សហជីព​ធំ​ទាំង៨ នៅ​តែ​ប៉ុនប៉ង​​ហែ​ក្បួន​កម្មករ​ជាង ២ពាន់​នាក់ ទៅ​មុខ​រដ្ឋសភា ក្នុង​ទិវា​ពលកម្ម​អន្តរ​ជាតិ ​ទោះ​​មាន​ការ​រារាំង និង​រង​ការ​គំរាម​បង្ក្រាប

0:00 / 0:00

ក្រុម​សហជីព​ធំ​ចំនួន​៨ ដឹក​នាំ​ដោយ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ រក្សា​ជំហរ​ហែ​ក្បួន​​កម្មករ​ជាង​២ពាន់​នាក់ ទៅ​មុខ​រដ្ឋសភា ដដែល​ នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរ​ជាតិ ១​ ឧសភា បើ​ទោះ​រង​ការព្រមាន​​បង្ក្រាប​ក៏​ដោយ​ចុះ។

លោក អាត់ ធន់ ឲ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ទទួល​ចំណារ​ពី​ក្រសួង​មហាផ្ទៃ​​ និង​សម្រេច​ជា​ថ្មី នៅ​ព្រលប់​ថ្ងៃ​ទី​៣០ មេសា ឲ្យ​សហជីព​ធំ​ទាំង​៨ ជួប​ជុំ​កម្មករ ​២​ពាន់​នាក់ នៅ​សួន​ច្បារ​ក្បែរ​វត្ត​ភ្នំ តែ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ដាច់​ខាត។ លោក​ថា ចំនួន​អ្នក​ចូល​រួម​អាច​លើស​បន្តិច​បន្តួច ហើយ​​អាជ្ញាធរ​បាន​បញ្ជាក់​​​ថា សមាជិក​រដ្ឋសភា និង​តំណាង​រដ្ឋាភិបាល នឹង​មក​ទទួល​ញត្តិ​ពី​កម្មករ​ដល់​កន្លែង​ប្រារព្ធ​ពិធី។ តែ​លោក​ថា ទោះ​យ៉ាងណា ក្រុម​សហជីព​ទាំង​៨ បាន​ប្រជុំ​គ្នា​រួច​ហើយ នៅ​តែ​រក្សា​ជំហរ​ហែ​ក្បួន​ដដែល​ ទោះ​មាន​ការ​រារាំង​បែប​ណា​ក៏​ដោយ។​

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ចេញ​លិខិត​​​នៅ​ថ្ងៃ​ទី៣០ មេសា បង្គាប់​​​ឲ្យ​​មេដឹកនាំ​​សហជីព​ធំ​ទាំង៨​ ត្រូវ​សហការ​​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​​​ជា​ដាច់​ខាត ដើម្បី​ធានា​ដំណើរការ​​រលូន សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​ និង​របៀប​រៀប​រយ​សាធារណៈ។ ចំណែក​​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ស ថេត ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ (Vodhotnews.com) ថា ការ​ហែ​ក្បួន​​ក្នុង​ទិវា​​សិទ្ធិ​ការងារ ឬ​ទិវា​ពលកម្ម​អន្តរ​ជាតិ ១ ឧសភា ជា​សកម្មភាព​ខុស​ច្បាប់ និង​ព្រមាន​ចាត់​វិធានការ។

ក្រៅពី​ក្រុម​សហជីព​ធំ​ទាំង​៨ សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ សមាគម សហជីព ជា​ច្រើន​ទៀត ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ១​ ឧសភា នៅ​នឹង​កន្លែង​តាម​ទីតាំង​ផ្សេង​ទៀត។ ក្នុង​នោះ​មាន​ ក្រុម​អង្គការ​ សមាគម ឃ្លាំមើល​សិទ្ធិ​ការងារ​ ចំនួន​២១ ​តំណាង​​ ដោយ​អង្គការ​​សង់ត្រាល់ សុំ​ប្រារព្ធ​កម្មវិធី នៅ​សួន​ច្បារ​មុខ​វត្ត​បទុមវតី និង​​អ្នក​ចូល​រួម​ជាង​១​ពាន់​នាក់ តែ​ត្រូវ​បដិសេធ ហើយ​​បង្វែរ​ឲ្យ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ​នៅ​ខណ្ឌ​ឫស្សីកែវ ជាមួយ​ ក្រុម​សហជីព និង​សមាគម ចំនួន​៥​ ដែល​មាន​អ្នក​ចូល​រួម​ជាង​ ៤០០​នាក់ ដឹក​នាំ​ដោយ ​លោក រ៉ុង ឈុន។ ក្រុម​ទាំង​ពីរ​នេះ ក៏​​មិន​​អនុញ្ញាត​​ឲ្យ​​ដង្ហែ​​ក្បួន​​​ដែរ។

ចំណែក​សហព័ន្ធ​សហជីព​​កម្មករ​​សំណង់​ និង​ព្រៃ​ឈើ​កម្ពុជា របស់​លោក សុខ គីន ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ១ ឧសភា ​នៅ​ទី​​ស្នាក់​ការ​សហជីព​ ក្នុង​ខណ្ឌ​សែន​សុខ ដោយ​មាន​អ្នក​ចូលរួម​ ២រយ​នាក់ ​​ហាម​ហែ​ក្បួន តែ​តម្រូវ​ឲ្យ​តំណាង​ ១០នាក់ ជិះ ​២​រ៉ឺម៉ក​កង់​បី យក​ញត្តិ​​​ទៅ​ដាក់​នៅ​ក្រសួង​ការងារ និង​សាលា​រាជធានី​ភ្នំពេញ​បាន​ នៅ​ក្រោយ​ចប់​កម្មវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។