សមត្ថកិច្ច​ខេត្ត​សៀមរាម រារាំង​មិន​ឱ្យ​ព្រះសង្ឃ មន្ត្រី​សង្គម​ស៊ីវិល និង​​យុវជន ធ្វើ​ធម្មយាត្រា

0:00 / 0:00

សមត្ថកិច្ច​ខេត្ត​សៀមរាប​ជាង​២០​នាក់​បាន​រារាំង​ព្រះសង្ឃ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​មិន​ឱ្យ​ធ្វើ​ធម្មយាត្រា​ទេ ដោយ​ចោទប្រកាន់​ថា ការ​ធ្វើ​ធម្មយាត្រា​នេះ​គ្មាន​ច្បាប់​អនុញ្ញាត។ ទោះ​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​ថា ពួកគាត់ ​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ខេត្ត​សៀមរាប​រួចរាល់​អស់​ហើយ​មុន​នឹង​ចាប់ផ្ដើម​ធ្វើ​ធម្មយាត្រា។

សមត្ថកិច្ច​ខេត្ត​សៀមរាប ​បាន​រារាំង​ព្រះសង្ឃ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​មិន​ឱ្យ​ធ្វើ​ធម្មតា​យាត្រា នៅ​ម្ដុំ​​ផ្សារ​សាមគ្គី ក្នុង​ក្រុង​សៀមរាប​ជាច្រើន​ម៉ោង។ សមត្ថកិច្ច​ប្រាប់​ឱ្យ​ធម្មយាត្រា​ឈប់​ធ្វើ​ដំណើរ​ត្រឹម​នេះ ដោយ​ចរចា​គ្នា​សិន ទោះ​យ៉ាង​ណា​ក្ដី ការ​រារាំង​មិន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថ្ងៃ​ទី៦ ខែ​ធ្នូ ថា ក្រុម​ធម្មយាត្រា បាន​ប្រាប់​ទៅ​ក្រុម​សមត្ថកិច្ច​ថា ការ​ហាមឃាត់​នេះ មិន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ។ លោក​ប្រាប់​ទៅ​សមត្ថកិច្ច​ទៀត​ថា ក្រុម​ធម្មយាត្រា ​បាន​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ខេត្ត​សៀមរាប និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចហើយ។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា ក្រុម​សមត្ថកិច្ច​នៅតែ​មិន​ស្ដាប់​តាម​ការ​ពន្យល់​របស់​ក្រុម​អ្នក​ធម្មយាត្រា ឡើយ ហើយ​បាន​ទាមទារ​​​ឱ្យ​ក្រុម​ធម្មយាត្រា សម្របសម្រួល​ ដោយ​បញ្ឈប់​ធ្វើ​ធម្មយាត្រា ត្រឹម​ទីតាំង​ហាមឃាត់ ដោយ​ពួក​គេ​លើក​ហេតុផល​ថា ការ​ធ្វើ​ធម្មយាត្រា​ពេញ​មួយ​ព្រឹក​នេះ គឺ​បាន​ឆ្លងកាត់​តំបន់​សំខាន់ៗ មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សៀមរាប​រួច​ហើយ។

លោក រស់ សុដ្ឋា៖«តាម​ផ្លូវ​ច្បាប់​គឺ យើង​គ្រាន់តែ​ជូន​ដំណឹង ២៤ម៉ោង​មុន ការ​ដើរក្បួន​ការ​ជួបជុំ​តិច​ជាង ២០០នាក់ គឺ​សម​ល្មម ហើយ​ដូច្នេះ​មិន​គួរ​ណា​មក​ឃាត់​ពួក​យើង​ទេ។ ចំណុច គឺ​នៅត្រង់​ហ្នឹង យើង​ធ្វើ​ត្រូវ​ច្បាប់​ហើយ មក​ឃាត់​យើង ដូច្នេះ​ហើយ​រដ្ឋ​ចេះ​តែ​ចង្អុល​សង្គម​ស៊ីវិល​ធ្វើ​មិន​ត្រូវ​ច្បាប់។ ប៉ុន្តែ យើង​ធ្វើ​ត្រូវ​ច្បាប់​ហើយ​ទៅជា​ឃាត់​យើង»។

