អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រារាំង​ក្បួន​ធម្មយាត្រា​ក្រោម​ហេតុផល​លើស​ចំនួន​កំណត់

ដោយ ថា ថៃ
2023.02.06
Share on WhatsApp
Share on WhatsApp
អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រារាំង​ក្បួន​ធម្មយាត្រា​ក្រោម​ហេតុផល​លើស​ចំនួន​កំណត់ ទិដ្ឋភាពអាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រារាំង​ក្បួន​ធម្មយាត្រា​ដែល​ដឹកនាំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ចំណុច​ភូមិ​ស្វាយអាត់ ឃុំ​ស្នាមព្រះ ស្រុក​បាកាន នៅ​ព្រឹក​ថ្ងៃទី៧ កុម្ភៈ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្បួន​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម ដែល​ដឹកនាំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ មិន​បាន​ធ្វើ​ឡើង​ដោយ​រលូន​នោះ​ឡើយ ព្រោះ​ក្រុម​អាជ្ញាធរ​ខេត្តពោធិ៍សាត់ បាន​រារាំង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដង្ហែ​ធម្មយាត្រា​នេះ។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ចាត់​ទុក​ការ​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូលរួម​ដង្ហែ​ធម្មយាត្រា​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​មាន​ចេតនា​បង្ក​ភាព​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​ចង់​ចូលរួម​ការងារ​សង្គម។

អាជ្ញាធរ​ខេត្តពោធិ៍សាត់ ប្រមាណ ១០០នាក់ បាន​ពង្រាយ​គ្នា​ឈ​តាម​ដង​ផ្លូវ និង​ព្យាយាម​ទប់ស្កាត់​ក្បួន​ដង្ហែ​ធម្មយាត្រា​មួយ​កំណាត់​ខាង​ក្រោយ មិន​ឱ្យ​បន្ត​ដង្ហែ​ទៅ​កាន់​រូប​សំណាក់​អ្នកតា​ឃ្លាំងមឿង នៅ​ខាង​មុខ​សាលា​បឋមសិក្សា​ឃ្លាំង​មឿង ក្នុង​ភូមិ​ស្វាយ​អាត់ ឃុំស្នាមព្រះ ស្រុក​បាកាន។ អាជ្ញាធរ​លើក​ហេតុផល​ថា ការ​ឃាត់​ឃាំង​នេះ ដោយសារ​ចំនួន​អ្នក​ចូលរួម​ហែ​ក្បួន​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​ចំនួន​ច្រើន លើស​ពី​ការ​អនុញ្ញាត​របស់​ក្រសួង​មហាផ្ទៃ ដែល​តម្រូវ​ឲ្យ​មាន​អ្នក​ចូលរួម​ត្រឹម​ចំនួន ៥០នាក់។ ទោះ​ជា​យ៉ាងណា មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​នោះ​ទេ ហើយ​ក្បួន​ធម្មយាត្រា​ដែល​មាន​ប្រជាពលរដ្ឋ​ជាង ២០០នាក់ បាន​ជម្នះ​បន្ត​ដំណើរ​ធម្មយាត្រា​រហូត​ទៅ​ដល់​រូប​សំណាក​អ្នកតា​ឃ្លាំងមឿង។ ក្រោយ​ពី​ក្បួន​ដង្ហែ​បាន​ទៅ​ដល់​រូបសំណាក​អ្នកតា​ឃ្លាំងមឿង មន្ត្រី​នគរបាល​នៅ​តែ​បន្ត​ឃាត់ មិន​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បន្ត​ចូល​បរិវេណ បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង ដើម្បី​ប្រារព្ធ​ពិធី​សាសនា​ឡើយ។ បន្ថែម​ពី​នេះ ក្រុម​អាជ្ញាធរ​បាន​បិទ​ផ្លូវ​មិន​ឱ្យ​អ្នក​យក​បាយ​សម្ល មក​ឱ្យ​អ្នក​ធ្វើ​ធម្មយាត្រា​ដែល​កំពុង​ហេវ​ហត់​នោះ​ទេ លុះ​ត្រា​តែ​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ច្រើន ទើប​ភាគី​អាជ្ញាធរ​យល់​ព្រម​ឱ្យ​យក​បាយ​សម្ល ឱ្យ​អ្នក​ធ្វើ​ធម្មយាត្រា​ពិសា​អាហារ​ជុំ​គ្នា។

