ជនភៀសខ្លួនខ្មែរដែលកំពុងរស់នៅប្រទេសថៃ គ្រោងដាក់ញត្តិទៅអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ដែលមានទីស្នាក់ការនៅកណ្ដាលក្រុងបាងកកជួយការពារសុវត្ថិភាពពួកគេ ក្រោយពីអាជ្ញាធរថៃបានរឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងប្រទេស។ ពួកគាត់ថា ពួកគាត់គ្មានសិទ្ធិដើរហើរ ឬធ្វើការក្នុងប្រទេសថៃទេ ទោះជាពួកគាត់មានប័ណ្ណសម្គាល់ខ្លួនរបស់អង្គការសហប្រជាជាតិក៏ដោយ ក៏ប៉ូលិសថៃគ្មានការយោគយល់ដែរ។
ជនភៀសខ្លួន ដែលគេចពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងដាក់ញត្តិទៅអង្គការសហប្រជាជាតិក្នុងសប្ដាហ៍នេះ ដើម្បីការពារសុវត្ថិភាពពួកគាត់ កុំឲ្យអាជ្ញាធរថៃចាប់បញ្ជូនទៅកម្ពុជាវិញ។ ពួកគាត់ស្នើឲ្យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំទីក្រុងបាងកក បញ្ជូនពួកគាត់ចេញផុតពីប្រទេសថៃ ព្រោះពួកគេកំពុងជួបបញ្ហាផ្នែកជីវភាព ដោយសារមិនហ៊ានចេញទៅធ្វើការខ្លាចប៉ូលិសថៃចាប់។
ពលរដ្ឋខ្មែរជាអ្នករិះគន់រដ្ឋាភិបាល ដែលទើបទទួលបានឋានៈជាជនភៀសខ្លួន លោក ប៉ែន ប៊ុនថន ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ខែតុលា ថា លោកបារម្ភខ្លាចតែអាជ្ញាធរថៃចាប់បញ្ជូនលោកទៅឲ្យអាជ្ញាធរកម្ពុជាទេ ព្រោះលោកបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថាដឹកនាំប្រទេសមិនរីកចម្រើន ហើយមានអំពើពុករលួយច្រើនធ្វើឲ្យបាត់ដីបាត់ព្រៃជាបន្តបន្ទាប់។ លោកបន្តថា ការដឹកនាំរបស់លោក ហ៊ុន សែន ជាការដឹកនាំរបៀបផ្ដាច់ការមិនបានខ្វាយខ្វល់ពីសុខទុក្ខរបស់ពលរដ្ឋទេ ហើយលោកចង់បានកន្លែងរស់នៅគ្មានការភ័យខ្លាច ដើម្បីឲ្យកូនបានរៀនសូត្រត្រឹមត្រូវ។ លោកបញ្ជាក់ថា ក្រុមលោកប្រមាណ១០នាក់នឹងធ្វើញត្តិមួយដាក់ទៅអង្គការសហប្រជាជាតិ ដើម្បីធានានូវសិទ្ធិទទួលបានសុវត្ថិភាព និងស្ថានភាពជីវភាពរស់នៅរបស់ពួកគាត់ឲ្យបានសមរម្យ។
លោក ប៉ែន ប៊ុនថន៖ « ប៉ុន្តែសព្វថ្ងៃគាត់គឺប្រើតែអំណាច គាត់មិនគិតគូដល់ប្រជាពលរដ្ឋគ្រប់បែបគ្រប់យ៉ាងទេ ព្រោះអីគាត់ធ្វើអ្វីមួយគឺអំណាចរបស់ជនផ្ដាច់ការរបស់គាត់បម្រើយួនអ៊ីចឹងទៅ ឥឡូវយើងខ្ញុំក៏ខ្លាចគ្មានសុវត្ថិភាពការរស់នៅអីចឹង ក៏រត់គេចមកខាងនេះ ដើម្បីរកអនាគតរបស់កូន ដើម្បីឲ្យកូនបានរៀនបានអីចឹងទៅ ព្រោះនៅនោះ អាចថាមានថ្ងៃណាមួយគេនឹងធ្វើយើង អាចគេនឹងចាប់យើងដាក់គុកឬយ៉ាងណាអីយ៉ាងណា គឺកូនយើងមិនដឹងថា អនាគតដឹងទៅជាយ៉ាងណាបាទ »។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរជាអ្នកគាំទ្រលោក សម រង្ស៊ី ដែលភៀសខ្លួននៅប្រទេសថៃ៤ឆ្នាំ លោក តាន់ តុងហ៊ី ឲ្យដឹងថា ក្រុមរបស់លោកនឹកដាក់ញត្តិស្នើអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អន្តរាគមន៍ទៅរដ្ឋាភិបាលថៃទទួលស្គាល់ពួកគាត់ជាជនរងគ្រោះដោយសារនយោបាយ និងទទូចកុំឲ្យអាជ្ញាធរថៃចាប់ ព្រោះមួយរយៈចុងក្រោយនេះមានការចាប់ជនភៀសខ្លួនច្រើន។ លោកចង់បានឲ្យជនភៀសខ្លួនប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតនៅក្នុងប្រទេសថៃ ឬក៏បញ្ជូនពួកគាត់ទៅប្រទេសណាមានសុវត្ថិភាព សម្រាប់ឲ្យពួកគាត់រស់នៅមានភាពកក់ក្ដៅក្នុងចិត្ត។
