ឧត្ដមសេនីយ៍ ម៉ក់ ជីតូ បច្ចុប្បន្នជាអគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក គឺជាមន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់មួយរូប ក្នុងចំណោមឧត្តមសេនីយ៍ ១២រូប ដែលត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមេន រ៉ៃ វ៉ច (HRW) ចោទថា មានបាតដៃប្រឡាក់ឈាម រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អង្គការយូមែនរ៉ៃវ៉ច្ឆ (HRW) ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកអះអាងថា លោក ម៉ក់ ជីតូ មានជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មជាច្រើន ក្នុងនោះរួមមាន ការធ្វើទារុណកម្មមនុស្ស ឃាតកម្មនយោបាយ ធ្វើទុក្ខបុកម្នេញ និងចាប់ដាក់គុកអ្នកដែលមាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គិតចាប់តាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែលោក ម៉ក់ ជីតូ បដិសេធចំពោះការចោទប្រកាន់ទាំងនេះ។
នៅក្នុងរបាយការណ៍ជាង២០០ទំព័ររបស់អង្គការយូមែនរ៉ៃច្ឆវ៉ច្ឆ (HRW) ស្តីពី ឧត្តមសេនីយ៍កម្ពុជាបាតដៃកខ្វក់ ១២ រូប អោយដឹងថា លោក ម៉ក់ ជីតូ ដែលមានមុខងារជាមន្ត្រីនគរបាលតាំងពីកងទ័ពវៀតណាមកាន់កាប់ប្រទេសកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនយោបាយ អំពើចាប់ជំរិតមនុស្សទារលុយ ការធ្វើទារុណកម្ម និងការរំលោភបំពារបំពានផ្សេងៗ ជាច្រើនទៀត។
នៅក្នុងទស្សវត្ស១៩៨០ រហូតមកដល់ឆ្នាំ១៩៩៣ ដែលកម្ពុជាស្ថិតក្រោមសម័យកាលគ្រប់គ្រងដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា និងសម័យអន្តរកាល អ៊ុនតាក់ លោកម៉ក់ ជី តូ បំរើការជាប្រធានអង្គភាពមួយ នៅអគ្គនាយកដ្ឋានកិច្ចការការពារសន្តិសុខផ្នែកនយោបាយនៃក្រសួងមហាផ្ទៃ ។
ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា គ្រប់គ្រងដោយកងទ័ពវៀតណាម កម្លាំងសន្តិសុខមួយក្រុមត្រូវបានបង្កើតឡើង មានឈ្មោះថា ក្រុមប៉ូលិល អា៣ (A3) ដែលល្បីខាងការចាប់ចង ហើយលោក ម៉ក់ ជីតូ ដើរតួសំខាន់ក្នុងការជួយថ្នាក់ដឹកនាំក្រុមប៉ូលិស “A3 ” នៅក្នុងទីក្រុងភ្នំពេញនៅគ្រានោះ។
ឃាតកម្មនយោបាយ និងប៉ូលិស អា៣ (A3)
លោក ប្រ៊េដ អាដាំ នាយកប្រតិបត្តិ នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (HRW) ប្រចាំតំបន់អាស៊ី និយាយថា កម្លាំងសន្តិសុខក្រុម អា (ឬ Team A) បង្កើតឡើង ដើម្បីកម្ទេច ឬបំបាក់សំឡេងប្រឆាំងក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យរដ្ឋកម្ពុជា និងសម័យអន្តរកាល អ៊ុនតាក់ ហើយលោក ម៉ក់ ជីតូ ជាមន្ត្រីមួយរូប ដែលបានរូមចំណែកក្នុងកងកម្លាំងក្រុម អា (A) នេះ៖ « របបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅក្នុងទស្សវត្សឆ្នាំ១៩៨០ កងទ័ពវៀតណាម ដែលត្រួតត្រាកម្ពុជា បានបង្កើតកងកម្លាំងសន្តិសុខពិសេសមួយឈ្មោះថា ក្រុម អា៣ (A3)។ ក្រុម អា៣ (A3) ត្រូវបានបំពាក់អាវុធធុនធ្ងន់ សម្រាប់បេសកម្មការពារព្រំដែនកម្ពុជា-ថៃ ផង និងរក្សាសន្តិសុខក្នុងផ្ទៃប្រទេសផង។ មនុស្សជាច្រើនបានប្រៀបធៀបក្រុម អា៣ (A3) ទៅនឹងកម្លាំងយោធា។ នៅពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខែតុលា ឆ្នាំ១៩៩១ គណបក្សប្រជាជនកម្ពុជា បានបង្កើតក្រុម អា (A) ផ្សេងទៀត។ នោះគឺមានក្រុម អា៩០ អា៩១ និងអា៩២។ ក្រុម អា បង្កើតឡើង ដើម្បីវាយប្រហារ យាយី និងគំរាមកំហែង ទៅលើគណបក្សប្រឆាំង ជាពិសេសគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា របស់លោកតា សឺន សាន។ នៅក្នុងសម័យអន្តរកាល អ៊ុនតាក់ នោះ មានអំពើហិង្សាច្រើនណាស់ប្រព្រឹត្តឡើងដោយគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសតែម្តងប្រឆាំងទៅលើបក្សប្រឆាំង។ ព័ត៌មានទាំងអស់នេះ ត្រូវបានចងក្រងដោយអង្គការសហប្រជាជាតិ។ ក្រុម អា (A) មានជាប់ពាក់ព័ន្ធក្នុងការសម្លាប់ និងអំពើហិង្សាទាំងអស់នោះ ហើយអ្នកកាន់ក្តាប់ក្រុម អា ផ្ទាល់ គឺលោក សិន សុង និងលោក សិន សេន ដោយមានលោក ហ៊ុន សែន ត្រួតមើលពីលើ»។
នៅក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្រោយមកប្តូរឈ្មោះទៅជារដ្ឋកម្ពុជាវិញនោះ ប្រជាពលរដ្ឋខ្មែរទាំងឡាយណាជាប់សង្ស័យថា មាននិន្នាការនយោបាយផ្សេងពីរដ្ឋអំណាច បានត្រូវគេចាប់ខ្លួន។
លោក ធន់ សារ៉ា បច្ចុប្បន្នជាប្រធានសមាគមសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា អាដហុក (ADHOC) គឺជាអតីតអ្នកទោសនយោបាយម្នាក់នៅគ្រានោះ។ នៅមុនពេលចាប់ខ្លួនក្នុងខែឧសភា ឆ្នាំ១៩៩០ លោក ធន់ សារ៉ាយ គឺជាអ្នកស្រាវជ្រាវ និងបោះពុម្ពផ្សាយទស្សនាវដ្តីមួយឈ្មោះ «ទស្សនាវដ្តីសេដ្ឋកិច្ច» ។ លោក និងមនុស្សមួយចំនួនទៀត ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងចូលរួមបង្កើតគណបក្សមួយឈ្មោះថា គណបក្សសង្គមប្រជាធិបតេយ្យសេរី។ លោក ធន់ សារ៉ាយ រំលឹកឡើងថា គេបានដាក់រូបលោកនៅក្នុងគុក តេ៣ (T3) ក្នុងក្រុងភ្នំពេញ ដែលនៅទីនោះ លោកបានប្រទះឃើញអ្នកទោសនយោបាយរាប់រយនាក់ផ្សេងទៀត៖ « ឃើញថា មានគ្រប់និន្នាការ ក្រុមលោកតា សឺន សាន ក៏មាន ក្រុមម៉ូលីនណាកា ខាងសម្តេច សីហនុ ក៏មាន ក្រុមខ្មែរក្រហមក៏មាន ហើយមានអ្នកខ្លះបានកាត់ទោស ហើយអ្នកអត់កាត់ទោសក៏មានៗ រាប់រយនាក់បាទ » ។
