មន្រ្តី​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ថា ​រដ្ឋាភិបាល​កម្ពុជា​រឹងរូស​ខ្លាំង​និង​​​រក​លេស​ដោះ​សារ​គ្រប់​យ៉ាង​​រឿង​មិន​ព្រម​​ដោះ​លែង​​អ្នក​​ជាប់​ឃុំ​​

0:00 / 0:00

មន្រ្តី​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ ថា​​លេស​ដោះសារ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ដែល​មន្រ្តី​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ យក​មក​ប្រើ​ដើម្បី​គេច​ពី​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ ដែល​កំពុង​ប្រឈម​គ្រោះថ្នាក់​ធំ​នៃ​ការ​ឆ្លង​​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​-​១៩​ នោះ​ គឺ​ការ​លាប​ពណ៌​អ្នក​ស្នើ​សុំ​​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ ថា​មាន​ចេតនា​នយោបាយ​ជា​ដើម​។

នាយក​​រ​ង​​នៃ​​អង្គការ​​ឃ្លាំ​មើល​​សិទ្ធិ​​មនុស្ស​​អន្តរជាតិ​ យូមែន​ រ៉ៃត៍​ វ៉ច្ឆ​ (​Human​ Rights​ Watch​)​ ប្រចាំ​​អាស៊ី​ លោក​ ហ្វីល​ រ៉ូប៊ើតសុន​ (​Phil​ Robertson​)​ អស់​សំណើច​ដែល​មន្រ្តី​នាំពាក្យ​ក្រសួង​​យុត្តិធម៌​លោក​ ជិន​ ម៉ាលីន​ លើក​អួត​ខុស​ទំនង​ ថា​តុលាការ​កម្ពុជា​មាន​ភាព​ឯករាជ្យ​ ដែល​គ្មាន​នរណា​អាច​បង្គាប់​បញ្ជា​ ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​បាន​។​ លោក​ថា​ ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ ក្នុង​គ្រា​អាសន្ន​នៃ​ការ​ឆ្លង​រាល​ដាល​​នៃ​​ជំងឺ​កូវីដ​-​១៩​ គឺ​ជា​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​​ការ​គោរព​សិទ្ធិ​មនុស្ស​មួយ​ ដែល​​សូម្បី​តែ​អង្គការ​សុខភាព​ភិពលោក​ (​WHO​)​ ក៏​លើក​ទឹក​ចិត្ត​​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ​។​ ជាង​នេះ​ទៅ​ទៀត​ ប្រទេស​ជិត​ខាង​កម្ពុជា​ ដូចជា​ ប្រទេស​ថៃ​ បាន​គិតគូ​ដោះ​លែង​អ្នក​ជាប់​ឃុំ​​រហូត​ដល់​ទៅ​​ ៥​ ម៉ឺន​នាក់​ ដើម្បី​សម្រាល​បន្ទុក​ពន្ធនាគារ​ និង​​បង្ការ​ការ​ឆ្លង​នៃ​ជំងឺ​នេះ​។​ លោក​ថា​ នេះ​គឺ​ជា​ការ​អនុវត្ត​​ល្អ​ៗ​ ដែល​កម្ពុជា​គួរ​យក​តម្រាប់​តាម​ និង​មិន​គួរ​ណា​ កម្ពុជា​ជ្រើស​រើស​វិធី​​យក​លេស​ដោះសារ​ គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ ទាំង​អាម៉ាស់​​បែប​នេះ​ រួច​បែរ​ជា​អួត​ថា ​ខ្លួន​ឯង​ជា​ប្រទេស​នីតិរដ្ឋ​ ប្រកាន់​ប្រជាធិបតេយ្យ​ និង​​មាន​តុលាការ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​​ជា​ដើម​នោះ​៖ «នរណា​ក៏​ដឹង​ដែរ​ ថា​នៅ​ពេល​លោក​ ហ៊ុន​ សែន​ គ្រាន់​តែ​ក្អក​មួយ​ឃឹះ​ តុលាការ​គ្រប់​ជាន់​ថ្នាក់​នៅ​ស្រុក​ខ្មែរ​ នឹង​​ធ្វើ​តាម​អ្វី​ដែល​លោក​ ហ៊ុន​ សែន​ ចង់​បាន​គ្រប់​យ៉ាង​។​ តាម​ពិត​តុលាការ​កម្ពុជា​ ធ្លាក់​ដល់​បាត​កន្រ្តក​ នៃ​តុលាការ​ដែល​អន់​បំផុត​ មិន​ខុស​ពី​តុលាការ​នៅ​ប្រទេស​ឡាវ​ និង​​វៀតណាម​ដែរ​។​ ខ្ញុំ​ទប់​សំណើច​មិន​បាន​ទេ ​ពេល​ឮ​នរណា​អះ​អាង​ថា​ ​តុលការ​កម្ពុជា​មាន​ភាព​ឯករាជ្យ​ ឬ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នោះ​។​ ក្នុង​តំបន់​អាស៊ាន​ មាន​តុលាការ​កម្ពុជា​មួយ​នឹង​គេ​ដែរ​ ដែល​ជា​គំរូ​តុលាការ​បែប​បាយ​ឡុក​បាយ​ឡ​ » ។​

