សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​លើ​អ្នក​សារ​ព័ត៌មាន

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចំនួន ៣៧ស្ថាប័ន ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន និង​ចាត់​វិធានការ​វិជ្ជមាន ជាបន្ទាន់ ដើម្បី​បើក​លំហ​សេរីភាព​សារ​ព័ត៌មាន​ឡើង​វិញ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឆ្លើយ​តប​ថា ការ​សំណូមពរ​នេះ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ផ្នែក​សារព័ត៌មាន និង​សិទ្ធិមនុស្ស ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់ ​គឺ​លោក អ៊ួន ឈិន និង​លោក ​យាង សុធារិន្ទ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​​ការ​យាយី ការ​ឃុំ​​​ខ្លួន ការ​គំរាម​កំហែង បំភិត​បំភ័យ និង​ការ​រើស​អើង​លើ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ។

ការ​អំពាវនាវ​នេះ ស្រប​ពេល​ដែល​សាលា​ឧទ្ធរណ៍ គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​សារ​ទុក្ខ របស់​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធ​នឹង​បទ ចោទ​ពី​រឿង «ផលិត​ និង​កាន់កាប់​រូបភាព​អាសអាភាស» និង​គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ ពាក់ព័ន្ធ​នឹង​បទ​ចោទ​រឿង «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​​នូវ​ព័ត៌មាន​ជា​អាទិ ​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ» នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០ ខាង​មុខ។ អ្នក​សារ​ព័ត៌មាន​ទាំង​ពីរ​រូប បាន​ប្ដឹង​សា​ទុក្ខ​កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា​កន្លង​ទៅ ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ បដិសេធ​ចោល​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​តម្រូវ​ឱ្យ​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​បន្ថែម​ទៀត ​និង​ស្នើសុំ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សង្ឃឹម​ថា សវនាការ​ទាំង​ពីរ​លើក​របស់​សាលា​ឧទ្ធរណ៍ នឹង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ទាំង​ពីរ​ហើយ​បទ​ចោទ​ប្រឆាំង​នឹង​ពួកគេ​ នឹង​ត្រូវ​ទម្លាក់​ចោល។

ក្រុម​សង្គម​ស៊ីវិល​​ដែល​​ចូល​រួម​​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​នេះ មាន​ដូច​ជា សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម អាដហុក (ADHOC) អង្គការ លីកាដូ (LICADHO) អង្គការ សង់ត្រាល់ (CENTRAL) អង្គការ​មាត្រា១៩ អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (RSF) និង​អង្គការ​ជាតិ អន្តរជាតិ​ជា​ច្រើន​ផ្សេង​ទៀត។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (CamboJA ) លោក ម៉ៃ ទិត្យថារ៉ា មាន​ប្រសាសន៍​ថា សំណុំ រឿង​អតីត​អ្នកយកព័ត៌មាន​អាស៊ី​សេរី​ មិន​គួរ​មានការ​ស៊ើប​អង្កេត​ទៀត​នោះ​ទេ ព្រោះ​សវនាការ​នា​ពេល​កន្លង​មក គ្មាន​ខ្វះ​ចន្លោះ​ត្រង់ណា​ឡើយ ហើយ​តុលាការ​បាន​ប្រើ​ពេល​ជាង ២​ឆ្នាំ​មក​ហើយ ដើម្បី​ដំណើរ​ការ​រឿង​ក្តី​នេះ។ លោក​ អំពាវនាវ​ដល់​សាលា​ឧទ្ធរណ៍ បដិសេធ​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​ស្នើសុំ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រកាន់​ទាំង​ស្រុង ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​សេរី​ភាព​ពេញលេញ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​ជា​អ្នក​សារ​ព័ត៌មាន​ឡើង​វិញ៖ « យោង​​​តាម​បទដ្ឋាន​បន្ទុក​នៃ​ការ​បង្ហាញ​ភស្តុតាង​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា៣៨ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ប្រកាស​​សាលក្រម​ចាត់​របៀប​​កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៩ បង្ហាញ​ឱ្យ​ឃើញ​ថា តុលាការ​គ្មាន​​ភស្តុតាង​​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ឡើយ។ ដូច្នេះ​ ដំណើរ​ការ​លើ​ករណី​របស់​អ្នក​ទាំង​ពីរ​កន្លង​មក បាន​​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង អន្តរជាតិ​​របស់​អ្នក​ទាំងពីរ​ »