លោក ធន់ សារ៉ាយ បន្តថា លោកជាប់ពន្ធនាគារមួយឆ្នាំកន្លះក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានោះ គឺពុំបានឆ្លងកាត់ការជំនុំជម្រះក្តីអ្វីទាំងអស់។ លោកថា ដំបូងឡើយ គេដាក់លោកក្នុងគុកងងឹតយ៉ាងអមនុស្សធម៌៖ « យកខ្ញុំទៅដាក់ក្នុងហ្នុងបានតែប្រហែលមួយខែ ខ្ញុំធ្លាក់ខ្លួនឈឺភ្លាមបាទ។ ទោះបីខ្ញុំមានអាយុត្រឹម ៤០ក៏ដោយ។ ពេលនោះគេខ្លាចខ្ញុំស្លាប់ក្នុងគុក គេឲ្យខ្ញុំចេញត្រូវពន្លឺថ្ងៃបន្តិចៗ ដែរ។ ពេលម៉ោង ៤ល្ងាច គេបិទទ្ធាឃ្លឹបហ្នឹង គឺងងិតឈឹងហើយក្នុងបន្ទប់ខ្ញុំហ្នឹង គ្មានពន្លឺថ្ងៃគ្រប់គ្រាន់ ហើយខ្ញុំមើលម្ហូបអាហាររបស់ខ្ញុំសឹងតែមិនឃើញពេលខ្លះ។ ហើយក្នុងបន្ទប់ហ្នឹង មានកណ្តុរផង មានកន្លាតផង ស៊ីត្រង់ហ្នឹង ជុះត្រង់ហ្នឹង។ ព្រលឹមឡើងទើបគេឲ្យយកចាក់ចោល ហើយស្អុយនៅក្នុងហ្នឹង។ មូសក៏ចូលមក គឺថា វេទនាណាស់។ អ៊ីចឹងហើយពេលខ្ញុំនឹកឃើញរឿងនេះឡើង ខ្ញុំឈឺចាប់ណាស់បាទ ខ្ញុំអត់បានទៅធ្វើអីគេផង គេមកធ្វើបាបខ្ញុំអ៊ីចឹង។ អាហ្នឹងហើយហៅថា ធ្វើទារុណកម្មហើយ មិនចាំបាច់វាយជ្រលក់ទឹកទេ គ្រាន់តែធ្វើប៉ុណ្នឹងជាមហាទារុណកម្ម។ ខ្ញុំអត់ដែលស្លៀកពាក់ទេ។ ខ្ញុំស្រាតរហូតនៅក្នុងបន្ទប់ហ្នឹង ពីព្រោះវាស្អុះ ក្តៅរកខ្យល់ដកដង្ហើមមិនចង់បាន » ។
អតីតអ្នកទោសនយោបាយ លោក ធន់ សារ៉ាយ មិនដឹងច្បាស់ថា តើក្រុមប៉ូលិស អា៣ (A3) ជាអ្នកចាប់រូបលោក ឬយ៉ាងណានោះទេ។ ប៉ុន្តែលោកដឹងថា ពិតជាមានកម្លាំងក្រុម អា៣ (A3) ល្បីរន្ទឺខាងចាប់ចងមែនក្នុងគ្រានោះ៖ « ខ្ញុំចាំ លោក ស៊ិន សេន ជាមេប៉ូលិស អា៣ (A3) ហ្នឹងឯង ជាមេបញ្ជាការ អា៣។ ប៉ុន្តែខ្ញុំអត់ដឹងទេថា មាន អា១ អា២ អីទៀត ខ្ញុំអត់ដឹងទេ។ ខ្ញុំដឹងតែថា គាត់ អា៣ ហ្នឹង។ ហើយ អា៣ ហ្នឹង សម្រាប់ការពារព្រំដែនទៅទៀត។ កម្លាំង អា៣ ហ្នឹង ជារបៀបទ័ពផង និងជាប៉ូលិសផងដែរ។ ឮសូរថា ពួកហ្នឹងមានលក្ខណៈដូចកាច កាចបាទ រឿងចាប់មនុស្សចាប់ស្អីហ្នឹង ឮសូរថា ល្បីល្អូមល្អាមដែរ ប៉ុន្តែខ្ញុំមិនបានយកចិត្តដាក់ច្រើនទេពេលហ្នឹង ដោយសារតែរវល់ស្រាវជ្រាវកិច្ចការសិក្សាស្រាវជ្រាវខ្លួនឯងដែរ » ។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ទោះជាយ៉ាងណាក៏ដោយចុះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដែលមានភាគីជម្លោះខ្មែរទាំង ៤ក្រុមចុះហត្ថលេខាបញ្ចប់សង្រ្គាមជាង ១០ឆ្នាំនោះ តម្រូវឲ្យគ្រប់ភាគីដោះលែងអ្នកទោសនយោបាយទាំងអស់។ លោក ធន់ សារ៉ាយ ក៏មានសេរីភាពឡើងវិញ។
ចំណែកលោក ម៉ក់ ជីតូ វិញ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោកបន្តការងារជាមន្ត្រីក្នុងក្រសួងមហាផ្ទៃដដែល។ ប៉ុន្តែ លោកបានបម្រើការនៅក្នុងអគ្គនាយកដ្ឋានថ្មីមួយរបស់ក្រសួង ដែលមានឈ្មោះថា អគ្គនាយកដ្ឋានប្រឆាំងភេរវកម្ម ដែលជាអតីតអគ្គនាយកដ្ឋានកិច្ចការការពារសន្តិសុខនយោបាយទី១ នៃក្រសួងមហាផ្ទៃ។
