គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បកស្រាយបំភ្លឺអំពីការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅក្នុងសម័យប្រជុំលើកទី១៣៤របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងន័យការពារចំណាត់ការទាំងឡាយរបស់រដ្ឋាភិបាល។ ប៉ុន្តែមន្ត្រីអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលយល់ថា ភាគីរដ្ឋាភិបាល គួរតែទទួលស្គាល់ការពិតអំពីការធ្លាក់ចុះនៃការគោរពសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ព្រោះការបកស្រាយបំភ្លឺក្នុងន័យការពារ មិនមែនជាជម្រើសល្អនោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ចេញមុខការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជុំទី៣ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ក្នុងសម័យប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងកិច្ចសន្ទនារយៈពេល៣ថ្ងៃនោះ សមាជិកសមាជិកានៃគណៈកម្មាធិការសិទិ្ធមនុស្សអង្គការជាតិសហប្រជាតិ បានចោទសួរជាច្រើនពាក់ព័ន្ធនឹងវិស័យមួយចំនួននៅកម្ពុជា។ បញ្ហាទាំងនោះ ដូចជា ក្របខណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ច្បាប់កូវីដ-១៩ វិធានការច្បាប់ក្នុងស្ថានភាពកូវីដ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សាប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ អំពើទារុណកម្មការដកហូតសេរីភាព សមាគម និងការប្រជុំ លំហប្រជាធិបតេយ្យ និងសង្គមស៊ីវិល សិទ្ធិបោះឆោះឆ្នោត និងការចូលរួមកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជន បញ្ហាយុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិចជាដើម។
ស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល មិនបានបញ្ជាក់លម្អិតអំពីចំណុចទាំងនោះទេ ខណៈសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាន ចោទសួរភាគីកម្ពុជាលើចំណុច៣សំខាន់។ ចំណុចទីមួយ គឺទាក់ទងនឹងការជាប់ពាក់ព័ន្ធដោយផ្ទាល់របស់រដ្ឋាភិបាលកម្ពុជាក្នុងករណីឃាតកម្មដែលមានចរិតនយោបាយជាបន្តបន្ទាប់រយៈពេលជាច្រើនឆ្នាំមកនេះ រួមមានឃាតកម្មលើអ្នកវិភាគនយោបាយ បណ្ឌិត កែម ឡី មេសហជីពលោក ជា វិជ្ជា អ្នកការពារបរិស្ថាន លោក ឈុត វុទ្ធី និងករណីចុងក្រោយគឺឃាតកម្មលើយុវជនគណបក្សសង្គ្រោះជាតិ លោក ស៊ិន ខុន។ ចំណុចទីពីរ គឺទាក់ទងនឹងការចោទប្រកាន់ ការចាប់ខ្លួន និងសវនាការក្ដីលើមេដឹកនាំ និងសមាជិកបក្សប្ររឆាំងរាប់រយនាក់។ ចំណុចទី៣ មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចោទសួរភាគីកម្ពុជាអំពីការប្រើប្រាស់ប្រព័ន្ធតុលាការដោយមិនត្រឹមត្រូវពីសំណាក់រដ្ឋាភិបាល ដើម្បីដាក់ទោសទណ្ឌលើការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ និងការបិទស្ថាប័នព័ត៌មានឯករាជ្យ។
ទោះជាយ៉ាងណា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា មន្ត្រីកម្ពុជា បានសហការគ្នាយ៉ាងល្អ ដើម្បីឆ្លើយតបនិងបកស្រាយបំភ្លឺចំពោះការចោទសួរទាំងនេះ។
សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន ថ្លែងថា ការការពាររបាយការណ៍របស់កម្ពុជាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនេះ ធ្វើឲ្យប្រទេសមួយចំនួន ឬសហគមន៍អន្តរជាតិ ឈប់ភ័ន្តច្រឡំថា ការអនុវត្តច្បាប់កន្លងមក គឺជាការរំលោភសិទ្ធិមនុស្សតទៅទៀត៖ « យើងឃើញមានបណ្តាប្រទេសជាច្រើនដែលចូលរួមក្នុង របាយការណ៍ហ្នឹង គេបានផ្តល់ជាអនុសាសន៍ ផ្តល់ការវាយតម្លៃ ដូច្នេះមួយចំនួនធំ មុននឹងគេបដិសេធ គេវាយតម្លៃជារួមសិន បានគេផ្តល់អនុសាសន៍តាមក្រោម។ប៉ុន្តែ មានប្រទេសមួយចំនួនតូច ក៏គាត់នៅតែទាមទារ ឲ្យកម្ពុជាធ្វើរបាយការណ៍ដែលគាត់ ទទួលបានថាយើងមានបញ្ហាអញ្ចេះបញ្ហាអញ្ចុះ គាត់នៅតែទាមទារឲ្យមានការកែលម្អ »។
