ក្រុមសហជីព និងអង្គការសង្គមស៊ីវិល នាំគ្នាប្រារព្ធពិធីរំលឹកខួប១០ឆ្នាំ នៃការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ដើម្បីបង្ក្រាបបាតុកម្មដោយសន្តិវិធីរបស់កម្មករ ដែលទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។ ពួកគាត់រំលឹកដល់ការលះបង់របស់កម្មករដែលជាបុព្វហេតុ ធ្វើឲ្យការចរចាតំឡើងប្រាក់ខែ ធ្វើឡើងជារៀងរាល់ឆ្នាំ។ ជនរងគ្រោះក្នុងព្រឹត្តិការណ៍បង្ក្រាបដ៏ហិង្សារបស់កងកម្លាំងចម្រុះរដ្ឋាភិបាល ទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងអស់លើពួកគាត់។
មនុស្សប្រមាណ ១រយនាក់ បានជួបជុំគ្នាប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំ ព្រឹត្តិការណ៍បង្ក្រាបដ៏ហិង្សារបស់កងកម្លាំងចម្រុះរដ្ឋាភិបាលនៅមុខរោងចក្រយ៉ាក ជីន (Yak Jin Cambodia) និងនៅផ្លូវវេង ស្រេង ក្នុងគោលបំណងរំលឹកដល់ភាពឈឺចាប់ និងនិមន្តព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ ព្រមទាំងបន្តទាមទាររកយុត្តិធម៌ ដោយសារតែឃាតករនៅ មិនទាន់ត្រូវបានផ្ដន្ទាទោសនៅឡើយទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ជាជនគ្រោះនៃព្រឹត្តិការណ៍ហិង្សានោះថ្លែងថា ស្នាមរបួស ដែលនៅលើក្បាលរបស់លោក ជាស្លាកស្នាមមិនអាចបំភ្លេចបាន ចំពោះការរារាំងមិនឲ្យអាជ្ញាធរប្រើប្រាស់អំពើហិង្សាលើកម្មករ ប៉ុន្តែលោកបែរជារងការវាយដំពីសំណាកអាជ្ញាធរទៅវិញ។
លោក វន់ ពៅ៖ «អ្វីដែលជារឿងសោកស្ដាយមិនអាចបំភ្លេចបានគេបញ្ជូនយើង គេឲ្យយើងធ្វើដំណើរកាត់មុខផ្ទះនៅភូមិកំណើតរបស់យើង ខណៈដែលយើងបានឃើញកូនតូចៗរបស់យើងកំពុងជិះកង់មកពីសាលារៀនជាមួយប្អូន ហើយយើងកំពុងជាប់ខ្នោះ នៅផ្នែកខាងក្នុងរបស់សមត្ថកិច្ច។ ចំណុចនេះ ខ្ញុំតែងតែនឹកឃើញថា ប្រហែលជាគេទុកឲ្យយើងមើលមុខកូនជាលើកចុងក្រោយហើយមើលទៅ»។
កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ កម្មករ-កម្មការិនីរាប់ម៉ឺននាក់ បានផ្ទុះការតវ៉ានៅមុខរោងចក្រ យ៉ាក ជីន និងនៅកំណាត់ផ្លូវវ៉េងស្រេង ទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ ក្នុងមួយខែ ស្របពេលកំពុងមានវិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ លុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ កងទ័ពឆ័ត្រយោង ៩១១ ដឹកនាំដោយលោក ចាប ភក្តី បានបើកប្រតិបត្តិការវាយបង្ក្រាបដ៏ហិង្សាទៅលើក្រុមកម្មករ រួមទាំងអ្នកការពារសិទ្ធិមនុស្សនៅមុខរោងចក្រ យ៉ាក ជីន ហើយថែមទាំងចាប់ខ្លួនកម្មករ ៧នាក់ និងអ្នកការពារសិទ្ធិមនុស្ស ៣នាក់ គឺលោក ថេង សាវឿន លោក វ់ន ពៅ និងលោក ចាន់ ពុទ្ធិស័ក្កិ ទៅធ្វើទារុណកម្ម និងដាក់គុកជិត ៥ខែ។ រហូតដល់នៅថ្ងៃទី៣ ខែមករា