អាជ្ញាធររាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) ប្រមាណ ៧០នាក់ មិនឱ្យឈរតវ៉ា និងលើកបដានៅក្បែរអគារក្រុមហ៊ុនឡើយ កាលពីរសៀលថ្ងៃទី១៨ មិថុនា។ អាជ្ញាធរបានបង្ខំក្រុមកូដករឱ្យឡើងឡានក្រុងដឹកយកទៅខណ្ឌព្រែកព្នៅ រហូតដល់ម៉ោងជាង ៤ រសៀល ទើបដឹកពួកគាត់មកចំណតឡានក្រុងក្បែរទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវវិញ។
កូដករដ៏សកម្មមួយរូប គឺលោកស្រី ម៉ម សុវឌ្ឍិន ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរបានរុញច្រានកូដករឱ្យឡើងរថយន្តក្រុង បណ្ដាលឱ្យកូដករម្នាក់រងរបួសក្បាលជង្គង់។ លោកស្រីបន្តថា អាជ្ញាធរហាក់ដូចជាចាំតែបង្ក្រាបក្រុមកូដករ ជាជាងស្វះស្វែងជួយរកដំណោះស្រាយបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃមួយនេះ៖ «ពួកគាត់អត់អនុវត្តតាមច្បាប់ ដូចប្រើតែអំពើហិង្សាយកមកតែម្ដង។ យើងសួរថា ទៅណា ? ក៏អត់ប្រាប់ អត់ឆ្លើយ មានតែពាក្យសម្លុតគម្រាមឱ្យយើងឡើងឡាន បើមិនឡើងឡានទេ ប្រើអំពើហិង្សាដូចមានអំពើស្រាប់ហ្នឹង។ រុញច្រានពួកយើង ហើយពួកយើងសុទ្ធតែជាស្ត្រី។ ពួកខ្ញុំជាកូដករស្នើសុំដល់ប្រមុខរដ្ឋាភិបាលជួយដោះស្រាយឱ្យពួកខ្ញុំបានចូលទៅធ្វើការវិញផង ព្រោះពួកខ្ញុំជួបវិបត្តិសេដ្ឋកិច្ចខ្លាំងណាស់ឥលូវហ្នឹង»។
ក្រុមបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍បានចាប់ផ្ដើមធ្វើកូដកម្មតាំងពីខែធ្នូ ឆ្នាំ២០២១ ដើម្បីទាមទារដំណោះស្រាយវិវាទការងារជាមួយភាគីក្រុមហ៊ុន ដែលពួកគាត់ចោទថា បានរំលោភសិទ្ធិ និងអនុវត្តផ្ទុយពីច្បាប់ទាក់ទងនឹងការបញ្ឈប់បុគ្គលិក និងសហជីពពីការងារ។ ក្នុងការតវ៉ារយៈពេលកន្លះឆ្នាំមកនេះ ពួកគាត់មិនត្រឹមតែមិនទទួលបានដំណោះស្រាយសមរម្យនោះទេ ប៉ុន្តែថែមទាំងទទួលរងអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរក្រុងភ្នំពេញជាហូរហែ ដោយអាជ្ញាធរចោទពួកគាត់ថា ធ្វើបាតុកម្មខុសច្បាប់។ ទោះជាបែបនេះក្ដី ក្រុមកូដករណាហ្គាវើលដ៍អះអាងថា ពួកគាត់នឹងនៅតែចេញតវ៉ារហូតទាល់តែទទួលបានដំណោះស្រាយ ព្រោះពួកគាត់ជាជនរងគ្រោះនៃករណីរំលោភសិទ្ធិការងារ។
ក្រុមអង្គការសង្គមស៊ីវិល តំណាងប្រទេសប្រជាធិបតេយ្យ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិតែងអំពាវនាវជាបន្តបន្ទាប់ដល់រដ្ឋាភិបាលកម្ពុជា ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមកូដករ និងងាកមកជួយរកដំណោះស្រាយបញ្ចប់វិវាទនេះ ស្របតាមច្បាប់ស្ដីពីការងារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។