តុលាការខេត្តកំពង់ស្ពឺ សម្រេចដោះលែងមេឃុំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅឃុំត្រែងត្រយឹងអ្នកស្រី កឹម តុលា ចេញពីពន្ធនាគារហើយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញ។
អ្នកស្រីត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ពីបទញុះឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ដោយសារអ្នកស្រីនិងសកម្មជនបក្សសង្គ្រោះជាតិមួយចំនួនទៀតជួបជុំគ្នាបរិភោគនំបញ្ចុក និងបង្ហោះសារគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី ថាជាមនុស្សតែមួយ ព្រមទាំងបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។
អ្នកស្រី កឹម តុលា បានប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃសៅរ៍ថាតុលាការខេត្តកំពង់ស្ពឺបានកាត់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគារ ១ឆ្នាំ និងបង់ប្រាក់ពិន័យ២លានរៀលប៉ុន្តែអ្នកស្រីមិនព្រមក៏ប្តឹងបន្តទៅសាលាឧទ្ធរណ៍។
អ្នកស្រីបញ្ជាក់ថាអ្នកស្រីគ្មានកំហុសអ្វីទេព្រោះមិនបានចូលរួមឬធ្វើសកម្មភាពនយោបាយណាមួយឡើយក្រោយពីតុលាការបានរំលាយគណបក្សសង្គ្រោះជាតិមក៖ « មានអារម្មណ៍សប្បាយចិត្ត បានជួបជុំបងប្អូនម៉ែឪឡើងវិញ។ នៅក្នុងពន្ធនាគារធម្មតា វាពិបាកណាស់ មិនដូចនៅក្រៅទេ ប៉ុន្តែនៅតែទ្រាំ ព្រោះមិនដឹងធ្វើយ៉ាងម៉េច។ ការកាត់ទោសរបស់តុលាការមួយឆ្នាំ និងបង់ប្រាក់២លានរៀល។ ខ្ញុំអត់ព្រម អត់ទទួល ក៏ឡើងសាលាឧទ្ទរណ៍ ហើយប្រធានសាលាឧទ្ទរណ៍សាកសួរនាំទៅ ខ្ញុំក៏ឆ្លើយតាមហេតុផលតាមទម្ងន់ទោសហ្នឹងទៅ ដោយសារខ្ញុំអត់មានកំហុសអ្វី ក៏សាលាឧទ្ទរណ៍កាត់ឲ្យខ្ញុំត្រឹម៣ខែ ប៉ុន្តែខ្ញុំជាប់៣ខែ ២០ថ្ងៃ ទើបបានរួចខ្លួន »។
មេឃុំជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនៅឃុំត្រែងត្រយឹង អ្នកស្រី កឹម តុលា ធ្លាប់បានភៀសខ្លួននៅប្រទេសថៃមួយរយៈ កាលពីដើមឆ្នាំ២០១៩ ក្រោយតុលាការខេត្តកំពង់ស្ពឺ បានកោះហៅទៅបំភ្លឺរឿងបង្ហោះសារគាំទ្រមេដឹកនាំគណបក្សសង្គ្រោះជាតិនិងគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ អ្នកស្រី បានសម្រេចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ក្រោយពីមេដឹកនាំក្រុងភ្នំពេញ លោក ហ៊ុន សែន បានបញ្ជាឱ្យតុលាការនិងអាជ្ញាធរ ទម្លាក់ចោល ការចោទប្រកាន់លើសកម្មជនបក្សប្រឆាំងទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។