តុលាការ​របប​ក្រុងភ្នំពេញ បាន​ចោទប្រកាន់​អតីត​អ្នកយកព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ" ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​" និង​បទ "​ផលិត​វីដេអូ​អាសអាភាស"។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​តុលាការ​បាន​បន្ត​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​ដដែល ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​គ្មាន​សេរីភាព​ដើរហើរ​ពេញលេញ​ឡើយ ហើយ​ការ​ចង់​បន្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ក៏​មិន​អាច​ធ្វើ​បាន​ដែរ។ កាលពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​​តុលាការ​​ក្រុង​ភ្នំពេញ បាន​ចាត់​តាំង និង​បង្គាប់​ឱ្យ​ចៅក្រម​ស៊ើបសួរ យក​សំណុំ​រឿង​អ្នក​ទាំង​ពីរ​ស៊ើប​អង្កេត​បន្ថែម​ទៀត ដែល​មិន​បាន​កំណត់​ពេល​វេលា​ជាក់លាក់​ ក្រោយ​ពី​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ហើយ​នោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សំណុំ​រឿង​នេះ​ត្រូវ​អូស​បន្លាយ​តទៅ​មុខ​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​សិទ្ធិ​សេរីភាព​របស់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក យាង សុធារិន្ទ មាន​ប្រសាសន៍​ថា ការ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​​បទ​​នេះ គឺ​ដូច​អ្វី​ដែល​ពួក​​លោក​​កំពុងតែ​ទាមទារ​ដែរ។ លោក​បន្ត​ថា ទោះ​បី​ជា​តុលាការ ចំណាយ​ពេល​វេលា​ស៊ើប​អង្កេត​បន្ថែម​យូរ​បែប​ណា​ក៏​ដោយ ក៏​មិន​​អាច​រក​ឃើញ​​ពិរុទ្ធភាព​របស់​លោក​ដែរ ព្រោះ​ពួក​លោក​ពិត​ជា​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

អតីត​អ្នក​សារ​ព័ត៌មាន​រូប​នេះ រៀបរាប់​ទៀត​ថា ការ​បន្ត​សំណុំ​រឿង​របស់​លោក​បែប​នេះ គឺ​រំលោភ​សិទ្ធិ​សេរីភាព​របស់​លោក​ធ្ងន់ធ្ងរ​បំផុត និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ផ្លូវ​ចិត្ត និង​សេដ្ឋកិច្ច​គ្រួសារ​របស់​លោក៖ « ទោះ​បី​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​អី​នេះ ខ្ញុំ​គិត​ថា មក​ទល់​ពេល​នេះ ក៏​គ្មាន​ភស្តុតាង​អី​ដែល​ចៅក្រម​បាន​បង្ហាញ​ហើយ​ដាក់​បន្ទុក​លើ​ពួក​ខ្ញុំ​នោះ​ទេ ហើយ​គួរ​ណា​តែ ចៅក្រម​ខាង​សាលា​ឧទ្ធរណ៍ មេត្តា​ទម្លាក់​ចោល​បទ​ចោទ និង​ពិចារណា​បដិសេធ​រឿង​នេះ​ទៅ ដើម្បី​ឲ្យ​ពួក​ខ្ញុំ​មាន​សេរីភាព​ពេញលេញ »

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ពិនិត្យ​ឃើញ​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ដែល​មន្ត្រី និង​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​បទ​ល្មើស​ព្រហ្មទណ្ឌ ដើម្បី​បំបិទ​សំឡេង​ឯករាជ្យ និង​សំឡេង​​​រិះគន់។

ក្រៅ​ពី​ករណី​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ក៏​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​អតីត​អ្នក​សារព័ត៌មាន​​ ឌឹ ខេមបូឌា ដេលី គឺ​លោក អូន ភាព និង​ លោក ភីតធឺ ហ្ស៊ូមប៊ឺ (P eter Zsombor ) ផងដែរ។ អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរីចោទ​ប្រកាន់​ពី​បទ​ «ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជា​អាទិ៍» កាល​ពី​ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដោយ​សារពួ​​ក​​គេ​​​​បាន​ចុះ​សម្ភាសន៍ពល​រដ្ឋ​ក្នុង​ឃុំប៉ាតេ​ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពី​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់។ ប៉ុន្មាន​ថ្ងៃក្រោយ​មក កាសែតឌឹ ខេមបូឌា ដេលី ដែល​ពួកគាត់​​កំពុង​​បម្រើ​​ការនោះ ក៏​​​​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​​ដោយសារ​បញ្ហា​ពន្ធដារ​។ សង្គមស៊ីវិល យល់​ថា ការ​កោះហៅ​អ្នក​ទាំងពីរ​ឱ្យ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ខាង ​មុខជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​បន្ថែម​ទៀត​ដល់​​អ្នក​សារព័ត៌មាន​ឯករាជ្យ​​​ផ្សេងទៀត។