ក្រោយការបោះឆ្នោតនៅខែឧសភា ឆ្នាំ១៩៩៣ និងមានការបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលមានគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស ប្រជាជនកម្ពុជា រួមគ្នា លោក ម៉ក់ ជី តូ បានក្លាយជាប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ។ របាយការណ៍របស់អង្គការសិទ្ធិមនុស្ស យូមេន រ៉ៃ វ៉ច្ឆ (Human Right Watch) បន្តថា លោក ម៉ក់ ជីតូ ក្នុងតួនាទីនេះ បានចាត់វិធានការយ៉ាងខ្លាំងក្លាចំពោះអំពើបះបោរនៅក្នុងទីក្រុងភ្នំពេញ ដោយប្រើប្រាស់កម្លាំងមន្ត្រីនគរបាលឯកសណ្ឋាន និងទាំងនគរបាលសម្ងាត់ ដើម្បីធ្វើប្រតិបត្តិការទាំងនេះ។ រយៈពេលនេះ គឺជារយៈពេលនៃអំពើឃាតកម្មនយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់ ជាពិសេស គឺកើតលើអ្នកយកព័ត៌មាន ដែលរិះគន់រដ្ឋាភិបាល។ របាយការណ៍របស់អង្គការ យូមេន រ៉ៃ វ៉ច្ឆ បញ្ជាក់ថា លោក ម៉ក់ ជីតូ បានជួយដល់ការចាត់ចែងគ្រប់គ្រង និងបិទបាំងសកម្មភាពទាំងនេះ តាមរយៈការបង្កភាពរាំងស្ទះដល់ដំណើរការស៊ើបអង្កេត ឬតាមរយៈការរៀបចំផែនការយ៉ាងសម្ងាត់ ដើម្បីសម្លាប់ពួកឃាតក ដែលគាត់ព្រួយបារម្ភថា អាចបង្ហាញចេញនូវភាពពាក់ព័ន្ធដល់រូបគាត់ និងអ្នកផ្សេងទៀតនៅក្នុងឧក្រិដ្ឋកម្មទាំងនោះ។ រយៈពេលនេះ ក៏ជារយៈពេលដែលពោរពេញទៅដោយអំពើចាប់ជំរិត ដើម្បីទារប្រាក់លស់ខ្លួន កើតមានចំពោះសមាជិកនៃគ្រួសារអភិជនខាងធុរកិច្ច ដែលកំពុងលេចធ្លោឡើង ជាពិសេស បុគ្គលមានដើមកំណើតចិន។ បើតាម យូមែន រ៉ៃ វ៉ច្ឆ ជាជាងបង្ក្រាបបទឧក្រិដ្ឋទាំងនោះ លោក ម៉ក់ ជី តូ បានចាត់ចែង និងទទួលផលប្រយោជន៍ជាច្រើនពីបទឧក្រិដ្ឋមួយចំនួនក្នុងចំណោមឧក្រិដ្ឋកម្មទាំងនោះ។
អាស៊ីសេរីបានទាក់ទងឧត្តមសេនីយ៍ ម៉ក់ ជីតូ តាមទូរស័ព្ទជាច្រើនដង ដើម្បីសុំការឆ្លើយតបពីលោក ចំពោះការចោទប្រកាន់នេះ ប៉ុន្តែមិនបានជោគជ័យ ដោយលោកគ្រាន់តែសួរមួយម៉ាត់ថា មកពីខាងណា ហើយទម្លាក់ទូរស័ព្ទចុះវិញ នៅពេលឮថា មកពីអាស៊ីសេរី។
ទោះជាយ៉ាងណាក្ដី ឧត្តមសេនីយ៍ ម៉ក់ ជីតូ បានប្រាប់វិទ្យុវីអូឌី (VOD) កាលពីចុងខែមិថុនាថា គ្មាននរណាចេះតែជឿលើរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃ វ៉ច្ឆ (HRW) នេះទេ៖ « ស្រេចតែគាត់ថាទៅ ស្រេចតែចិត្តគាត់ទៅ គាត់មានចិត្តថា ហើយយើងដឹងថាម៉េចឲ្យគាត់វិញ គាត់នៅឯណាណោះ។ បើនៅស្រុកខ្មែរប្តឹងទៅតុលាការឲ្យរកខុសត្រូវហើយ។ ខ្ញុំជឿថា អន្តរជាតិ និងជាតិគេមិនមែនចេះតែជឿគាត់ទេ ពីព្រោះរបាយការណ៍គាត់ស្រេចតែគាត់ថាអ៊ីចឹង នឹកឃើញស្អប់នរណា ថាឲ្យអ្នកហ្នឹងទៅ»។
