"ក្រសួងយុត្តិធម៌​គ្មាន​ភស្តុតាង​ជាក់លាក់​​ចោទ​សង្គម​ស៊ីវិល​ថា ធ្វើ​សកម្មភាព​តាម​​​ម្ចាស់​ជំនួយ​បរទេស"

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុក​រិះគន់ ក្រសួង​យុត្តិធម៌ ដែល​ចោទប្រកាន់​សង្គម​ស៊ីវិល​ថា ពួកគេ​ធ្វើ​សកម្មភាព ស្របតាម​ប្រទេស​ដែល​ផ្តល់​ជំនួយ​ដើម្បី​ទទួល​បាន​បាន​ថវិកា​។ សង្គម​ស៊ីវិល​លើកឡើង​ថា ការចោទប្រកាន់​របស់​ក្រសួងយុត្តិធម៌ ពុំ​មែន​ជា​យន្តការ​ស្វែងរក​ដំណោះស្រាយ​ជា​វិជ្ជមាន ដើម្បី​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការពារ​ព័ន្ធ​សិទ្ធិមនុស្ស តស៊ូ​មតិ និង​លទ្ធិប្រជាធិបតេយ្យ​អះអាង​ថា សកម្មភាព​ការងារ​របស់​ពួកគេ ពុំ​មែន​ធ្វើឡើង​ស្របតាម ប្រទេស​ម្ចាស់​ជំនួយ ដូច​ការ​លើកឡើង​របស់​ក្រសួង​យុត្តិធម៌​នោះ​ទេ​។ បន្ថែម​ពី​នេះ សកម្មភាព​ការងារ​របស់​ពួកគាត់ គឺ​ស្របតាម​ច្បាប់​របស់​កម្ពុជា អម​ដោយ​បេសកកម្ម និង​ចក្ខុវិស័យ​ច្បាស់លាស់ រួម​ទាំង លក្ខខន្តិកៈ​ការងារ​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។

ប្រតិកម្ម​នេះ ឆ្លើយតប​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដែល​អះអាង​ថា ក្រុម​អង្គការ​សង្គម​វិល​មួយ​ចំនួន ធ្វើ​សកម្មភាព និង​ទិសដៅ ស្រប​តាម​លក្ខខណ្ឌ​ម្ចាស់​ជំនួស ឬ​ប្រទេស​ដែល​ផ្តល់​ជំនួស បំណង​កម្រិត​សកម្មភាព​សង្គម​ស៊ីវិល ដើម្បី​ទទួល​បាន​ថវិកា​។ លោក​បញ្ជាក់​ថា ប្រសិនបើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ មិន​ធ្វើតាម​គោលការណ៍​របស់​ប្រទេស​ម្ចាស់​ជំនួយ​ទេ ប្រហែលជា​មិន​ទទួល​បាន​ថវិកា​ទេ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​ចោទប្រកាន់​ជាទូទៅ ដោយ​គ្មាន​ការ​បញ្ជាក់​ច្បាស់លាស់ របស់​ក្រសួង​យុត្តិធម៌ នឹង​អាច​មាន​ការ​យល់​ច្រឡំ ហើយ​បន្ត​កើតមាន​ជា​បន្តបន្ទាប់​។ លោក​សង្កេត​ឃើញ​ថា ការ​លើកឡើង​នេះ នៅតែ​កើតមាន​ឡើងជា​យូរ​មក​ហើយ គួរតែ​មាន​ការ​ដោះស្រាយ​រួមគ្នា​ឱ្យ​ជ្រះស្រឡះ ចៀសវាង​ចោទប្រកាន់ និង​លាប​ពណ៌​ក្រុម​អង្គការ​សង្គម​ដដែលៗ ។ លោក​បន្ថែម​ថា អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស តស៊ូ​មតិ និង​លទ្ធិប្រជាធិបតេយ្យ កំពុង​ប្រឈម ការ​ប៉ះទង្គិច​ខ្លាំង​ជាមួយ​រដ្ឋាភិបាល តាមរយៈ​ការ​រឹតត្បិត ការ​ចោទប្រកាន់ ការ​លាប​ពណ៌ ខ្វះ​មូលដ្ឋាន ធ្វើ​ឱ្យ​បង្អាក់​ទឹកចិត្ត​ពួក​លោក ដែល​ចូលរួម​លើក​កម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ៖ «យក​មិន​បាន​ធ្វើ​ការ​ជជែក​ឬក៏​ពិគ្រោះគ្នា ពាក់ព័ន្ធ​ការ​ចេញ​របាយការណ៍​ស្រាវជ្រាវ ចេញៗ​រៀងៗ​ខ្លួន យក​មួយ​ឈ្នះ​រៀងខ្លួន​។ ការ​ធ្វើ​សកម្មភាព​ស្រប​ទិសដៅ ម្ចាស់​ជំនួយ ក្នុង​ការ​កម្រិត​ធ្វើ​សកម្មភាព​សង្គម​ស៊ីវិល​នៅ​មួយៗ​។ ជា​បទពិសោធន៍​ខ្ញុំ​ខ្វះ​ការ​យល់​គ្នា ពេល​ខ្លះ​ចេញ​របាយការណ៍​យក​ឈ្នះ​ដៃ​រៀងៗ​ខ្លួន »

