ប្រជាពលរដ្ឋខ្មែរដែលជាប់នៅប្រទេសម៉ាឡេស៊ី រិះគន់ស្ថានទូតខ្មែរថា មិនសូវមានឆន្ទៈពិត ប្រាកដក្នុងការជួយសម្របសម្រួលបញ្ជូនពួកគាត់មកប្រទេសកម្ពុជាវិញ។ ការរិះគន់នេះដោយសារ ពួកគេ កត់សម្គាល់ថា ស្ថានទូតចេះតែពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃ និងគ្មានព័ត៌មានច្បាស់លាស់។
ប្រជាពលរដ្ឋខ្មែរដែលជាប់នៅប្រទេសម៉ាឡេស៊ី ព្រួយបារម្ភថា ពួកគាត់អាចនឹងត្រូវបន្តរស់នៅក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេលយូរទៀត ព្រោះមកដល់ទល់ពេលនេះ ស្ថានទូតខ្មែរ មិនទាន់ផ្ដល់ព័ត៌មានច្បាស់លាស់ថា ពួកគាត់នឹងត្រូវពិនិត្យសុខភាពថ្ងៃណា និងឡើងយន្តហោះថ្ងៃណានោះទេ។
ស្ត្រីដើរលក់សាច់ក្រណាត់តាមភូមិនៅប្រទេសម៉ាឡេស៊ី គឺលោកស្រី លី គៀស ថ្លែងថា មន្ត្រីស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី តែងតែឆ្លើយតបថា ឱ្យពួកគាត់រង់ចាំពីមួយថ្ងៃទៅមួយថ្ងៃ ដោយអះអាងថា មិនទាន់មានជើងហោះហើរពីម៉ាឡេស៊ីទៅកម្ពុជា។ លោកស្រីហាក់មិនសូវជឿលើការអះអាងរបស់មន្ត្រីស្ថានទូតឡើយ ព្រោះលោកស្រី និងពលរដ្ឋខ្មែរដទៃទៀត សង្កេតឃើញមានជើងហោះហើរពីម៉ាឡេស៊ីទៅស្រុកខ្មែរជាបន្តបន្ទាប់ និងទៅកាន់ប្រទេសផ្សេងៗទៀត។ លោកស្រីស្នើសុំឱ្យអាជ្ញាធរកម្ពុជា ជួយពន្លឿន និងផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់៖ «ពួកខ្ញុំនេះគ្មានអីទេ មានតែសំណូមពរឱ្យបានទៅចុះ ព្រោះខ្ញុំមកនេះចោលកូនចៅនៅផ្ទះស្រុកខ្មែរ ដូច្នេះពិបាកណាស់ នៅទីនេះព្រោះអត់មានការងារធ្វើ នៅតែផ្ទះ ហើយចាំស្ដាប់តែព័ត៌មានគេប្រកាសឱ្យទៅ។ សួរគាត់ទៅ ថាអត់ទាន់ដឹងថ្ងៃណាទេ ចាំគាត់ផ្តល់ព័ត៌មានឱ្យ ហើយនៅចាំតែរហូត»។
ស្ត្រីខ្មែររូបនេះ អះអាងថា ស្ថានទូតខ្មែរ ក៏មិនបានផ្តល់ជំនួយគ្រប់គ្រាន់ដល់ពលរដ្ឋខ្មែរដែលកំពុង ជួបការខ្វះខាតដូចការអះអាងដែរ។ លោកស្រី លី គៀស រៀបរាប់ថា ក្នុងអំឡុងពេលជាប់នៅក្នុងប្រទេសម៉ាឡេស៊ីជាង១ខែនេះ គឺស្ថានទូតខ្មែរ បានជួយឧបត្ថម្ភអង្ករ៥គីឡូ ស្ករមួយគីឡូ ត្រីខមួយកំប៉ុង និងទឹកដោះគោមួយកំប៉ុង។ លោកស្រីបន្តថា ពលរដ្ឋខ្មែរមួយ ចំនួន ពិតជាជួបការលំបាក ខ្លាំងក្នុងជីវភាពដោយអ្នកខ្លះដាច់បាយទឹក ប៉ុន្តែមានជនជាតិម៉ាឡេស៊ី អាណិតអាសូរជួយផ្តល់បាយ ទឹកដល់ពួកគាត់៖ «តាំងពេលឱ្យម្តងនោះមក គឺគាត់ប្រកាសថា ឱ្យជួយទៀត តែអត់ឃើញមានជួយទៀតផង។ លំបាកខ្លាំងដែរនៅទីនេះ លឺតែគេត្អូញថា អត់មានលុយស៊ីចុកអ៊ីចឹង ហា»។
