មន្ត្រីសង្គមស៊ីវិលមួយចំនួនរំឭកការឈឺចាប់ ដែលត្រូវកងកម្លាំងរដ្ឋាភិបាលលោក ហ៊ុន សែន វាយដំ និងចាប់ពួកគាត់ដាក់ពន្ធនាគារដោយអយុត្តិធម៌ នៅក្នុងព្រឹត្តិការណ៍បង្ក្រាបបង្ហូរឈាមនៅផ្លូវ វេង ស្រេង និងក្បែររោងចក្រ យ៉ាក់ ជីន កាលពីដើមឆ្នាំ២០១៤ កន្លងទៅ។ មន្ត្រីសង្គមស៊ីវិលទាំងនោះ អំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ទង្វើវាយបង្ក្រាបដោយហិង្សាបែបនេះតទៅទៀត។
អ្នកការពារសិទ្ធិមនុស្សដែលត្រូវកម្លាំងចម្រុះរបស់រដ្ឋាភិបាលព្រួតវាយបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍បង្ក្រាបនៅផ្លូវ វេង ស្រេង និងក្បែររោងចក្រ យ៉ាក ជីន (Yak Jin) កាលពី ៦ឆ្នាំមុននោះ អះអាងថា ពួកគាត់គ្មានថ្ងៃបំភ្លេចបាននូវហេតុការណ៍ដ៏ឃោរឃៅ អមនុស្សធម៌ និងអយុត្តិធម៌នោះបានឡើយ។
ស្ថិតក្នុងចំណោមជនរងគ្រោះដទៃទៀត ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន ថ្លែងថា ឱ្យតែដល់ថ្ងៃទី២ និងទី៣ មករា លោកតែងមានអារម្មណ៍ឈឺចាប់ និងនឹកឃើញជានិច្ចនូវសកម្មភាព ដែលអាជ្ញាធរបានប្រើហិង្សាវាយដំលោកឱ្យរងរបួសក្បាលធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ថ្វីដ្បិតតែមុខរបួសរបស់លោកបានជាសះស្បើយមែន ក៏ជានិច្ចកាលលោកនៅតែមានអារម្មណ៍ឈឺក្បាលដោយសារតែរបួសនោះដដែល។ លោកថា ទង្វើបង្ក្រាបដោយហិង្សារបស់អាជ្ញាធរនោះ បានបន្សល់ទុកនូវការឈឺចាប់សម្រាប់រូបលោក និងមនុស្សជាតិដទៃទៀត ដែលស្រឡាញ់សិទ្ធសេរីភាព និងសន្តិភាព។
ទោះជាយ៉ាងណា លោក ថេង សាវឿន បញ្ជាក់ថា ហេតុការណ៍ហិង្សានៅគ្រានោះក៏បានក្លាយជាកត្តាជំរុញទឹកចិត្តឱ្យលោកប្រឹងប្រែងបន្ថែមទៀតក្នុងការងារការពារសិទ្ធិមនុស្សផងដែរ៖ « ទាំងប្រជាពលរដ្ឋ ទាំងមនុស្សជាតិផ្សេងៗ គឺគាត់មិនចង់បានដំណើរការនៃការដោះស្រាយបែបហិង្សាបែបព្រៃផ្សៃណាមួយឡើយ។ គាត់ចង់ឱ្យមានការដោះស្រាយបញ្ហាដោយឈរលើគោលការណ៍សន្តិវិធី ដោយមានការជជែកគ្នា។ មួយទៀត យើងចង់ឱ្យមានយន្តការច្បាប់មួយដែលផ្ដល់ភាពយុត្តិធម៌ពិតប្រាកដសម្រាប់អ្នកផ្សេងៗ ទាំងអ្នកទន់ខ្សោយ ទាំងគ្រប់មនុស្សដែលរស់នៅក្នុងប្រទេសកម្ពុជា មិនមែនយុត្តិធម៌មានស្តង់ដារពីរសម្រាប់អ្នកដែលប្រព្រឹត្តនូវអំពើហិង្សាលើជនរងគ្រោះបែរជារួចខ្លួន ហើយជនរងគ្រោះបែរជាទទួលនូវភាពអយុត្តិធម៌នៃការផ្ដន្ទាទោស តួយ៉ាងដូចជារូបខ្ញុំជាដើម » ។
កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ សមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលបានបើកយុទ្ធនាការបោសសម្អាតបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លាររបស់កម្មករ នៅក្បែររោងចក្រ យ៉ាក់ ជីន និងលើកំណាត់ផ្លូវ វេង ស្រេង។ កងកម្លាំងប៉េអឹម ប៉ូលិស និងជាពិសេសទាហាននៃកងឆត្រយោង៩១១ គ្រប់គ្រងដោយលោក ចាប ភក្តី ដែលជាមនុស្សជំនិតរបស់លោក ហ៊ុន សែន បានប្រើប្រាស់ខែល ដំបង បំពង់ទីប និងកាំភ្លើង បាញ់ប្រហារ និងវាយដំកម្មករ បណ្ដាលឱ្យមនុស្ស៥ នាក់ស្លាប់ និងរងរបួសជិត ៤០នាក់។
កងកម្លាំងរដ្ឋាភិបាល ក៏បានចាប់ខ្លួនកម្មករ និងមន្ត្រីអង្គការសង្គមស៊ីវិលសរុប ២៣នាក់ យកទៅដាក់គុកត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាមផងដែ។ ក្រោយមក តុលាការក្រុងភ្នំពេញបានកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារចាប់ពី ២ឆ្នាំរហូតដល់ជាង ៤ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនទៀត ពីបទញុះញង់ឱ្យមានអំពើហិង្សា បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ក៏ប៉ុន្តែទោសនេះត្រូវបានអនុវត្តត្រឹមរយៈពេល ៥ខែ ដែលពួកគេបានជាប់ឃុំ ហើយទោសដែលនៅសល់ត្រូវព្យួរ។ ទោះជាយ៉ាងណា ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងកម្មករបានប្ដឹងទាស់នឹងសាលក្រមផ្ដន្ទាទោសនេះ ហើយគិតត្រឹមដើមឆ្នាំ២០២០ សំណុំរឿងនេះស្ថិតនៅដៃសាលាឧទ្ធរណ៍នៅឡើយ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែលជាជនរងគ្រោះមួយរូបដែរនោះ ថ្លែងថា ការផ្ដន្ទាទោសរូបលោក និងអ្នកផ្សេងទៀតទាក់ទងនឹងហេតុការណ៍ហិង្សានេះ គឺជារឿងដ៏អយុត្តិធម៌ និងកាន់តែធ្វើឱ្យពួកលោកឈឺចាប់ បន្ថែមលើស្នាមរបួសពេញខ្លួនដោយស្នាដៃកងកម្លាំងរដ្ឋាភិបាល។ លោកបញ្ជាក់ថា ៦ឆ្នាំមកនេះ របួសលោករើឡើងវិញជាញឹកញាប់ ហើយលោកត្រូវព្យាបាលជាប្រចាំ ដោយពេលមានប្រាក់លោកចេញទៅព្យាបាលនៅប្រទេសថៃ ហើយនៅពេលគ្មានប្រាក់ លោកព្យាបាលនៅក្នុងស្រុក។ លោកនៅតែទទូចឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតរឿងនេះ ដើម្បីឈានទៅវែកមុខចាប់ជនដៃដល់ និងអ្នកនៅពីក្រោយខ្នងយកមកផ្ដន្ទាទោសតាមច្បាប់៖ «ឱ្យតែដល់ថ្ងៃទី២ ថ្ងៃទី៣ ខ្ញុំនៅតែនឹកឃើញហាក់ដូចជាថ្មីៗ សម្រាប់ជីវិតរបស់ខ្ញុំ។ ពេលខ្លះខ្ញុំមិនដឹងជាធ្វើអ្វីកើត ខ្ញុំអង្គុយបង្ហូរទឹកភ្នែកម្នាក់ឯង ដោយនឹកស្រណោះខ្លួនមែនទែនដែលយើងគ្រាន់តែជាអ្នកឃ្លាំមើលការតវ៉ារបស់កម្មករ គ្រាន់តែជាអ្នកឃាត់មិនឱ្យគេប្រើហិង្សាទៅលើកម្មករ បែរជាគេវាយទាត់ធាក់នឹងដែកបំពង់ទីប ស្ទើរតែស្លាប់បាត់បង់ជីវិត។ គេដាក់យើងនៅក្នុងពន្ធនាគារ។ រហូតមកដល់ពេលនេះ ក្បាលខ្ញុំមានស្លាកស្នាមនឹងដែកបំពង់ទីបនៅឡើយ ហើយក្រោយពីខ្ញុំចេញពីពន្ធនាគារមក ខ្ញុំមានជំងឺជាប់ប្រាណជារៀងរហូត។ សុខភាពខ្ញុំទ្រុឌទ្រោមរហូតមកដល់សព្វថ្ងៃនេះ » ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ហ៊ុន សែន បដិសេធថា រឿងនេះគ្មានអ្វីត្រូវស៊ើបអង្កេតឡើយ ព្រោះជាវិធានការស្របច្បាប់របស់រដ្ឋាភិបាល។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចោទកម្មករ និងមន្ត្រីសង្គមស៊ីវិលទាំងនោះថា ជាអ្នកធ្វើចលនាបះបោរចង់ផ្ដួលរំលំរដ្ឋាភិបាល ដូច្នេះរដ្ឋាភិបាលមានសិទ្ធិបង្ក្រាបចលាចលនេះ។ លោកអះអាងថា ក្នុងបរិបទបែបនេះ ការបាញ់សម្លាប់កម្មករ និងវាយដំមន្ត្រីសង្គមស៊ីវិលមិនចាំបាច់មានការទទួលខុសត្រូវទេ៖ « ករណីនេះ គឺសមត្ថកិច្ចប្រើប្រាស់នូវកម្លាំងដើម្បីបង្ក្រាប និងទប់ស្កាត់នូវបាតុកម្មបែបហិង្សាខុសច្បាប់ក្នុងការផ្ដួលរំលំរដ្ឋាភិបាល អ៊ីចឹងនេះជាវិធានការស្របច្បាប់ ដែលមិនទាមទារឱ្យមានការទទួលខុសត្រូវទេ។ ខាងគណបក្សនយោបាយដែលរៀបចំបាតុកម្មខុសច្បាប់ហ្នឹង រួមទាំងអ្នកចូលរួម គឺជាអ្នកដែលត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ » ។
ជនរងគ្រោះ និងអ្នកការពារសិទ្ធិមនុស្សចាត់ទុកការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌នេះ ថាជារឿងមិនអាចទទួលយកបាន និងគេចវេះពីការទទួលខុសត្រូវតាមផ្លូវច្បាប់។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ថ្លែងថា លោកមិនបានប្រព្រឹត្តអ្វីខុសច្បាប់នោះឡើយ។ លោករំឭកថា នៅគ្រានោះ លោកគ្រាន់តែចុះទៅតាមដានការធ្វើបាតុកម្មរបស់ក្រុមកម្មករប៉ុណ្ណោះ ហើយនៅពេលឃើញកម្លាំងសមត្ថកិច្ចប្រើហិង្សាលើកម្មករ លោកក៏បានស្រែកសុំឱ្យសមត្ថកិច្ចបញ្ឈប់ការបង្ក្រាប។ លោកបន្តថា រំពេចនោះស្រាប់តែកងទាហានឆត្រយោង៩១១ បានព្រួតគ្នាវាយរូបលោកបែកក្បាលឈាមហូរជោគខ្លួន សន្លប់ស្ដូកស្ដឹងនៅលើថ្នល់ ហើយពួកគេក៏បានយកលោក និងមនុស្សមួយចំនួនទៀតទៅឃុំឃាំងនៅបន្ទាយពីមួយទៅមួយ ហើយចុងក្រោយបានដឹកពួកលោកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង។ លោកអះអាងថា អំឡុងពេលឃុំខ្លួននោះ ពួកទាហាននៅតែបន្តវាយទាត់ធាក់រូបលោក ហើយបានឱ្យបាយលាយគ្រួសមកលោកហូប ប៉ុន្តែលោកហូបបាយនោះមិនកើតឡើយដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក។ លោកចាត់ទុកទង្វើបែបនេះថា ជាការជាន់ឈ្លី និងរំលោភសិទ្ធិមនុស្សទាំងកម្រោល៖ « គេវាយយើងស្ទើរតែស្លាប់បាត់បង់ជីវិតទៅហើយ គេចាប់យើងដាក់ពន្ធនាគារហើយ បែរជាចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបែបនេះ គឺជារឿងមួយដែលខ្ញុំមិនអាចទទួលយកបានទេ។ អ៊ីចឹងហើយបានជាខ្ញុំគិតថា យុត្តិធម៌សម្រាប់ពួកខ្ញុំ គឺឆ្ងាយដូចជើងមេឃអ៊ីចឹង ឬក៏ដូចជាការរាវម្ជុលក្នុងបាតសមុទ្រដូច្នេះដែរ » ។
ចំណែក នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សលោក អំ សំអាត ថ្លែងថា រដ្ឋាភិបាលមិនអាចចង្អុលដាក់អ្នកនេះ ឬអ្នកនោះ ចំពោះព្រឹត្តិការណ៍នៅផ្លូវ វេង ស្រេង និងក្បែររោងចក្រ យ៉ាក់ ជីន ដើម្បីគេចវេះពីការទទួលខុសត្រូវនោះឡើយ។ លោកថា រដ្ឋាភិបាល និងស្ថាប័នយុត្តិធម៌មានកាតព្វកិច្ចតាមផ្លូវច្បាប់ ដើម្បីវែកមុខជនដៃដល់ និងអ្នកបញ្ជានៅពីក្រោយខ្នងយកមកផ្ដន្ទាទោសតាមច្បាប់។ លោកបញ្ជាក់ថា ករណីហិង្សានៅផ្លូវ វេង ស្រេង នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងសាហាវឃោរឃៅ ព្រមទាំងបង្កើតឱ្យមានរឿងអយុត្តិធម៌មួយកម្រិតទៀតនៅពេលជនរងគ្រោះដោយអំពើហិង្សា ត្រូវបានគេចាប់យកទៅឃុំខ្លួន រួចកាត់ទោសតាមអំពើចិត្ត។ លោកបន្ថែមថា រឿងនេះ បានក្លាយជាគម្រូដ៏អាក្រក់នៃការអនុវត្តច្បាប់ និងការបន្តវប្បធម៌និទណ្ឌភាព ឬទម្លាប់ឱ្យជនល្មើសរួចទោសនៅកម្ពុជា៖ « វប្បធម៌និទ្ទណ្ឌភាពនេះនឹងបន្តនូវវប្បធម៌ហិង្សាតទៅទៀត ដោយសារវាជាគម្រូអាក្រក់។ អ្នកដែលបានប្រព្រឹត្តហើយ រួចខ្លួនពីសំណាញ់ច្បាប់។ អ៊ីចឹងរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច និងតុលាការត្រូវតែស៊ើបអង្កេត ស្រាវជ្រាវរកការពិត រកជនដៃដល់ រកអ្នកដែលពាក់ព័ន្ធបង្កឱ្យមានព្រឹត្តិការណ៍អំពើហិង្សា បង្កឱ្យមនុស្សស្លាប់ រងរបួស និងការចាប់ខ្លួនហ្នឹង យកទៅអនុវត្តតាមផ្លូវច្បាប់។ អាហ្នឹងជាកាតព្វកិច្ច មិនអាចយកបញ្ហាទាំងអស់នេះ ឆ្លើយដាក់អ្នកនេះ ឆ្លើយដាក់អ្នកនោះ ដោយមិនមានការស្រាវជ្រាវទេ » ។
មន្ត្រីសង្គមស៊ីវិលដែលរងគ្រោះដោយការបង្ក្រាបហិង្សានោះ បញ្ជាក់ថា ពួកគេនៅតែមានសង្ឃឹមថា យុត្តិធម៌នឹងអាចកើតមាននៅថ្ងៃណាមួយ នៅពេលកម្ពុជាក្លាយជាប្រទេសមាននីតិរដ្ឋពិតប្រាកដ។ បន្ថែមពីលើនេះ ពួកគេទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ទង្វើបង្ក្រាបដោយហិង្សាបែបនេះតទៅទៀត និងជ្រើសរើសយកការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។