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ចោទ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា ខ្វះ​ការយោគយល់​គ្នា ក្នុង​យន្តការ​ធ្វើ​កិច្ចការ​ជាមួយគ្នា និង​ខ្វះ​ការ​ប្រឹក្សា​ពិគ្រោះ​យោបល់ ដោយ​មិន​ទុកចិត្ត​គ្នា​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ដោយមាន​ពេល​ខ្លះ​ទៀត ធ្វើ​របាយការណ៍​យក​តែ​ឈ្នះ​រៀងៗ​ខ្លួន​។ លោក​បន្ថែម​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​ច្រើន ប៉ុន្តែ​ការ​ធ្វើ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល មាន​ចំណុច​ខ្លះ​ដូចគ្នា ហើយ​ក៏​មាន​ចំណុច​ខ្លះ​យល់ឃើញ​ជ្រុង​ផ្សេងគ្នា។

​លោក​ថា ជាទូទៅ​ការ​ធ្វើ​របាយការណ៍​របស់​រដ្ឋាភិបាល គឺ​ពិនិត្យមើល​យន្តការ​កែទម្រង់ ដោយ​សិក្សា​លើ​ចំណុច​វិជ្ជមាន ចំណុច​អវិជ្ជមាន ហើយ​ដាច់​ចេញ​ជា​ដំណោះស្រាយ ដែល​លោក​ចាត់ទុកថា របាយការណ៍​របស់​រដ្ឋាភិបាល ដើម្បី​បម្រើ​ប្រយោជន៍​រាជការ ក្នុង​ការ​កែទម្រង់​។ លោក​បញ្ជាក់​ថា របាយការណ៍​របស់​រដ្ឋាភិបាល គឺ​មាន​ការសិក្សា​គ្រប់​ទិដ្ឋភាព​ទាំងអស់ ទាំង​ចំណុចខ្លាំង និង​ចំណុចខ្សោយ ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង នូវ​ប្រព័ន្ធ​យុត្តិធម៌ សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