កងកម្លាំងចម្រុះរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក៏បន្តបើកការបង្ក្រាបដោយបាញ់គ្រាប់កាំភ្លើងពិតទៅលើកម្មករនៅលើផ្លូវវេងស្រេង បណ្ដាលឱ្យកម្មករ ៤នាក់ស្លាប់ យុវជន ខឹម សុផាត បាត់ខ្លួនដល់សព្វថ្ងៃ និងរបួសជាង ៤០នាក់ព្រមទាំងចាប់ខ្លួនកម្មករជាង ១០នាក់ថែមទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ចាត់ទុកការបង្ក្រាបបាតុកម្មរបស់អាជ្ញាធរ នៅមុខរោងចក្រយ៉ាកជីន និងនៅលើផ្លូវវេងស្រេង ជាព្រឹត្តិការណ៍បង្ក្រាបបាតុកម្មដ៏ឃោរឃៅបំផុត ហើយមិនចង់ឃើញអំពើនេះកើតឡើងបន្តទៀត។
លោក ស៊ឹង សែនករុណា៖ «ការរំលឹកថ្ងៃនេះ គឺជាកិច្ចមួយ ចង់បញ្ជាក់ទៅស្ថាប័នពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធ សូមលោកអនុវត្តតួនាទីរបស់ខ្លួនឲ្យត្រឹមត្រូវ កុំប្រើប្រាស់អំពើហិង្សា និងប្រល័យអាយុជីវិតមនុស្សដូចព្រះអង្គប្រទានពីសីលប្រាំអីចឹង គឺការមិនសម្លាប់សត្វហ្នឹងក៏ពាក់ព័ន្ធទៅនឹង សម្លាប់មនុស្សដែរ អីចឹងគួរតែគិតដល់អាយុជីវិតមនុស្ស ហើយបញ្ចប់នូវអំពើហិង្សាទាំងឡាយនេះទៅ គឺយើងមានច្បាប់ ទាំងច្បាប់ជាតិសម្រាប់ការពារអាយុជីវិតមនុស្ស។ ពាក់ព័ន្ធនឹងការផ្ដល់នូវកតិកាសញ្ញាយើងផ្ដល់សច្ចាប័ន ក៏ការពារជីវិតនូវមនុស្សដែរ»។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា អ្នកស្រីមិនអាចទទួលយកបាននូវការបង្ក្រាបដោយហិង្សាមកលើកម្មករនាពេលបាននោះទេ។ អ្នកស្រីមានមោនភាពចំពោះការលះបង់មន្ត្រីសង្គមស៊ីវិលកម្មករ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែកម្មករពី ៨០ដុល្លារ ទៅ ១០០ដុល្លារ និងកែប្រែការចរចាតំឡើងប្រាក់ខែគោលកម្មករ ពី ៥ឆ្នាំ ទៅ ១ឆ្នាំ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «គឺយើងអួតខ្លួនឯងថា មានសន្តិភាព សង្គមប្រជាធិបតេយ្យ ប៉ុន្តែទង្វើ ដែលធ្វើហ្នឹងផ្ទុយពីអំពើ ដែលយើងអួតក្ដែងៗ។ ខ្ញុំមានអារម្មណ៍ថា ខ្មាសប្រទេសជិតខាង ខ្មាសអ្នកដទៃទៀត ដែលយើងគិតមកថា យើងនៅក្នុងសង្គមមួយមានប្រជាធិបតេយ្យ ប៉ុន្តែប្រជាធិបតេយ្យតែមាត់ ប្រជាធិបតេយ្យតែក្រុមពួកគាត់គ្នាគាត់ គាត់មានប្រជាធិបតេយ្យ។ បើយើងក្រឡេកមើលបច្ចុប្បន្ន គឺអត់មានប្រជាធិបតេយ្យទេ គឺយើងរស់នៅក្នុងសង្គមមួយ ដែលផ្ដាច់ការ គ្មានយុត្តិធម៌សម្រាប់យើង គ្មានយុត្តិធម៌សម្រាប់ការងារ និងយុត្តិធម៌ក្នុងកន្លែងណាៗក៏ដោយ គឺថា គ្មានយុត្តិធម៌សម្រាប់ពួកយើងទេអីចឹងហា ។ មានតែការតស៊ូរើបម្រាស់ងើបឈរឡើង ទើបយើងទទួលបានយុត្តិធម៌សម្រាប់យើង»។
មន្ត្រីសិទ្ធិការងារនៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ចាត់ទុកការមិនអនុវត្តច្បាប់ចំពោះជនបង្កហិង្សាលើជនរងគ្រោះ ជាការបំបាក់សំឡេងសកម្មជនសង្គម បរិស្ថាន កម្មករ និងពលរដ្ឋ មិនឲ្យពួកគេអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដើម្បីតស៊ូមតិឈានទៅរកការផ្លាស់ប្ដូរ។
