ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ជួប​បញ្ហា​សុវត្ថិភាព

0:00 / 0:00

ពលករ​ខ្មែរ​មួយចំនួន ឆ្លងដែន​ទៅ​ប្រទេស​ថៃ ទាំង​ប្រថុយប្រថាន ដោយសារតែ​បញ្ហា​ជីវភាព គ្មាន​ទីផ្សារ​លក់​ទិន្នផល​កសិកម្ម ភាព​គ្មាន​ការងារ​ធ្វើ​សមរម្យ និង​បញ្ហា​ជំពាក់​បំណុល​ធនាគារ។ ពួកគាត់​ថា គ្មាន​ពលករ​ណា​ម្នាក់​ចង់​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ធ្វើការ​រសាត់អណ្ដែត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ប្រសិនបើ​នៅក្នុង​ប្រទេស​សម្បូរ​ការ​ងារ​ធ្វើ និង​ទិន្នផល​លក់​បាន​តម្លៃ​ថ្លៃ។

ពលករ​មួយ​ចំនួន មិនអាច​ទ្រាំ​នឹង​កត្តា​ទាំងនេះ​បាន ពួកគាត់​បាន​ចង​ការ​ប្រាក់​នាយទុន មួយ​ចំនួន ដើម្បី​ឲ្យ​ទៅ​មេខ្យល់​នាំ​ពលករ​ទៅ​ប្រទេស​ថៃ។

ក្នុង​ដំណើរ​ឆ្លងដែន ពលករ​ទាំងនោះ ឆ្លង​ដែន​ទាំង​ប្រថុយប្រថាន ដោយ​ពុំ​ស្គាល់​ទិស​តំបន់ និង​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​ឡើយ។

ពលករ​នៅ​ប្រទេស​ថៃ លោក លោក គូ សាវឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៩ កញ្ញា​ថា លោក​ចំណាកស្រុក​ច្រើន​លើកច្រើនសា អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ ដើម្បី​ធ្វើ​ជា​ពលករ​ក្រៅ​ប្រទេស ព្រោះ​កត្តា​ជីវភាព និង​គ្មាន​លទ្ធភាព​សងបំណុល​ធនាគារ។ លោក​បន្ត​ថា ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​នេះ លោក​តែង​ជួបប្រទះ​ការ​រត់​ពួន​លូន​ក្រាប​ពី​សមត្ថកិច្ច​ថៃ​តាម​ឃាត់ខ្លួន​របស់​គេ។

លោក គូ សាវឿន៖ «ទីមួយ​យើង​ចំណាកស្រុក​ពី​ប្រទេស​យើង​ចូល​មក​ប្រទេស​ថៃ ទី​១​ណា។ ពេល​ហ្នឹង​ខ្ញុំ​ត្រូវ​គេ យក​ទៅ​លក់​នៅ​ប្រទេស​ម៉ាឡេស៊ី​ទៀត ខ្ញុំ​មាន​ការ​ប្រឈម​ជាច្រើន​អ៊ីចឹង​ហើយ បានជា​ខ្ញុំ​មាន​ភាព​តស៊ូ អា​រឿង​ពលករ​បងប្អូន​យើង ខ្ញុំ​ចេះតែ​ទទូច​រាល់​គ្រប់​ពេល​វេលា ដែល​បញ្ហា ដែល​ខ្ញុំ​ជួប​ផ្ទាល់​អីចឹង​ហា»។

ពលករ​នៅ​ប្រទេស​ថៃ​ម្នាក់​ទៀត កញ្ញា គឹម ហុង ថ្លែង​ថា កញ្ញា​ធ្លាប់​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដើម្បី​ធ្វើជា​ពលករ​នៅ​ប្រទេស​ថៃ បើ​ទោះ​បី​ជា​មានការ​ភ័យ​ខ្លាច​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ក៏ដោយ។ កញ្ញា​បន្ត​ថា ក្នុង​ពេល​ឆ្លងដែន​នោះ មេខ្យល់​បាន​ឲ្យ​កញ្ញា​ដើរ​ថ្មើរជើង​ឆ្លង​ព្រំដែន ដែល​មាន​ចម្ងាយ​ឆ្ងាយ និង​ត្រូវ​រង់ចាំ​នៅ​ទឹកដី​ថៃ ដើម្បី​រង់ចាំ​រហូត​ឡាន​ថៃ មក​ដឹក​ទៅ​គោលដៅ។

កញ្ញា គឹម ហុង៖ «ពិបាក ពេលខ្លះ​យើង​ដើរ​ឆ្ងាយ​ហា៎​បង ដើរកាត់​ព្រៃ​កាត់​បន្លា​កាត់​អី អ៊ីចឹង​ហា ឆ្លង​ទឹក​អ្នកខ្លះ​ឆ្លង​ទឹក​ក៏​មាន​ដែរ អ្នកខ្លះ​ដាច់​បាយ​ដាច់​ទឹក​២ ៣​ថ្ងៃ​ដេក​ក្នុង​ព្រៃ​ក៏​មាន​ចា៎ រត់​កាត់​ព្រៃ​ក៏​មាន។ គេ​អ្នក​ខ្លះទៅ​ប៉ះ​ទាហាន​ដេញ​ក៏មានដែរ​បង តែបើ​យើង​ដើរ​ឆ្លង​ចូល​ដី​គេ​ហើយ យើង​គេចៗ​ខ្លួន​ហ្នឹងហើយ​ខ្លាច​គេ​ឃើញ​អីចឹង​ហា៎»។

