ក្រុមអ្នកការពារសិទ្ធិមនុស្សចង់ឃើញរដ្ឋាភិបាលទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេស អ.ស.ប ដើម្បីស្តាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ
2021.10.05
ក្រុមអ្នកការពារសិទ្ធិមនុស្ស ស្វាគមន៍របាយការណ៍លើកដំបូងរបស់អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ដែលបានដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ពួកគេចង់ឃើញរដ្ឋាភិបាលទទួលយកអនុសាសន៍ទាំងឡាយរបស់អ្នករាយការណ៍ពិសេសនេះ យកទៅកែលំអស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាដើម្បីបានជាប្រយោជន៍ដល់ពលរដ្ឋគ្រប់រូប។
របាយការណ៍លើកដំបូងដែលលោក វិទិត មុនតាប៊ន ដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់សម័យប្រជុំលើកទី៤៨ ពីថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ឆ្លុះបញ្ចាំងពីទិដ្ឋភាពសំខាន់ៗមួយចំនួននៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ទិដ្ឋភាពទាំងនោះ រួមមានផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ បញ្ហាធ្លាក់ចុះនៃលំហប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងបញ្ហាមួយចំនួនទៀតទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ បញ្ហាដីធ្លី និងបរិស្ថាន សង្គមស៊ីវិល កិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការជាដើម។
របាយការណ៍នេះ ពិនិត្យមើលស្ថានភាពទូទៅពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាចាប់ពីពាក់កណ្តាលឆ្នាំ២០២០ រហូតមកទល់នឹងខែឧសភា ឆ្នាំ២០២១។ លោក វិទិត មុនតាប៊ន គូសបញ្ជាក់ថា ដោយសារតែវិបត្តិជំងឺកូវីដ-១៩ លោកមិនអាចមកធ្វើទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងដោយផ្ទាល់បានទេ។ ក៏ប៉ុន្តែ លោកថា លោកបានជួបជាមួយនឹងដៃគូពាក់ព័ន្ធជាច្រើនតាមរយៈកិច្ចប្រជុំតាមអនឡាញ។ លោកសង្កត់ធ្ងន់នៅក្នុងសេចក្តីសន្និដ្ឋានរបស់លោកថា ការពិតនៅកម្ពុជាដែលគេអាចមើលឃើញគឺថា សុខសន្តិភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព មិនអាចសម្រេចទៅបាននោះទេ លុះត្រាណាតែអំណាចត្រូវបានចែករំលែកក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធដែលមានភាពចម្រុះ ដើម្បីឱ្យពួកគេម្នាក់ៗទទួលបានអារម្មណ៍ថា ពួកគេគឺជាម្ចាស់កំណត់ជោគវាសនារបស់ប្រទេសជាតិទាំងអស់គ្នា។ លោករំឮកថា ដូច្នេះហើយបានជាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ កាលពី ៣០ឆ្នាំមុន លើកឡើងពីការសន្យាថា កម្ពុជាគឺជាប្រទេសដែលកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា យល់ថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសថ្មីរូបនេះ ឆ្លុះបញ្ចាំងពីការពិត និងការវិវត្តន៍ចុងក្រោយនៅកម្ពុជា។ លោកថាការរកឃើញរបស់អ្នកជំនាញខាងសិទ្ធិមនុស្សរូបនេះ គឹដូចគ្នានឹងអ្នករាយការណ៍ពិសេសមុនៗដែរ៖ «អ្វីដែលអ្នករាយការណ៍ពិសេសលោកបានលើកនៅក្នុងរបាយការណ៍ពេលនេះ ក៏មិនខុសប្លែកអីខ្លាំងអំពីអ្នករាយការណ៍ពិសេសដែលគេបានលើកមុនៗដែរ ដែលគេបានរកឃើញអំពីស្ថានភាពនៅប្រទេសកម្ពុជាយើង ដែលគេធ្លាប់បានលើកកាលពីពេលកន្លងមក។ មិនសូវជាខុសគ្នាអីប៉ុន្មានទេទាក់ទងទៅនឹងការរកឃើញអំពីការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្ស ពិសេសគឺទាក់ទងទៅនឹងសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ សិទ្ធិនយោបាយ សិទ្ធិអី ជាហូរហែរហ្នុង»។
ស្រដៀងគ្នានេះដែរ សម្រាប់នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត វិញ លោកយល់ថា អនុសាសន៍ដាក់ចេញដោយអ្នករាយការណ៍ពិសេសរូបនេះ គឺចង់ឃើញកម្ពុជាគោរពតាមស្តង់ដារអន្តរជាតិនៃគោលការណ៍សិទ្ធិមនុស្សដើម្បីធានានូវលទ្ធិប្រជាធិបតេយ្យពេញលេញ៖ «ខ្ញុំយល់ថា អនុសាសន៍របស់អ្នករាយការណ៍ពិសេសនេះ វាជារឿងសំខាន់ដែលមានការផ្តល់អនុសាសន៍នេះ ពីព្រោះវាជារឿងមួយដែលជួយជំរុញកម្ពុជាយើងអាចនឹងមានលំហនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញលេញនៅកម្ពុជា។ អនុសាសន៍នេះ គឺត្រូវឱ្យមានការកែប្រែ ឬកែលំអច្រើនជាពិសេសទាក់ទងនឹងបញ្ហាច្បាប់មួយចំនួនដែលគិតថាច្បាប់ខ្លះអាចរឹតត្បិតទៅលើសេរីភាព ទៅលើសិទ្ធិរបស់ពលរដ្ឋ។ អញ្ចឹង បើសិនជាមានការសន្ទនា មានការធ្វើវិសោធនកម្មខ្លះ ដើម្បីជាលំហនៃការគោរពតាមគោលការណ៍ស្តង់ដារអន្តរជាតិស្តីពីសិទ្ធិមនុស្ស វាជារឿងមួយល្អ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យ និងជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលលោក កត្តា អ៊ន ដើម្បីសុំអត្ថាធិប្បាយជុំវិញរបាយការណ៍ដំបូងរបស់អ្នករាយការណ៍ពិសេសនេះ បានទេដោយសារលោកពុំលើកទូរស័ព្ទកាលពីល្ងាចថ្ងៃទី៤ ខែតុលា។
យ៉ាងណា នៅក្នុងរបាយការណ៍ឆ្លើយតបរបស់រដ្ឋាភិបាលដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជុំវិញការរកឃើញរបស់អ្នករាយការណ៍ពិសេសនេះ រដ្ឋាភិបាលបញ្ជាក់ថា ខ្លួនស្រងាកចិត្តចំពោះការចោទប្រកាន់រាប់មិនអស់នៅក្នុងរបាយការណ៍នេះ ដែលរដ្ឋាភិបាលអះអាងថា ធ្វើឡើងដោយខ្វះភស្តុតាង ហើយភាគច្រើនជាព័ត៌មានផ្តល់ឱ្យដោយក្រុមប្រឆាំង និងសម្ព័ន្ធភាពរបស់ពួកគេ។ រដ្ឋាភិបាលគូសបញ្ជាក់ថា ជារួម របាយការណ៍នេះផ្តោតលើបញ្ហានានាដែលបានលើកឡើងដោយអ្វីមួយដែលរដ្ឋាភិបាលហៅថាជា «ក្រុមខុសច្បាប់» ឬ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលធ្វើការតាម «យុទ្ធនាការរបស់បរទេសដើម្បីប្រឆាំងនឹង» រដ្ឋាភិបាលកម្ពុជា។
ផ្ទុយពីអំណះអំណាងរបស់រដ្ឋាភិបាលនេះ ក្រុមអ្នកការពារសិទ្ធិមនុស្សនៅតែជំរុញឱ្យរដ្ឋាភិបាលអនុវត្តតាមអនុសាសន៍ដាក់ចេញដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនេះ។
