មន្ត្រីគណបក្សប្រឆាំងម្នាក់នៅក្រុងសំរោង ចោទប្រកាន់មន្ត្រីប៉ូលិសខេត្តឧត្ដរមានជ័យថា បានប្រើហិង្សាបង្ខំរូបលោក មិនឱ្យសម្ដែងមតិគាំទ្រប្រធានស្ដីទីគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញនៅពេលមុខ។ មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកទង្វើនេះ ថា ជាការគំរាមកំហែង និងបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដោយខុសច្បាប់។
សមាជិកក្រុមប្រឹក្សាសង្កាត់សំរោងជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក សេង សុផាន ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី១១ កញ្ញាថា លោកបានទៅសុំអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្ដរមានជ័យ ដើម្បីឱ្យជួយផ្នែកច្បាប់ដាក់ពាក្យប្ដឹងមន្ត្រីប៉ូលិសចំនួន ២នាក់ដែលបានប្រើហិង្សាមកលើរូបលោក។ មន្ត្រីគណបក្សប្រឆាំងរូបនេះ រៀបរាប់ថា មានមន្ត្រីប៉ូលិសនៃស្នងការនគរបាលខេត្តឧត្ដរមានជ័យចំនួន ២នាក់ ក្នុងនោះមានម្នាក់ជាប្រធានការិយាល័យទេសចរណ៍ខេត្ត គឺលោក រិទ្ធ សុខា បានរុញច្រានលោកផ្ដួលទៅលើតុគុយទាវចំនួន ២លើក ដោយសារតែលោកបានពិភាក្សាជាមួយពលរដ្ឋរឿងការទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកា។
លោកបន្តថា នៅពេលនោះលោក រិទ្ធ សុខា បានបង្ខំលោកឱ្យឈប់និយាយរឿងនយោបាយម្ដងហើយម្ដងទៀត តែលោកមិនស្ដាប់ ក៏ស្រាប់តែប៉ូលិសរូបនេះស្ទុះមកប្រើហិង្សាមកលើរូបលោកតែម្ដង។ លោកបញ្ជាក់ទៀតថា នៅពេលនោះមន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌពាក់ស័ក្ដិ៤ម្នាក់ទៀត ដែលលោកមិនស្គាល់ឈ្មោះ បានស្ទុះទៅជួយលោក រិទ្ធ សុខា រុញផ្ដួលលោកបន្ថែម បណ្ដាលឱ្យលោកដួលស្ទើរតែងើបមិនរួច។ លោកបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅក្នុងហាងលក់កាហ្វេមួយកន្លែងនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង កាលពីរសៀលថ្ងៃទី១០ កញ្ញា កន្លងទៅ៖ «ហើយសំខាន់គឺសាក្សីមានគឺអ្នកលក់ព្រោះកន្លែងហាងកាហ្វេ ហាងគុយទាវជាសិទ្ធិរបស់ខ្ញុំព្រោះខ្ញុំជាប្រជាពលរដ្ឋ។ការធ្វើនេះគឺជាការបំបាក់ស្មារតីដល់សកម្មជនដទៃទៀត កុំហ៊ានងើបហ៊ានតស៊ូមតិរិះគន់រដ្ឋាភិបាល។ នេះខ្ញុំមិនគ្រោះថ្នាក់ ចុះបើសិនចាំកែងតុដែលម្ចាស់ផ្ទះថា បើចំកែងតុត្រូវចូលសង្គ្រោះបន្ទាន់ ឬស្លាប់បាត់ហើយ បានន័យថា ប៉ូលិសអត់យកកាតព្វកិច្ចដែលខ្លួនរៀនចេះមកប្រើទេ អាងតែយើងមានអំណាចដើរគំរាមគេបានតាមចិត្ត»។
អាស៊ីសេរីមិនអាចទាក់ទងលោក រិទ្ធ សុខា និងមន្ត្រីប៉ូលិសម្នាក់ទៀត ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១១ កញ្ញា។
ប៉ុន្តែស្នងការរងនគរបាលខេត្តឧត្ដរមានជ័យទទួលបន្ទុកផ្នែកព្រហ្មទណ្ឌលោក ឡឹក សុខា ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា មន្ត្រីរបស់លោកមិនបានប្រើហិង្សាទៅលើសកម្មជនបក្សប្រឆាំងរូបនោះដូចការចោទប្រកាន់ឡើយ៖ «គ្មានពីណាទៅរករឿងស្អីវា ! វាស្រវឹងស្រាចង់ងាប់ហើយមកជេរគេរឡូរឡាគ្មានដឹងស្អីសោះ។ វាស្រវឹងស្រាទេបង វាស្រវឹងខ្លាំងណាស់»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ប្រសិនបើរឿងនេះពិតដូចការអះអាងថា របស់សកម្មជនបក្សប្រឆាំងមែននោះគឺជាការគំរាមកំហែងធ្ងន់ធ្ងរ ដើម្បីរារាំងបិទសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយខុសច្បាប់ ព្រោះរដ្ឋធម្មនុញ្ញបានកំណត់ឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការជួបប្រជុំគ្នា ឈឺឆ្អាលរឿងនយោបាយដោយសេរី៖ «វាគ្រាន់តែថាសម្ដែងមតិហើយគាត់មិនទាន់បានធ្វើផងហើយយើងជាសមត្ថកិច្ចយើងជជែកគ្នាមើលទៅវាខុសអីត្រូវអីអីចឹង។និយាយរួមបើផ្លូវច្បាប់ប្រើហិង្សាដោយចេតនាទៅលើគាត់។ព្រោះកម្ពុជាប្រកាន់របបប្រជាធិបតេយ្យដែលប្រជាពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិយោបល់ផ្សេងៗ ហើយបើមិនឱ្យគ្នានិយាយទេម៉េចហៅថាប្រជាធិបតេយ្យ»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបន្តថា លោកនឹងចុះស៊ើបអង្កេតលើរឿងនេះក្នុងពេលឆាប់ៗ ដើម្បីប្រមូលភស្តុតាងប្ដឹងទៅតុលាការ ឱ្យដោះស្រាយតាមផ្លូវច្បាប់។
ថ្មីៗនេះមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនបានរកឃើញថា សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ កំពុងត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ទាំងសេរីភាពនៃការជួបសម្ដែងមតិ និងសិទ្ធិជួបប្រជុំដោយសន្តិវិធី។ ចំណែកអង្គការសង្គមស៊ីវិលខ្លួនឯង ក៏ត្រូវបានអាជ្ញាធររារាំង និងជ្រៀតជ្រែកការងាររបស់ពួកគេផងដែរ។
លោក សេង សុផាន អះអាងថា បើទោះបីជាមានការគំរាមកំហែងយ៉ាងនេះក្ដី ក៏លោក និងសកម្មជនគណបក្សប្រឆាំងនៅខេត្តរបស់លោកជាច្រើននាក់ នៅតែបន្តត្រៀមខ្លួនទៅទទួល លោក សម រង្ស៊ី វិលចូលស្រុកវិញដដែល ដោយមិនខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញឡើយ ព្រោះពួកលោកយល់ថា នេះជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ និងការចូលរួមផ្នែកនយោបាយដោយស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។