អាជ្ញាធរ​ខេត្តពោធិ៍សាត់​រម្លឹក​សមាគម​គ្រូ​បង្រៀន​ ​​ឱ្យ​​កំហិត​អ្នក​ចូលរួម​ដង្ហែ​ធម្មយាត្រា​ត្រឹម​ ៥០នាក់

0:00 / 0:00

អាជ្ញាធរ​នៅ​ក្នុង​ខេត្តពោធិ៍សាត់ រម្លឹក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ជា​ថ្មី​ម្ដង​ទៀត អំពី​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ដាក់​កំហិត​ឱ្យ​អ្នក​ចូលរួម​ធម្មយាត្រា​មាន​ចំនួន​ត្រឹម​តែ៥០នាក់​តែ​ប៉ុណ្ណោះ។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ចាត់​ទុក​ការ​ដាក់​កំហិត​ឱ្យ​អ្នក​ចូលរួម​ត្រឹមតែ​៥០នាក់​នេះ មិន​មាន​ភាព​ប្រាកដនិយម និង​មិន​អាច​ធ្វើ​ទៅ​បាន ហើយ អាជ្ញាធរ​មាន​ចេតនា​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចូលរួម​ធម្មយាត្រា​នេះ។ ទោះ​ជា​មាន​ការ​គាប​សង្កត់​យ៉ាងណា​ក្ដី អ្នក​ចូលរួម​ធម្មយាត្រា​នៅ​តែ​មាន​ស្មារតី​រឹងមាំ ដោយ​ថែម​ទាំង​បន្លឺ​សំឡេង​យ៉ាង​កង​រំពង​ទៀត​ផង។

«...ជយោ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ! ជយោ​សីលធម៌​ខ្មែរ ដ៏​ល្អ​ផូរផង់! ជយោ​សីលធម៌​ខ្មែរ ដ៏​ល្អ​ផូរផង់!»

ក្បួន​ធម្មយាត្រា​ដឹកនាំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម បាន​ធ្វើ​ដំណើរ​ដល់​ទី​រួម​ខេត្ត​ពោធិ៍សាត់​ហើយ នៅ​ថ្ងៃ​ទី៦ កុម្ភៈ។ បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ហួតហែង និង​មានការ​តាម​ដាន​ជាប់​ជានិច្ច​ពី​សំណាក់​អាជ្ញាធរ អ្នក​ចូលរួម​ដង្ហែ​ធម្មយាត្រា​ថ្ងៃ​ទី៦នេះ ហាក់​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង និង​បាន​ដើរ​ដោយ​ភាព​ស្វាហាប់ ក្នុង​នោះ អ្នក​ចូលរួម​ដង្ហែ​ធម្មយាត្រា​បាន​កើន​ឡើង​ដល់​ជាង១០០នាក់ ដោយ​ពួកគេ​ភាគ​ច្រើន គឺជា​សមាជិក​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តពោធិ៍សាត់​នេះ​តែ​ម្ដង។

