ជនភៀសខ្លួន​ខ្មែរ​នៅ​ថៃ​គ្រោង​ដាក់​ញត្តិ​ទៅ​អ.ស.ប​នៅ​បាងកក​ជួយ​ការពារ​សុវត្ថិភាព​ពួកគេ

ដោយ ស្ងួន អមរា
2022.10.27
Share on WhatsApp
Share on WhatsApp
ជនភៀសខ្លួន​ខ្មែរ​នៅ​ថៃ​គ្រោង​ដាក់​ញត្តិ​ទៅ​អ.ស.ប​នៅ​បាងកក​ជួយ​ការពារ​សុវត្ថិភាព​ពួកគេ ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ។
Screenshot

ជនភៀសខ្លួន​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ គ្រោង​ដាក់​ញត្តិ​ទៅ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ដែល​មាន​ទីស្នាក់ការ​នៅ​កណ្ដាល​ក្រុង​បាងកក​ជួយ​ការពារ​សុវត្ថិភាព​ពួកគេ ក្រោយពី​អាជ្ញាធរ​ថៃ​បាន​រឹត​បន្តឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ប្រទេស។ ពួកគាត់​ថា ពួកគាត់​គ្មាន​សិទ្ធិ​ដើរហើរ ឬ​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​ទេ ទោះជា​ពួកគាត់​មាន​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ក៏ដោយ ក៏​ប៉ូលិស​ថៃ​គ្មាន​ការ​យោគយល់​ដែរ។

ជនភៀសខ្លួន ដែល​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ដាក់​ញត្តិ​ទៅ​អង្គការ​សហប្រជាជាតិ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ការពារ​សុវត្ថិភាព​ពួកគាត់ កុំ​ឲ្យ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ទៅ​កម្ពុជា​វិញ​។ ពួកគាត់​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​ទីក្រុង​បាងកក បញ្ជូន​ពួកគាត់​ចេញ​ផុត​ពី​ប្រទេស​ថៃ ព្រោះ​ពួកគេ​កំពុង​ជួប​បញ្ហា​ផ្នែក​ជីវភាព ដោយសារ​មិន​ហ៊ាន​ចេញទៅ​ធ្វើការ​ខ្លាច​ប៉ូលិស​ថៃ​ចាប់។

ពលរដ្ឋ​ខ្មែរ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល ដែល​ទើប​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន លោក ប៉ែន ប៊ុនថន ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៦ ខែ​តុលា ថា លោក​បារម្ភ​ខ្លាច​តែ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​លោក​ទៅ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទេ ព្រោះ​លោក​បាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ដឹកនាំ​ប្រទេស​មិន​រីក​ចម្រើន ហើយ​មាន​អំពើពុករលួយ​ច្រើន​ធ្វើ​ឲ្យ​បាត់​ដី​បាត់​ព្រៃ​ជា​បន្តបន្ទាប់​។ លោក​បន្ត​ថា ការដឹកនាំ​របស់​លោក ហ៊ុន សែន ជា​ការ​ដឹកនាំ​របៀប​ផ្ដាច់ការ​មិនបាន​ខ្វាយខ្វល់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ទេ ហើយ​លោក​ចង់បាន​កន្លែង​រស់​នៅ​គ្មាន​ការភ័យខ្លាច ដើម្បី​ឲ្យ​កូន​បាន​រៀនសូត្រ​ត្រឹមត្រូវ​។ លោក​បញ្ជាក់​ថា ក្រុម​លោក​ប្រមាណ​១០​នាក់​នឹង​ធ្វើ​ញត្តិ​មួយ​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ធានា​នូវ​សិទ្ធិ​ទទួល​បាន​សុវត្ថិភាព និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ពួកគាត់​ឲ្យ​បាន​សមរម្យ។

