អាជ្ញាធរ​ឃុំ​តាជេស ព្រមាន​ចាប់ខ្លួន​អ្នកភូមិ​ឡ​ពាង រឿង​បើក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​តាម​មេក្រូ

0:00 / 0:00

មន្ត្រី​នគរបាល និង​មន្ត្រី​សាលាឃុំ​តាជេស ខេត្ត​កំពង់ឆ្នាំង កោះហៅ​តំណាង​សហគមន៍​ឡពាង​ទៅ​ព្រមាន រឿង​បើក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​តាម​មេក្រូ នៅ​ពេល​អ្នកភូមិ​ជួបជុំគ្នា​នៅ​ពេល​ព្រឹក នៅ​សាលា​បុណ្យ​។ អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​យល់ថា ការព្រមាន​នេះ គឺ​លេស​របស់​អាជ្ញាធរ​ប៉ុណ្ណោះ ព្រោះថា គ្មាន​មាត្រា​ក្នុង​ច្បាប់​ណាមួយ ហាម​ពលរដ្ឋ​មិន​ឱ្យ​ទទួល​បាន​ព័ត៌មាន​នោះ​ឡើយ។

តំណាង​សហគមន៍​ឡពាង លោក ស្ងួន ញឿន ឱ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន មាន​ទាំង​មេភូមិ និង​ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​តាជេស កោះហៅ​រូបលោក​ទៅ​ព្រមាន ដោយ​បង្គាប់​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​បើក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​តាម​មេក្រូ នៅ​ពេល​ព្រឹក​តទៅទៀត ក្រោម​ហេតុផល​ថា ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ជិត​ខាង។

លោក​រៀបរាប់​ថា អ្នកភូមិ​ឡពាង ដែល​ភាគច្រើន​ជា​អ្នកមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី (KDC) តែង​មក​ជួប​ជុំគ្នា នៅ​សាលា​បុណ្យ​ទួល​ក្រសាំង ជា​រៀងរាល់​ព្រឹក ដោយ​ស្នើ​ឱ្យ​លោក បើក​​វិទ្យុ​អាស៊ីសេរី​តាម​អ៊ីនធឺណិត​ដាក់​តាម​មេក្រូ ឱ្យ​ពួកគាត់​ស្ដាប់ ដើម្បី​ដឹង​ស្ថានការណ៍​នយោបាយ និង​រឿង​រ៉ាង​ដែល​កំពុង​កើតឡើង​ក្នុង​សង្គម​បច្ចុប្បន្ន។

លោក​បន្ត​ថា អ្នកភូមិ​ឡ​ពាង​ស្ដាប់​ព័ត៌មាន​របស់​អាស៊ីសេរី​ដោយ​ប្រើ​មធ្យោបាយ​បែបនេះ ជិត ១​ខែ​មក​ហើយ។ លោក​បញ្ជាក់​ថា ចាប់​តាំង​ពី​ពេល​ដែល​ពួកគេ​ជួប​ការ​រំលោភបំពាន​យក​ដីធ្លី​សំណាក់​ក្រុម​អ្នក​មាន​អំណាច អ្នកភូមិ​តែងតែ​តាន​ដាន​ស្ដាប់​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី មិន​លោះ​មួយថ្ងៃ​ណា​ឡើយ ដោយសារ​វិទ្យុ​មួយ​នេះ ផ្សាយ​បញ្ហា​របស់​ពលរដ្ឋ នៅ​គ្រប់កន្លែង​ទាំងអស់​ដោយ​មិន​ប្រកាន់​និន្នាការ​ណាមួយ​ឡើយ៖ «ខ្ញុំ​គិត​ថា ចាក់​មេក្រូ ខ្លះ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ បាន​ដឹងឮ ព្រោះ​គាត់​អត់​មាន វិទ្យុ​ហ្វេសប៊ុក ទូរស័ព្ទ​អី​ទំនើបៗ​ទេ។ ពួកគាត់​សុទ្ធតែ​រងគ្រោះ​ដីធ្លី គាត់​មាន​ទូរស័ព្ទ​ណា​ទំនើបៗ​ប្រើ​។ គាត់​មក​ជុំ​គ្នា​ម្ដង មាន​ទូរស័ព្ទ​គេ​ទិញ​ឱ្យ​មួយ​ហ្នឹង គាត់​ស្ដាប់​ជុំៗ​ គ្នា ចាប់ពី​ខ្ញុំ​ចាក់​តាំងពី​ថ្ងៃទី​៩ ធ្នូ​មក​ម្ល៉េះ​។ យើង​ធ្វើការ​ហ្នឹង​ផង យើង​ចាក់​ស្ដាប់​ផង​។ ស្ដាប់​មួយ​ម៉ោង​អ៊ីចឹង​ទៅ​។ គេ​ព្រមាន​ឱ្យ​ចុះ​លក្ខន្តិកៈ​ បើ​យើង​អត់​ចុះ​លក្ខន្តិកៈ​ទេ គេ​នឹង​ចាប់ខ្លួន​យើង»។