ពលរដ្ឋ​ម្នាក់​ដែល​បាន​ចូលរួម​ដង្ហែ​ធម្មយាត្រា​នេះ គឺ​លោក ចាន់ សុផល យល់​ឃើញ​ថា ក្រុម​អាជ្ញាធរ​ហាក់​ដូចជា​មិន​យល់​តម្លៃ​នៃ​ការងារ​សង្គម​នោះ​ឡើយ ទើប​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូលរួម​ដង្ហែ​ក្បួន​ធម្មយាត្រា​បែប​នេះ។

«ខ្ញុំ​អត់​ដឹង​ថា​ពួកគាត់​ជា​មន្ត្រីរាជការ គាត់​យក​អ្វី​យក​មក​គិត​ទេ មិន​ដឹង​ថា​គាត់​ធ្វើ​ការងារ​រាល់ថ្ងៃ សម្រាប់​បុគ្គល​ណា​ម្នាក់​ទេ ព្រោះ​ខ្ញុំ​គិត​ថា​ពួកគាត់​មាន​ចំណេះដឹង មាន​ការងារ​ធ្វើ សព្វថ្ងៃ​ដោយសារ​តែ​ប្រជាពលរដ្ឋ​យើង។ យើង​អត់​ចង់​ឱ្យ​ពួកគាត់​ធ្វើ​ការ​បម្រើ​បុគ្គល​ណា​ម្នាក់​នោះ​ទេ ពួកគាត់​ត្រូវតែ​បម្រើ​ប្រជាពលរដ្ឋ»

អ្នក​ចូលរួម​ហែ​ក្បួន​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​នេះ មាន​ដូចជា​ព្រះសង្ឃ គ្រូ​បង្រៀន សកម្មជន​សង្គម សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ​ទូទៅ។

ព្រះ​សង្ឃ​មួយ​អង្គ ដែល​បាន​ដើរ​ដង្ហែ​ធម្មយាត្រា​គ្រប់​ទាំង​៧ថ្ងៃ ចាប់​ពី​រូប​សំណាក​ដូនពេញ ក្នុង​រាជធានី​ភ្នំពេញ មក​ដល់​រូបសំណាក​អ្នកតា​ឃ្លាំង​មឿង ក្នុង​ខេត្តពោធិ៍សាត់ គឺ​ព្រះតេជព្រះគុណ សយ សាត មាន​ថេរ​ដីកា​ថា ព្រះអង្គ​ចូលរួម​ដង្ហែ​ធម្មយាត្រា​នេះ ព្រោះ​ចង់​ឱ្យ​អ្នក​នយោបាយ​ចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា និង​បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ​តេជគុណ​បន្ថែម​ថា នៅ​ពេល​ដែល​អ្នក​នយោបាយ​ស្អប់​ខ្ពើម​គ្នា មិន​ចេះ​សាមគ្គី​គ្នា នោះ នឹង​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​នយោបាយ​បាត់​បង់​ក្ដី​សុខ​ខាង​ក្នុង​ផ្ទាល់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ក៏​រងគ្រោះ​ពី​ការ​ធ្វើ​នយោបាយ​ដោយ​យក​គ្នា​ធ្វើ​ជា​សត្រូវ​នេះ​ផង​ដែរ។

«ការ​សន្ទនា​គ្នា ការ​មិន​យក​គ្នា​ជា​សត្រូវ​នេះ ជា​ទង្វើ​ល្អ​បំផុត ជា​ផ្នត់​គំនិត​ល្អ​បំផុត​របស់​អ្នក​នយោបាយ ម្ល៉ោះ​ហើយ​ល្មម ល្មម​អ្នក​នយោបាយ​យល់​ថា ពេល​ដែល​មាន​ប៉ះ​ទង្គិច​នូវ​បញ្ហា​អ្វី​មួយ មិន​មែន​អ្នក​នយោបាយ​កំពូលៗ រង​គ្រោះ​ថ្នាក់​ទេ ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដែល​ត្រូវ​គ្រោះ​ថ្នាក់ នូវ​រាល់​បញ្ហា ការ​វិវាទ ការ​បែក​បាក់ ដោយសារ​តែ​អ្នក​នយោបាយ។ ចំណុច​ទាំង​អស់​ហ្នឹង​ល្មម​កែប្រែ ល្មម​បន្ទន់​ឥរិយាបថ​ដើម្បី​ដឹកនាំ​ជាតិ»

