មន្ត្រីការពារសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលច្រានចោលរបាយការណ៍ស្ដីពីការរំលោសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ នឹងមិនចំណេញដល់រដ្ឋាភិបាលនោះទេ។
ការលើកឡើងនេះ ដោយសារតែ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងបើកកិច្ចប្រជុំមួយជាមួយក្រសួងការបរទេសជប៉ុន ដើម្បីចែករំលែក អំពីបញ្ហាសិទ្ធិមនុស្សនៃប្រទេសទាំងពីរ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសំដែងការសោកស្ដាយ ដែលក្រុងភ្នំពេញ តែងតែច្រានចោល របាយការណ៍របស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ទាក់ទងនិងស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ប្រធានផ្នែកសិទ្ធិមនុស្សដីធ្លីនៃសមាគមអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា រដ្ឋាភិបាលដែលមានការទទួលខុសត្រូវខ្ពស់ គឺជារដ្ឋាភិបាលដែលទទួលយកអនុសាសន៍របស់ភាគីពាក់ព័ន្ធ ដើម្បីយកទៅកែលំអនូវចំណុចខ្វះខាតរបស់ខ្លួន។ លោកបញ្ជាក់ថា ការធ្វើដូច្នេះ ទើបរដ្ឋាភិបាលអាចទាញយកការគាំទ្រពីប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅបាន។ «»
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សនៅស្របពេល រដ្ឋាភិបាលបានច្រានចោល របាយការណ៍របស់ អ្នកជំនាញខាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅថ្ងៃទី១៩ មិថុនា ដោយអំពាវនាវឱ្យរបបលោក ហ៊ុន សែន ស្ដារស្ថានភាពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ សិទ្ធិនយោបាយឡើងវិញ និងងាកមករកវប្បធម៌សន្ទនា ដើម្បីបញ្ចប់វិបត្តិសព្វថ្ងៃ ក៏ប៉ុន្តែសេចក្ដីថ្លែងការណ៍នេះ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធទៅវិញ។
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍ក្រោយពេលអ្នកស្រីបាន បញ្ចប់បេសកកម្មនៅកម្ពុជាកាលពី ខែឧសភាថា៖ «ដល់ពេលដែលរដ្ឋាភិបាលដឹកនាំផ្លាស់ប្ដូរវប្បធម៌នយោបាយទៅជាការសន្ទនាមួយ ត្រូវតែផ្ដោតទៅលើបញ្ហា ជាជាងផ្ដោតទៅលើបុគ្គល ដែលជាវិធីមួយឈានទៅមុខ និងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែង ការអភិវឌ្ឍប្រកបដោយចិរភាពនិងសិទ្ធិមនុស្សទាំងអស់គ្នា»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ពន្យល់ថា កម្ពុជាកំពុងតែអនុវត្តគោលការណ៍សិទ្ធិមនុស្សល្អ បើប្រៀបធៀបទៅនិងសម័យអតីតកាល។ លោកបន្ថែមថា ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា គឺជានិយាយមរបស់កម្ពុជា មិនអាចវាយតម្លៃឬប្រៀបធៀបទៅនិងប្រទេសដទៃទៀតបានឡើយ។ លោកបញ្ជាក់ថា ការវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សមិនល្អណាមួយនោះ គឺជាការវាយតម្លៃតាមបែបនយោបាយរបស់ក្រុមណាមួយដែលប្រឆាំងរដ្ឋាភិបាលទៅវិញទេ។ «»
ក្រៅពីនេះទៀត លោក ជិន ម៉ាលីន បន្ថែមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹង ក្រសួងការបរទេសជប៉ុន នឹងបើកិច្ចប្រជុំរួមគ្នាស្ដីពីការចែករំលែកបទពិសោធន៍សិទ្ធិមនុស្សគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដែលនឹងធ្វើឡើងនៅដើមខែសីហា ឆ្នាំ២០១៩ ខាងមុខ ដើម្បីលើកពីការអនុវត្តគោលការណ៍សិទ្ធិមនុស្សនៃប្រទេសទាំងពីរ ដែល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រសួងការបរទេសជប៉ុនរៀបចំធ្វើឡើងរយៈពេលមួយឆ្នាំម្ដង។
លោក នី សុខា បញ្ជាក់ថា ក្រុមអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ ទទួលស្គាល់នូវអ្វីដែលរដ្ឋាភិបាលធ្វើបាន ឬគោរពបាន ប៉ុន្តែក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយ កម្ពុជាកំពុងតែរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមួយ ពិសេស គឺការបិទសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយ ជាក់ស្ដែងដូចជាការចាប់ខ្លួនក្រុមអ្នករិះគន់ និងសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារ និងការកោះហៅមនុស្សរាប់រយនាក់មកសួរនាំជាដើម។ «»
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក្រោយពីបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១១ថ្ងៃនៅកម្ពុជា កាលពីឧសភា បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នៅតែស្ថិតក្នុងស្ថានភាពអាក្រក់នៅឡើយ។ អ្នកស្រីបានជំរុញឱ្យរបបលោក ហ៊ុន សែន ប្រឹងស្ដារភាពនេះឡើងវិញ ប្រសិនបើចង់រក្សារក្សាសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដតទៅថ្ងៃមុខទៀត។
អ្នកស្រីបានស្នើឱ្យអ្នកនយោបាយខ្មែរគ្រប់ភាគី បញ្ឈប់វប្បធម៌វាយប្រហារគ្នារឿងបុគ្គល ដោយត្រូវផ្ដោតសំខាន់លើបញ្ហាជាតិជាធំវិញ។ អ្នកស្រីបានស្នើជាថ្មីទៀត ឱ្យមានការដោះលែងលោក កឹម សុខា និងទម្លាក់ចោលបទចោទប្រកាន់លើមេបក្សប្រឆាំងរូបនេះ។ បន្ថែមពីលើនេះ អ្នកស្រីបានជំរុញឱ្យរបបក្រុងភ្នំពេញ ពិនិត្យមើលឡើងវិញនូវច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។ ក្រៅពីនេះ អ្នកស្រីបានអំពាវនាវឱ្យរបបក្រុងភ្នំពេញគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងបើកទូលាយនូវលំហសេរីភាពសម្រាប់អង្គការសង្គមស៊ីវិល ព្រមទាំងបញ្ឈប់វប្បធម៌លាបពណ៌ថា ក្រុមសង្គមស៊ីវិលជាក្រុមប្រឆាំងតទៅទៀត។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ ក៏បានស្នើឱ្យរបបក្រុងភ្នំពេញបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន និងទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូប។ អ្នកស្រីក៏ចង់ឃើញរបបក្រុងភ្នំពេញពង្រឹងវិស័យយុត្តិធម៌ផងដែរ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើស្ថាប័នតុលាការ។ សំខាន់ជាងនេះទៅទៀត អ្នកស្រីបានដាស់តឿនរបបក្រុងភ្នំពេញថា សន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ត្រូវតែដើរទន្ទឹមគ្នានឹងការគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ សិទ្ធិនយោបាយ និងប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។