ពលករ​អះអាង​ដូចៗ​គ្នា​ថា បើ​នៅ​កម្ពុជា មាន​ការ​ងារ ដែល​មាន​ប្រាក់ខែ​សមរម្យ ឲ្យ​ពួកគាត់​រស់នៅ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ គ្មាន​ពលករ ខ្មែរ​ណា​ម្នាក់ ចំណាកស្រុក​ឆ្ងាយ​ផ្ទះសម្បែង សាច់ញាតិ​បងប្អូន​នោះ​ទេ។ ពួកគេ​ស្នើ​ដល់​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើត​ឱកាស​ការងារ​ក្នុង​ប្រទេស ដើម្បី​ឲ្យ​ពលករ​ចំណាកស្រុក​ក្រៅប្រទេស ត្រឡប់​មក​ធ្វើការ​ជិត​ផ្ទះ និង​បាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ពី​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលរដ្ឋ​នៅ​បណ្ដាល​ប្រទេស​នានា គឺ​ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ច្រើន ក្នុង​នោះ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ក៏​មាន​ពលករ​ចំណាកស្រុក​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ លោក​ក៏​ថ្លែង​ទទួលស្គាល់​ថា មន្ត្រី​ត្រួតពិនិត្យ​ច្រកព្រំដែន គិត​សេវា​ក្រៅផ្លូវការ​ពី​ពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត បន្ត​ថា រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​រៀបចំ​ធ្វើ​លិខិត​ឆ្លងដែន ជូន​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ចាប់ផ្ដើម​ពី​ប្រទេស​កូរ៉េខាងត្បូង និង​ណែនាំ​ដល់​ក្រសួង​ការបរទេស បង្កើត​កុងស៊ុល​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ដើម្បី​ពង្រីក​សេវា​នានា​ជូន​ពលករ​ខ្មែរ។

លោក ហ៊ុន ម៉ាណែត៖ «ពលករ​យើង​បង្កើត​ទាំង​ក្នុង​ប្រទេស​ទាំង​ក្រៅប្រទេស មិនមែន​យើង​ជំរុញ​ពលរដ្ឋ​យើង​ទៅ​ធ្វើ​ខ្ញុំគេ​ទេ​ណា។ យើង​បង្កើន​ការងារ​ដើម្បី​ប្រជាពលរដ្ឋ​យើង​មាន​ជម្រើស​។ យើង​ខិតខំ​បង្កើត​ផ្ទៃក្នុង​ដើម្បី​ឲ្យ​បងប្អូន​យើង​មានឱកាស តែ​យើង​ក៏​មិន​ហាមឃាត់​បងប្អូន​ទៅ​ក្រៅប្រទេស​ដែរ​។ ហើយ​នៅ​លើ​ពិភពលោក​នេះ គ្មាន​គោលនយោបាយ​ណាមួយ ដែល​ហាមឃាត់​ប្រជាពលរដ្ឋ​ពលករ​មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស​ធ្វើការ​នោះ​ទេ លើកលែងតែ​ប្រទេស​ខ្លះ ដែល​ពាក់ព័ន្ធ​រឿង​ការ​ដាក់​ទណ្ឌកម្ម ដោយ​យូអ៊ិន​(UN-​អង្គការសហប្រជាជាតិ​)គេ​បិទ​មិន​ឲ្យ​កូរ៉េខាងជើង​មិន​អាច​ចេញ​បាន តែ​គ្រប់​ប្រទេស​ទាំងអស់ ឥឡូវ​គ្រប់​ប្រទេស​ទាំងអស់​ខិតខំ​នាំគ្នា​ជំរុញ​គេ​ហៅ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី»។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន មាន​ប្រសាសន៍​ថា លោក​ត្រេកអរ​ចំពោះ​នាយករដ្ឋមន្ត្រី​ថ្មី ដែល​រៀបចំ​ធ្វើ​លិខិត​ឆ្លងដែន​នៅ​ក្រៅ​ប្រទេស ដោយសារ​កន្លងទៅ​ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស រួម​ទាំង​ប្រទេស​ថៃ តែង​ជួប​បញ្ហា​ឯកសារ​ដូចជា លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ការងារ​ជាដើម។

លោក លឹង សុផុន៖ «ពួកគាត់​ភាគច្រើន ដែល​ចូល​មក​(​ប្រទេស​ថៃ​)​គឺ​ដោយសារតែ​ជីវភាព​ខ្វះខាត ជីវភាព ដែល​ពួកគាត់​មិនអាច​ទ្រទ្រង់​បាន​ដូចជា គាត់​មាន​បញ្ហា​បំណុល​ធនាគារ គាត់​មាន​ប្រាក់​ចំណូល​តិច​ជាង​ប្រាក់​ចំណាយ​អីចឹង​ហា​ណា​បាទ ។ ហើយ​ធ្វើ​ឲ្យ​គាត់​ហូរ​ចូល តែ​ប្រសិនបើ​រដ្ឋាភិបាល​មាន​វិធានការ​ដើម្បី​ឲ្យ​មាន​ការងារ​ច្រើន​ពួកគាត់​មិន​ចូល​មក​ប្រទេស​ថៃ​ទេ»។

របាយការណ៍​ក្រសួង​ការងារ​បង្ហាញថា មក​ទល់​ពេល​នេះ ពលករ​កម្ពុជា កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ជាង​១​លាន ៣​សែន​នាក់ (១.៣២១.៥០៦) ក្នុង​នោះ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់ និង​នៅ​ប្រទេស​កូរ៉េខាងត្បូង​មាន​ចំនួន​ជិត​៥​ម៉ឺន​នាក់។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​ពលករ​វិញ​បង្ហាញ​ថា ចំនួន​ពលករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​អាច​មាន​ទៅដល់​ជាង ២​លាន​នាក់​ដោយ​រាប់ទាំង​ពលករ​ស្របច្បាប់ និង​មិន​ស្របច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។