ឆ្លើយ​តប​នឹង​ការ​កោះហៅ​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​៣នាក់ បាន​ទៅ​សាលា​ខេត្តពោធិ៍សាត់ ដើម្បី​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​ខេត្ត​រួច​ហើយ ជុំវិញ​ការ​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ​នេះ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្តពោធិ៍សាត់ អ្នកស្រី គឹម ដារ៉ានី ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្តពោធិ៍សាត់ ប្រាប់​វិទ្យុអាស៊ីសេរី​ថា កិច្ច​ពិភាក្សា​ដែល​ដឹកនាំ​ដោយ​អភិបាលរង​ខេត្តពោធិ៍សាត់ គឺលោក ពៅ ពិសិដ្ឋ បាន​ជជែក​គ្នា​៣ចំណុច ទី១ គឺ​តម្រាយ​ផ្លូវ​ក្នុង​ការ​ដង្ហែ​ធម្មយាត្រា ទី២ គឺ​ការ​កំណត់​ចំនួន​អ្នក​ចូលរួម​ធម្មយាត្រា​ត្រឹម៥០នាក់ ទី៣ គឺ​ភាគី​អាជ្ញាធរ​ខេត្ត​ស្នើ​សុំ​ឱ្យ​អ្នក​ចូលរួម​ត្រូវ​ពាក់​កាត​បញ្ជាក់​អត្តសញ្ញាណ ហើយ​ត្រូវ​ផ្ដល់​បញ្ជី​ឈ្មោះ​អ្នក​ចូលរួម​ទាំង​អស់​ទៅ​ដល់​អាជ្ញាធរ​ខេត្ត។ អ្នក​ស្រី​បន្ថែម​ថា គណៈកម្មការ​រៀបចំ​ធម្មយាត្រា បាន​យល់​ព្រម​ដើរ​តាម​តម្រាយ​ផ្លូវ​ដែល​អាជ្ញាធរ​ខេត្ត​ស្នើ​សុំ ក៏​ប៉ុន្តែ​អ្នក​ស្រី​មិន​យល់​ស្រប​ចំពោះ​ការ​ដាក់​កំហិត​ឱ្យ​មាន​អ្នក​ចូលរួម​ដង្ហែ​ធម្មយាត្រា​ត្រឹម​៥០នាក់​នោះ​ឡើយ ព្រោះ​ការ​កំណត់​បែបនេះ​គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ចូលរួម​ធម្មយាត្រា៖

«សម្រាប់​ខ្ញុំ​ក្នុង​ធម្មយាត្រា ខ្ញុំ​តែងតែ​ចង់​បាន​ភាព​អធិក​អធម ចង់​បាន​រីករាយ អរ​រំភើប ចំពោះ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ អ៊ីចឹង​ខ្ញុំ​សុំ​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី សូម​ឱ្យ​គាត់​បើក​សិទ្ធិ កុំ​ឱ្យ​រាំង​ខ្ទប់​ប្រជាពលរដ្ឋ ក្នុង​ការ​ចូលរួម​ជា​មួយ​ធម្មយាត្រា។ ពាក្យ​ថា​ធម្មយាត្រា មិនមែន​ជា​ការ​លើក​ទ័ព​ទៅ​ធ្វើ​សឹក​សង្គ្រាម​ឯណា គ្រាន់​តែ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​សក្ការ​បូជា​មួយ ដែល​មាន​វីរបុរស​ឃ្លាំង​មឿង ដែល​លោក​បាន​ពលី​ជីវិត​ដើម្បី​ប្រទេស​ជាតិ​ហ្នឹង»។

បើ​ទោះបីជា​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដង្ហែ​ធម្មយាត្រា​ក្ដី ក៏​ការ​ដង្ហែ​ធម្មយាត្រា​នេះ​រង​ការ​គំរាមកំហែង​ជា​ច្រើន​រូបភាព។ ក្រៅ​តែ​ពី​ក្រសួង​មហាផ្ទៃ​បាន​ដាក់​កំហិត​ឱ្យ​មាន​អ្នក​ចូលរួម​ដង្ហែ​ធម្មយាត្រា​ត្រឹម​តែ​៥០នាក់ អាជ្ញាធរ​ខេត្ត​ក៏​តែងតែ​តាម​ដាន​អ្នក​ដង្ហែ​ធម្មយាត្រា និង​តាម​ថត​រូប​អ្នក​ចូលរួម​ផង​ដែរ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត​កណ្ដាល បាន​តាម​ដេញ​អ្នក​ដើរ​ក្បួន​ធម្មយាត្រា​មិន​ឱ្យ​ស្នាក់នៅ​ក្នុង​វត្ត​ឡើយ កាល​ពី​យប់​ថ្ងៃទី១ នៃ​ធម្មយាត្រា។ រីឯ ថ្នាក់​ដឹកនាំ​ក្នុង​ខេត្តពោធិ៍សាត់ និង​កំពង់ឆ្នាំង​វិញ ពួកគេ​មិន​បាន​អនុញ្ញាត​ឱ្យ​សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ទៅ​ចូលរួម​ដង្ហែ​ធម្មយាត្រា​នេះ​ឡើយ។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចាត់​ទុក​ទង្វើ​ថ្នាក់​ដឹកនាំ​សាលា​បែប​នេះ ថា​គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​គ្រូ​បង្រៀន​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​ការ​ចូលរួម​ការងារ​សង្គម។