ព្រះសង្ឃ​ចំនួន ១២អង្គ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​ជាង ២០នាក់ បាន​ធ្វើ​ធម្មយាត្រា​ដើរ​ថ្មើរ​ជាង ចេញ​ពី​ទី​ប្រជុំ​ជន​ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី៦ ខែធ្នូ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ក្នុង​គោល​បំណង​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញ​លេញ។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​ជាន់ខ្ពស់​សាលាខេត្ត សៀមរាប ដែល​ប្រាប់​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​ថា លោក ឈ្មោះ សុន ឆៃ មិន​យល់​ដូច្នេះ​ទេ ដោយ​លោក​បាន​ដឹកនាំ សមត្ថកិច្ច​ជាង ២០នាក់ រារាំង​ធម្មយាត្រា​នេះ។ ទាក់ទង​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​មន្ត្រី​ជាន់​ខ្ពស់​សាលាខេត្ត​សៀមរាប រូប​នេះ បានទេ​នៅ​ថ្ងៃ​ទី៦ ខែធ្នូ។ ចំណែក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ឱ្យ​ដឹង​ដែរ​ថា បើ​ទោះ​ជា​ក្រុម​ធម្មយាត្រា យល់​ព្រម​សម្របសម្រួល​តាម​ការ​ចង់​បាន​របស់​សមត្ថកិច្ច​គឺ​សម្រាក នៅ​ក្នុង​ភូមិ សំរោង ឃុំ​ សំរោង ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប តែ​គិត​ដល់​ល្ងាច​ថ្ងៃ​ទី៦ ខែ​ធ្នូ​នេះ គឺ​មាន​​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន ៤នាក់ ​មក​តាម​ឃ្លាំមើល និង​មក​សួរនាំ​ពី​ចំនួន​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា និង​ថតរូប ក្រុម​ធ្វើ​ធម្មយាត្រា​ជា​ដើម។ លោក​យល់​ថា ចំណាត់​ការ​របស់​សមត្ថកិច្ច ជា​រូបភាព​អាក្រក់ និង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ។ លោក​បន្ត​ថា សមត្ថកិច្ច គួរតែ​ជួយ​សម្រួល​ការ​ធ្វើ​សកម្មភាព​ធ្វើ​ធម្មយាត្រា​នេះ ព្រោះ​ជា​សកម្មភាព​ជួយ​សង្គម។ ប៉ុន្តែ សមត្ថកិច្ច​បែរ​រារាំង និង​បង្ក​ផល​លំបាក​ទៅវិញ។

លោក កើត សារ៉ាយ៖«សកម្មភាព​របស់​យើង យើង​បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ធ្វើ​សេចក្ដី​ជូនដំណឹង​ យើង​បាន​ជូនដំណឹង​ទៅ​សាលាខេត្ត​ ប៉ុន្តែ​នៅតែ​រារាំង​យើង​នេះ​ហើយ​ជា​ការ​បង្ហាញ​ថា មិនមែន​ជា​ការអនុវត្ត​ស្តង់ដារ​នៃ​ច្បាប់​ទេ ប៉ុន្តែ ជា​របៀប​ធ្វើ​ការងារ​ដោយ​ប្រើ​អារម្មណ៍​ជា​របៀប​ធ្វើ​ការងារ​ដោយ​ប្រើ​ចិត្ត»។

នៅ​ពេល​មាន​រារាំង​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ខេត្ត​សៀមរាប​ ដូច្នេះ ក្រុម​អ្នក​ធ្វើ​ធម្មតា សម្រាក​នៅ​ម្ដុំ​ផ្សារ​ដំដែក ក្នុង​ភូមិ សំរោង ឃុំ​ សំរោង ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប។ ពួកគាត់​​អ្នក​ខ្លះ​បោះតង់ អ្នក​ខ្លះ​សុំ​ផ្ទះ​អ្នកស្រុក​ស្នាក់នៅ។ លោក កើត សារ៉ាយ ឱ្យ​ដឹង​ថា តាម​គម្រោង​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី៧ ខែ​ធ្នូ ក្រុម​ធ្វើ​ធម្មយាត្រា នឹង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ខេត្ត​កំពង់ធំ រួច​បន្ត​ទៅ​ខេត្ត​កំពង់ចាម និង​ចូល​រាជធានី​ភ្នំពេញ ឱ្យ​ទាន់​ថ្ងៃ​ទី១០ ខែ​ធ្នូ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​ទី១០ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។