ល្បីឈ្មោះមិនល្អ តែឡើងឋានៈ
ដោយមានការកើនឡើងបន្តិចម្តងៗ នូវបណ្តឹងជាផ្លូវការពីសាធារណជន និងនៅក្នុងជួរមន្រ្តីនគរបាល ទាក់ទងនឹងការចោទប្រកាន់ចំពោះអាកប្បកិរិយារបស់គាត់ លោក ម៉ក់ ជីតូ ក៏ល្បីរន្ទឺខាងអំពើអាក្រក់ ហើយគាត់ក៏ត្រូវបានផ្លាស់ឲ្យទៅកាន់ការិយាល័យកិច្ចការរដ្ឋបាលជនបរទេសនៃនគរបាលរាជធានីភ្នំពេញ។ បន្ទាប់មកទៀត តួនាទីរបស់គាត់ត្រូវបានព្យួរ នៅក្នុងខែធ្នូ ឆ្នាំ១៩៩៨។ ទោះបីយ៉ាងនេះក្តី មិនយូរប៉ុន្មាន លោក ម៉ក់ ជីតូ បានទទួលការតែងតាំងឱ្យធ្វើជាប្រធាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឡើងវិញ។ ទោះយ៉ាងណាក៏ដោយចុះ ការចោទប្រកាន់ថ្មីៗ បានលេចឡើងទៀត អមដោយសក្ខីកម្មនានា ថាគាត់មានការពាក់ព័ន្ធដោយសម្ងាត់នៅក្នុងការប្រព្រឹត្ត ឬការបិទបាំងអំពើឃាតកម្មនយោបាយ និងអំពើចាប់ជំរិតទារលុយ។ ជាជាងព្យួរការងារ ដើម្បីបើកការស៊ើបអង្កេត លោក ម៉ក់ ជីតូ ត្រូវបានដំឡើងតំណែងឱ្យធ្វើជាប្រធានអគ្គនាយកដ្ឋាននគរបាលយុត្តិធម៌ថ្នាក់ជាតិទៀត។ ក្នុងតំណែងនេះ លោក ម៉ក់ ជីតូ អាចគ្រប់គ្រងដោយផ្ទាល់លើមន្ត្រីនគរបាលយុត្តិធម៌កម្រិតអភិជន ឬក្រុមអ៊ីលីត (elite) ថ្នាក់ជាតិមួយចំនួនតូច ដែលមានដែនសមត្ថកិច្ចនៅទូទាំងប្រទេសកម្ពុជា ជាពិសេសជាងគេនោះ គឺគ្រប់គ្រងអគ្គនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ចាប់ និងបង្រ្កាបអ្នកការពារសិទ្ធិសមនុស្ស
ជាប្រធានអគ្គនាយកដ្ឋាននគរបាលយុត្តិធម៌ លោក ម៉ក់ ជីតូ ដឹកនាំយ៉ាងចំហនូវការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស ដែលលេចធ្លោ មានលោក កឹម សុខា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងលោក យ៉េង វីរៈ នាយកមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នៅឆ្នាំ២០០៦។ លោក ម៉ក់ ជីតូ ក៏ជាប់ចោទពាក់ព័ន្ទក្នុងការធ្វើទុក្ខបុកម្នេញសកម្មជនការពារដីធ្លីដែរ។
នៅខែមេសា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងលោក ម៉ក់ ជីតូ ជាប្រធានដឹកនាំគណៈកម្មការចំរុះមួយស៊ើបអង្កេតករណីបាញ់សម្លាប់សកម្មជនការពារធនធានធម្មជាតិលេចធ្លោរមួយរូប គឹលោក ឈុត វុទ្ធី នៅខែត្រកោះកុង ដែលសំណុំរឿងនេះពាក់ព័ន្ធនឹងមន្ត្រីរាជអាវុធហត្ថមួយរូប គឺលោក អ៊ឹន រតនា ដែលបានត្រូវគ្រាប់ស្លាប់នៅកន្លែងកើតហេតុដែរ។ នៅខែបន្ទាប់ គឺខែឧសភាឆ្នាំដដែល គណៈកម្មការចំរុះនេះបានចេញរបាយការណ៍ពោរពេញដោយមន្ទិលមួយ ដែលអង្គការសិទ្ធិមនុស្ស និងគ្រួសារលោក ឈុត វុទ្ធី ចោទថា ជារបាយការណ៍ធ្វើឡើង ដើម្បីជាការបិទបាំង និងការពារអ្នកដេលទទួលខុសត្រូវ និងឃុបឃិតសម្លាប់លោក ឈុត វិទ្ធី។
មន្ត្រីគ្នាឯងមិនចូលចិត្ត