ជុំវិញ​រឿង​នេះ ទី​ប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា គណៈកម្មការ​រៀបចំ​ក្បួន​ធម្មយាត្រា មិន​អាច​កំណត់​ចំនួន​អ្នក​ចូលរួម​ដង្ហែ​ធម្មយាត្រា​ត្រឹម​៥០នាក់ បាន​នោះ​ឡើយ។ លោក​បន្ថែម​ថា គណៈកម្មការ​រៀប​ចំ​ក្បួន​ធម្មយាត្រា មិន​អាច​ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ក្បួន​ធម្មយាត្រា​បាន​ឡើយ ព្រោះ​ពួកគេ​បាន​ស្ម័គ្រចិត្ត​ចូលរួម​ដង្ហែ​ដោយ​ខ្លួនឯង ហើយ​សកម្មភាព​បែបនេះ​គឺជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ដែល​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​សិទ្ធិមនុស្ស​ជា​សកល។ ឆ្លើយតប​ទៅ​នឹង​ការ​ស្នើសុំ​ឈ្មោះ​អ្នក​ចូលរួម និង​ធ្វើ​កាត​ឱ្យ​អ្នក​ចូលរួម​ដង្ហែ​ធម្មយាត្រា​វិញ លោក រ៉ុង ឈុន លើក​ឡើង​ថា ខាង​សមាគម​អាច​បញ្ជាក់​ចំនួន​អ្នក​ចូលរួម ក៏​ប៉ុន្តែ​មិន​អាច​ធ្វើ​កាត និង​ផ្ដល់​ឈ្មោះ​អ្នក​ចូលរួម​ដង្ហែ​ធម្មយាត្រា​ទៅ​ដល់​អាជ្ញាធរ​ខេត្ត​បាន​នោះ​ឡើយ៖

«បើ​ចូលរួម​ច្រើន​កាលណា បង្ហាញ​អំពី​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​នូវ​សីលធម៌​សង្គម​នៅ​កម្ពុជា​របស់​យើង​ហ្នឹង ដូច្នេះ​យើង​មិន​អាច​ទៅ​ហាម​ឃាត់ រារាំង​គាត់​ទៅ​ចូលរួម​បាន​ទេ អ៊ីចឹង​យើង​ស្វាគមន៍​ពួកគាត់​មក​ចូលរួម ទោះ​បី​ជា​ចំនួន​ប៉ុន្មាន​ក៏​ដោយ»។

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នឹង​បញ្ចប់​ក្បួន​ធម្មយាត្រា​នៅ​ថ្ងៃ​អង្គារ ទី៧ ខែកុម្ភៈ ត្រង់​ចំណុច​រូប​សំណាក​អ្នកតា​ឃ្លាំងមឿង ក្នុង​ខេត្តពោធិ៍សាត់។ គណៈកម្មការ​រៀបចំ​ក្បួន​ធម្មយាត្រា បញ្ជាក់​ប្រាប់​វិទ្យុអាស៊ីសេរីថា ក្បួន​ធម្មយាត្រា​នឹង​ធ្វើ​ពិធី​សាសនា បួងសួង​សុំ​ឱ្យ​ព្រលឹង​បុព្វបុរស​អ្នក​ស្នេហាជាតិ ជំរុញ​ទឹក​ចិត្ត​ឱ្យ​អ្នក​ដឹកនាំ​ប្រទេស និង​អ្នក​នយោបាយ ប្រកាន់​ខ្ជាប់ និង​លើក​កម្ពស់​សីលធម៌​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន និង​ប្រើប្រាស់​សម្ដី​ប្រកប​ដោយ​ក្រមសីលធម៌ ដើម្បី​ផ្សះផ្សា​ជាតិ​ឡើង​វិញ ហើយ​កម្មវិធី​នឹង​ត្រូវ​បញ្ចប់​បន្ទាប់​ពី លោក រ៉ុង ឈុន ថ្លែង​សារ​អំពី​គោល​បំណង​នៃ​ធម្មយាត្រា​រួចរាល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។