សម្ព័ន្ធ​អង្គការ​ប្រចាំ​តំបន់​អាស៊ាន​ស្នើ​រដ្ឋាភិបាល​ឱ្យ​លុប​បទបញ្ជា​បិទ​ខ្ទប់​គេហទំព័រ​វិទ្យុ​អាស៊ីសេរី

គេហទព័រវិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ កក្កដា ២០២៣។
គេហទព័រវិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ កក្កដា ២០២៣។ (RFA)

សម្ព័ន្ធ​អង្គការ​ប្រចាំ​តំបន់​អាស៊ាន​ដើម្បី​បញ្ឈប់​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​នៅ​លើ​ប្រព័ន្ធ​ឌីជីថល ចំនួន​១០​ស្ថាប័ន អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​លុបចោល​បទបញ្ជា​មុន​ពេល​បោះឆ្នោត​ឱ្យ​បិទ​ខ្ទប់​គេហទំព័រ​របស់​សារព័ត៌មាន​ឯករាជ្យ ដូចជា វិទ្យុ​អាស៊ីសេរី កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​ឈ្មោះ កំណត់ត្រា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​របស់​សម្ព័ន្ធ​អង្គការ​ទាំង​នេះ ផ្សាយ​កាល​ពី​ថ្ងៃទី​២៥ ខែ​កក្កដា​។

សម្ព័ន្ធ​អង្គការ​ប្រចាំ​តំបន់​អាស៊ាន ដែល​ក្នុង​នោះ​ក៏​រួមមាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ផង ថ្កោលទោស​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ដែល​ផ្តល់​ព័ត៌មាន​សាធារណៈ។ ក្រុម​អង្គការ​ទាំងនេះ ថ្កោលទោស​ការ​បន្ត​គ្រប់គ្រង​បែប​ផ្ដាច់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​លើ​ប្រព័ន្ធ​ឌីជីថល។ ពួកគេ​លើកឡើង​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ ធ្វើ​ឱ្យ​ទន់ខ្សោយ​ដល់​សារព័ត៌មាន​សេរី និង​រារាំង​លំហូរ​ព័ត៌មាន។ ក្រុម​អង្គការ​ទាំងនេះ សង្កត់​ធ្ងន់​ថា ការគ្រប់គ្រង​ដ៏​តឹងរ៉ឹង​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន មាន​គោលបំណង​បង្ក្រាប​រាល់​ការរិះគន់​នានា​មក​លើ​រដ្ឋាភិបាល និង​រឹតត្បិត​លទ្ធភាព​នៃ​ការ​ទទួល​បាន​សំឡេង​ប្រឆាំង សម្រាប់​ប្រជាជន​កម្ពុជា​។ ពួកគេ​ថា ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​តម្លាភាព និង​ភាព​ត្រឹមត្រូវ​នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។

សម្ព័ន្ធ​អង្គការ​ប្រចាំ​តំបន់​អាស៊ាន​ទាំងនេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើកកម្ពស់​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ តាមរយៈ​ការ​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ព័ត៌មាន​ដូចដែល​មាន​ចែង​ក្នុង​មាត្រា​១៩ នៃ​សេចក្តី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ បទប្បញ្ញត្តិ​ទាំងនេះ ការពារ​សិទ្ធិ​បុគ្គល​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ចែក​រំលែក​ចំណេះដឹង ទាំង​នៅ​លើ​អនឡាញ និង​នៅក្នុង​សង្គម​ជាក់ស្តែង។

ទន្ទឹម​គ្នា​នេះ សម្ព័ន្ធ​អង្គការ​ប្រចាំ​តំបន់​អាស៊ាន ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​លើក​កម្ពស់​ទិដ្ឋភាព​នយោបាយ និង​សង្គម​មួយ ដែល​សារព័ត៌មាន​ឯករាជ្យ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រីក​ចម្រើន។ ក្រុម​អង្គការ​ទាំងនេះ ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​តាមដាន​សកម្មភាព​របស់​ពលរដ្ឋ​នៅ​លើ​អនឡាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។