សមាគមកសិករកម្ពុជា ថា អាជ្ញាធរមូលដ្ឋាននៅឃុំបឹងព្រះ ខេត្តព្រៃវែង រារាំងប្រជាកសិករមួយក្រុម មិនឲ្យមានជួបប្រជុំគ្នាលើកពីផែនការសកម្មភាពលើកកម្ពស់របស់សមាគម សម្រាប់ឆ្នាំ២០២០ ដោយសំអាងថា គ្មានការអនុញ្ញាតពីថ្នាក់លើ។ រីឯ អាជ្ញាធរមូលដ្ឋានបដិសេធការលើកឡើងនេះ។
អ គ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ សមាគមកសិករកម្ពុជា តែងតែផ្សព្វផ្សាយដល់សមាជិកដែលជាប្រជាកសិករ ឲ្យបានយល់ដឹងអំពីផែនការសកម្មភាព និងទិសដៅរបស់សមាគម ដែលផ្ដោតលើគម្រោងលើកកម្ពស់ជីវភាពកសិករ។
លោក បន្តថា ការជួបជុំនេះ ត្រូវបានអាក់ខានទៅវិញ ដោយសារតែមានមន្ត្រីនគរបាល២រូប នៃសាលាឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ចេញមកហាមឃាត់សមាជិកសមាគមរបស់លោកប្រមាណ ២៥នាក់ មិនឲ្យប្រមូលផ្ដុំ ឬជួបជុំពិភាក្សាគ្នា នៅព្រឹកថ្ងៃទី១៣ ខែមីនា ដោយលើកហេតុផលថា មិនមានលិខិតអនុញ្ញាតចេញពីថ្នាក់ស្រុក និងថ្នាក់ខេត្ត។
ប្រធានសហគមន៍កសិករកម្ពុជារូបនេះ ចាត់ទុកសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ដែលចុះរារាំងការជួបជុំនេះ គឺផ្ទុយទៅនឹងការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យអង្គការ សមាគម ដែលចុះបញ្ជីនៅក្រសួង ពុំចាំបាច់ធ្វើការជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាននោះទេ៖ « មិនមានប្រើហិង្សាអីគេ គ្រានតែគាត់ឃាត់ និងជជែកគ្នាអំពីទិដ្ឋភាពផ្លូវច្បាប់។ អាជ្ញាធរនៅតែលើកដដែលអំពីការជូនដំណឹង ទោះបីជាយើងបានបង្ហាញពីលិខិតពិការក្រសួងមហាផ្ទៃដែលយើងបានចុះ អនុញ្ញាតឲ្យក្រសួងមហាផ្ទៃ ហើយនិងលិខិតរបស់ក្រសួងមហាផ្ទៃដែលប្រាប់ទៅអភិបាលខេត្ត រាជធានីថា សកម្មភាពរបស់សង្គមស៊ីវិល មិនចាំបាច់ជូនដំណឹងទេ ឲ្យតែមានការចុះបញ្ជី ក៏ប៉ុន្តែយើងនៅតែមិនទទួលបានការអនុញ្ញាតពីសំណាក់អាជ្ញាធរនៅតាមមូលដ្ឋានដដែល » ។
ចំណែក ប្រធានប៉ុស្តិ៍នគរបាលឃុំបឹងព្រះ លោក យី ធឿន ថ្លែងថា ខាងអាជ្ញាធរមិនបានរារាំង ឬហាមឃាត់ការជួបប្រជុំរបស់កសិករ ដូចការចោទប្រកាន់នោះទេ។ លោក បន្តថា ខាងសមត្ថកិច្ចដែលចុះទៅឃ្លាំមើល គឺគ្រាន់តែស្នើដល់សមាគមកសិករ ជួយផ្ដល់ដំណឹងឲ្យអាជ្ញាធរបានដឹងមុនតែប៉ុណ្ណោះ ដើម្បីធ្វើរបាយការណ៍ដាក់ជូនថ្នាក់ស្រុក និងថ្នាក់ខេត្ត អំពីការជួបជុំនេះ៖ «ការងារហ្នឹង គាត់ជួបជុំក៏ជួបជុំទៅ តែឲ្យរដ្ឋអំណាចដឹង ដើម្បីកុំឲ្យគាត់ថា ធ្វើអ្វីយើងអត់ដឹង យើងនៅមូលដ្ឋាន យើងជាសមត្ថកិច្ច។ មេឃុំក៏ឲ្យប៉ូលិសទៅមើល គេប្រជុំអី។ ប្រសិនបើយើងមានសំណើ មកមេឃុំអីទៅ គេដឹងទៅ គេមានទៅរករឿងអីយើង។ ពួកខ្ញុំទៅហ្នឹង ដើម្បីឲ្យគាត់ស្នើដល់អាជ្ញាធរតែប៉ុណ្ណឹងទៅ ឲ្យគេដឹងឮដើម្បីខ្ញុំមានមូលដ្ឋានចុះតាមដាន ឬមួយចុះទៅការពារគាត់ មិនមែនពួកខ្ញុំដាក់គំនាបអីទៅលើពួកគាត់ទេ» ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត លើកឡើងបញ្ហានេះ តែងតែកើតមានចំពោះសកម្មភាពរបស់សមាគម ឬអង្គការ សង្គមស៊ីវិល ដែលចុះធ្វើសកម្មភាពនៅថ្នាក់មូលដ្ឋាន បើទោះបីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញលិខិតណែនាំដល់គណៈ បញ្ជាការឯកភាពរដ្ឋបាលគ្រប់ខេត្ត រាជធានី មិនឱ្យហាមឃាត់ការជួបជុំហើយក៏ដោយ។ លោក យល់ថា ក្រសួងមហាផ្ទៃគួរពិនិត្យ ភាពមិនប្រក្រតីក្នុងរឿងនេះឡើងវិញ ដើម្បីឲ្យសេចក្ដីសម្រេចដែលដាក់ហើយ អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវតែអនុវត្តតាមឲ្យខ្ជាប់ខ្ជួន ៖ « យើងឃើញហើយថា អង្គការសង្គមស៊ីវិលវេទិកាសាធារណៈភាពជាដៃគូជាមួយក្រសួងមហាផ្ទៃ បានលើកឡើងបញ្ហានេះជាបន្តបន្ទាប់។ ក៏ប៉ុន្តែយើងថា អាជ្ញាធរមូលដ្ឋាន គាត់នៅតែមិនទាន់យល់ ហើយនៅតែអនុវត្តផ្ទុយពីខ្លឹមសាររបស់ក្រសួងមហាផ្ទៃដដែល។ អ៊ីចឹងហើយ ! ខ្ញុំគិតថាក្រសួងគួរតែមានវិធានការបន្ថែមទៀត ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានហ្នឹង បានដឹងយល់ច្បាស់ពីបញ្ហាហ្នឹង»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស ខេង បានដាក់ចេញលិខិតណែនាំ ដល់អាជ្ញាធរទាំងអស់ ស្ដីពីការធ្វើសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នៅមូលដ្ឋាន។ ក្នុងលិខិតនោះ សរសេរថា សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ព្រមទាំងសហគមន៍ នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងលក្ខន្តិកៈ របស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល៣ថ្ងៃ មុនពេលចាប់ផ្ដើមធ្វើសកម្មភាពដូចមុននោះឡើយ។
ការជួបជុំគ្នាការបង្កើតសមាគមនិងការសំដែងមតិត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្ដល់សច្ចាប័នទទួលស្គាល់ជា ច្បាប់អន្តរជាតិ៕