ប្រជាពលរដ្ឋ​ផ្សេង​ទៀត ក៏​សុទ្ធតែ​មើល​ឃើញ​ថា សីលធម៌​ក្នុង​សង្គម​កម្ពុជា កំពុង​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​រហូត​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ជាតិ ដោយសារ​តែ​អ្នក​នយោបាយ​កំពុង កាន់​អំណាច តែង​ប្រើ​ភាសា​អសុរោះ គំរាម​កំហែង និង​តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​រូបភាព​ផ្សេងៗ ទៅ​លើ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ។ អ្នក​ចូលរួម​ធម្មយាត្រា ផ្ញើ​សារ​ដូចគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សព្វថ្ងៃ ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយសារ​រឿង​នយោបាយ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​សារ​បិទ​បញ្ចប់​ធម្មយាត្រា​ថា លោក​សោក​ស្ដាយ ចំពោះ​សកម្មភាព​រារាំង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដង្ហែ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម។ ជាមួយ​គ្នា​នេះ​លោក រ៉ុង ឈុន លើក​ឡើង​ថា ប្រជាពលរដ្ឋ​មិន​ត្រូវ​ខ្លាច​ពាក្យ​នយោបាយ​ឡើយ ហើយ​ត្រូវ​មាន​ភាព​ក្លាហាន​ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន។ លោក​ក៏​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​ប្រទេស អ្នក​នយោបាយ ត្រូវ​មាន​សីលធម៌​ខ្ពស់ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ។

«យើង​នាំ​គ្នា​ខ្លាច អ៊ីចឹង​គេ​យក​អា​ចំណុច​ហ្នឹង​មក​បន្លាច​យើង ដូច្នេះ​យើង​កុំ​ខ្លាច​ពាក្យ​នយោបាយ ត្រូវ​យល់​ពាក្យ​នយោបាយ ពីព្រោះ​យើង​ទាំង​អស់​គ្នា​ត្រូវ​បាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ធានា ដូច្នេះ​យើង​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប្រារព្ធ​ពិធី ក្នុង​ការ​ចូលរួម​ហែ​ក្បួន ក្នុង​ការ​ចូលរួម​សម្រេច​ចិត្ត​បោះ​ឆ្នោត»

ការ​ដើរ​ដង្ហែ​ក្បួន​ធម្មយាត្រា ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម ដែល​ដឹកនាំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ​មក ហើយ​តែង​ប្រឈម​ឧបសគ្គ និង​ការ​រារាំង​ពី​អាជ្ញាធរ​ជា​បន្ត​បន្ទាប់ ដូចជា ហាម​មិន​ឲ្យ​ពួក​គាត់ ចូល​សម្រាក​បរិភោគ​អាហារ និង​ស្នាក់នៅ​ពេល​យប់ នៅ​តាម​វត្តអារាម សាលា​រៀន ឬ​កន្លែង​សាធារណៈ​ជា​ដើម។

ក្បួន​ធម្មយាត្រា​បាន​បិទ​បញ្ចប់ បន្ទាប់​ពី​ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​សារ​រម្លឹក​ឡើង​វិញ​ពី​គោល​បំណង​នៃ​ធម្មយាត្រា និង​បួង​សួង​ឱ្យ​ព្រលឹង​អ្នកតា​ឃ្លាំង​មឿង និង​ព្រលឹង​បុព្វបុរស​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ប្រទេស​ជាតិ ឱ្យ​បន្ទន់​ឥរិយាបថ​អ្នក​នយោបាយ ថ្នាក់​ដឹក​នាំ​ប្រទេស និង​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ចេះ​ចែក​រំលែក​ក្ដី​ស្រលាញ់​ឱ្យ​គ្នា និង​ផ្ដល់​ការ​អធ្យាស្រ័យ​ឱ្យ​គ្នា ដើម្បី​កសាង​ជាតិ​ឱ្យ​រឹង​មាំ​ឡើង​វិញ៕

អត្ថបទរឿងនេះ ត្រូវបាន​ធ្វើបច្ចុប្បន្នភាព ដោយ​ការ​ដាក់​សេចក្ដីរាយការណ៍ពេញលេញ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។