ទស្សនៈ​របស់​មហាជន​មួយចំនួន​លើ​បណ្ដាញ​សង្គម​អំពី​ការប្រើ​ហិង្សា​លើ​លោក នី ណាក់

0:00 / 0:00

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​លើ​បណ្ដាញ​សង្គម​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​សុវត្ថិភាព​សង្គម ក្រោយ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ប្រើ​ហិង្សា​ព្រួត​វាយ លោក នី ណាក់ ឱ្យ​របួសធ្ងន់​កាល​ពី​ពេល​ថ្មី​នេះ។

អ្នកខ្លះ​ថា ករណី​នេះ ជា​ការ​ស​បញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​គ្មាន​អ្វី​ចម្រើន​ថ្មី និង​មិន​ខុសពី​រដ្ឋាភិបាល​ចាស់​ដែល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​ជិត ៤០​ឆ្នាំ​មក​ហើយ​នោះ​ទេ។

ទោះបី​មានការ​អំពាវនាវ​ពី​ក្រុម​គ្រួសារ​របស់​អ្នកជំនាញ​កសិកម្ម ដែល​ធ្លាប់​ជាប់ទោស​រឿង​ត្រៀម​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់ និង​អ្នកការពារ​សិទ្ធិមនុស្ស ទាមទារ​ឲ្យ​សមត្ថកិច្ច​ឱ្យ​ស៊ើបអង្កេត​រក​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស និង​បិទ​បញ្ចប់​សំណុំរឿង​លប​វាយ​ធ្វើបាប​អ្នក​សកម្ម​ការងារ​សង្គម​នេះ​ម្តង​ហើយ​ម្តង​ទៀត​ក្តី ក៏​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ការ​ឆ្លើយ​តប​ពី​មន្ត្រី​រដ្ឋាភិបាល​ថា យ៉ាង​នៅឡើយ។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​ជា​យុវតី​ការពារ​បរិស្ថាន គឺ​កញ្ញា ភួន កែវរស្មី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា «ករណី​ហិង្សា​ក្រៅ​ប្រព័ន្ធ​ច្បាប់​មក​លើ​ប្រជាជន​ដែល​បញ្ចេញមតិ​រិះគន់​ដើម្បី​ស្ថាបនា​រដ្ឋាភិបាល​ជា​រឿង​ដែល​អាក្រក់​បំផុត»។

កញ្ញា​ចាត់ទុក​ទង្វើ​បែប​នេះ បាន​គម្រាម​កំហែង​សុវត្ថិភាព​ក្នុង​ការ​រស់នៅ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​ពួក​យើង ដែល​ជា​សកម្មជន​បរិស្ថាន និង​សកម្មជន​វិស័យ​ផ្សេងៗ​ទៀត ជាពិសេស​ស្មារតី​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

កញ្ញា​ផ្តល់​ជា​ទស្សនៈ​ថា ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ រដ្ឋាភិបាល​ត្រូវតែ​ស្វែងរក​ជន​ដៃដល់​ជាបន្ទាន់ និង​ផ្តល់​យុត្តិធម៌​ដល់​លោក នី ណាក់ ព្រមទាំង​ជនរងគ្រោះ​កន្លងមក​ដែល​មិនទាន់​ទទួល​បាន​យុត្តិធម៌។

ចំណែក​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេង​មួយ​ទៀត​ឈ្មោះ តុ ដារា (Tok Dara) ក៏បាន​បញ្ចេញមតិ​ជុំវិញ​រឿង​នេះ​ដែរ​ថា​៖ បើ​អស់លោក​ខ្លាច​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​សូម​លាឈប់​ពី​តំណែង​ទៅ​គេ​ឈប់​រិះគន់​ហើយ។

ដោយឡែក​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ ភីធើ ហួរ (Peter Hor) ក៏បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា៖ ឱ្យ​ប្រជា​ពលរដ្ឋ​មាន​សន្តិភាព​ផ្លូវចិត្ត​យ៉ាងម៉េច​ទៅ បើ​សកម្មភាព​អនាធិបតេយ្យ​ពាសពេញ​ប្រទេស​យ៉ាងនេះ។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ឈ្មោះ សុត សូនេត (Sot Soknet) បាន​ប្រៀបធៀប សម័យ​នេះ​ទៅ​នឹង​សម័យ​ខ្មែរក្រហម។

កាលពី​សម័យ ពុល ពត អ្នកចេះ​ត្រូវ​គល់អាសី សម័យ​នេះ​នៃ​ត្រូវ​បំពង់​ទីប។ ចំណែក​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ទៀត ឈ្មោះ ហ្វាស្ស៊ីន អ៊ែល (Fazin El) បញ្ចេញ​ទស្សនៈ​ជុំវិញ​នេះ​ដែរ​ថា៖ រឿង​លប​លួច​វាយ​ធ្វើបាប​អ្នក​រិះគន់​គឺជា​សកម្មភាព​ដដែលៗ គឺជា​ពួក​ជនពាល​ស្របច្បាប់​ដែល​តែងតែ​ធ្វើបាប​រាស្ត្រ។

ទាក់ទង​នឹង​ករណី​ប្រើ​ហិង្សា​លើ​អ្នកជំនាញ​កសិកម្ម នេះ​ដែរ អ្នក​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​សង្គម លោក បណ្ឌិត មាស នី (Meas Nee) ក៏បាន​ចាប់អារម្មណ៍​លើ​រឿង​នេះ​ដែរ។ លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា អំពើ​ហិង្សា​លើ​លោក នី ណាក់ កំពុង​ក្លាយ​ជា​ការ​ធ្វើ​ពិសោធនកម្ម​ដ៏​សំខាន់​មួយ ដើម្បី​បង្ហាញ ថា​តើ​វា​នឹង​អាច​មាន​ការប្រែប្រួល​ដែរ​ទេ សម្រាប់​រាជរដ្ឋាភិបាល​ថ្មី ក្នុង​ការ​លើ​កម្ពស់​យុត្តិធម៌​សង្គម?

ចំណែក​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ឈ្មោះ រីតា ឈីន (Rita Chin) បាន​បញ្ចេញ​ទស្សនៈ​ថា រដ្ឋាភិបាល​ថ្មី របស់ លោក ហ៊ុន ណែត នឹង​គ្មានអ្វី​ផ្លាស់ប្ដូរ ខុសពី​រដ្ឋាភិបាល​ចាស់​របស់​ឪពុក​របស់​លោក​នោះ​ទេ។ លោក​បន្ត​ថា​៖ ជា​ការ​ពិត​គ្មាន​អី​ប្រែប្រួល​ទេ គឺ​ក្លាយ​ជា​ប្រពៃណី​នៃ​ពួក​ពូជ​ផ្ដាច់ការ ដែល​យក​ច្បាប់ ហិង្សា​គម្រាម វ៉ៃ​កាប់​ចាក់​សម្លាប់​អ្នក​ហ៊ាន​បញ្ចេញមតិ ដើម្បី​ទាមទារ​ឱ្យ​មាន​សមភាព ឬ​យុត្តិធម៌​ឱ្យ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។