លោក​ថ្លែង​បែប​នេះ​ធ្វើឡើង​ក្នុង​កម្មវិធី វេទិកា​ពិភាក្សា ពី "​វឌ្ឍនភាព​នៃ​វិស័យ​សិទ្ធិមនុស្ស និង​យុតិ្តធម៌​នៅ​កម្ពុជា​" ដែល​រៀបចំឡើង​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ធ្វើឡើង ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា​៖ «គេ​ផ្តល់​ជំនួយ​ឱ្យ​យើង​តាមរយៈ​អង្គការ ឬក៏​ភ្ញាក់​ងារ​ម្ចាស់​ជំនួយ ពី​បណ្តា​ប្រទេស​មួយ​ចំនួន​សុទ្ធ​គេ​ធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់​។ ក្នុង​ការ​ចោទប្រកាន់ លើកឡើង​ទូទៅ​អត់​ច្បាស់​ទេ ហើយនឹង​មានការ​លើក​ឡើង​បន្ត​ទៀត ឱ្យ​មាន​ការ​បញ្ជាក់​ច្បាស់ រក​ដំណោះស្រាយ​រួមគ្នា»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៣០ មិថុនា​ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា ដរាប​ណា​វប្បធម៌​នៃ​ការ​លាប​ពណ៌​ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​លុប​បំបាត់​ទេ ការ​ជជែក​គ្នា ការ​សហការ និង​ជំនឿ​ចិត្ត នឹង​មិន​អាច​ទៅរួច​ទេ។

លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​គួរតែ​លុបបំបាត់​ការ​លាប​ពណ៌​ក្រុម​អង្គការ​សង្គម​ស៊ីវិល តាមរយៈ​សៀវភៅ​ស ដែល​កំណត់​ឈ្មោះ​អង្គការ​មួយចំនួន​ថា ជា​អង្គ​ការដែល​ចូលរួម​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។ លោក​បន្ថែម​ថា បេសកកម្ម​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល គឺ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស រំលោភ​ដីធ្លី​សហគមន៍ និង រឿង​អយុត្តិធម៌​របស់​ពលរដ្ឋ ហើយ​ពួក​លោក​តែងតែ​អន្តរាគមន៍ ស្នើសុំ​ទៅ​រដ្ឋាភិបាល ដើម្បី​រក​ដំណោះស្រាយ​៖ «តើ​អង្គការ​សង្គម​ស៊ីវិល​គឺ​ចង់​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ជនរងគ្រោះ តើ​មាន​ចំណុច​ណា​ដែរ​អង្គការ​សង្គម​ស៊ីវិល មិន​ចង់​សហការ​ជាមួយ​អាជ្ញាធរ តែ​ផ្ទុយទៅវិញ​អាជ្ញាធរ​មួយចំនួន​មើល​ឃើញ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​ក្រុម​បក្ស​ប្រឆាំង ធ្វើ​ឱ្យ​កិច្ច​សហការ​ឃ្លាតឆ្ងាយ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​បន្ថែម​ថា ប្រសិនបើ​មាន​កិច្ចសហការ​ល្អ រវាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង អាជ្ញាធរ គួរតែ​មាន​ការ​បើក​ចិត្ត​ទូលាយ​រៀងៗ​ខ្លួន ដោយ​លុប​បំបាត់​វប្បធម៌​លាប​ពណ៌ ឬក៏​សង្ស័យ​ខ្វះ​មូលដ្ឋាន​។ លោក​ថា អង្គការ​សង្គម​ស៊ីវិល ជា​ដៃគូ​ជួយ​បំពេញបន្ថែម​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ហើយ​ពាំនាំ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ពលរដ្ឋ ផ្ញើ​ជូន​មន្ត្រី​រដ្ឋាភិបាល​ពិចារណា​ដោះស្រាយ​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព។

អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​សង្គេត​ឃើញថា របាយការណ៍​ស្ថាប័ន​សិទ្ធិមនុស្ស របស់​រដ្ឋាភិបាល និង​របាយការណ៍ ក្រុម​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ពី​ជ្រុង​ផ្សេងៗ​គ្នា ពី​ស្ថានភាព​សិទ្ធិមនុស្ស ពោល​គឺ​របាយការណ៍​ស្ថាន​ភាព​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល បកស្រាយ​ច្បាប់​ច្រើនតែ​គាំទ្រ​អាជ្ញាធរ​រដ្ឋាភិបាល។

