ក្រុមជនភៀសខ្លួននយោបាយខ្មែរដែលស្នាក់នៅប្រទេសថៃ កំពុងប្រឈមនឹងបញ្ហាសុវត្ថិភាពជាខ្លាំង ក្រោយពេលរដ្ឋាភិបាលកម្ពុជា និងថៃ បានសហការគ្នាចាប់បញ្ជូនសកម្មជនមួយចំនួន យកទៅដាក់ពន្ធនាគារនៅកម្ពុជាដោយបង្ខំ។ អ្នកការពារសិទ្ធិមនុស្សពិនិត្យឃើញថា អាជ្ញាធរថៃ និងកម្ពុជាកំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ទាក់ទងនឹងសិទ្ធិជនភៀសខ្លួន។
នេះជាបទសម្ភាសន៍រវាងលោក មួង ណារ៉េត ជាមួយលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) អំពីរឿងនេះដូចតទៅ៖
សំណួរទី១ ៖ ជម្រាបសួរ លោក ហ្វីល រ៉ូបឺតសុន។ សំណួរដំបូងរបស់ខ្ញុំនៅពេលនេះថា តើជនភៀសខ្លួនខ្មែរនៅប្រទេសថៃ កំពុងរស់នៅក្នុងស្ថានភាពយ៉ាងដូចម្ដេច ក្រោយមានការចាប់បញ្ជូនសកម្មជនមួយចំនួនពីប្រទេសថៃមកកម្ពុជាវិញ កាលពីពេលថ្មីៗនេះ?
ចម្លើយ៖«បច្ចុប្បន្ននេះ ជនភៀសខ្លួនខ្មែរនៅប្រទេសថៃ ពិសេសនៅទីក្រុងបាងកក កំពុងរស់នៅលាក់ខ្លួនគ្រប់ៗគ្នា។ ពួកគាត់ព្យាយាមលាក់មុខ និងសំងំមិនហ៊ានចេញទៅក្រៅនោះទេ ពីព្រោះពួកគាត់បារម្ភពីការចាប់ខ្លួន និងការបញ្ជូនត្រឡប់ទៅកម្ពុជាវិញដោយបង្ខំ។ វាពិតជារឿងគួរឱ្យភ័យខ្លាចមែន ព្រោះសកម្មជន ៣នាក់ដែលទទួលបានឋានៈជាជនភៀសខ្លួនរួចទៅហើយនោះ ត្រូវបានគេចាប់បញ្ជូនទៅកម្ពុជាវិញ។ ជាមួយគ្នានេះ ក៏មានការចាប់បញ្ជូនអ្នកដឹកនាំពលករដែលគាំទ្រគណបក្សសង្គ្រោះជាតិត្រឡប់ទៅកម្ពុជាវិញថែមទៀត។ រីឯ ព្រះភិក្ខុ បូរ បេត ក៏ត្រូវបានគេចាប់ព្រះកាយដែរ តែដោយសារមានអន្តរាគមន៍ទាន់ពេលវេលា ទើបព្រះអង្គមិនត្រូវបានគេបញ្ជូនទៅកម្ពុជាវិញដោយបង្ខំ។ នេះជាករណីរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានឡើយ ហើយរដ្ឋាភិបាលថៃកំពុងធ្វើរឿងដ៏ខុសឆ្គង»។
សំណួរទី២៖ តើយើងអាចនិយាយបានថា ឆ្នាំ២០២១ នេះ ជាពេលវេលាដ៏លំបាក និងអសុវត្ថិភាពខ្លាំងបំផុតសម្រាប់ក្រុមជនភៀសខ្លួនខ្មែរដែរឬទេ? ឬក៏មានហេតុការណ៍អាក្រក់អ្វីផ្សេងពីនេះទៀត?
ចម្លើយ៖ «បាទ ពិតមែនហើយ ! ឆ្នាំ២០២១ នេះ ពិតជាពេលវេលាដ៏អាក្រក់សម្រាប់ជនភៀសខ្លួនខ្មែរ ជាពិសេសនៅប៉ុន្មានខែចុងក្រោយនេះ។ និយាយទៅ ស្ថានភាពនៅពេលដើមឆ្នាំហាក់ដូចជាមិនអីនោះទេ មិនសូវជាមានកិច្ចខិតខំក្នុងការបង្ក្រាបលើជនភៀសខ្លួននោះទេ។ អ្វីដែលយើងឃើញមាននោះ គឺការយាយី និងការឈ្លបយកការណ៍ខ្លះៗ។ ជនភៀសខ្លួនមួយចំនួនបាននិយាយថា មានជនចម្លែកមុខតាមដានពួកគាត់នៅទីក្រុងបាងកក។ ដូច្នេះករណីឈ្លបយកការណ៍ពិតជាមាន ប៉ុន្តែមិនមានករណីចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញនោះទេ រហូតដល់ករណីចាប់បញ្ជូននាពេលចុងក្រោយនេះ»។
សំណួរទី៣៖ ជនភៀសខ្លួនខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ភាគច្រើនជាសមាជិកគណបក្សសង្គ្រោះជាតិ ដែលរត់គេចពីការតាមធ្វើទុក្ខបុកម្នេញដោយអាជ្ញាធរកម្ពុជា។ តើហេតុអ្វីបានជារដ្ឋាភិបាលលោក ហ៊ុន សែន នៅតែតាមយាយីពួកគាត់រហូតដល់ប្រទេសថៃបែបនេះទៀត?