ប្រតិកម្ម​របស់​មន្រ្តី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ​ ធ្វើ​ឡើង​ក្រោយ​អ្នក​នាំ​ពាក្យ​ក្រសួង​​យុត្តិធម៌​លោក​ ជិន​ ម៉ាលីន​ ចោទ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២០​ ដែល​​អំពាវនាវ​ឲ្យ​​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​ ដែល​មាន​ទោស​ស្រាលៗ​ និង​​អ្នកទោស​មនសិការ​ទាំងអស់​ ថា​មាន​ចរិត​នយោបាយ​ និង​​បង្គាប់​បញ្ជា​តុលាការ​។​ លោក​ ជិន​ ម៉ាលីន​ ថា​នៅ​កម្ពុជា​មិន​មាន​អ្នកទោស​នយោបាយ​ ឬ​អ្នកទោស​មនសិការ​ទេ​ គឺ​មាន​តែ​អ្នក​នយោបាយ​ដែល​មាន​ទោស​។​

ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​នេះ​លោក​ ហ្វីល​ រ៉ូប៊ើតសុន​ ថា​ដោយសារតែ​តុលាការ​កម្ពុជា​មិន​ឯករាជ្យ​នេះហើយ​ ទើប​អាជ្ញាធរ​ចាប់​​មនុស្ស​ដាក់​ពន្ធនាគារ​តាម​តែ​​អំពើ​ចិត្ត​។​ លោក​ថា ​មាន​អ្នក​ជាប់​ឃុំ​ច្រើន​ណាស់​ ដែល​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ ដោយសារ​មូលហេតុ​នយោបាយ​ និង​​ការ​ចោទ​ប្រកាន់​ទាំង​បំពាន​ និង​​ដែល​រង់​ចាំ​សវនាការ​ ដែល​គួរ​​ដោះ​លែង​ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ និង​​បង្ការ​ជំងឺ​កូវីដ​-​១៩​។​

តំណាង​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ក៏​បង្ហាញ​នូវ​កង្វល់​ជា​ខ្លាំង​ អំពី​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​ នូវ​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ ដែល​គ្រាន់​តែ​ពួកគាត់​បញ្ចេញ​មតិ​រឿង​សង្គម​ និង​​បរិស្ថាន​​។​ ពេល​ជួប​​រដ្ឋ​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​លោក​ ស​ ខេង​​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មិថុនា​ ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ ផែ​ទ្រិក​ មើហ្វ៊ី​ (​Patrick​ Murphy​)​ អំពាវ​នាវ​ឱ្យ​ដោះលែង​អ្នក​ទាំង​នោះ​​។​ លោក​ថា​ សេរីភាព​បញ្ចេញមតិ​ គឺ​ជា​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​។​ ហើយ​ថា​ ការ​ហ៊ាន​និយាយ​ដើម្បី​ការពារ​បរិស្ថាន​ និង​សម្បត្តិ​ធន​ធាន​ធម្មជាតិ​របស់​រដ្ឋ​ គឺ​ជា​រឿង​គួរ​ឱ្យ​កោត​សរសើរ​ទៅ​វិញ​ទេ​។​

