ទាក់ទងនឹងការចាប់ឃុំខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេស លោក ម៉ាក ថេយើរ៍ (Marc Thayre) បានថ្លែងតាមរយៈសារនៅលើហ្វេសប៊ុករបស់ស្ថានទូតចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃទី០២ ខែតុលា ថាការចោទប្រកាន់លោក ម៉ិច ដារ៉ា នាំឱ្យមានការព្រួយបារម្ភជាខ្លាំង និងជាការធ្វើទុក្ខបុកម្នេញ សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ លោក ម៉ាក ថេយើរ៍ បន្តថា ការបំពេញវិជ្ជាជីវៈរបស់លោក ដារ៉ា បានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីការយល់ដឹងទាក់ទងនឹងមណ្ឌលឆបោកតាមអនឡាញ និងការជួយសង្គ្រោះជនរងគ្រោះពីការងារដោយបង្ខំ។ លោកបញ្ជាក់ថា សេរីភាពបញ្ចេញមតិជាផ្នែកមួយមូលដ្ឋានគ្រឹះ ដែលនាំឱ្យសង្គមមានជ័យជម្នះទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។
ស្ថានទូតអង់គ្លេសជំរុញឱ្យអាជ្ញាធរពិចារណាឡើងវិញពីការចោទប្រកាន់ លោក ម៉ិច ដារ៉ា នេះ។
ជាមួយគ្នាតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចេញថ្លែងការណ៍ដោយបារម្ភពីការចាប់ខ្លួនលោក ម៉ិច ដារ៉ា ដែលស្ថាប័ននេះចាត់ទុកថា ជាអ្នកកាសែតដែលមានកំណត់ត្រាគួរឱ្យគោរពលើសេចក្ដីរាយការណ៍អំពីការជួញដូរមនុស្សរបស់គាត់។ សហភាពអឺរ៉ុបបញ្ជាក់ថា ខ្លួនគាំទ្រខ្លាំងដល់សេរីភាពសារព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។