តំណាង​សហគមន៍​រូប​នេះ យល់ថា ទង្វើ​ថា​របស់​អាជ្ញាធរ​មូលដ្ឋាន គឺជា​ការរំលោភ​សិទ្ធិពល​រដ្ឋ មិន​ឱ្យ​ទទួល​បាន​ព័ត៌មាន​របស់​វិទ្យុ​ឯករាជ ដែល​ផ្សាយ​រឿង​ពិត​កើតមាន​ក្នុង​សង្គម៖ «តាម​ផ្ទះ​មួយ​អត់​បើក​ផង គ្រាន់​តែ​បើ​យូធូប​ប៉ះ​ហ្នឹង រករឿង​គ្នា​។ អ៊ីចឹង​ហើយ​ ! គឺ​មាន​ការគាបសង្កត់​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា បិទ​អាស៊ីសេរី​ហ្នឹង អត់​ឱ្យ​ប្រជាពលរដ្ឋ​ស្ដាប់​ទេ​។ ក្រៅពី​វិទ្យុ​អាស៊ីសេរី គឺ​ខ្ញុំ​អត់​ដែល​ស្ដាប់​វិទ្យុ​ណា​ទាំងអស់ ដោយសារតែ​វិទ្យុ​ផ្សេងៗ​អត់​ដែល​ផ្សាយ​បញ្ហា​នៅ​ក្នុង​សង្គម​ទេ ផ្សាយ​តែ​រឿង​ល្អៗ ហើយ​រឿង​អាក្រក់​អត់​ដែល​ផ្សាយ​។ អ៊ីចឹង​ !​ ហើយ វា​អត់​ឯករាជ​ទេ​។ សុំ​ឱ្យ​ខាង​ផ្សាយ​ក្នុង​វិទ្យុ​របស់​រដ្ឋាភិបាល​ទៀត ហើយ​បើ​ម្ដងៗ​អស់​លុយ ១​រយ ២​រយ​ដុល្លារ​បាន​ផ្សាយ​ឱ្យ​យើង ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី មិន​ចាំ​អស់​លុយ​ទេ ឱ្យ​តែ​មាន​រឿង គឺ​គាត់​ផ្សាយ​ឱ្យ គឺ​ផ្សាយ​ឱ្យ​ដោយ​ឯករាជ​។ មានតែ​វិទ្យុ​អាស៊ីសេរី ដែល​ពួកយើង​ខ្ញុំ​ដីធ្លី​ចូលចិត្ត​ស្ដាប់​ជាងគេ​ទាំងអស់ ចាប់តាំង​ពី​មានរឿង​ជម្លោះដីធ្លី​មក គឺ​យើង​ចូលចិត្ត​ស្ដាប់»។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​មេភូមិ​ឡ​ពាង លោក ឌុច ប៊ុនហេង និង​ប្រធាន​ប៉ុស្តិ៍​នគរបាល​តាជេស លោក ចាន់ ដារ៉ា បានទេ ដោយ​ហៅ​ទូរស័ព្ទ​ជាច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក សុំ ច័ន្ទគា ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន គួរ​សម្របសម្រួល​ដោយ​ប្រាប់​ឱ្យ​អ្នកភូមិ​បន្ថយ​សំឡេង ប្រសិនបើ​ប៉ះពាល់​ដល់​អ្នកជិតខាង​។ លោក​បន្ត​ថា អាជ្ញាធរ មិន​គួរ​ព្រមាន​ចាប់ខ្លួន​ពលរដ្ឋ​របស់​ខ្លួន ដោយសារតែ ពួកគេ​ជួបជុំគ្នា បើក​ស្ដាប់​ព័ត៌មាន​ពី​វិទ្យុ​អាស៊ីសេរី​នោះ​ទេ​។ លោក​ថា សិទ្ធិ​ជួប​ប្រជុំ និង​ទទួល​ព័ត៌មាន​ពី​គ្រប់​និន្នាការ គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គាំពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៖ «ខ្ញុំ​យល់ថា​អ្វី​ដែល​អាជ្ញាធរ​ធ្វើ​នេះ គ្រាន់តែ​ជា​លេស​ទេ ក្នុង​ការ​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ស្ដាប់​វិទ្យុ​ណា ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​។ បើ​យើង​មើល​ទៅតាម​រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋ មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន មាន​សិទ្ធិ​ផ្សព្វផ្សាយ​ព័ត៌មាន​។ ដើម្បី​បាន​ទទួល​ព័ត៌មាន​ហ្នឹង គឺ​ត្រូវ​ស្ដាប់​គ្រប់​ព័ត៌មាន​ទាំងអស់ ដើម្បី​យក​មក​ពិនិត្យ​ពិចារណា​។ គ្មាន​មាត្រា​ណា​ដែល​រារាំង​ថា​អ្នក​ដែល​ចាក់​ស្ដាប់​វិទ្យុ​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​ហ្នឹង ទៅ​ដាក់ទោស​នោះ​ទេ​។ វា​អត់​មាន​សោះ»។

ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា ៤១ នៃ​ជំពូក​ទី​៣ ដែល​ស្ដី​អំពី​សិទ្ធិ​និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការប្រជុំ។ ជន​ណា​ក៏​ដោយ មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ ដោយ​រំលោភ នាំ​ឱ្យ​ប៉ះពាល់​កិត្តិយស​ដល់​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។