ចម្លើយ៖ «ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមបំភិតបំភ័យសកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសថៃ ដើម្បីកុំឱ្យធ្វើសកម្មភាពនយោបាយ។ រដ្ឋាភិបាលចង់ឱ្យពួកគេស្ងៀមស្ងាត់ និងចង់បំបិទមាត់ពួកគេមុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយនេះ។ អ្វីដែលយើងមើលឃើញកាន់តែច្បាស់ទៀតនោះ គឺថាមានសម្ពាធកាន់តែខ្លាំងក្នុងការបញ្ឈប់ការផ្សាយសំឡេងរបស់គណបក្សប្រឆាំងតាមបណ្ដាញសង្គមចេញពីប្រទេសថៃទៅកាន់កម្ពុជា ហើយខ្ញុំគិតថា នេះជាមូលហេតុមួយដ៏សំខាន់។ លោក ហ៊ុន សែន បានបញ្ជូនទីប្រឹក្សាមួយចំនួនទៅប្រទេសថៃ ដើម្បីជួបជាមួយក្រុមរដ្ឋមន្ត្រីថៃ ក្នុងនោះរួមទាំងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសន្តិសុខឌីជីថលផងដែរ ដើម្បីពិភាក្សាអំពីការប្រើប្រាស់បណ្ដាញសង្គមរបស់ក្រុមជនភៀសខ្លួននយោបាយខ្មែរ។ រដ្ឋាភិបាលកម្ពុជាអះអាងដោយគ្មានមូលដ្ឋានថា សកម្មភាពរបស់ក្រុមជនភៀសខ្លួនទាំងនោះតាមបណ្ដាញសង្គម គឺជានយោបាយវិទ្ធង្សនាប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ហើយភាគីថៃក៏ហាក់គាំទ្រការលើកឡើងនេះដែរ។ រដ្ឋាភិបាលថៃព្យាយាមបកស្រាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យជនណាម្នាក់បង្កបញ្ហាប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងថៃជាមួយប្រទេសជិតខាងនោះឡើយ»។
សំណួរទី៤៖ លោក ហ្វីល រ៉ូបឺតសុន! ជាទូទៅ ជនភៀសខ្លួនត្រូវបានគេណែនាំឱ្យរក្សាភាពស្ងៀមស្ងាត់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ប៉ុន្តែករណីជាក់ស្ដែង ក្រុមសកម្មជននយោបាយខ្មែរដែលកំពុងភៀសខ្លួននៅប្រទេសថៃ ថ្លែងថា ពួកគាត់មិនអាចនៅស្ងៀមបាននោះទេ ដោយសារមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ពួកគាត់ចាត់ទុកការបញ្ចេញមតិតាមបណ្ដាញសង្គម និងសកម្មភាពដទៃទៀតរបស់ពួកគាត់កន្លងមកនោះ គឺដើម្បីជំរុញឱ្យមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ សូមលោកជួយពន្យល់ចំណុចនេះផងថា តើឋានៈជាជនភៀសខ្លួនប៉ះពាល់ដល់ការអនុវត្តសិទ្ធិដទៃទៀតដែរឬទេ?
