សមត្ថកិច្ចបានបញ្ជូនព្រះតេជព្រះគុណ សយ សាត ទៅស្នងការនគរបាលខែត្របាត់ដំបងភ្លាមៗ ក្រោយពីសមត្ថកិច្ចចាប់បង្ខំឲ្យព្រះអង្គផ្សឹក កាលពីយប់ថ្ងៃទី៩ មីនា នេះ។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ខែត្របាត់ដំបង លោក អ៊ិន គង់ជិត ឲ្យវិទ្យុអាស៊ីសេរីដឹងកាលពីយប់ថ្ងៃទី៩ មីនា ថា ព្រះតេជព្រះគុណ សយ សាត ដែលធ្វើធម្មយាត្រាពីភ្នំពេញមកដល់ខែត្របាត់ដំបង កាលពីថ្ងៃទី៩ មីនា ដើម្បីឆ្ពោះទៅប៉ោយប៉ែតនោះ ត្រូវបានសមត្ថកិច្ចដែលដឹកនាំដោយព្រះរាជអាជ្ញាសាលាដំបូងខែត្របាត់ដំបង លោក កែវ សុជាតិ មកឃាត់ក្បួនធម្មយាត្រានេះ។ លោកបន្ថែមថា លោកព្រះរាជអាជ្ញាបង្ខំឲ្យព្រះអង្គត្រលប់ទៅភ្នំពេញវិញ ហើយត្រូវដាក់លិខិតស្នើសុំធ្វើធម្មយាត្រាពីក្រសួងមហាផ្ទៃ ប៉ុន្តែព្រះអង្គបដិសេធ ពីព្រោះអង្គចង់ធ្វើដំណើរទៅមុខទៀត។
លោកបញ្ជាក់ថា ក្រោយពីអង្គ សយ សាត មិនព្រមត្រលប់ទៅភ្នំពេញវិញ សមត្ថកិច្ចបានវាយខ្នោះព្រះអង្គ ហើយដឹកយកទៅវត្តពោធិ៍វាល ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង។ រួចប្រធានមន្ទីរធម្មតា និងសាសនា ព្រះគ្រូចៅអធិការវត្តពោធិ៍វាល និងជាព្រះមេគណខែត្រ ចាប់ផ្សឹកព្រះអង្គទាំងបង្ខំ។ ក្រោយពីផ្សឹកសមត្ថកិច្ចបញ្ជូនព្រះអង្គទៅស្នងការដ្ឋាននគរបាលខែត្របាត់ដំបង។
លោក អ៊ិន គង់ជិត អះអាងថា សមត្ថកិច្ចនាំព្រះកាយព្រះតេជព្រះគុណ សយ សាត នេះ ពុំមានដីកាឡើយ។
លោក អ៊ិន គង់ជិត៖ «មកដល់ពេលនេះ ខ្ញុំមិនទាន់ដឹងថា ព្រះរាជអាជ្ញាចោទប្រកាន់ពីបទអ្វីនោះទេ។ តែព្រះអង្គធ្វើធម្មយាត្រានេះ មានរយៈពេលជាច្រើនថ្ងៃហើយ ព្រះអង្គធ្វើធម្មយាត្រាតែមួយអង្គឯងទៀត ដូចពុំមានអ្វីធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមទេ។ ការបង្ក្រាបនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិដើរហើយនៅក្នុងសង្គម ដែលធានានៅក្នុងច្បាប់»។
រីឯអ្នកចូលរួមជាមួយព្រះតេជព្រះគុណ សយ សាត មួយនាក់គឺលោក ជាតិ ខែមរា ត្រូវបានសមត្ថកិច្ចដឹកយកទៅទម្លាក់ចោលនៅមុខវត្តពោធិ៍វាល។
វិទ្យុអាស៊ីមិនអាចទាក់ទងស្នងការនគរបាលខែត្របាត់ដំបង ដើម្បីសុំសួរអំពីបញ្ហានេះបានទេ កាលពីយប់ថ្ងៃទី៩ មីនា។
ព្រះតេជព្រះគុណ សយ សាត បានធ្វើធម្មយាត្រាចេញពីភ្នំពេញ ឆ្ពោះទៅព្រំដែនថៃតែអង្គឯងទេ ក៏ប៉ុន្តែក្រោយពីព្រះអង្គនិមន្តដល់ខែត្រពោធិ៍សាត់ និងខែត្របាត់ដំបងមានប្រជាពលរដ្ឋជិត ២០នាក់ចូលរួមធម្មយាត្រាជាមួយអង្គដែរ។ ព្រះតេជព្រះគុណ សយ សាត ធ្លាប់មានថេរដីកាប្រាប់អាស៊ីសេរីនៅមុនពេលសមត្ថកិច្ចឃាត់ព្រះកាយព្រះអង្គអំពីគោលបំណងធ្វើធម្មយាត្រានេះ ដើម្បីលើកស្ទួយសីលធម៌សង្គម និងទាមទារយុត្តិធម៌សង្គម។
លោក អ៊ិន គង់ជិត បញ្ជាក់ថា ក្រោយពីសមត្ថកិច្ចបញ្ជូនព្រះអង្គ សយ សាត ទៅស្នងការនគរបាលខែត្រ គឺលោកមិនទាន់ដឹងថា តើសមត្ថកិច្ចនិងព្រះរាជអាជ្ញា លោក កែវ សុជាតិ នឹងចាត់វិធានការបែបណាទៀតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។