សមាជិកសហជីពណាហ្គាវើលដ៍ ៤នាក់ ទទូចឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ឱ្យពួកគាត់ចូលធ្វើការវិញ និងស្នើឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់លើថៅកែក្រុមហ៊ុនណាហ្គាវើលដ៍។ ពួកគាត់អះអាងថា ថៅកែណាហ្គាវើលដ៍មានចេតនារើសអើងសមាជិកសហជីព និងបង្ខាំងមនុស្យឱ្យបញ្ចប់កិច្ចសន្យាការងារដោយខុសច្បាប់។
សមាជិកសហជីពណាហ្គាវើលដ៍ ៤នាក់ រួមមាន កញ្ញា ជឹម រដ្ឋា កញ្ញា ទួន យូរី កញ្ញា ប៉ុន ស្រីចិន្តា និងកញ្ញា សៀក កញ្ញា ស្នើឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តច្បាប់ឱ្យមានតម្លាភាព ដើម្បីធានាដល់សមាជិកសហជីពចូលធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយពុំមានករណីបង្ខាំងបុគ្គលិក។
សមាជិកសហជីពណាហ្គាវើលដ៍ កញ្ញា ជឹម រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែធ្នូ ថា កញ្ញា និងសមាជិកសហជីព ៣នាក់ត្រូវថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ពីកន្លែងការងារបន្ទាប់ពីកញ្ញាមិនព្រមចុះហត្ថលេខាលើកិច្ចសន្យាបញ្ចប់ការងារ។ កញ្ញាបន្តថា ចាប់តាំងពីថ្ងៃដែលថៅកែណាហ្គាវើលដ៍បង្ខំ និងបង្ខាំងមនុស្សឱ្យបញ្ចប់កិច្ចសន្យាការងារមកស្នងការនគរបាលរាជធានីភ្នំពេញនៅពុំទាន់ដាក់ទោសលើថៅកែណាហ្គាវើលដ៍នៅឡើយទេ។
កញ្ញា ជឹម រដ្ឋា៖ «គាត់អត់ឱ្យខ្ញុំចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនវិញទេ ហើយពេលដែលខ្ញុំផ្ទាល់ជាបុគ្គលិកដែលជួបរឿងហ្នឹងទាំងអយុត្តិធម៌បែបហ្នឹងហើយ គេបង្ខំខ្ញុំ គេដកកាតខ្ញុំអ៊ីចឹងហើយ បែរជាភាគីខាងក្រុមហ៊ុនទៅស្រាយបំភ្លឺជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអត់មានបង្ខំបុគ្គលិកណាម្នាក់ទៅស៊ីញេបញ្ចប់កិច្ចសន្យាទេ បើបុគ្គលិកណាព្រមស៊ីញេគេគុណលុយឱ្យ ប៉ុន្តែបើបុគ្គលិកមិនព្រមស៊ីញេ គេធ្វើការវិញដដែល ប៉ុន្តែដល់ពេលខ្ញុំអត់ព្រមស៊ីញេដែលគេបែរជាដកកាតការងារខ្ញុំហើយគេបញ្ឈប់ខ្ញុំ ទាំងអយុត្តិធម៌ ខ្ញុំគិតថា នេះជារូបភាពរើសអើងខ្ញុំចង់បិទសំឡេងសហជីព»។
ប្រតិកម្មរបស់សមាជិកសហជីពរូបនេះគឺបន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ វិច្ឆិកា បានចេញលិខិតបំភ្លឺថា ពុំមានការបង្ខាំងមនុស្សនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលណាហ្គាវើលដ៍ (NAGA Academy ) នោះទេ ប៉ុន្តែគឺជាការចរចាលើកិច្ចសន្យាការងាររវាងបុគ្គលិក និងតំណាងថៅកែក្រុមហ៊ុនណាវើលដ៍តែប៉ុណ្ណោះ។ លិខិតដដែលបញ្ជាក់ថា ប្រសិនបើខាងភាគីបុគ្គលិកមិនចង់ឈប់ពីការងារ អាចចូលធ្វើការវិញបាន និងចំពោះអ្នកដែលផ្អាកពីការងារ ក្រុមហ៊ុននឹងផ្ដល់ថវិកាជូន។