លោក ប៉ែន ប៊ុនថន៖ «ប៉ុន្តែ​សព្វថ្ងៃ​គាត់​គឺ​ប្រើ​តែ​អំណាច គាត់​មិន​គិត​គូ​ដល់​ប្រជាពលរដ្ឋ​គ្រប់​បែប​គ្រប់យ៉ាង​ទេ ព្រោះ​អី​គាត់​ធ្វើ​អ្វីមួយ​គឺ​អំណាច​របស់​ជន​ផ្ដាច់ការ​របស់​គាត់​បម្រើ​យួន​អ៊ីចឹង​ទៅ ឥឡូវ​យើងខ្ញុំ​ក៏​ខ្លាច​គ្មាន​សុវត្ថិភាព​ការ​រស់នៅ​អីចឹង ក៏​រត់គេច​មក​ខាង​នេះ ដើម្បី​រក​អនាគត​របស់​កូន ដើម្បី​ឲ្យ​កូន​បាន​រៀន​បាន​អីចឹង​ទៅ ព្រោះ​នៅ​នោះ អាច​ថា​មាន​ថ្ងៃ​ណាមួយ​គេ​នឹង​ធ្វើ​យើង អាច​គេ​នឹង​ចាប់​យើង​ដាក់គុក​ឬ​យ៉ាងណា​អី​យ៉ាងណា គឺ​កូន​យើង​មិន​ដឹង​ថា អនាគត​ដឹង​ទៅជា​យ៉ាងណា​បាទ»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​ជា​អ្នកគាំទ្រ​លោក សម រង្ស៊ី ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​៤​ឆ្នាំ លោក តាន់ តុងហ៊ី ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​នឹក​ដាក់​ញត្តិ​ស្នើ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ថៃ​ទទួលស្គាល់​ពួកគាត់​ជា​ជនរងគ្រោះ​ដោយសារ​នយោបាយ និង​ទទូច​កុំ​ឲ្យ​អាជ្ញាធរ​ថៃ​ចាប់ ព្រោះ​មួយ​រយៈ​ចុងក្រោយ​នេះ​មាន​ការ​ចាប់​ជនភៀសខ្លួន​ច្រើន​។ លោក​ចង់បាន​ឲ្យ​ជនភៀសខ្លួន​ប្រកបមុខរបរ​រកស៊ី​ចិញ្ចឹមជីវិត​នៅក្នុង​ប្រទេស​ថៃ ឬក៏​បញ្ជូន​ពួកគាត់​ទៅ​ប្រទេស​ណា​មាន​សុវត្ថិភាព សម្រាប់​ឲ្យ​ពួកគាត់​រស់នៅ​មាន​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត។

លោក តាន់ តុងហ៊ី៖ «វា​ជួប​ការ​លំបាក​ច្រើនណាស់​ជនភៀសខ្លួន ឥឡូវ​ចូល​ខែ​៩-១០-១១ ដូចជា​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​ណាស់ រហូត​ដល់​ថ្នាក់​ថា យើង​ដើរ​ជួប​ប៉ូលិស​សុខចិត្ត​អត់​ឲ្យ​កាត​យូអិន​ឃើញ ព្រោះតែ​ឲ្យ​កាត​យូអិន​ឃើញ​វា​ហាក់ដូចជា​ខឹងសម្បា​រណា វា​អត់​ដូច​រាល់​ឆ្នាំ ឃើញ​កាត​យូអិន​វា​សឹង​ថា ជាន់​ក្បាល​ដកស្លាប​យើង​ចោល​តែម្ដង»

អាជ្ញាធរ​ថៃ បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ភៀសខ្លួន​១០​នាក់ កាល​ពី​ថ្ងៃទី​១៤ ខែ​តុលា នៅ​ពេល​ពួកគេ​កំពុង​ធ្វើការ​នៅ​ផ្សារ​បន្លែ​មួយ​ជាយក្រុង​បាងកក ដោយ​ចោទ​ប្រកាន់​ពួកគេ​ចូល​ទឹកដី​ថៃ​ខុស​ច្បាប់ និង​ធ្វើការ​ដោយ​គ្មាន​ប័ណ្ណ​ការងារ​ស្របច្បាប់​។ បច្ចុប្បន្ន​ជន​ជាប់ចោទ​ទាំង​១០​នាក់ កំពុង​ជាប់ឃុំ​នៅ​ស្នងការ​នគរបាល​អន្តោ​ប្រវេសន៍​ទីក្រុង​បាងកក។