អ្នកជំនាញសិទ្ធិការងារ និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា យល់ថា រដ្ឋាភិបាលគួរធ្វើយ៉ាងណាពិចារណាស្តាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញឱ្យដូចអ្វីដែលកម្ពុជាបានសន្យានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៖ «បើខ្ញុំមើលទៅរបាយការណ៍នេះ វាមិនទាន់បាន ១០០% នូវអ្វីដែលយើងអ្នកដែលធ្វើការនៅមូលដ្ឋានមើលឃើញក៏ដោយ ក៏ប៉ុន្តែ យ៉ាងណា គាត់បាននិយាយច្រើនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជាសព្វថ្ងៃ។ ខ្ញុំមើលទៅគឺរឿងមួយដែលរដ្ឋាភិបាល ឬក៏អាជ្ញាធរកម្ពុជាគួរពិចារណានោះ គឺរឿងស្តាប្រជាធិបតេយ្យឡើងវិញ ស្តាការគោរពសិទ្ធិមនុស្ស ស្របតាមអ្វីដែលយើងបានសន្យានៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះឯង»។
រីឯលោក នី សុខា វិញ លោកក៏ចង់ឃើញរដ្ឋាភិបាលទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើយ៉ាងណាកែលំអប្រទេសជាតិសម្រាប់ពលរដ្ឋទាំងអស់គ្នា៖ «ជាទស្សនៈរបស់ខ្ញុំ ខ្ញុំយល់ថា ផ្ទុយទៅវិញរដ្ឋាភិបាលទេដែលលោកត្រូវពិនិត្យពិចារណាទៅលើរបាយការណ៍ហ្នុង ពីព្រោះរបាយការណ៍ហ្នុងអាចជាកញ្ចក់ឆ្លុះបញ្ចាំង អាចជួយទៅដល់រដ្ឋាភិបាលដែរអំពីការមើលឃើញអំពីដំណើរការវិវត្តន៍នៃស្ថានភាពនៃការគោរពសិទ្ធិមនុស្សហ្នុង។ អ៊ីចឹងហើយ រដ្ឋាភិបាលអាចយករបាយការណ៍នេះមកធ្វើការពិចារណាបានក្នុងការកែលំអប្រទេសជាតិរបស់យើងជាដើម។ នេះជារឿងសំខាន់»។
ក្នុងចំណោមអនុសាសន៍សំខាន់ៗ ១០ចំណុច ដែលលោក វិទិត មុនតាប៊ន ស្នើឡើងនៅក្នុងរបាយការណ៍ដំបូងរបស់លោក អនុសាសន៍ចំនួន ៣ ដែលលោកចង់ឃើញនោះ គឺលោកអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាឡើងវិញជាបន្ទាន់នូវការកែលំអច្បាប់ គោលនយោបាយ និងការអនុវត្តន៍នានាដែលមានលក្ខណៈជាការរឹតត្បិតធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស ដើម្បីឱ្យអនុលោមតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ តាមរយៈកិច្ចពិគ្រោះយោបល់ជានិរន្តជាមួយអង្គការសង្គមស៊ីវិល។ លោកជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការស៊ើបអង្កេត និងការផ្តន្ទាទោសសមាជិកគណបក្សប្រឆាំង ក្រុមអ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដោយធ្វើយ៉ាងណាបើកចំហលំហដើម្បីឱ្យមានកិច្ចសន្ទនា ការផ្សះផ្សាជាតិ និងការស្តាស្ថាប័នជាតិឡើងវិញ។ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដដែល ក៏ជំរុញឱ្យរដ្ឋាភិបាលធានានូវបរិយាកាសសេរី និងពហុបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ ធ្វើយ៉ាងណាកុំឱ្យមានការបំភិតបំភ័យ និងការយាយីផ្នែកនយោបាយណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។