លោក តាន់ តុងហ៊ី៖ « វាជួបការលំបាកច្រើនណាស់ជនភៀសខ្លួន ឥឡូវចូលខែ៩ - ១០ - ១១ ដូចជាធ្វើទុក្ខបុកម្នេញខ្លាំងណាស់ រហូតដល់ថ្នាក់ថា យើងដើរជួបប៉ូលិសសុខចិត្តអត់ឲ្យកាតយូអិនឃើញ ព្រោះតែឲ្យកាតយូអិនឃើញវាហាក់ដូចជាខឹងសម្បារណា វាអត់ដូចរាល់ឆ្នាំ ឃើញកាតយូអិនវាសឹងថា ជាន់ក្បាលដកស្លាបយើងចោលតែម្ដង »។
អាជ្ញាធរថៃ បានចាប់ពលរដ្ឋខ្មែរក្រោមភៀសខ្លួន១០នាក់ កាលពីថ្ងៃទី១៤ ខែតុលា នៅពេលពួកគេកំពុងធ្វើការនៅផ្សារបន្លែមួយជាយក្រុងបាងកក ដោយចោទប្រកាន់ពួកគេចូលទឹកដីថៃខុសច្បាប់ និងធ្វើការដោយគ្មានប័ណ្ណការងារស្របច្បាប់។ បច្ចុប្បន្នជនជាប់ចោទទាំង១០នាក់ កំពុងជាប់ឃុំនៅស្នងការនគរបាលអន្តោប្រវេសន៍ទីក្រុងបាងកក។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ថ្លែងថា អ្នកដែលជ្រោមជ្រែងលោក សម រង្ស៊ី សុទ្ធតែជាក្រុមឧទ្ទាមក្រៅច្បាប់ ហើយពួកគេនឹងស្ថិតក្នុងសំណាញ់ច្បាប់ មិនអាចគេចរួចនោះទេ។ លោកបន្តថា កម្ពុជាចាត់វិធានការលើបុគ្គលណា ដែលបង្កអុកឡុកដល់សន្តិភាពក្នុងប្រទេស ហើយមិនអាចចាត់ទុកថា កម្ពុជារំលោភសិទ្ធិមនុស្សនោះទេ ព្រោះកម្ពុជាមានច្បាប់របស់ខ្លួន មិនអាចប្រទេសណាមកបញ្ជាបាន។
លោក សុខ ឥសាន៖ « ខ្លួនឯងទៅចូលដៃជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ឥឡូវនេះវាចូលដល់ឧក្រិដ្ឋជន ដែលគេកាត់ទោសជាប់គុកអស់មួយជីវិត ដោយសារប្រមាថកាតទានដល់អង្គព្រះមហាក្សត្រ នេះគឺថាតែយើងចូលដៃហើយបានសេចក្ដីថា យើងខុសជាមួយគេហើយ »។
ជុំវិញរឿងនេះដែរ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ អង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា ជនភៀសខ្លួនខ្មែរដែលកំពុងរស់នៅប្រទេសថៃ ពួកគាត់បាត់បង់នូវសិទ្ធិជាមូលដ្ឋានក្នុងការរស់នៅ ព្រោះប្រឈមនឹងការចាប់ខ្លួនគ្រប់ពេល។ លោកយល់ថា កម្ពុជានៅតែមានអ្នកភៀសខ្លួនទៅក្រៅប្រទេសមកពីកត្តានយោបាយក្នុងប្រទេសរកាំរកូសមិនចេះឈប់ ហើយជាហេតុរាំងស្ទះនៃការអភិវឌ្ឍប្រទេស ធ្វើឲ្យពលរដ្ឋកាន់តែក្រ អ្នកចំណាកស្រុកកាន់តែច្រើន។ លោកបន្តថា ពលរដ្ឋខ្មែរសុទ្ធតែជាអ្នកស្នេហាជាតិ ទោះបីពួកគាត់មានមតិមិនស្របនឹងថ្នាក់ដឹកនាំក៏ដោយ៖ « ពលរដ្ឋខ្មែរទាំងអស់គ្មានពលរដ្ឋណាដែលក្បត់ជាតិ ហើយគ្មានពលរដ្ឋណាដែលចង់ឃើញជាតិខ្លួនឯងហិនហោចទេ អីចឹងការលើកឡើងមតិនៃការយល់ខុសអំពីការដឹកនាំរបស់ខ្លួនសូមកុំចាត់ទុកថា ជាសត្រូវ។ សូមធ្វើម៉េចរៀបចំដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងឲ្យមានពលរដ្ឋហ្នឹងកុំឲ្យភ័យខ្លាចអំពីជីវភាពនយោបាយហ្នឹង ឲ្យវាមានសិទ្ធិស្មើគ្នាក្នុងការប្រកួតប្រជែង »។
ជនភៀសខ្លួនខ្មែរ ដែលចេះតែបារម្ភពីសុវត្ថិភាពនៅប្រទេសថៃ ព្រោះពួកគាត់ឃើញអាជ្ញាធរថៃ ចាប់បញ្ជូន អ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាល អ្នកនយោបាយខ្មែរពីប្រទេសថៃ ទៅឲ្យរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ដូចជាថ្មីៗករណីសកម្មជនគណបក្សសង្គ្រោះជាតិទាំងបីនាក់ មានលោក វឿន សំណាង ហៅក្រញូងព្រៃឡង់ជាដើម។
ជនភៀសខ្លួនខ្មែរ ឲ្យដឹងថា មានពលរដ្ឋខ្មែរដែលភៀសខ្លួននៅប្រទេសថៃ ជាងមួយរយនាក់ ដែលពួកគេនៅតំបន់ផ្សេងៗគ្នា ហើយក្នុងចំណោមនោះ មានអ្នកភៀសខ្លួននយោបាយ ដែលបានឋានៈជាជនភៀសខ្លួនប្រមាណហុកសិបនាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។