លោក ឃុន ថារ៉ូ៖ «យើងកំពុងរស់នៅក្នុងបរិបទមួយ ដែលអ្នកមានឥទ្ធិពល អ្នកមានអំណាចគាត់នៅតែបន្តក្នុងការរំលោភសិទ្ធិមនុស្ស ជាពិសេសទាក់ទងទៅនឹងសិទ្ធិការងារ។ យើងឃើញនិទ្ទណ្ឌភាពទាំងអស់នោះកើតឡើងជាហូរហែមកដល់ពេលនេះ នៅមិនទាន់មានការបិទបញ្ចប់ តាំងពីលោក ជា វិជ្ជា ។ ខ្ញុំចាំពាក្យលោក ជា វិជ្ជា មួយ ដែលខ្ញុំតែងតែលើកយកមកទុកជាគំនិតវីរភាពរបស់គាត់ គាត់និយាយថា យុត្តិធម៌សង្គម គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត បានរំលឹកដល់ព្រឹត្តិការណ៍នៅរោងចក្រយ៉ាកជីន និងផ្លូវវេងស្រេង ហើយលោកស្នើដល់រដ្ឋាភិបាលស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ នៃអំពើបាញ់សម្លាប់ទោះនោះ និងសកម្មជនសហជីពដូចជាលោក ជា វិជ្ជា និងអ្នកវិភាគឯករាជ្យ លោកបណ្ឌិត កែម ឡី ជាដើម។
លោក អំ សំអាត៖ «យើងឃើញហើយនៅពេលព្រឹត្តិការណ៍កើតឡើងហើយ បង្កឲ្យមានមនុស្សស្លាប់ ឬរងរបួស អ្នករងគ្រោះត្រូវបានចាប់ដាក់ពន្ធនាគារ អ្នករងគ្រោះក្លាយជាជនល្មើស បានន័យថា គេវៃហើយដូចលោក វន់ ពៅ អីគេវៃបែកក្បាលហើយ គ្នាយើងមួយចំនួនទៀត វៃហើយ ចាប់យកទៅដាក់ពន្ធនាគារចោទប្រកាន់ទៀត។ តែអ្នកវៃរួចខ្លួន អាហ្នឹង ដែលគេហៅថា និទ្ទណ្ឌភាព ។ អ៊ីចឹងកាលណាមាននិទ្ទណ្ឌភាពច្រើន គេហៅប្រទេសដែលគ្មាននីតិរដ្ឋ និងគ្មានយុត្តិធម៌ទេ។ អីចឹងប្រទេសកាលណាមាននិទ្ទណ្ឌភាពច្រើន វាបាត់បង់នីតិរដ្ឋ បាត់បង់នីតិរដ្ឋ វាបាត់បង់ការគោរពសិទ្ធិមនុស្ស»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការឆ្លើយតប ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ចំពោះបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៣ ខែមករា ដោយទូរស័ព្ទចូលច្រើនដង តែគ្មានអ្នកទទួល។
អតីតប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងការពារអំពើហិង្សា និងការបាញ់បង្ក្រាបរបស់កងកម្លាំងសមត្ថកិច្ចទៅលើក្រុមកម្មករ និងអ្នកការពារសិទ្ធិមនុស្សថា គឺជាការអនុវត្តច្បាប់ត្រឹមត្រូវ ហើយជាភ័ព្វសំណាងរបស់កម្ពុជា។ ទន្ទឹមគ្នានេះ លោក ផៃ ស៊ីផាន បានចោទប្រកាន់ទាំងគ្មានភស្តុតាងថា គណបក្សប្រឆាំង គឺជាអ្នកញុះញង់ឱ្យកម្មករធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាល។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣ ខែមករា ក្រុមអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារជនរងគ្រោះ តែងតែជួបជុំគ្នាប្រារព្ធពិធីរំលឹកខួប នៃការបាញ់សម្លាប់កម្មករនៅកន្លែងកើតហេតុគឺនៅមុខរោងចក្រយ៉ាក ជីន និងនៅលើផ្លូវវេងស្រេង ដើម្បីទាមទារឲ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងបញ្ឈប់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។