បើតាមលោក ប្រ៊េដ អាដាំ នៃអង្គការ យូមែន រ៉ៃ វ៉ច្ឆ (HRW) មន្ត្រីគណបក្សកាន់អំណាចមួយចំនួន បានប្រាប់លោកថា លោក ម៉ក់ ជីតូ បានធ្វើឲ្យគណបក្ស ប្រជាជនកម្ពុជា ខូចកេរ្ត៍ឈ្មោះ ហើយពួកគេចង់ឃើញគាត់ត្រូវគេដកចេញពីការងារ៖ « កាលពីខ្ញុំធ្វើការនៅកម្ពុជាមនុស្សរបស់គណបក្ស ប្រជាជនកម្ពុជាច្រើននាក់ប្រាប់ ខ្ញុំថា លោកម៉ក់ ជីតូពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនទៀតផង។ បើតាមមន្រ្តីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលប្រាប់ខ្ញុំ ពួកគេយល់ថា លោក ម៉ក់ ជីតូ គឺជាឧក្រិដ្ឋជនដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាអាប់អោនកេរ្ត៍ឈ្មោះខ្លាំង ហើយពួកគេចង់ឃើញ លោក ម៉ក់ ជីតូ ត្រូវដកចេញពីតំណែង។ មានពេលមួយនោះ គាត់ត្រូវបានគេដាក់ឲ្យនៅម្ខាងជញ្ជាំងដែរ ប៉ុន្តែបើតាមខ្ញុំដឹងគាត់មិនដែលបាត់បង់មុខតំណែងម្តងណាទេ។ ហើយឥឡូវនេះគាត់ថែមទាំងក្លាយជាឧត្តមសេនីយ៍ក្នុងជួរនគរបាលទៀតផង » ។
កាលពីឆ្នាំ២០០៧ ព្រឹត្តិការណ៍កក្រើកក្រុងភ្នំពេញមួយបានកើតឡើង។ នោះគឺហេតុការណ៍អ្នកទោសហែកគុកព្រៃសរត់ចេញដ៏គួរឲ្យសង្ស័យមួយបានកើតឡើង។
យមរាជហែកគុក
អតីតមន្ត្រីនគរបាលក្រុងភ្នំពេញ លោក ហង្ស វុទ្ធី ហៅ យមរាជ បានអះអាងប្រាប់តុលាការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ថា លោក ម៉ក់ ជីតូ ជាអ្នកនៅពីក្រោយការរៀបចំឈុតឆាកបង្ខំឲ្យរូបលោករត់ចេញពីគុកព្រៃសជាមួយអ្នកទោស ១១នាក់ផ្សេងទៀត កាលពីពេលនោះ។ លោកហង្ស វុទ្ធី ចោទថា គឺលោកម៉ក់ ជីតូ ជាអ្នកប្រើមនុស្សចាប់បង្ខំលោកអោយរត់ចេញពីគុក ដើម្បីយករូបលោកទៅសម្លាប់បំបិទមាត់ ពីព្រោះតែលោកដឹងរឿងសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ច្រើនករណីពេក ប៉ុន្តែលោកដឹងខ្លួនមុន ហើយពេលបានចេញមកដល់ក្រៅគុកភ្លាមលោកក៏ខំរត់គេចចេញដើម្បីរក្សាជីវិតតែម្តង។
សម្រង់សំដីរបស់លោកហង្ស វុទ្ធី ហៅ យមរាជ ដែលបានប្រាប់ទៅតុលាការថា លោកម៉ក់ ជីតូ មានបំណងផ្តាច់ជិវិតលោកនោះ ត្រូវបានកាសែតដឺខាបូឌាឌេលលី (The Cambodia Daily) ដកស្រង់យកមកផ្សាយយ៉ាងដូច្នេះ៖«ពួកគេចោទប្រកាន់ខ្ញុំថា មានការជាប់ពាក់ព័ន្ធចំនួន ៣ ឬ ៤ករណី ដែលសំណុំរឿងទាំងអស់នោះ ខ្ញុំអត់ដឹងអីសោះ ហើយចំពោះការហែកគុករត់ចេញ គឺជាការរៀបចំរបស់លោក ម៉ក់ ជីតូ ពីព្រោះគាត់ចង់សម្លាប់ខ្ញុំ ដើម្បីបំបាត់ភុស្តុតាង» ។