ជុំវិញបញ្ហានេះ មន្ត្រីអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល លើកឡើងថា ជាទម្លាប់ទៅហើយដែលមន្ត្រីរដ្ឋាភិបាល ឬគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាព្យាយាមការពារទង្វើរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្សនោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ទោះបីជាតំណាងរដ្ឋាភិបាល ព្យាយាមបង្ហាញរបាយការណ៍ ឬបកស្រាយបំភ្លឺបែបណាក្តី ក៏ប្រហែលជាមិនអាចធ្វើឲ្យគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជឿជាក់បានដែរ។លោក បន្តថា គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានអ្នកជំនាញដើម្បីពិនិត្យផ្ទៀងផ្ទាត់រកការពិត និងថែមទាំងមានមន្ត្រីជំនាញ និងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាទៀតផង ដូច្នេះពួកគេ មិនចេះតែជឿលើរបាយការណ៍របស់រដ្ឋាភិបាលឡើយ។មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ ថា រដ្ឋាភិបាល គួរតែទទួលស្គាល់ការពិត ហើយបញ្ឈប់ការយាយី និងរឹតត្បិតលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ខណៈការបោះ ឆ្នោតឃុំ-សង្កាត់ កាន់តែខិតជិតមកដល់៖ «ជាការពិតរៀងនេះ គួរតែមានការកែប្រែយូរហើយ ព្រោះមានការផ្តល់អនុសាសន៍ពីបណ្តាប្រទេសលោកសេរី ជាពិសេសសហភាពអឺរ៉ុប ក៏គេ តែងតែលើកឡើងដែរថា កម្ពុជា ត្រូវគោរពនូវសិទ្ធិសេរីភាពជាមូលដ្ឋាន សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយដែលជារឿងចាំបាច់នៅក្នុងការបើកនូវលំហប្រជាធិបតេយ្យនៅក្នុង ប្រទេសកម្ពុជាឲ្យល្អប្រសើរឡើងវិញ។ចំណុចទាំងអស់នេះ សុទ្ធតែត្រូវគេលើកឡើង ជារឿយៗហើយ ប៉ុន្តែកម្ពុជាច្រើនតែច្រានចោល»។
កាលពីថ្ងៃទី៧ ខែមីនា ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី មីឆែល ប៉ាហ្សលែត (Michelle Bachelet) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៤៩របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា អ្នកស្រី មានកង្វល់អំពីវិធានការរឹតត្បិតរបស់អាជ្ញាធរកម្ពុជា ក្រោមហេតុផលជំងឺកូវីដ-១៩ ដែលបន្តធ្វើឲ្យលំហប្រជាធិបតេយ្យ និងសិទ្ធិពលរដ្ឋកាន់តែធ្លាក់ចុះ។ ករណីដែល កំពុងកើតឡើងនោះ គឺការប្រើលេសទប់ស្កាត់ជំងឺកូវីដ ដើម្បីបង្ក្រាបលើកូដកម្មស្របច្បាប់របស់បុគ្គលិកណាហ្គាវើលដ៍ (Nagaworld)។ អ្នកស្រី មីឆែល ប៉ាហ្សលែត បានផ្ញើរសារដាស់តឿនរដ្ឋាភិបាលកម្ពុជាទៀតថា ការការពារសេរីភាពជាមូលដ្ឋាន មានសារៈសំខាន់ណាស់ ខណៈកម្ពុជាកំពុងឈានទៅរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដែលគណបក្សប្រឆាំងធំជាងគេ ពុំត្រូវបានអនុញ្ញាតឲ្យចូលរួមប្រគួតប្រជែង ហើយថ្នាក់ដឹកនាំនិងអ្នកគាំទ្ររបស់ពួកគេ ត្រូវរស់នៅនិរទេសខ្លួនក្រៅប្រទេស ខ្លះជាប់ឃុំ និងខ្លះទៀតប្រឈមការធ្វើទុក្ខបុកម្នេញដោយសារសកម្មភាពស្របច្បាប់របស់ខ្លួន។
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអំពីករណីប្រទេសកម្ពុជានេះ នឹងត្រូវធ្វើឡើងបន្តទៀតនៅថ្ងៃទី២២ ខែមីនា ខាងមុខ។ អង្គការសហប្រជាជាតិនឹងចេញកំណត់សម្គាល់ផ្លូវការស្ដីពីដំណើរការត្រួតពិនិត្យដ៏ពេញលេញអំពីការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជានៅពេលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។