កាលពីថ្ងៃទី១៤ វិច្ឆិកា តំណាងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បានកោះហៅបុគ្គលិកចំនួន ៧៣នាក់ឱ្យបញ្ឈប់កិច្ចសន្យាការងារដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ។ ប៉ុន្តែបុគ្គលិកមួយចំនួនមិនព្រមផ្ដិតមេដៃ ឬចុះហត្ថលេខា លើកិច្ចសន្យាការងារនោះទេ ទើបខាងក្រុមហ៊ុនណាហ្គាវើលដ៍ បានបិទទ្វាររបងតាំងពីម៉ោង ៥រសៀល រហូតដល់ម៉ោង ៧ កន្លះយប់ដោយមិនឱ្យពួកគាត់ចេញទៅផ្ទះនោះឡើយ។ ក្នុងចំណោមបុគ្គលិក៧៣នាក់នោះមានបុគ្គលិកចំនួន ៤នាក់ត្រូវថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដកកាតធ្វើការងារ និងបណ្ដេញពួកគាត់ចេញទាំងយប់ដោយសារពួកគាត់មិនព្រមចុះហត្ថលេខាបញ្ចប់កិច្ចសន្យានោះ ។ ទោះជាយ៉ាងណាក្រុមគ្រួសារបុគ្គលិកបានប្ដឹងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យជួយអន្តរាគមន៍លើបញ្ហាបង្ខាំងមនុស្ស ប៉ុន្តែភ្លាមៗនោះសមត្ថកិច្ចមិនបានសាកសួរពីការបង្ខាំងបុគ្គលិកនោះទេ បែរជាឱ្យបុគ្គលិក ដែលត្រូវបានក្រុមហ៊ុនបង្ខាំងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទៅវិញ។
កាលពីថ្ងៃទី០១ ខែធ្នូ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍បានចេញលិខិតឆ្លើយតបទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយឱ្យបុគ្គលិក ៤នាក់ដែលថៅកែណាហ្គាវើលដ៍បានបញ្ឈប់នោះ ចូលធ្វើការវិញនៅថ្ងៃទី០៥ ខែធ្នូ ខាងមុខ ។ លិខិតដដែលស្នើឱ្យស្នងការដ្ឋាននគរបាល និងក្រសួងការងារធ្វើការដោយតម្លាភាពកុំលំអៀងទៅរកភាគីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា និងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសាកសួរបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី០២ ខែធ្នូ។
ជុំវិញបញ្ហានេះប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា អាជ្ញាធរគួរតែចាត់វិធានការតាមផ្លូវច្បាប់ លើថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ពីព្រោះការបង្ខាំងមនុស្សគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ អ្នកស្រីបន្តថា ការបណ្ដោយឱ្យថៅកែបរទេសរំលោភសិទ្ធិការងារកម្មករខ្មែរគឺជាគំរូអាក្រក់។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «ចង់ឱ្យមានការកំណែទម្រង់ទៅលើប្រព័ន្ធយុត្តិធម៌អីនេះ លុះត្រាតែមិនមានការលើកលែងមិនអត់ឱនចំពោះជនទាំងឡាយណាដែលបំពានច្បាប់ហើយជាពិសេសមិនមែនតែច្បាប់ការងារហ្នឹងក៏និយាយពីការគំរាមកំហែងសហជីព កត្តាគំរាមកំហែងនេះក៏និយាយអំពីការរំលោភច្បាប់ដែលអីចឹងត្រូវតែយកអ្នកទាំងនោះមកសួរនាំហើយមានការបង្កប់បញ្ជាឱ្យអ្នកទាំងនោះត្រូវតែទទួលយកថ្នាក់ដឹងនាំសហជីពយកកម្មករដែលនៅសេសសល់ចូលធ្វើការវិញ»។
នេះជាលើកទី២ ហើយដែលថៅកែក្រុមហ៊ុនបនល្បែង ណាហ្គាវើលដ៍ បញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ ដែលក្រុមកម្មករចាត់ទុកថា ជារឿងអយុត្តិធម៌ និងបំពានច្បាប់ការងារ ព្រោះតែមានការរើសអើងសហជីពដែលដឹកនាំដោយកញ្ញា ឈឹម ស៊ីថរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។