៀតជ្រែក​ណា​មួយ​ពី​អ្នក​គ្រប់គ្រង​អំណាច​ឡើយ។ ក៏ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​មិន​យល់​ស្រប​ឡើយ ហើយ​ថា ប្រសិទ្ធភាព​ប្រព័ន្ធ​សភានិយម​នៅ​កម្ពុជា​កំពុង តែ​ធ្លាក់​ចុះ​ដោយសារ​តែ គ្មាន​គណបក្ស​ប្រឆាំង។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR ថា ប្រព័ន្ធ​សភា​នៅ​តំបន់ អាស៊ី​អាគ្នេយ៍​ទាំង​មូល កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ ហើយ​ពេល​ខ្លះ​មិន​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ពេញលេញ​នោះ​ឡើយ។ អង្គការ​នេះ​ថា ប្រព័ន្ធ​បោះ​ឆ្នោត ដែល​មាន​មុខងារ​សំខាន់​ក្នុង​ការ​ការពារ ភាព​ជា​តំណាង​នៃ​ប្រព័ន្ធ​សភានិយម ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ ជា​រឿយៗ ត្រូវ​បាន​ជ្រៀតជ្រែក និង​ចាត់ចែង ដើម្បី​ឲ្យ​មេ​ដឹក​នាំ​ប្រទេស អាច​កាន់​អំណាច​បាន​យូរ​ត​ទៅ​ទៀត ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ត្រួត​ពិនិត្យ របស់​សភា​ត្រូវ​ចុះ​ទន់​ខ្សោយ។

អង្គការ APHR បាន​លើក​យក​ឧទាហរណ៍​ចំៗ ថា ជាក់​ស្ដែង​ដូច​ជា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨ នៅ​កម្ពុជា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឈ្នះ​អាសនៈ​ទាំង​អស់​ក្នុង​សភា បន្ទាប់​ពី​មាន​ការ​រម្លាយ គណបក្ស​សង្គ្រោះ​ជាតិ​ចោល​នៅ​មុន​ពេល​បោះ​ឆ្នោត។

អ្នកនាំពាក្យរដ្ឋសភាឯកបក្សរបបក្រុងភ្នំពេញ លោក ឡេង ប៉េងឡុង បដិសេធការលើកឡើងនេះ ហើយថាគ្មានឡើយការជ្រៀតជ្រែកពីសំណាក់ មេដឹកនាំរដ្ឋាភិបាលមកលើអំណាចសភា ព្រោះ​អំណាច​ទាំងពីរជារបស់ គណបក្សកាន់អំណាចរួចទៅហើយ៖ «និយាយឲ្យចំ អត់មានអីចម្លែក អត់​មាន​អី​ដែល​ខុសពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យក្នុងប្រព័ន្ធសភានិយមអីទេ។ អត់មានទេ ! អត់​មាន​អន់​ថយ​អី​ទេ លទ្ធិប្រជាធិបតេយ្យមានការចម្រើនទៅមុខ នៅកម្ពុជាសព្វថ្ងៃ។ ជ្រៀកជ្រែក​យ៉ាង​ម៉េច បើ​រដ្ឋាភិបាល​ក៏​ជាគណបក្សកាន់អំណាច ហើយ​សភា​ក៏​ជា​គណបក្ស​កាន់​អំណាច ? ដូច្នេះ​ហើយ វា​មាន​ឯកភាព​គ្នា​ទៅ​ហើយ។ យើង​និយាយ​ថា ជ្រៀតជ្រែក គឺ​អត់​ត្រឹម​ត្រូវ​ទេ។»

ជុំវិញការណ៍ដែល​រដ្ឋសភាគ្មានអ្នកតំណាង​មក​ពី​គណបក្ស​ប្រឆាំង លោក ឡេង ប៉េងឡុង ថា នេះ​គឺ​ដោយ​សារ​តែ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ២០១៨។ លោក​ថា យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដើម្បី​ផ្ដល់​យន្តការ​ឲ្យ​គណបក្ស​មិន​ជាប់​ឆ្នោត អាច​ផ្ដល់​មតិ​ទៅ​រដ្ឋាភិបាល​បាន។

ផ្ទុយពីការលើកឡើងនេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ នៃ​អង្គការ​ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស ថា ភាព​ជា​អ្នក​តំណាង​នៅ ក្នុង​ប្រព័ន្ធ​សភានិយម​នៅ​កម្ពុជា កំពុង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ សហគមន៍​ជាតិ និង​អន្តរជាតិ នៅ​តែ​មិន​ទាន់​អាច​ទទួល​យក​បាន​នូវ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ២០១៨៖ « យើង​ពិបាក​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ថា តើ​ជា​តំណាង ឬ​មិន​តំណាង​ណាស់ ពីព្រោះ​សំខាន់​ជាង​គេ ការ​ទទួល​ស្គាល់​នេះ វា​ជា​មុខ​មាត់​មួយ​សម្រាប់​ប្រទេស​មួយ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត ឬ​ក៏​កើត​ចេញ ពី​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ។ អ៊ីចឹង កន្លែង​នេះ យើង​មាន​ការ​ពិបាក​ក្នុង​ការ​ថា នៅ​ក្នុង​ការ​ទទួល​ស្គាល់​នេះ​ណាស់»

លោក កន សាវាង្ស បន្ត​ថា ការ​បំពេញ​ការងារ និង​ប្រសិទ្ធភាព​របស់​រដ្ឋសភា​វិញ មាន​ការ​ធ្លាក់​ចុះ ដោយសារ​តែ​គ្មាន​តំណាង​ពហុបក្ស៖ « បើ​ប្រៀបធៀប​ទៅ​នឹង​អាណត្តិ​មុនៗ យើង​ឃើញ​មាន​ការ​ធ្លាក់​ចុះ​ពី​ប្រសិទ្ធភាព របស់​សភា ជាពិសេស ទាក់ទង​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់ ការ​ដោះ​ស្រាយ ការ​ផ្ទៀងផ្ទាត់ ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​គ្នា​នេះ យើង​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ​ហើយ ជាពិសេស ការ​អនុវត្ត​ច្បាប់ ការ​តាក់តែង​ច្បាប់ គឺ​មិន​មាន​ការ​ពិគ្រោះ ឬ​ការ​ជជែក​អី​នៅ​ក្នុង​សភា ឲ្យ​បាន​ជា​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​គ្នា ឬ​ការ​ជជែក​ឲ្យ​បាន​អស់​ពី​ចិត្ត​ពី​ថ្លើម ដូច​កាល​ពី​ពេល​ដែល​មាន​នៅ​ពហុ​បក្ស​ផ្សេងៗ ដែល​បាន​ចូលរួម​នោះ​ទេ។ អ៊ីចឹង ប្រសិទ្ធភាព គឺ​មិន​ដូច​មុន​ទេ វា​មាន​ការ​ធ្លាក់​ចុះ​ហើយ»

លោក កន សាវាង្ស យល់ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​សភានិយម​ដំណើរ​ការ​បាន​ឡើង​វិញ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា លុះ​ត្រា​តែ​មាន​ការ​លុប​ចោល ឬ​និរាករណ៍​នូវ​ច្បាប់​មួយ​ចំនួន ជាពិសេស ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង តំណាងរាស្ត្រ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​ដើម៖ « ច្បាប់​គណបក្ស​នយោបាយ ចំណុច​មួយ​ចំនួន ត្រូវ​និរាករណ៍​ចោល​ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​មួយ​ដោយ​ស្មើ​មុខ​ស្មើ​មាត់ នៅ​ក្នុង​ឆ្នាំ២០២៣ ឬ​ក៏ ២០២២ ដើម្បី​ធ្វើ​ឲ្យ​សភា​ហ្នុង​វា​មាន​តម្លៃ សម្រាប់​ការ​ប្រកួត​ប្រជែង​មួយ​ដែល​បាន​តំណាង​មួយ​ពេញ​ចិត្ត ឬ​ក៏​ការ​ទទួល​ស្គាល់ ពី​ប្រជា​ពលរដ្ឋ។ នេះ​ជា​ចំណុច​មួយ​ដែល​ត្រូវ​តែ​មាន​ការ​កែ​សម្រួល បើ​មិន​អ៊ីចឹង​ទេ ប្រព័ន្ធ​នេះ វា​ពិបាក​ក្នុង​ការ​បើក​ឲ្យ​មាន​ការ​ចូលរួម​ដោយ​ទូលំទូលាយ​ណាស់»