តាំង​ពី​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ​ រហូត​មក​ដល់​ពេល​នេះ​ ជំងឺ​កូវីដ​-​១៩​ បាន​ឆ្លង​ចូល​ដល់​ពន្ធនាគារ​​ចំនួន​ ៦​ និង​អ្នក​ជាប់​ឃុំ​រាប់​រយ​នាក់​ឆ្លង​ជំងឺ​នេះ​ ក្នុង​នោះ​អ្នក​ជាប់​ឃុំ​ពីរ​នាក់​បាន​ស្លាប់​ដោយ​សារ​​ជំងឺ​នេះ​។ ពន្ធនាគារ​​ដែល​មាន​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​នេះ​ រួមមាន​នៅ​​រាជធានី​ភ្នំពេញ​ ខេត្ត​​កណ្តាល​ កំពង់​ស្ពឺ​ ព្រះសីហនុ​ បន្ទាយ​មានជ័យ​ និង​​ខេត្ត​ស្វាយរៀង​។​ ដោយ​​ឡែក​ អង្គការ​​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ថា​ខ្លួន​មា​ន​ព័ត៌មាន​សំងាត់​ ថា​ពន្ធនាគារ​ប៉េហ្ស៊ី​ (​PJ​) ឬ​ពន្ធនាគារ​​រាជធានី​ភ្នំពេញ​ មាន​អ្នក​ជាប់​ឃុំ​រាប់​រយ​នាក់​ ឆ្លង​ជំងឺ​នេះ​ដែរ​ ប៉ុន្តែ​រដ្ឋាភិបាល​លាក់​ព័ត៌មាន​នេះ​។​

មន្រ្តី​សិទ្ធិ​មនុស្ស​ជាតិ​ ព្រួយ​បារម្ភ​អំពី​ការ​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​រឿង​នេះ​។​ មន្រ្តី​នាំពាក្យ​សមាគម​អាដហុក​លោក​ ស៊ឹង​ សែន​ ករុណា​ ថា​​ពេល​នេះ​ គួរ​​ល្មម​ដល់​ពេល​ដែល​មន្រ្តី​រដ្ឋាភិបាល​ ចេះ​ទទួល​ស្គាល់​ការ​ពិត​ និង​ស្ដាប់​តាម​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​របស់​ជាតិ​។​ លោក​ថា​ មន្រ្តី​រដ្ឋាភិបាល​ គួរ​ឈប់​ចោទ​​មន្រ្តី​សង្គម​ស៊ីវិល​ ថា​មិន​យល់​ច្បាប់​ ដោយ​គ្រាន់​តែ​ស្នើ​រក​ដំណោះ​ស្រាយ​សម​ស្រប​បែប​នេះ​៖ «មិនមែន​យើង​​មិន​​យល់​​ច្បាប់​​ មិន​​​មែន​មិន​ដឹង​ពី​ច្បាប់​នោះ​ទេ​។​ ដូច្នេះហើ​យ​បាន​ជា​យើង​ដាក់​សំណើ​យើង​ទៅ​រដ្ឋាភិបាល​ ដាក់​ទៅ​​​តុលាការ​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការដោះ​ស្រាយ​អស់​ហ្នឹង​។​ បើ​យើង​ពិនិត្យ​​ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ គេ​មាន​ដោះ​លែង​ រហូត​ដោះ​លែង​ក្រៅ​ឃុំ​​​មេដឹក​នាំ​នយោបាយ​​ប្រឆាំង​ទៀត​។ ប្រទេស​ថៃ ​ដោះ​លែង​មេដឹក​នាំ​នយោបាយ​បក្ស​ប្រឆាំង​រដ្ឋាភិបាល​​ ​បាន​នៅ​ក្រៅ​ឃុំ​។​ ចំណុច​នេះ ​យើង​​ត្រូវ​​ពិនិត្យ​មើល​ ថា​កម្ពុជា​បាន​គិតគូ​ដល់​ពួក​គាត់​​ឬ​អត់​ ?​»។

ទាំង​មន្រ្តី​សិទ្ធិ​មនុស្ស​ជាតិ​ និង​​អន្តរជាតិ​ យល់​ស្រប​គ្នា​ថា​ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវក្នុ​ង​ការ​ការពារ​​សុវត្ថិភាព​ សុខុមាលភាព​ និង​​អាយុ​ជីវិត​​របស់​អ្នក​ជាប់​ឃុំ​ទាំ​​ង​អស់​។​ ប៉ុន្តែ​ពួក​គេ​ថា​ គួរ​​ឲ្យ​សោក​ស្ដាយ​ រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ បាន​បរាជ័យ​ក្នុង​រឿង​នេះ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។