ករណី​​ដោយ​​ឡែក​មួយ​ទៀត គឺ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ចេញ​ដីកា​​កោះ ហៅ​អ្នកសារព័ត៌មាន​ម្នាក់​ឈ្មោះ ​សាត ចាន់បុត្រ ដែល​ជា​ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា និង​ទូរទស្សន៍​អប្សរា​ប្រចាំ​ខេត្ត​នេះ ​ឱ្យ​​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ​២០១៩​ ​ក្រោម​បទ​ចោទ «បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»។ ដីកាកោះ​នេះ​ធ្វើ​ឡើង​​​តាម​បណ្ដឹង​របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ សុផាត សិរីវុទ្ធី មាន​ឋានន្តរសក្ដិ​ពាក់​ស័ក្ដិ​ ៥ ជា​នាយទាហាន​នៅ​ខេត្ត​មណ្ឌលគិរី​។ ក្រុម​​អង្គការ​សង្គម​​ស៊ីវិល​​ជាតិ និង​អន្តរជាតិ​ក៏​ស្នើ​សុំ​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​​​តុលាការ​លើ លោក សាត ចាន់បុត្រ ផងដែរ។

ដោយឡែក ករណី​បទ​ចោទ​ប្រឆាំង​អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី គឺ​លោក​ រ៉ាត់ រត្ន​មុនី វិញ ក៏​បង្ក​ការ​គំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន និង​​​​ការងារ​រាយការណ៍​ព័ត៌មាន​ពិត​ជូន​សាធារណជន​ផង​ដែរ។ សកម្មជន​សិទ្ធិ​ការងារ ​លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ពី​បទ «ញុះញង់​​ឱ្យ​មាន​​ការ​រើសអើង» ​ហើយ​ក្រោយ​មក​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ និង​​បង់​សំណង​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន៧០លាន​រៀល ​ស្មើនឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក។

កាល​​ពី​​ខែ​វិច្ឆិកា សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​នេះ​​ទុក​​ជា​បាន​ការ​ដដែល បន្ទាប់​ពី​​បើក​សវនាការ​ដោយ​​គ្មាន​វត្តមាន​ដើម​បណ្ដឹង និង​អ្ន​ក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ស្របច្បាប់​នៃ​ដំណើរ​នីតិ​វិធី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល កត់​សម្គាល់​ថា អ្នក​សារ​ព័ត៌មាន​ ក៏​ទទួល​រង​ការ​​យាយី​តាម​ទម្រង់​ផ្សេង​ទៀត​ផង​ដែរ​ ដូចជា ការ​រើសអើង​តាម​រយៈ​ការ​មិន​ទទួល​បាន​ប័ណ្ណ​អ្នក​​សារព័ត៌មាន និង​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​ស្ថាប័ន​របស់​ពួក​គេ​ ដោយ​សារ​តែ​ការ​ព្យាយាម​​គោរព​គោល​ការណ៍​ឯករាជ្យ​ភាព​​​​​សារព័ត៌មាន​ ជាដើម។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​របស់​ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នេះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​បក្ខ​ពួក​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​សំណូមពរ​ទាំង​នេះ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ផ្ទុយ​នឹង​គោល​ការណ៍​ច្បាប់ និង​ប្រជាធិបតេយ្យ៖ « ដោយសារ​វិធានការ​ច្បាប់​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​នោះ មិន​មែន​ដោយសារ​តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្នែក​ព័ត៌មាន​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ព្រហ្មទណ្ឌ។វិធានការ​តែ​មួយ ដើម្បី​ជួយ​អ្នក​ទាំង​អស់​នោះ គឺ​មាន​តែ​ចូលរួម​តាម​នីតិវិធី​ច្បាប់ ដើម្បី​ការពារ​អ្នក​ទាំង​អស់​នោះ​តាម​ផ្លូវ​ច្បាប់ ដែល​មាន​ជា​ធរមាន។ គ្មាន​នរណា​មួយ​បញ្ជា​ឲ្យ​តុលាការ ទម្លាក់​បទ​ចោទ ឬ​មិន​ទម្លាក់​នោះ​បាន​ទេ »

