អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងមេសហជីពណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលរាល់បទចោទព្រហ្មទណ្ឌទាំងអស់ប្រឆាំងនឹងកញ្ញា និងសមាជិកសហជីពណាហ្គាវើលដ៍ ៨នាក់ផ្សេងទៀត។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញបន្តសវនាការលើកទីបីជុំវិញសំណុំរឿងកូដករណាហ្គាវើលដ៏។
ការអំពាវនាវឱ្យដោះលែងមេសហជីពណាហ្គាវើលដ៍ និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់មកលើក្រុមសមាជិកសហជីពនិងជាកូដករណាហ្គាវើលដ៍នេះ ធ្វើឡើងនៅក្នុងក្នុង សេចក្តីថ្លែការណ៍មួយរបស់អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ ផ្សាយថ្ងៃទី១៤ ខែមីនា។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងក្នុងសេចក្តីថ្លែការណ៍ថា អាជ្ញាធរកម្ពុជាកំពុងតែរំលោភប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដោយដាក់គោលដៅលើមេសហជីព និងសកម្មជនសិទ្ធិការងារដទៃទៀត។ លោកបន្តថា មនុស្សដូចជាកញ្ញា ឈឹម ស៊ីថរ និងអ្នកតស៊ូមតិ ដើម្បីសិទ្ធិការងារដទៃទៀត កំពុងប្រឈមនឹងយុទ្ធនាការប្រឆាំងមកលើពួកគេកាន់តែខ្លាំងឡើងៗ ពីសំណាក់អាជ្ញាធរកម្ពុជា ដោយសារតែការការពារសិទ្ធិកម្មករនិយោជិតរបស់ពួកគេ ស្របពេលដែលលំហសង្គមស៊ីវិលនៅកម្ពុជាកាន់តែរួមតូចទៅៗ នៅមុនពេលបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រខែកក្កដាមកដល់។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា បានបន្តសវនាការលើកទីបីលើសំណុំរឿងរបស់មេសហជីព និងក្រុមកូដករណាហ្គាវើលដ៍ ៩នាក់ ជុំវិញបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ មេសហជីព និងក្រុមកូដករណាហ្គាវើលដ៍ទាំង ៩នាក់នោះ រួមមាន កញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម សុខន លោកស្រី ឃ្លាំង សុបិន្ត លោកស្រី រី សុវណ្ណឌី និងកូដករមួយចំនួនទៀតដែលជាសមាជិកសហជីព LRSU នៃកាស៊ីណូណាហ្គាវើលដ៍។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនពីពន្ធនាគារព្រៃស មកចូលរួមសវនាការនេះ។ សវនាការលើកទី៣ នេះ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានត្រឹមបញ្ចប់ការស៊ើបសួរក្រុមកូដករចំនួន ២នាក់ គឺកញ្ញា ឈឹម សុខន និងលោកស្រី ឃ្លាំង សុបិន្ត ជុំវិញសកម្មភាពកូដកម្ម និងប្រភពគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការធ្វើកូដកម្មរបស់ពួកគេ។ តុលាការនៅពុំទាន់ចេញសេចក្តីសម្រេចណាមួយនៅឡើយទេ ជុំវិញសំណុំរឿងនេះ។ តុលាការគ្រោងនឹងបន្តសវនាការលើសំណុំរឿងនេះបន្តទៀតនៅថ្ងៃទី២១ ខែមីនា ខាងមុខ។
អគ្គលេខាធិការសហជីពណាហ្គាវើលដ៍ លោកស្រី ឃ្លាំង សុបិន្ត ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីហួសចិត្ត នៅពេលចៅក្រមសួរសំណួរទាក់ទងនឹងការធ្វើកូដកម្មអស់រយៈពេលជាង ១ឆ្នាំ ដែលមិនព្រមទទួលយកប្រាក់សំណងពីក្រុមហ៊ុនណាហ្គាវើលដ៍ ព្រោះលោកស្រីបានបញ្ជាក់មកជារៀងរហូតហើយថា ការតវ៉ារបស់ក្រុមកូដករ មិនមែនចង់បានប្រាក់សំណងនោះទេ តែចង់ឱ្យមានការគោរពច្បាប់ស្តីពីការងារ។ លោកស្រីបន្ថែមថា សាលាដំបូងរាជធានីភ្នំពេញ គួរចាប់ថៅកែក្រុមហ៊ុនដែលបានល្មើសច្បាប់ស្តីពីការងារមកសួរចម្លើយជុំវិញរឿងរំលោភច្បាប់ស្តីពីការងារទើបជាការត្រឹមត្រូវ។ លោកស្រី ឃ្លាំង សុបិន្ត ស្នើដល់តុលាការឱ្យទម្លាក់រាល់បទចោទប្រកាន់មកលើក្រុមកូដករណាហ្គាវើលដ៍ទាំងអស់ ព្រោះលោកស្រីថា ការធ្វើកូដកម្មកន្លងមក គឺបណ្ដាលមកពីថៅកែណាហ្គាវើលដ៍ មិនគោរពច្បាប់ស្តីពីការងារតែប៉ុណ្ណោះ។
លោកស្រី ឃ្លាំង សុបិន្ត៖«ពាក់ព័ន្ធជាមួយនឹងសំណង ទីមួយ ការទូទាត់ប្រាក់ហ្នឹង គឺមិនត្រឹមត្រូវ។ ទីពីរ វាមិនមែនជាបញ្ហាកញ្ចប់ថវិកាដែលឱ្យទេ បញ្ហាធំ គឺសិទ្ធិការងារ។ មួយទៀត យើងចង់ឱ្យថៅកែដែលមករកស៊ីនៅស្រុកយើង ត្រូវតែគោរពច្បាប់ប្រទេស»។
សវនាការលើកទីបីនេះ មានការចូលរួមតាមដានឃ្លាំមើលពីសំណាក់មន្ត្រីការទូត តំណាងសហភាព អឺរ៉ុប (EU) មន្ត្រីអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលជាតិ។ រីឯនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញវិញ ក៏៏មានក្រុមកូដករណាហ្គាវើលដ៏៍ជាង ៦០នាក់ មកលើកទឹកចិត្តដែរ ខណៈកម្លាំងសមត្ថកិច្ចប្រមាណ ២០នាក់ ត្រូវបានពង្រាយដើម្បីធានាសន្តិសុខនៅខាងមុខតុលាការ។
វិទ្យុអាស៊ីសេរីមិនអាចសុំអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ជុំវិញសំណុំរឿងក្តីក្តាំប្រឆាំងនឹងមេសហជីព និងក្រុមកូដករណាហ្គាវើលដ៍ទាំង ៩នាក់នេះបានទេ នៅថ្ងៃទី១៤ ខែមីនា។
អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ ជំរុញឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ឥរិយាបថវាយប្រហារកាន់តែខ្លាំងឡើងៗ ទៅលើសហជីព ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គណបក្សប្រឆាំង និងក្រុមអ្នកការពារសិទ្ធិមនុស្ស ខណៈការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់។ ទន្ទឹមនឹងនេះ អង្គការនេះអំពាវនាវដល់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងដៃគូពាណិជ្ជកម្មជាមួយកម្ពុជាដទៃទៀត ឱ្យបញ្ជាក់ជំហរច្បាស់លាស់ថា ការបន្តការគាបសង្កត់បែបនេះនឹងប៉ះពាល់ដល់ចំណងទំនាក់ទំនងជាមួយក្រុមប្រទេសទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។