កាលពីខែមុថិនា ឆ្នាំ២០០៦ លោក ហង្ស វុទ្ធី ហៅ យមរាជ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ឲ្យជាប់ពន្ធនាគារ ៥១ឆ្នាំពីបទសម្លាប់ចៅក្រម សុខ សេដ្ឋាមុនី និងប៉ុនប៉ងសម្លាប់មេបញ្ជាការប៉េអឹមលោក សៅ សុខា និងអគ្គព្រះរាជអាជ្ញាលោក អ៊ុក សាវុធ។ ប៉ុន្តែលោកបានបដិសេធការចោទប្រកាន់នេះ ហើយប្រកាសប្តឹងឧទ្ធរណ៍។ ក្រោយពីបានរត់គេចពីគុកព្រៃស ដែលលោកចោទថា ជាល្បិចកលរបស់លោក ម៉ក់ ជីតូ លោក ហង្ស វុទ្ធី បានរស់លាក់ខ្លួនពីសង្គមអស់រយៈពេលប្រមាណ ៨ឆ្នាំ។ លោក ហង្ស វុទ្ធី ហៅ យមរាជ បានចេញពីការលាក់ខ្លួន ត្រឡប់ចូលក្នុងសង្គមឡើងវិញ ដោយទៅបញ្ហាញមុខនៅអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) នៅឆ្នាំ២០១៥ ដោយនិយាយថា គឺដើម្បីឲ្យអង្គការសិទ្ធិមនុស្សជួយរកយុត្តិធម៌ជូនលោក។
លំអៀងខាងនយោបាយបស់ឧត្តមសេនី ម៉ក់ ជីតូ
ទាក់ទងនឹងការរក្សាអព្យាក្រិត្យភាពនៃកងប្រដាប់អាវុធអោយស្របតាមច្បាប់វិញ របាយការន៍របស់ យូមែន រ៉ៃ វ៉ច្ឆ(HRW) បន្តថា ដូចគ្នានឹងមន្ត្រីជាន់ខ្ពស់យោធា រាជអាវុធហត្ថ និងនគរបាលដែរ លោក ម៉ក់ ជីតូ ចេញមុខគាំទ្រយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ របស់គណបក្សប្រជាជនកម្ពុជាដោយចំហ។ លោក ម៉ក់ ជីតូ ត្រូវបានគណបក្ស ប្រជាជនកម្ពុជាចាត់តាំងឲ្យទទួលខុសត្រូវឃោសនានៅកៀនស្វាយ ខេត្តកណ្តាល។ លោកក៏បានបញ្ជូនមន្ត្រីប៉ូលិសរបស់លោកឲ្យទៅឃោសនា ដើម្បីបក្សកាន់អំណាចនៅទីនោះ។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដ៏ចម្រូងចម្រាស បាតុកម្មតវ៉ាទ្រង់ទ្រាយធំក៏ផ្ទុះឡើងពេញក្រុងភ្នំពេញ។ កម្លាំងប៉ូលិស និងកងសន្តិសុខ បានប្រើអំពើហិង្សាបង្រ្កាបទៅលើបាតុករយ៉ាងចាស់ដៃ បណ្តាលឲ្យមានមនុស្សស្លាប់ របួស និងចាប់ដាក់ពន្ធនាគារ ទាំងគ្មានមូដ្ឋានច្បាប់រឹងមាំ។
ក្នុងនាមជាមន្ត្រីនគរបាលជាតិ ដែលត្រូវមានជំហរអព្យាក្រឹតពីបក្សនយោបាយនោះ លោក ម៉ក់ ជីតូ កាលពីឆ្នាំ ២០១៧ បានបង្ហាញការគាំទ្រចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ និងការរំលាយបក្សប្រឆាំង។
វិធីសាស្ត្រយកព័ត៌មានសម្រាប់របាយការណ៍ «បុគ្គលកម្ពុជាបាតដៃកខ្វក់ ១២រូប»
លោក ប្រ៊េដ អាដាំ នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (HRW) ឲ្យដឹងថា របាយការណ៍ស្តីពី «ឧត្តមសេនីយ៍កម្ពុជាបាតដៃកខ្វក់ ១២រូប» គឺជាលទ្ធផលនៃការធ្វើសំភាសន៍ជាមួយមនុស្សជាច្រើននាក់៖ «ព័ត៌មានក្នុងរបាយការណ៍នេះ យើងប្រមូលបានពីបទសំភាសន៍ជាមួយសមាជិក និងមន្ត្រីគណបក្ស ប្រជាជនកម្ពុជា មន្ត្រីយោធា រាជអាវុធហត្ថ ប៉ូលិស និងអ្នកនយោបាយ។ ខ្ញុំបានសំភាសលោក ប៉ុល សារឿន និងលោក សៅសុខា ជាច្រើនឆ្នាំកន្លងមកហើយ។ យើងបានសំភាសអ្នកការទូត ឯកអគ្គរាជទូត និងជំនួយការរបស់ពួកគេ ដែលឈរជើងនៅកម្ពុជា ហើយយល់ដឹងពីស្ថានភាពនៅទីនោះ។ ខ្ញុំបានសំភាសមន្ត្រីអង្គការក្រៅរដ្ឋាភិបាល អ្នកកាសែត