ទោះជាមន្ត្រី​​នាំពាក្យ​ក្រសួង​យុត្តិធម៌​អះអាង​បែប​នេះ​ក្តី ក៏​កន្លង​មក លោកនាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​បញ្ជា​ទៅ​តុលាការ និង​ក្រសួង​យុត្តិធម៌ បាន​តាម​អំពើ​ចិត្ត ប្រសិន​បើ​មេ​ដឹក​នាំ​រូប​នេះ ចង់​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ផុត​ពី​ទោស​ទណ្ឌ​របស់​តុលាការ ។ ម្យ៉ាងវិញទៀត ចំពោះ​សំណុំ​រឿង​ណា ដែល​របប​សព្វ​ថ្ងៃ​មិន​ចង់​បញ្ចប់ ដូចជា​ សំណុំ​រឿង​មន្ត្រី​បក្ស​ប្រឆាំង​ជាដើម​នោះ ទោះ​បី​ជា​មាន​មេធាវី​ខ្លាំង​ពូកែ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ត​តាំង​ក្តី​ឈ្នះ​បាន​ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា មាន​​ជំហាន​វិជ្ជមាន​មួយ​ចំនួន​ដែល​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​នា​ពេល​ថ្មីៗ នេះ ដូចជា​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​ការ​អនុញ្ញាត​ឱ្យ​សា្ថប័ន​នេះ​អាច​ជួល​ម៉ោង​ផ្សាយ​ពី​វិទ្យុ​ក្នុង​ស្រុក​ចំនួន​ពីរ ដើម្បី​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌មាន​ជាមួយ​តំណាង​វិទ្យុ​អាស៊ី​សេរី​​​​ ព្រម​ទាំង​ការសម្រេច​ផ្ដល់​អាជ្ញាប័ណ្ណ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ដល់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា «ខេមបូចា» ដែល​ជា​បណ្ដាញ​អ្នក​សារព័ត៌មាន​ឯករាជ្យ​​​ ជាដើម។ លោក មៃ ទិត្យថារ៉ា បញ្ជាក់​ថា ទោះ​បី​ជា​មាន​ជំហាន​វិជ្ជមាន​ទាំង​នេះ​ក៏ដោយ ក៏​អ្នក​សារព័ត៌មាន​នៅ​តែ​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ និង​អនុវត្ត​សេរី​ភាព​បញ្ចេញ​មតិ​របស់​ពួក​គេ​ដដែល៖ « ដើម្បី​ធ្វើ​ឱ្យ​​ស្ថាន​ភាព​សេរីភាព​សារ​ព័ត៌មាន​​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ​​ឡើង​វិញ​ ពាក្យ​បណ្ដឹង​ទាំងឡាយ​ និង​សកម្មភាព​ធ្វើទុក្ខ​​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន​គួរ​ត្រូវ​បាន​បញ្ឈប់​​ជា​បន្ទាន់​។ ករណី​ប្រឆាំង​នឹង​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន លោក អូន ភាព​ និង​ករណី​ដែល​ទើប​ត្រូវ​បាន​ដាក់​ប្ដឹង​ប្រឆាំង​អ្នក​សារព័ត៌មាន​ថ្មីៗនេះ​ គួរតែ​ត្រូវ​បាន​ទម្លាក់​ចោល។ អាជ្ញាប័ណ្ណ​វិទ្យុ​ដែល​ត្រូវ​បាន​ដក គួរ​តែ​ត្រូវ​បាន​ប្រគល់​ជូន​មក​ក្រុម​ហ៊ុន​វិទ្យុ​ទាំង​នោះ​ឡើង​វិញ »

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​នោះ​ថា «ករណី​ទាំង​នេះ​ជា​គំរូ នៃ​ការ​ដាក់​ទោស​ទៅ​លើ​សំឡេង​រិះគន់ រួម​មាន​ទាំង អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​សារ​ព័ត៌មាន ថ្នាក់​ដឹក​នាំ​សហជីព តំណាង​សហគមន៍ និង​អ្នក​នយោបាយ​ជំទាស់។ អ្នកស្រី បញ្ជាក់​ថា វិជ្ជាជីវៈ​សារ​ព័ត៌មាន​មិន​មែន​ជា​បទ​ល្មើស​ទេ ហើយ​ក៏​មិន​គួរ​ចាត់​ទុក​ថា មាន​ទោស​ដែរ។ អ្នក​ស្រី​បន្ថែម​ ការ​គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ធានា​នូវ​លំហ​មួយ ដែល​អ្នក​សារ​ព័ត៌មាន​អាច​ធ្វើ​ការងារ​របស់​ពួក​គេ​បាន​ដោយ​សេរី និង​សុវត្ថិភាព​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច គឺ​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​រក​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដ៏​រឹង​មាំ»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។