រីឯ​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តែងតែ បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស ទៀតសោត ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ជាច្រើន​នាក់ បាន​ប្រមូល​ផ្គុំ​គ្នា​ធ្វើ​កូដកម្ម ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ការងារ ប៉ុន្តែ​មិន​ត្រឹមតែ​ពួកគាត់ ពុំ​ទទួល​បាន​ដំណោះស្រាយ​ទេ បែរជា​អាជ្ញាធរ​ប្រើ​ហិង្សា ចាប់ខ្លួន​និង ឃុំខ្លួន​អ្នក​តវ៉ា​យ៉ាងហោចណាស់ ២៣ នាក់​។ ក្នុងចំណោម​អ្នក​ដែល​កំពុង​ជាប់ឃុំ​ខ្លួន មាន ៩​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់។

ជុំវិញ​ព្រឹត្តិការណ៍​នេះ អាជ្ញាធរ​តែងតែ​យក​លេស​ឆ្លើយ​ដោះសា​ថា ជា​ការ​អនុវត្ត​ច្បាប់​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម។

របាយការណ៍​របស់​អង្គការ​លីកាដូ បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ កំណត់​គោលដៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​កាត់​បន្ថយ​សេរីភាព​ជា​មូលដ្ឋាន ធ្វើ​ទុក្ខបុកម្នេញ បន្ទាប់ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ឆ្នាំ២០១៧។

អង្គការ​ការពារ​សិទ្ធិមនុស្ស​នេះ បាន​ចេញ​របាយការណ៍ មាន​ចំណងជើង​ថា « ការ​តស៊ូ ដើម្បី​សេរីភាព​៖ ការ​រំលោភបំពាន​អ្នកការពារ​សិទ្ធិមនុស្ស​ឆ្នាំ ២០១៨ - ២០២០»។

របាយការណ៍​នេះ​បង្ហាញ​ពី​ករណី​ជាច្រើន បន្ទាប់ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​រាប់​សិប​នាក់ ជា​គោលដៅ​របស់​រដ្ឋាភិបាល ក្នុង​ការ​ចោទប្រកាន់​តាម​ប្រព័ន្ធ​តុលាការ។

កាលពី​ចុងឆ្នាំ​២០២១ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​២០​ស្ថាប័ន បាន​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ឱ្យ​មាន​យន្តការ​ច្បាស់លាស់ ក្នុង​ការ​ការពារ​សិទ្ធិ​ដីធ្លី និង​ធនធានធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព។

ក្រុម​អង្គការ​ទាំងនោះ រក​ឃើញ​ថា អ្នក​រំលោភ​ដីធ្លី មាន​ទាំង​អតីត​អភិបាល​ខេត្ត ឧកញ៉ា និង មន្ត្រី​ពុករលួយ​មួយចំនួន បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ បំផ្លាញ​ធនធានធម្មជាតិ និង​សេចក្តី​សុខ​របស់​ពលរដ្ឋ​ខ្មែរ​។ ពួកគេ​អះអាង​ថា បញ្ហា​ទាំងនេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ទទួលរង​ការឈឺចាប់​ឥត​ឈប់ឈរ និង​ស្មុគស្មាញ ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍។

ប្រការ​នេះ​ពួកគេ បាន​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​មាន​យន្តការ​ជាក់លាក់​មួយ ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​សង្កត់ធ្ងន់​ថា យន្តការ​ដោះស្រាយ​ដីធ្លី ពុំ​មែន​បង្កើត​គណៈកម្មការ​រក​មុខ​ពលរដ្ឋ​រងគ្រោះ ដើម្បី​ធ្វើទុក្ខបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ លើ​សហគមន៍​ដីធ្លី ដែល​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​រក​យុត្តិធម៌​ដល់​ពួកគាត់​នោះ​ទេ។

ចំណែកឯ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល តែងតែ​ច្រានចោល​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ដោយ​ចាត់ទុក​ថា ជា​របាយការណ៍​ខ្វះ​ការ​ពិត និង​មាន​ចេតនា​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។