និងប្រជាពលរដ្ឋកម្ពុជា ដែលយល់ដឹងពីស្ថានការណ៍កម្ពុជា។ ខ្ញុំក៏មានសហការីរបស់ខ្ញុំជួយសំភាសខ្ញុំដែរ ហើយក្នុងការអង្កេតស្រាវជ្រាវ និងការប្រមូលព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំសម្រាប់របាយការណ៍ជាង ២០០ទំព័រ ស្តីពី «ឧត្តមសេនីយ៍កម្ពុជាបាតដៃកខ្វក់ ១២រូប» នេះ ខ្ញុំក៏បានសំភាសមន្រ្តីសហប្រជាជាតិ និងថែមទាំងបានប្រើប្រាស់ឯកសាររបស់អង្គការសហប្រជាជាតិរាប់ពាន់សន្លឹកតាំងពីសម័យ អ៊ុនតាក់ មក។
អនុសាសន៍
របាយការរបស់ យូមែន រ៉ៃ វ៉ច្ឆ(HRW) បន្តថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ មានការចេញសេចក្ដីសម្រេចចិត្ត និងរបាយការណ៍ជន់ជោរជាច្រើនរាប់មិនអស់ ក្នុងនោះក៏មានមកពីមហាសន្និបាតអង្គការសហប្រជាជាតិផងដែរ អំពាវនាវឲ្យមានការចាត់វិធានការដោះស្រាយបញ្ហាវប្បធម៌និទណ្ឌភាព ឬទម្លាប់ឲ្យជនល្មើសរួចពីសំណាញ់ច្បាប់នៅកម្ពុជា និងឲ្យមានការកែទម្រង់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងស្ថាប័ននគរបាល ឲ្យមានវិជ្ជាជីវៈ និងផ្ដាច់ចេញពីនយោបាយ។ ប៉ុន្តែសំណើសុំ និងការទទូចទាំងនោះ មិនត្រូវបានរបបក្រុងភ្នំពេញធ្វើតាមឡើយ។
ក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងទៅនេះដែរ មានអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនអង្គការសង្គមស៊ីវិលជាច្រើននាក់ បានប្រថុយប្រថានជីវិត ដើម្បីជួយកែទម្រង់កម្ពុជាឲ្យដើរទៅរកមាគ៌ាលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដូចដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា។ ប៉ុន្តែពួកគេមិនត្រឹមតែមិនបានជោគជ័យទេប៉ុណ្ណោះទេ ថែមទាំងត្រូវរដ្ឋាភិបាលឆ្លើយតបវិញ ដោយការវាយប្រហារលើរាងកាយ ការចាប់ខ្លួន និងកាត់ទោសដាក់គុកច្រើនឆ្នាំទៀតផង។
ទោះជាយ៉ាងណាក៏ចុះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch) ទទូចឲ្យមានការស៊ើបអង្កេតឧត្តមសេនីយ៍ ម៉ក់ ជីតូ និងឧត្តមសេនីយ៍ ១១នាក់ផ្សេងទៀត ដែលអង្គការនេះហៅថា មានបាតដៃកក្វក់ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយអំឡុងពេលស៊ើបអង្កេត ត្រូវព្យួរការងាររបស់ពួកគេទាំងអស់គ្នា។ ប៉ុន្តែសំណើសុំ និងការទទួចទាំងនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយប្រហាររិះគន់តបតវិញ ហើយរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ប្រាប់អាស៊ីសេរីថា ឧត្តមសេនីយ៍ទាំង ១២នាក់នោះ គ្មានធ្វើខុសអ្វីទេ មានតែជួយជាតិថែមទៀតផង។ ហេតុដូច្នេះគ្មានត្រូវធ្វើតាមអង្គការ យូមែន រ៉ៃ វ៉ច្ឆ (HRW) ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។