ចំណែកពលរដ្ឋខ្មែរដែលកំពុងជាប់នៅម៉ាឡេស៊ីម្នាក់ទៀត គឺលោក ពួ ក្រី និយាយថា មន្ត្រីស្ថានទូត បានជូនដំណឹងថា បច្ចុប្បន្ន កំពុងរង់ចាំជើងហោះហើរទៅស្រុកខ្មែរ ហើយចំពោះការពិនិត្យសុខភាព គឺតម្រូវឱ្យពលរដ្ឋចេញលុយខ្លួនឯង។ លោកយល់ថា ស្ថានទូតខ្មែរហាក់ដូចជាមិនមានឆន្ទៈជួយសម្របសម្រួលបញ្ជូនពួកគាត់ទៅស្រុកខ្មែរឱ្យបានឆាប់ៗនោះទេ ដោយតែងតែលើកហេតុផលមិនសមទំនងផ្សេងៗ។ លោក ទទូចសុំឱ្យស្ថានទូតជួយសម្របសម្រួលឱ្យពលរដ្ឋបានពិនិត្យសុខភាព ដោយមិនអស់ប្រាក់ និងជួយរៀបចំជើងហោះហើរឱ្យបានឆាប់ដូចការសន្យាកន្លងមក៖ «បើជើងយន្តហោះនេះខ្ញុំគិតថា អត់ពិបាកទេ ព្រោះពេលយើងទិញសំបុត្រលើកមុននោះ គាត់ប្រកាសឱ្យយើងទិញរួចហើយថា បើខ្មែរអត់ឱ្យចូលពេលនេះ តែបើកឱ្យចូលវិញពេលណា គាត់ជូនទៅពេលនោះ ។ តែរឿងដែលខ្ញុំខ្លាចនោះគឺរឿងតេស្តជំងឺ ព្រោះគេប្រាប់ឱ្យយើងតេស្តចេញលុយខ្លួនឯង។ ខ្ញុំថា បើចេញលុយខ្លួនឯងអ៊ីចឹងដែរ ខ្ញុំនៅចាំ ពេលម៉ាឡេស៊ីបើកប្រទេសវិញក៏បានដែរ ព្រោះបើគ្រាន់តែប៉ុណ្ណឹងជួយមិនបានដែរ»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកលេខទូរស័ព្ទសម្រាប់កិច្ចការពលករ និងកិច្ច ការកុងស៊ុលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏មិនមានអ្នកទទួលដែរ នៅថ្ងៃទី១៧ ខែឧសភា។
ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ លោក កុយ គួង ធ្លាប់ប្រាប់អាស៊ីសេរីថា តំណាងស្ថានទូត កម្ពុជា បានទាក់ទងទៅខាងអាជ្ញាធរម៉ាឡេស៊ីរួចហើយ ដើម្បីឱ្យជួយពិនិត្យសុខភាពជូនពលករខ្មែរ ដោយមិនគិតថ្លៃ ។ ចំពោះថ្លៃសំបុត្រយន្តហោះនោះ គឺជាបន្ទុករបស់ថៅកែ និងពលករខ្លួនឯង។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ យល់ថា រដ្ឋាភិបាលតាមរយៈស្ថានទួតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី គួរតែទទួលខុសត្រូវផ្ដល់កិច្ចគាំពារនូវសេចក្តីត្រូវការជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរទាំងនោះ ដូចជា ថវិកា អាហារហូបចុក និងចេញថ្លៃសំបុត្រយន្តហោះ និងសម្របសម្រួលការពិនិត្យសុខភាព ដោយមិនអស់ប្រាក់ជាដើម។ លោកបន្តថា ការឱ្យពលរដ្ឋទាំងនោះ ទៅពិនិត្យសុខភាពដោយខ្លួនឯង និងចេញលុយដោយខ្លួនឯងនេះ កាន់តែធ្វើឱ្យពួកគាត់លំបាកថែមមួយកម្រិតទៀត ព្រោះពួកគាត់ មិនដឹងទៅពិនិត្យនៅកន្លែងណា និងពុំមានថវិកា៖ «ពួកគាត់រងការប្រឈមខ្លាំងណាស់ ទាំងបញ្ហាសេដ្ឋកិច្ច ទាំងការរស់នៅ ទាំងបញ្ហាផ្លូវច្បាប់រស់នៅនិងស្នាក់នៅប្រទេសម៉ាឡេស៊ី ។ ពួកគាត់ គួរតែមានសិទ្ធិទទួលបានត្រូវបានការធានាគាំពារដោយរដ្ឋ ។យោងតាមរដ្ឋធម្មនុញ្ញ គឺរដ្ឋមានកាតព្វកិច្ចឆ្លើយតបនឹងអ្វីដែលជាសេចក្តីស្នើសុំនិងតម្រូវការរបស់ប្រជាពលរដ្ឋ។ ដូច្នេះគួរតែមានការ រៀបចំការធ្វើដំណើរតាមរយៈជើងយន្តហោះណាមួយដែលមានការរៀបចំរវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ហើយរដ្ឋគួរតែប្រើកញ្ចប់ថវិកាសង្គ្រោះបន្ទាន់នេះ ដែលតាមរយៈជំនួយ កន្លងមកដូចជាសហភាពអឺរ៉ុបជាដើម មានជំនួយជាង៦០លានដុល្លារ ហើយតាមរយៈជំនួយទីភ្នាក់ងារអភិវឌ្ឍសហរដ្ឋអាមេរិក USAID ក៏ទទួលបានលុយមកច្រើន។ លុយទាំងអស់នេះ គេឱ្យចំណាយទៅលើអ្នកដែលរង់ផលប៉ះពាល់ដោយសារជំងឺកូវីដនេះ»។
កាលពីទី៧ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្អាកជើងយន្តហោះដឹកពលរដ្ឋខ្មែរ១៥០នាក់ពីប្រទេសម៉ាឡេស៊ី ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ-១៩។ បន្ទាប់មក នៅថ្ងៃទី២៧ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្លាស់ប្ដូរចិត្ត ដោយអនុញ្ញាតឱ្យពលករជាងពីររយនាក់( ២០០នាក់) ដែលក្នុងនោះក៏មានអ្នកទោសចំនួន ៧៣នាក់ផង ដែរអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញបាន ប៉ុន្តែតម្រូវឱ្យខាងអាជ្ញាធរម៉ាឡេស៊ីធ្វើតេស្តសុខភាព រកជំងឺកូវីដ-១៩ ជាមុនសិន។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរទាំងនោះ នៅតែមិនទាន់អាចធ្វើដំណើរមកកម្ពុជាវិញនៅឡើយទេ។ ការពន្យារពេលនេះ បានធ្វើឱ្យពលរដ្ឋខ្មែរ ទាំងនេះជួបការលំបាកខ្លាំង ដូចជាអ្នកខ្លះគ្មានកន្លែងស្នាក់នៅ គ្មានថវិកាទិញអាហារហូបចុក អ្នកខ្លះមានផ្ទៃពោះជិតគ្រប់ខែ និងមានការអះអាងថា មានអ្នកខ្លះរហូតធ្លាក់ខ្លួនសុំទានទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។