ឆ្លើយ​តប​នឹង​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន ថ្លែង​ថា អ្នក​ដែល​ជ្រោមជ្រែង​លោក សម រង្ស៊ី សុទ្ធ​តែ​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ហើយ​ពួកគេ​នឹង​ស្ថិត​ក្នុង​សំណាញ់​ច្បាប់ មិន​អាច​គេច​រួច​នោះ​ទេ។ លោក​បន្ត​ថា កម្ពុជា​ចាត់​វិធានការ​លើ​បុគ្គល​ណា ដែល​បង្ក​អុកឡុក​ដល់​សន្តិភាព​ក្នុង​ប្រទេស ហើយ​មិន​អាច​ចាត់ទុក​ថា កម្ពុជា​រំលោភសិទ្ធិ​មនុស្ស​នោះ​ទេ ព្រោះ​កម្ពុជា​មាន​ច្បាប់​របស់​ខ្លួន មិន​អាច​ប្រទេស​ណា​មក​បញ្ជា​បាន។

លោក សុខ ឥសាន៖ «​ខ្លួនឯង​ទៅ​ចូល​ដៃ​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ឥឡូវនេះ​វា​ចូល​ដល់​ឧក្រិដ្ឋជន ដែល​គេ​កាត់ទោស​ជាប់គុក​អស់​មួយ​ជីវិត ដោយសារ​ប្រមាថកាតទាន​ដល់​អង្គ​ព្រះមហាក្សត្រ នេះ​គឺថា​តែ​យើង​ចូល​ដៃ​ហើយ​បាន​សេចក្ដី​ថា យើង​ខុស​ជាមួយ​គេ​ហើយ»

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើង​ថា ជនភៀសខ្លួន​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ពួកគាត់​បាត់បង់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់នៅ ព្រោះ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​គ្រប់​ពេល។ លោក​យល់​ថា កម្ពុជា​នៅតែ​មាន​អ្នក​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​មកពី​កត្តា​នយោបាយ​ក្នុង​ប្រទេស​រកាំរកូស​មិន​ចេះ​ឈប់ ហើយ​ជាហេតុ​រាំងស្ទះ​នៃ​ការ​អភិវឌ្ឍ​ប្រទេស ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​ក្រ អ្នក​ចំណាកស្រុក​កាន់តែ​ច្រើន​។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​សុទ្ធតែ​ជា​អ្នក​ស្នេហាជាតិ ទោះបី​ពួកគាត់​មាន​មតិ​មិន​ស្រប​នឹង​ថ្នាក់​ដឹកនាំ​ក៏ដោយ៖ «ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្មាន​ពលរដ្ឋ​ណា​ដែល​ក្បត់ជាតិ ហើយ​គ្មាន​ពលរដ្ឋ​ណា​ដែល​ចង់​ឃើញ​ជាតិ​ខ្លួនឯង​ហិនហោច​ទេ អីចឹង​ការ​លើកឡើង​មតិ​នៃ​ការយល់​ខុស​អំពី​ការដឹកនាំ​របស់​ខ្លួន​សូមកុំ​ចាត់ទុកថា ជាស​ត្រូវ​។ សូម​ធ្វើ​ម៉េច​រៀបចំ​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មាន​សុខ​សន្តិភាព និង​ឲ្យ​មាន​ពលរដ្ឋ​ហ្នឹង​កុំ​ឲ្យ​ភ័យខ្លាច​អំពី​ជីវភាព​នយោបាយ​ហ្នឹង ឲ្យ​វា​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ប្រកួតប្រជែង»

ជនភៀសខ្លួន​ខ្មែរ ដែល​ចេះតែ​បារម្ភ​ពី​សុវត្ថិភាព​នៅ​ប្រទេស​ថៃ ព្រោះ​ពួក​គាត់​ឃើញ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល អ្នកនយោបាយ​ខ្មែរ​ពី​ប្រទេស​ថៃ ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់ ដូចជា​ថ្មីៗ​ករណី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​នាក់ មាន​លោក វឿន សំណាង ហៅ​ក្រញូង​ព្រៃ​ឡង់​ជាដើម។

ជនភៀសខ្លួន​ខ្មែរ ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្មែរ​ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ជាង​មួយរយ​នាក់ ដែល​ពួកគេ​នៅ​តំបន់​ផ្សេងៗ​គ្នា ហើយ​ក្នុង​ចំណោម​នោះ មាន​អ្នក​ភៀសខ្លួន​នយោបាយ ដែល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​ប្រមាណ​ហុកសិប​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។