ដោយឡែក អ្នកស្រី ម៉ារីយ៉ា អេនជេលីណា ឡូប៉េស សារមែនតូ (Maria Angelina Lopes Sarmento) សមាជិក​ក្រុម​ប្រឹក្សា​នាយក​នៃ​អង្គការ APHR និង​ជា​តំណាង​រាស្ត្រ ប្រទេស​ទីម័រ​ខាង​កើត មាន​ប្រសាសន៍ថា ប្រព័ន្ធ​សភា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ភាព​ជា​អ្នក​តំណាង​ពិត​ប្រាកដ ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ។ អ្នកស្រី​ថា នៅ​ពេល​ដែល​តួនាទី និង​មុខងារ​របស់​សភា ត្រូវ​បាន​ការពារ នោះ​តំណាង​រាស្ត្រ​អាច​បំពេញ​ការងារ​របស់​ពួក​គេ​បាន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​សម្រាប់ មនុស្ស​គ្រប់​គ្នា និង​កែ​លម្អ​ជីវិត​របស់​មនុស្ស​ដែល​ពួក​គេ​តំណាង​ឲ្យ។ ក៏ប៉ុន្តែ អ្នកស្រី​ថា ស្ថាប័ន​នីតិបញ្ញត្តិ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ កំពុង​តែ​ទទួល​រង​នូវ​ការ​គំរាមកំហែង បំផ្លាញ​ដល់​សមត្ថភាព​របស់​តំណាង​រាស្ត្រ​ក្នុង​ការ​អនុវត្ត​តួនាទី​ត្រួត​ពិនិត្យ​អំណាច​នីតិប្រតិបត្តិ​របស់​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច។

ប្រព័ន្ធសភានិយមនៅកម្ពុជា បង្កើតឡើងក្នុងគោលដៅ​រក្សា​តុល្យភាព និង​ការ​ត្រួត​ពិនិត្យ រវាង​អំណាច​នីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ ក៏ប៉ុន្តែ បន្តិចម្តងៗ ប្រព័ន្ធ​នេះ បាន​រង​ការ​ចុះ​ទន់​ខ្សោយ ចាប់​តាំង​ពីលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម កាល​ពី​ខែ​កក្កដា ឆ្នាំ១៩៩៧។ ក្រោយមក គោល​ការណ៍​ដើម​ប្រជាធិបតេយ្យនៃប្រព័ន្ធនេះ ត្រូវ​បាន​បំផ្លាញ​ដោយសារ​តែ​មាន​ការ កែប្រែ​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ជ្រើស​តាំង​នាយករដ្ឋមន្ត្រី និងប្រធានសភា​ក្នុង​ពេល​តែ​មួយ។ កាន់តែធ្ងន់ធ្ងរជាងនេះទៀត អភ័យឯក​សិទ្ធិ​របស់ តំណាងរាស្ត្រ ក៏មិនត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាលគោរព ក្រោយ​ពីមានការចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំង រួមទាំងប្រធាន​គណបក្សនេះ ដាក់ពន្ធនាគារ ទាំងដែលពួកគេនៅមានអភ័យឯកសិទ្ធិសភានៅឡើយ។ ប្រព័ន្ធ​សភា​និយម​នៅ​កម្ពុជា ដែល​មាន​ពីរ​ថ្នាក់ គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា រង​ការ​រិះគន់​ថា បង្កើតឡើងជារូបភាព​នៃ​ការ​ចែក​អំណាច ជាជៀង គោរពតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ ដើម្បីត្រួតពិនិត្យ​អំណាច​រដ្ឋាភិបាល ដោយសារតែស្ថាប័នទាំងពីរនេះ ចាំតែប្រថាប់ត្រា តាមអ្វីដែលរដ្ឋាភិបាល និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បាន។

នៅ​ទូទាំង​ពិភពលោក ក្នុងចំណោម ១៩៣ ប្រទេស មាន​ប្រទេស​ចំនួន ៧៩ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង អនុវត្ត​ប្រព័ន្ធ​សភានិយម​ពីរ​ថ្នាក់ ដែល​មាន​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា។ ក្រៅ​ពី​នេះ ប្រទេស​ចំនួន ១១៤ផ្សេង​ទៀត អនុវត្ត​ប្រព័ន្ធ​សភានិយម តែ​មួយ​ថ្នាក់ ដែល​មាន​ន័យ​ថា មាន​តែ​រដ្ឋសភា​តែ​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។