ក្រុមសហជីព និងអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ ថ្កោលទោស ចំណាត់ការរបស់សមត្ថកិច្ចរាជធានីភ្នំពេញ ករណីចាប់ខ្លួនថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព៩នាក់ ដែលប្រើសិទ្ធិតវ៉ារកដំណោះស្រាយការងារដោយសន្តិវិធីពីក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World)។ ពួកគេអំពាវនាវឲ្យអាជ្ញាធរត្រូវរក្សាជំហរអព្យាក្រឹត និងដោះលែងអ្នកទាំងអស់នោះ ឲ្យមានសេរីភាពវិញ ហើយបន្តដោះស្រាយវិវាទការងារនេះដោយសន្តិវិធី និងតាមច្បាប់។
សហជីព និងអង្គការសង្គមស៊ីវិល លើកឡើងថា ការតវ៉ារបស់កម្មករនិយោជិតណាហ្គា វើលដ៍ ជាង១ពាន់នាក់ អស់រយៈពេលកន្លះខែមកនេះ គឺជាការធ្វើកូដកម្មសន្តិវិធី ដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ហើយបានជូនដំណឹងត្រឹមត្រូវទៅក្រសួងការងារ មិនដូចការអះអាងរបស់សមត្ថកិច្ច និងសាលារាជធានីភ្នំពេញ ថាជាបាតុកម្មខុសច្បាប់នោះទេ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ មករា ថា នេះជាវិវាទការងាររវាងក្រុមកម្មករនិយោជិត ជាមួយក្រុមហ៊ុនណាហ្គា វើលដ៍ មិនគួរសមត្ថកិច្ចចាប់ខ្លួនតំណាងរបស់ពួកគាត់ឡើយ ព្រោះពួកគាត់នៅមិនទាន់ទទួលបានដំណោះស្រាយផ្លូវការទេ។
អ្នកស្រីចាត់ទុក ចំណាត់ការរបស់អាជ្ញាធរនេះថា ជាទង្វើមិនអាចទទួលយកបាន និងជារឿងអយុត្តិធម៌ចំពោះក្រុមកម្មករ និងថ្នាក់ដឹកនាំសហជីព៩នាក់ ដែលមិនទាន់ទទួលបានដំណោះស្រាយការងារហើយ ត្រូវរងការចាប់ខ្លួនថែមទៀត។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ស្នើអាជ្ញាធរដោះលែងអ្នកទាំង ៩នាក់នោះ ឲ្យមានសេរីភាពវិញ ហើយក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធគួរពន្លឿនដោះស្រាយវិវាទការងារនេះឲ្យឆាប់ដោយសន្តិវិធី និងតាមច្បាប់៖ «យើងស្នើសុំឲ្យមានការដោះលែងពួកគាត់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។ ដោយពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិរបស់ពួកគាត់។ អ៊ីចឹង ! សួរថាមនុស្សម្នាក់គ្រាន់តែប្រើប្រាស់សិទ្ធិរបស់គាត់ ដែលស្របរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាយើង ត្រូវអាជ្ញាធរចាប់អ៊ីចឹង វាជារឿងមួយអយុត្តិធម៌។ ខ្ញុំគិតប្រទេសកម្ពុជាយើងស្រែកក្ដែងៗ ថាប្រទេសយើងជាប្រទេសមួយដែលគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ។ វាផ្ទុយស្រឡះទៅនឹងការលើកឡើងរបស់រដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែតមែនទែន។ អ៊ីចឹង ! យើងស្នើសុំឲ្យស្ថានទូត អន្តរជាតិ សហគមន៍អឺរ៉ុបផ្សេងៗហ្នឹង គឺសូមឲ្យមានការឃ្លាំមើលបញ្ហានេះ ឲ្យបានផុលផុស។ ធ្វើយ៉ាងណា ឲ្យមានការដោះលែងពួកគាត់»។
កាលពីថ្ងៃទី៣១ ខែធ្នូ ត្រូវជាថ្ងៃឆ្លងឆ្នាំ ២០២១-២០២២ សមត្ថកិច្ចរាជធានីភ្នំពេញបានដាក់កម្លាំងរាប់រយនាក់ទៅព័ទ្ធចាប់ថ្នាក់ដឹកនាំសហជីព៨នាក់នៅទីស្នាក់ការសហជីព និង១នាក់នៅកន្លែងធ្វើកូដកម្មដោយសន្តិវិធី ខាងមុខអគារក្រុមហ៊ុនណាហ្គា វើលដ៍។
ជុំវិញរឿងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្ដីបំភ្លឺ នៅថ្ងៃទី១ មករា ថា ការចាប់ឃាត់ខ្លួនមនុស្ស៩នាក់នេះ ដោយសារពួកគេបានរៀបចំធ្វើបាតុកម្មខុសច្បាប់នៅខាងមុខក្រុមហ៊ុនណាហ្គា វើលដ៍ អស់រយៈពេល១៣ថ្ងៃហើយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួននេះ គឺអនុលោមទៅតាមមាត្រា១៩៤ និង១៩៥ ក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីទៅតាមច្បាប់លើកម្មករ និងថ្នាក់ដឹកនាំសហជីពទាំង៩នាក់នោះ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែមករណីនេះ ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានទេ នៅថ្ងៃទី១ មករា ដោយហៅទូរស័ព្ទចូលតែ ពុំមានអ្នកទទួល។
សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ថាការចោទប្រកាន់មនុស្ស៩នាក់ពីសំណាក់សមត្ថកិច្ចនេះ គឺជារឿងមិនត្រឹមត្រូវទេ ព្រោះមាត្រាទាំងពីរនោះ គឺចែងអំពីពីបទឧក្រិដ្ឋសង្គ្រាម ចំណែកសកម្មភាពរបស់ក្រុមកម្មករណាហ្គា វើលដ៍ គឺជាការធ្វើកូដកម្មដោយសន្តិវិធី។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពកម្មករនេះ គឺផ្ដើមចេញពីវិវាទការងារគ្មានដំណោះស្រាយអស់ជាច្រើនខែមកហើយ ធ្វើឲ្យកម្មករនិយោជិតសម្រេចរើសយកការធ្វើកូដកម្ម ដើម្បីឲ្យក្រុមហ៊ុនទទួលបុគ្គលិកជាង ៣រយនាក់ ចូលធ្វើការងារវិញ។
លោកយល់ថា អាជ្ញាធរគួរប្រកាន់ជំហរអព្យាក្រឹត ដោយមិនគួរលម្អៀងទៅភាគីណាមួយឡើយ ដើម្បីកុំឲ្យមានការថ្កោលទោសជាបន្តបន្ទាប់មតិជាតិ និងអន្តរជាតិ ជុំវិញវិវាទការងារនៅក្រុមហ៊ុនណាហ្គា វើលដ៍ នេះ៖ «ដើម្បីដោះស្រាយបញ្ចប់នៃវិវាទការងាររវាងក្រុមហ៊ុនណាហ្គា វើលដ៍ និងបុគ្គលិកណាហ្គា វើលដ៍ហ្នឹង គួរតែដោះលែងអ្នកទាំងអស់គ្នាឡើងវិញហើយបន្តនីតិវិធីនៅក្នុងការចរចាដំណោះស្រាយ ដើម្បីបញ្ចប់វិវាទការងារនៅណាហ្គា វើលដ៍ ហ្នឹង។ ទី១មិនរំលោភទៅលើសិទ្ធិការងាររបស់បុគ្គលិកណាហ្គា វើលដ៍។ ទី២ មិនរំលោភសិទ្ធិមនុស្ស។ ទី៣ បញ្ចៀសនូវការរិះគន់ នូវការថ្កោលទោសអំពីសហគមន៍អន្តរជាតិ ទៅលើការរំលោភបំពានសិទ្ធិរបស់បុគ្គលិកណាហ្គា វើលដ៍ហ្នឹង»។
ទាក់ទងរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការ សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ចាត់ទុកការផ្ដាច់កិច្ចសន្យាចំពោះបុគ្គលិកជាង៣រយនាក់ដោយក្រុមហ៊ុនណាហ្គា វើលដ៍នេះ ថាជាការរើសអើង និងរំលោភសិទ្ធិការងារសហជីពដែលត្រូវបានការពារដោយច្បាប់។ លោកស្នើឲ្យភាគីក្រុមហ៊ុនទទួលយកបុគ្គលិកជាង៣រយនាក់ ចូលធ្វើការវិញ ហើយបើកលំហសិទ្ធិសេរីភាពការងារដល់កម្មករទៅតាមច្បាប់។
សម្ព័ន្ធសហជីពកម្ពុជា អំពាវនាវដល់សាធារណជន អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCR) នៅកម្ពុជា បន្តតាមដានការចាប់ខ្លួនថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីព៩នាក់នេះ ដោយយកចិត្តទុកដាក់។
រីឯសហភាពសហជីពកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់អាជ្ញាធររាជធានីភ្នំពេញ និងទាមទារឱ្យអាជ្ញាធរដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំង៩នាក់នោះ ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។