អាជ្ញាធរ​ចុះ​រុះរើ​ស្លាក​ទាមទារ​ឲ្យ​ដោះលែង​លោក កើត សារ៉ាយ នៅ​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក​ប្រចាំ​ខេត្ត​កំពង់ចាម

អាជ្ញាធរ​ខេត្ត​កំពង់ចាម ចុះ​រុះរើ​ស្លាក​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ នៅ​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាហុក (ADHOC) ប្រចាំ​ខេត្ត​កំពុង​ចាម ក្រោម​ហេតុ​ផល​ប៉ះពាល់​នីតិវិធី​តុលាការ និង​សណ្ដាប់​ធ្នាប់​សាធារណៈ។ មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លើកឡើង​ថា ពុំ​មាន​មាត្រា​ច្បាប់​ណាមួយ ហាម​ឃាត់​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​សំណុំរឿង​លោក កើត សារ៉ាយ នៅ​តុលាការ​ឡើយ ហើយ​សមាគម​អាដហុក កំពុង​ពិចារណា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ពិនិត្យ​លើ​ការ​អនុវត្ត​តួនាទី​របស់​រដ្ឋបាល​ក្រុង​កំពង់ចាម។

អាជ្ញាធរ​ក្រុង​កំពង់ចាម ​ជាង ១០នាក់ ស្លៀក​ឈុត​ស៊ីវិល បាន​ចុះ​រុះរើ​បដា​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ នៅ​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិ​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី១៧ ខែ​កក្កដា។

ការ​ចុះ​មក​រុះរើ​ស្លាក និង​បដា​នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋបាល​ក្រុង​កំពង់ចាម កាល​ពី​ថ្ងៃ​ទី១៦ ខែកក្កដា បាន​ចេញ​លិខិត​ជម្រាប​ជូន​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ចាម អ្នកស្រី ធីម ណារីន។ ក្នុង​លិខិត​នេះ​អះអាង​ថា ការ​ដាក់​បដា ឬ​ខិត្តប័ណ្ណ​ទាមទារ​ឲ្យ​ដោះ​លែង​លោក កើត សារ៉ាយ គឺ​រំខាន​ដល់​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ និង​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង​កំពង់ចាម។ រដ្ឋបាល​ក្រុង​កំពង់ចាម បាន​ដាក់​ឱសានវាទ ឲ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ចាម រុះរើ​បដា ឬ​ខិត្តប័ណ្ណ​នេះ​ចេញ​ឲ្យ​អស់​ពី​ទីស្នាក់ការ​ត្រឹម​ម៉ោង ៩ព្រឹក​ ថ្ងៃ​ទី១៧ ខែ​កក្កដា និង​មិន​អនុញ្ញាត​ឲ្យ​បិត​ផ្សាយ​បដា ឬ​​ខិត្តប័ណ្ណ​ផ្សេងៗ ទៀត ដែល​អាជ្ញាធរ​ចាត់​ទុក​ថា ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ។ រដ្ឋបាល​ក្រុង​កំពង់ចាម ក៏​បាន​ព្រមាន​ចាត់​វិធានការ​រដ្ឋបាល លើ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក្នុង​ករណី​មិន​រុះរើ​តាម​ការ​ជូន​ដំណឹង។

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា​ថា ការ​រុះរើ​ស្លាក ឬ​បដា​ទាមទារ​ឲ្យ​ដោះលែង​លោក កើត សារ៉ាយ ក្រោម​ហេតុផល​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ និង​នីតិវិធី​របស់​តុលាការ គឺ​មិន​សម​ហេតុផល​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ឡើយ ដោយ​សារ​តែ​តុលាការ​មិនមែន​ជំនុំ​ជម្រះក្ដី​នៅ​ខេត្ត​កំពង់ចាម​ឡើយ ហើយ​ការ​លើក​ស្លាក ឬ​បដា​នេះ គឺ​សមាគម​អាដហុក​លើក​នៅ​គ្រប់​ទីស្នាក់ការ​នៅ​ទូទាំង​ប្រទេស។

លោក យិន ម៉េងលី៖«ខ្ញុំ​អត់​ឃើញ​មាន​ច្បាប់​ហាម​ថា បើ​រឿង​ហ្នឹង​កំពុង​តែ​ដំណើរ​ការ​នីតិវិធី​នៅ​តុលាការ​ហាម​នាំគ្នា​កុំ​និយាយ វា​អត់​មាន​និយាយ​ទេ។ ការ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​វា​រឹត​តែ​ចង់​ឲ្យ​គួរ​ឲ្យ​អស់​សំណើច​ទៅ​ទៀត បដា​ទាំង​អស់​មួយ​ផ្ទាំង​ទទឹង​មួយ​ម៉ែត្រ បណ្ដោយ​ប្រមាណ​មួយ​ម៉ែត្រ បួនជ្រុង ហើយ​ចង​នៅ​ទីស្នាក់ការ​សមាគម​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ខ្ញុំ​សួរ​ថា តើ​ក្រុង​កំពង់ចាម​មាន​បដា​លើក​ស្លាក​អី​ដែរ​ទេ នៅ​តាម​ទី​សាធារណៈ?អ្វី​ទៅ​ជា​សណ្ដាប់ធ្នាប់​សាធារណៈ?»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រូប​នេះ បញ្ជាក់​ថា ការ​ដាក់​បដា​នៅ​ខាង​មុខ​ទីស្នាក់ការ​នេះ គឺ​ជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ឬ​យល់ឃើញ ឬ​ទស្សនៈ ដែល​សិទ្ធិ​នេះ មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ឧបករណ៍​សិទ្ធិមនុស្ស អន្តរជាតិ​ផ្សេង​ទៀត ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន។ លោក យិន ម៉េងលី ចាត់ទុក​ការ​រុះរើ​បដា ឬ​ខិត្តប័ណ្ណ​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ នេះ ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ហើយ​សមាគម​នឹង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ក្រសួងមហាផ្ទៃ ឲ្យ​ចុះ​ត្រួត​ពិនិត្យ​ការអនុវត្ត​តួនាទី​របស់​មន្ត្រី​នៅ​ក្នុង​រដ្ឋបាល​ក្រុង​កំពង់ចាម។

លោក យិន ម៉េងលី៖«យើង​កំពុង​តែ​ពិចារណា​ពីរ​ចំណុច​ទី១ យើង​ពិចារណា​ទៅ​លើ​ការ​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​ទៅ​នឹង​រដ្ឋបាល​ក្រុង​កំពង់ចាម​នេះ ឲ្យ​ក្រសួង​មហាផ្ទៃ​គាត់​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ឡើង​វិញ។ ទី២ ពិចារណា​ទៅ​លើ​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍ បង្ហាញ​អំពី​ការ​រឹត​ត្បិត​សេរីភាព​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត​នៅ​ក្នុង​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​នេះ»។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង អភិបាល​ក្រុង​កំពង់ចាម លោក លី សុវណ្ណ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១៧ ខែ​កក្កដា។

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៧ ខែកក្កដា​ថា រដ្ឋបាល​ក្រុង​កំពង់ចាម បាន​អនុវត្ត​តួនាទី​របស់​ខ្លួន ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​កំពង់ចាម សម្រាប់​គ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព​សង្គម។ លោក បន្ថែម​ថា ការ​ចុះ​រុះរើ​នេះ អាច​បណ្ដាល​មក​ពី​មូលហេតុ ដែល​រដ្ឋបាល​ក្រុង​កំពង់ចាម​ពិនិត្យ​ឃើញ​ថា ជា​សញ្ញា​បង្ក​ឲ្យ​មាន​បទ​ល្មើស​ណាមួយ​កើត​ឡើង ហើយ​អាជ្ញាធរ​ក៏​បង្ការ​ទុក​ជា​មុន។

លោក ទូច សុឃៈ៖«ឥឡូវ​ចំពោះ​មុខ​ហ្នឹង​ បើសិនជា​បញ្ហា​របស់​លោក កើត សារ៉ាយ កំពុង​តែ​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ យើង​ត្រូវ​ប្រឹងប្រែង​ស្វែងរក​មូលដ្ឋាន​ច្បាប់ ភស្តុតាង វត្ថុ​តាង សំអាង​ផ្សេងៗ ដើម្បី​យក​ទៅ​ដាក់​ជូន​តុលាការ​ ដោយ​យើង​ពឹង​មេធាវី ដើម្បី​ធ្វើ​ជា​អ្នក​តំណាង​សិទ្ធិ​របស់​យើង។ ខ្ញុំ​គិត​ថា ចំណុច​នេះ គឺ​ខាង​សមាគម​អាហុក​លោក​បាន​យល់​ច្បាស់​ណាស់។ អ៊ីចឹង​ មាន​តែ​យើង​ពង្រឹង​ពង្រីក​បន្ថែម​នូវ​ទឡ្ហីករណ៍​ផ្នែក​ច្បាប់ ដើម្បី​ទៅ​គាំទ្រ ទៅ​ជួយ​ការពារ​លោក កើត សារ៉ាយ ហើយ​ករណី​ដែល​​ឆ្លងឆ្លើយ​គ្នា​រវាង​សមាគម​អាដហុក និង​រដ្ឋបាល​ក្រុង​កំពង់ចាម​នេះ ខ្ញុំ​គិត​ថា គួរ​ជួប​គ្នា ជជែក​គ្នា​នៅ​ក្នុង​កម្រិត​ណា​មួយ​ទៅ»។

នេះ ជា​លើក​ទី២ ហើយ​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ចាម ចុះ​រុះរើ​បដា ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ បន្ទាប់​ពី​ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម លោក ចាន់ រស្មី កាល​ពី​ថ្ងៃ​ទី៨ ខែកក្កដា បាន​ដឹកនាំ​កម្លាំង​នគរ​បាល​ជា​ច្រើន​នាក់ បញ្ជា​ឲ្យ​មន្ត្រី នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​នៅ​ទីស្នាក់ការ​ខេត្ត​កំពង់ចាម​ដោះ​បដា ដែល​ទាមទារ​ឲ្យ​ដោះលែង​​លោក កើត សារ៉ាយ ចេញ​ពី​មុខ​ទីស្នាក់ការ​ប្រចាំ​ខេត្ត​នេះ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​រសៀល​ថ្ងៃ​ទី១៧ ខែ​កក្កដា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការ​ចុះ​រុះរើ​បដា​នេះ។ សមាគម​អាដហុក បាន​ចាត់​ទុក​សកម្មភាព​របស់​រដ្ឋបាល​ក្រុង​កំពង់ចាម​ថា ​ជា​ការ​រឹតត្បិត និង​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​បញ្ចេញ​មតិ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ស្នើ​ដល់​ក្រសួង​មហាផ្ទៃ​ឲ្យ​ពិនិត្យ និង​មាន​វិធានការ​ ចំពោះ​រដ្ឋបាល​ក្រុង​កំពង់ចាម ដើម្បី​ធានា​ដល់​លំហ​សេរីភាព ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​អង្គការ សមាគម ដោយ​គ្មាន​ការ​រឹត​ត្បិត និង​ធ្វើ​ទុក្ខបុកម្នេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។