ចម្លើយ៖ «ជនភៀសខ្លួនក៏មានសិទ្ធិដូចមនុស្សទូទៅដែរក្នុងការបញ្ចេញមតិអំពីរឿងនយោបាយ និងបញ្ហាដទៃទៀត។ ឋានៈជាជនភៀសខ្លួនពុំមែនបានន័យថា ពួកគេមិនអាចបញ្ចេញមតិនោះឡើយ។ ទោះបីជាអង្គការ UNHCR ណែនាំដល់ជនភៀសខ្លួនឱ្យរក្សាភាពស្ងៀមស្ងាត់ក៏ដោយ ក៏ពួកគេនៅតែមានសិទ្ធិបញ្ចេញមតិគ្រប់បែបយ៉ាង បើពួកគេចង់។ ពួកគេមានសិទ្ធិប្រមូលផ្ដុំគ្នាដោយសន្តិវិធី និងមានសិទ្ធិចងក្រងគ្នាជាសមាគម ជាដើម។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា អ្នកមិនបាត់បង់សិទ្ធិណាមួយឡើយ ដោយគ្រាន់តែអ្នកជាជនភៀសខ្លួន។ តាមពិត វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលនីមួយៗទៅវិញទេដែលត្រូវការពារសិទ្ធិជនភៀសខ្លួន។ ចំណុចដែលលំបាកនោះ គឺនៅត្រង់ថាប្រទេសខ្លះមិនចង់យកចិត្តទុកដាក់ជួយជនភៀសខ្លួនប៉ុន្មាននោះទេ ដោយពួកគេផ្ដោតលើការជួយពលរដ្ឋរបស់ខ្លួនវិញ»។
សំណួរទី៥៖ ឥលូវយើងងាកមកចំណាត់ការរបស់អាជ្ញាធរថៃ និងកម្ពុជាវិញ។ ការចាប់បញ្ជូនជនភៀសខ្លួនដោយបង្ខំទៅប្រទេសកំណើតវិញបែបនេះ គឺជាការរំលោភលើគោលការណ៍ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយប្រទេសថៃបានរងការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិជុំវិញចំណាត់ការនេះ។ តើហេតុអ្វីបានជារដ្ឋាភិបាលថៃសុខចិត្តខូចឈ្មោះ ដោយចាប់បញ្ជូនជនភៀសខ្លួនខ្មែរទៅឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បែបនេះ?
ចម្លើយ៖ «ខ្ញុំគិតថា រដ្ឋាភិបាលថៃទំនងជាមានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា។ខ្ញុំក៏មានចម្ងល់ដូចគ្នាថា តើរដ្ឋាភិបាលថៃចំណេញអ្វីខ្លះពីការធ្វើបែបនេះ? តែវាប្រាកដណាស់ នេះជាយុទ្ធសាស្ត្រ «អញជួយឯង ឯងជួយអញ» រវាងរដ្ឋាភិបាលកម្ពុជា និងថៃ។ រដ្ឋាភិបាលថៃបានដឹងច្បាស់ណាស់ថា អ្នកដែលពួកគេត្រូវបញ្ជូនត្រឡប់ទៅកម្ពុជាវិញនោះ គឺជាជនភៀសខ្លួននយោបាយ ពីព្រោះការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) សុទ្ធតែបានជូនដំណឹងទៅពួកគេមុន។ ករណីខ្លះ ខាងអង្គការ UNHCR បានផ្ដល់ដំណឹងមុនជាច្រើនថ្ងៃ។ ដូច្នេះនេះជាការរំលោភបំពានធ្ងន់ធ្ងរ និងមិនអាចទទួលយកបានឡើយ ដែលរដ្ឋាភិបាលថៃនៅតែបញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសកម្ពុជាវិញបែបនេះ។ រដ្ឋាភិបាលថៃត្រូវតែបញ្ឈប់ទង្វើបែបនេះ ហើយត្រូវគោរពកាតព្វកិច្ចជាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស និងការពារជនភៀសខ្លួន»។
សំណួរទី៦៖ តើសហគមន៍អន្តរជាតិ ជាពិសេសទីភ្នាក់ងារអង្គការសហប្រជាជាតិ គួរធ្វើបែបណា ដើម្បីកុំឱ្យមានការចាប់បញ្ជូនជនភៀសខ្លួនខ្មែរទៅកម្ពុជាវិញដោយបង្ខំតទៅទៀត?
ចម្លើយ៖ «បាទ រឿងចាំបាច់ដែលត្រូវធ្វើដំបូងគេនោះ គឺទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គទូតបរទេស ត្រូវតែដាក់សម្ពាធលើរដ្ឋាភិបាលថៃឱ្យបញ្ឈប់ការចាប់បញ្ជូនជនភៀសខ្លួនខ្មែរត្រឡប់ទៅកម្ពុជាវិញ។ សម្ពាធនោះទៀតសោត ត្រូវតែធ្វើឡើងព្រមៗគ្នា ទាំងជាសាធារណៈ និងជាលក្ខណៈឯកជន ដើម្បីឱ្យអាជ្ញាធរថៃបញ្ឈប់ទង្វើរំលោភបំពានបែបនេះ។ ក៏ប៉ុន្តែសម្ពាធទាំងនោះក៏ត្រូវដាក់លើរដ្ឋាភិបាលកម្ពុជាដែរ ព្រោះពួកគេហ្នឹងឯងដែលជាអ្នកស្នើឱ្យចាប់បញ្ជូនជនភៀសខ្លួនពីក្រៅប្រទេសមកវិញ។ រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែទទួលមេរៀនឈឺចាប់ខ្លះពីសហគមន៍អន្តរជាតិ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។